ក្រុមកូដករណាហ្គាវើលដ៍ (Naga World) បន្តធ្វើកូដកម្មដោយសន្តិវិធីនៅមុខអគារក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយការងារ ខណៈអាជ្ញាធរចាប់ផ្តើមរឹតបណ្តឹងសណ្ដាប់ធ្នាប់សាធារណៈ និងព្រមានចាត់វិធានការលើពួកគេ។ មន្ត្រីសិទ្ធិមនុស្សថាការធ្វើកូដកម្មដោយអហិង្សា និងសន្តិវិធីរបស់ក្រុមកូដករណាហ្គាវើលដ៍ គឺអនុវត្តត្រឹមត្រូវច្បាប់។
ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណ១រយនាក់បាននាំគ្នាបន្តប្រមូលផ្តុំឈរតវ៉ានៅមុខអាគារក្រុមហ៊ុននៅថ្ងៃទី០៦ ខែវិច្ឆិកា ដោយអ្នកខ្លះវាយស្គរ ផ្លុំត្រែ លើកបដាស្រែកទាមទារឱ្យឲ្យរដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ចេញមុខដោះស្រាយ វិវាទការងារជូនពួកគាត់ទៅតាមច្បាប់។ ទោះយ៉ាងណា អាជ្ញាធរ និងក្រុមសន្តិសុខស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលក្រុងភ្នំពេញជាង១រយនាក់បានបង្កើនឃ្លាំមើល និងរឹតបណ្តឹងបរិវេណនោះ ដូចជាដាក់រនាំងដែកបិទផ្លូវចេញចូល និងប្រកាសតាមមេក្រូណែនាំឱ្យម្ចាស់ទីតាំងដែលស្ថិតក្បែរក្រុមហ៊ុនទទួលផ្អាកផ្ញើម៉ូតូ ព្រមទាំងផ្សព្វផ្សាយសារសំឡេងនៃលិខិតរដ្ឋបាលរាជធានីភ្នំពេញឲ្យក្រុមកូដករផ្អាកកូដកម្មដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អំឡុងពេលប្រជុំអាស៊ាន និងបុណ្យអុំទូក។
សំឡេង៖ «សំឡេង ត្រែ ស្គរ ! ហេតុអ្វីគំរាមកំហែងរឿងគុក ច្រវាក់ លើអ្នកតវ៉ាដែលគ្រាន់តែការពារសិទ្ធិការងារ សិទ្ធិមនុស្ស ប៉ុណ្ណោះ ! ពួកយើងមានចម្ងល់ណាស់គ្រាន់តែការពារសិទ្ធិឱ្យកម្មករខ្មែរ សួរថាខុសច្បាប់មែនឬទេ»។
កូដករណាហ្គាវើលដ៍គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថាក្រុមកូដករមិនផ្អាកធ្វើកូដកម្មអំឡុងពេលថ្ងៃឈប់សម្រាក ឬថ្ងៃពិសេសណាមួយតាមអាជ្ញាធរក្រុងភ្នំពេញនោះទេ ពីព្រោះការប្រមូលផ្តុំរកដំណោះស្រាយការងារជិតមួយឆ្នាំមកនេះកូដករបានអនុវត្តសិទ្ធិស្របតាមច្បាប់ ហើយមិនបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ។ កញ្ញាយល់ថា ការដាក់សម្ពាធ និងគំរាមកំហែងលើក្រុមកូដករមិនមែនជាដំណោះស្រាយទេ។ កញ្ញាបន្ថែមថា បើសិនអាជ្ញាធរក្រុងភ្នំពេញចង់បញ្ឈប់រឿងនោះ ស្ថាប័នពាក់ព័ន្ធត្រូវជំរុញឱ្យភាគីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពច្បាប់ការងារ ដើម្បីការពារសិទ្ធិកម្មករ និងលើកមុខមាត់រដ្ឋាភិបាល។
កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «ជាកូដករយល់ឃើញថា នេះជារូបភាពនៃការគំរាមកំហែង បិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាក់ស្តែងកូដកម្មរបស់យើងអត់មានប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈអ្វីទេ យើងធ្វើកូដកម្មនៅក្បែរក្រុមហ៊ុន ហេតុអ្វីបានជាខាងសាលារាជធានីភ្នំពេញចេញលិខិតគំរាមមិនឱ្យយើងធ្វើ ទាំងជាក់ស្តែងយើងដឹងហើយថាគ្មានច្បាប់ណាឃាមឃាត់យើងធ្វើកូដកម្មអំឡុងពេលបុណ្យទាន