អាជ្ញាធរនិងជនស្លៀកពាក់ស៊ីវិលជាច្រើននាក់បន្តឡោមព័ទ្ធ និងរុញច្រានបង្ខំកូដករណាហ្គាវើលដ៏ (NAGAWorld) ជិត ២០០នាក់ (១៦៩) ឲ្យឡើងរថយន្តក្រុង មិនឲ្យពួកគេទៅជួបជុំតវ៉ាទាមទារដោះស្រាយការងារ ក្បែរអាគារក្រុមហ៊ុន នៅរសៀលថ្ងៃទី៣១ ខែមីនា។
កូដករណាហ្គាវើលដ៏ម្នាក់ កញ្ញា មៀច ស្រីអូន ថ្លែងថា ក្រោយអាជ្ញាធរ និងជនស៊ីវិលបង្ខំរុញច្រានកូដករឲ្យឡើងរថយន្តដឹកចេញ តាំងពីម៉ោងប្រមាណ ២រសៀល រហូតដល់ម៉ោង៥ ល្ងាច ទៅតំបន់ជាយៗ ក្រុង ហើយឲ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង។ កញ្ញាថា ការធ្វើដូច្នេះគឺ ដើម្បីអូសបន្លាយមិនឲ្យកូដករមានពេលទៅតវ៉ានៅក្បែរក្រុមហ៊ុន។ កញ្ញាថា រូបភាព ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើបែបនេះ កាន់តែធ្វើឲ្យកូដកររងភាពអយុត្តិធម៌ និងមិនអាចអនុវត្តសិទ្ធិជួបជុំសម្ដែងមតិដោយសន្តិវិធី ដោយសារវិវាទការងារគ្មានដំណោះស្រាយជាច្រើនខែមកហើយ៖« ពួកខ្ញុំខកចិត្តមែនទែននៅពេលដែលអាជ្ញាធរបើកដៃឲ្យជនស៊ីវិល រុញច្រានពួកខ្ញុំទាំងពួកគាត់នៅហ្នឹងមុខហើយ គាត់អត់មានរារាំងជនស៊ីវិល ការពារប្រជាជនទេ គាត់អនុញ្ញាតឲ្យជនស៊ីវិលហ្នឹងប្រើហិង្សាមកលើពួកខ្ញុំ ដែលជាកូដករតែម្ដងទាំងដែលខ្ញុំព្រមឡើងឡានតាមសម្រួលក៏ដោយ គាត់ចង់បង្កឲ្យពួកខ្ញុំមានកំហឹងតែម្ដង។ គាត់ដូចជា ខឹងក្ដៅក្រហល់ក្រហាយជំនួសណាហ្គាហ្មង » ។
ទាក់ទងនឹងការចេញកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៏ជារៀងរាល់ថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ នៅបន្តចេញសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ បដិសេធជុំវិញការរិះគន់របស់សាធារណជនមកលើសមត្ថកិច្ចថា បានប្រើអំពើហិង្សាធ្ងន់ធ្ងរដល់ក្រុមកូដករណាហ្គាវើលដ៏ លូកលាន់កូដករស្ត្រី ថែមទាំងចោទកូដករវិញថា បានជួបជុំគ្នាធ្វើបាតុកម្មខុសច្បាប់។
ទោះជាយ៉ាងណា កូដករណាហ្គាវើលដ៏ថា ពួកគាត់នឹងបន្តជួបជុំគ្នានៅថ្ងៃសុក្រស្អែកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។