អាជ្ញាធរចម្រុះរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បានឡោមព័ទ្ធកៀងកូដករណាហ្គាវើលដ៍ (NagaWorld) ជាង ១០០នាក់ទាំងកណ្ដាលភ្លៀង និងស្រែកសម្លុតឱ្យកូដករឡើងរថយន្ត ក្នុងពេលដែលពួកគាត់បានព្យាយាមឈរនៅក្បែរអគារក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយពីថៅកែនៅថ្ងៃទី២៦មេសា។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ម្នាក់កញ្ញា ឡាយ សុភ័ក្ត្រា ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាសោកស្ដាយដែលអាជ្ញាធរ នៅតែព្យាយាមការពារក្រុមហ៊ុនដែលកំពុងរំលោភសិទ្ធកម្មករខ្មែរ។ កញ្ញារិះគន់ចំណាត់ការអាជ្ញាធរ ដែលដឹកកូដករទម្លាក់នៅតំបន់ជាយក្រុងភ្នំពេញស្ទើររៀងរាល់ថ្ងៃនេះថា គ្រាន់ជាលេសគេចវេះពីការដោះស្រាយបញ្ចប់បញ្ហាតែប៉ុណ្ណោះ៖ «អយុត្តិធម៌ណាស់ក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើបាបប្រជាពលរដ្ឋខ្មែរ។ បងប្អូនអើយ ! មានបញ្ហាអីមិនបាច់ពឹងអាជ្ញាធរស្រុកខ្មែរទេ។ កាត់ពន្ធពីប្រជាជនរាល់ខែ ប៉ុន្តែមិនបម្រើប្រជាជនទេ តែបម្រើជនបរទេស។ក្រុមហ៊ុនណាហ្គាវើលដ៍ជិះជាន់លើកម្លាំងបុគ្គលិក និងរំលោភច្បាប់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានចេតនារំលាយសហជីពធ្វើបាបពួកខ្ញុំជាកូដករខ្លាំងណាស់ »។
ជាមួយគ្នានេះ ក្រុមសហជីពបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសចំពោះទង្វើអាជ្ញាធរក្រុងភ្នំពេញដែលបានប្រើអំពើហិង្សា និងការបៀតបៀនកេរ្តិ៍ខ្មាសលើកូដករដែលភាគច្រើនជាស្ត្រីដែលកំពុងទាមទារសិទ្ធសេរីភាពការងារ។ កាលពីថ្ងៃទី២១ មេសា ក្រុមសហជីពឱ្យដឹងថា មានកូដករជាស្ត្រីម្នាក់បានរងការប្រើអំពើហិង្សា ដោយក្រុមអាជ្ញាធរបានទាត់ធាក់ដល់ក្នុងរថយន្តក្រុងបណ្ដាលឱ្យរងរបួស។
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលសិទ្ធិមនុស្សរិះគន់អាជ្ញាធរថា កំពុងតែអនុវត្តតួនាទីផ្ទុយពីច្បាប់ និងបានរំលោភសិទ្ធិជាមូលដ្ឋានរបស់ក្រុមកូដករ ដែលបានប្រមូលផ្ដុំគ្នាទាមទារដំណោះស្រាយដោយសន្តិវិធី។ មន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមសហជីព បន្តអំពាវនាវដល់អាជ្ញាធរឱ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញលើក្រុមកូដករ និងត្រូវជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទការងារដោយភាពយុត្តិធម៌។
ក្រុមកូដករប្រកាន់ជំហរថា ពួកគាត់នឹងនៅតែបន្តចេញធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីព និងទាមទារឱ្យថៅកែទទួលយកកម្មករដែលក្រុមហ៊ុនបញ្ឈប់ពីការងារទាំងអយុត្តិធម៌ ឱ្យពួកគាត់បានចូលបម្រើការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។