ឬប្រជុំអាស៊ានណាទេ»។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា អាជ្ញាធរក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានដោយឲ្យក្រុមកូដករណាហ្គាវើលដ៍(Naga world) ផ្អាកការធ្វើកូដកម្មជាបន្ទាន់រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក និងកិច្ចប្រជុំកំពូលអាស៊ាន។ លិខិតដដែលបានព្រមានថា ប្រសិនបើក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តប្រមូលផ្តុំគ្នាតវ៉ាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នានា នោះពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី០៦ ខែវិច្ឆិកា។
ទោះយ៉ាងណា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ក្នុងសង្គមប្រជាធិបតេយ្យសេរីដូចប្រទេសកម្ពុជានោះ ការធ្វើកូដកម្មដោយអហិង្សា និងសន្តិវិធីរបស់ក្រុមកូដករណាហ្គាវើលដ៍កន្លងមក មិនមែនជាទង្វើខុសច្បាប់នោះទេ។ ផ្ទុយទៅវិញលោកថា អាជ្ញាធរដែលណែនាំ កូដករផ្អាកធ្វើកូដកម្មនោះ គឺជាបំបិទសិទ្ធិសេរីភាពពួកគាត់។ លោកជំរុញឱ្យអាជ្ញាធរដើរតួជាអាជ្ញាកណ្តាល គោរពសិទ្ធិជាមូលដ្ឋានរបស់កម្មករដោយជំរុញឱ្យមានដំណោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍តាមច្បាប់ការងារ គឺជាដំណោះស្រាយល្អ និងអាចបញ្ឈប់កូដកម្មតទៅទៀត។
លោក នី សុខា៖ «អាជ្ញាធរចេញសេចក្តីជូនដំណឹង ឬសេចក្តីណែនាំផ្សេងៗ គឺវាមិនមែនជាច្បាប់នោះទេ ពីព្រោះវាជាការយល់ឃើញរបស់អាជ្ញាធរខ្លួនឯង ដោយមិនអាចយកការយល់ឃើញរបស់យើងទៅដាក់សម្ពាធ ឬរឹតត្បិតលើសេរីភាពរបស់គេបានទេ អ៊ីចឹងសូមឱ្យអាជ្ញាធរងាកទៅមើលច្បាប់វិញ»។
គិតមកទល់ពេលនេះ ក្រុមកូដករ បានធ្វើកូដកម្មជិត១ឆ្នាំហើយ ប៉ុន្តែពុំទទួលបានដំណោះស្រាយនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរ និងក្រុមហ៊ុន បានរួមគ្នាចោទប្រកាន់ និងចាប់ខ្លួនតំណាងក្រុមកម្មករជាង១០នាក់ ដាក់ពន្ធនាគារ ហើយថែមទាំងប្រើហិង្សាឥតឈប់ឈរលើ ក្រុមកូដករភាគច្រើនជាស្ត្រីបណ្តាលឲ្យរបួសធ្ងន់និងស្ត្រីម្នាក់រលូតកូនក្នុងផ្ទៃ។ ថ្មីៗនេះ ក្រុមហ៊ុន ក៏បានប្តឹងស្ត្រីកូដករ៧នាក់ទៅតុលាការពីបទ « រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ »។
ក្រុមកូដករ លើកឡើងថា ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការមិនមែនជាដំណោះស្រាយពិតប្រាកដដែលធ្វើឲ្យកូដករបោះបង់ការទាមទារសិទ្ធិការងារ និងយុត្តិធម៌នៅកន្លែងការងារឡើយ ប៉ុន្តែករណីនេះកាន់តែបង្ហាញពីការរំលោភសិទ្ធិការងារធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាគ្រប់ទម្រង់។
កន្លងមកក្រុមអង្គការ សមាគម និងសហជីពជាច្រើនស្ថាប័ន រួមទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាផង បានទទូចឱ្យរាជរដ្ឋាភិបាល បញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។