អាជ្ញាធររដ្ឋាភិបាលឱ្យដឹងថា សមត្ថកិច្ចបានបង្កើនវិធានការទប់ស្កាត់សកម្មភាពរត់ពន្ធគ្រឿងញៀននៅតាមព្រំដែនកម្ពុជា-ឡាវ កាន់តែខ្លាំងថែមទៀតខណៈដែលក្រុមឧក្រិដ្ឋជន នៅតំបន់ត្រីកោណមាស ជាចំណុចប្រសព្វរវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ កំពុងតែបង្កើនការផលិតសារធាតុញៀនកាន់តែច្រើន។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (Methamphetamine) ចំនួនជាង ១លាន (១.០៣៤.៤១៣)គ្រាប់។
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលមានព្រំដែនជាប់គ្នាជាមួយប្រទេសឡាវ នៅតែជាគោលដៅគួរឱ្យបារម្ភចំពោះសកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែវិច្ឆិកាថាសកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជាធ្វើឱ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង ខណៈដែលតំបន់ត្រីកោណមាស ជាតំបន់ប្រសព្វរវាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឡាវ (Laos) និងថៃ (Thailand) កំពុងកើតមានជម្លោះប្រដាប់អាវុធ ធ្វើឱ្យក្រុមឧក្រិដ្ឋជនបានឱកាសផលិតសារធាតុញៀនកាន់តែច្រើន។
លោក មាស វីរិទ្ធ បញ្ជាក់ទៀតថា ក្រុមឧក្រិដ្ឋជនទាំងនោះ រត់ពន្ធចេញពីមីយ៉ាន់ម៉ាចូលមកប្រទេសឡាវតាមខេត្តបរកែវ រួចចូលទៅប្រទេសថៃ ប្រទេសចិនវៀតណាម ព្រមទាំងកម្ពុជា។
លោក មាស វីរិទ្ធ៖«ដោយសារនៅតំបន់ត្រីកោណមាសពេលនេះ វាពិបាកក្នុងការគ្រប់គ្រងព្រោះកំពុងមានជម្លោះប្រដាប់អាវុធ។ តាមរបាយការណ៍របស់បណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន រួមទាំងរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)ឱ្យដឹងថា សកម្មភាពលួចលាក់ផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស កើនឡើង។ ដូច្នេះស្របពេលដែលកម្ពុជានៅមានហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់គ្រឿងញៀនផង គឺយើងត្រូវតែខិតខំល្បាត ការឃ្លាំមើលនិងត្រួតពិនិត្យគ្រឿងញៀនឱ្យបានតឹងរ៉ឹង»។
មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ក្នុងចំណោមខេត្តចំនួន៣ របស់កម្ពុជា ដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវ គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កំពុងប្រឈម និងសកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែននេះ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី និងស្នងការនគរបាល លោក សួស សុខដារ៉ា ជុំវិញវិធានការទប់ស្កាត់សកម្មភាពរត់ពន្ធគ្រឿងញៀនឆ្លងដែននេះបាននៅឡើយទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឱ្យដឹងថា បច្ចុប្បន្ន
រដ្ឋាភិបាលកម្ពុជា កំពុងដាក់ពង្រាយកម្លាំងជាច្រើន មានទាំងកម្លាំងយោធា នៃវរៈការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលមកពីក្រសួងមហាផ្ទៃផង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដែលនៅទល់មុខគ្នាជាមួយច្រកណងណុកខៀន (Nong Nok Khiene) និងនៅច្រករណបអន្លង់មរកត ដែលទល់មុខគ្នាជាមួយច្រក វើនខាម (Veun Kham) របស់ឡាវ ព្រមទាំងច្រកព្រំដែនជាច្រើនទៀត។
លោក ម៉ែន គុង៖«ផ្អែកតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺយើងគ្រាន់តែជំរុញយុទ្ធសាស្ត្របន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រចាស់ផងនិងយុទ្ធសាស្ត្រថ្មីផង សម្រាប់ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនឆ្លងដែននេះ។ ខ្ញុំជឿជាក់ថា ប្រសិទ្ធភាពនៃការទប់ស្កាត់កាន់តែល្អប្រសើរឡើង ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត»។
កាលពីថ្ងៃ៩ខែវិច្ឆិកា កម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់ទម្ងន់ជាង ៩៣គីឡូក្រាម ស្មើនិងជាង ១លាន (១.០៣៤.៤១៣) លានគ្រាប់ ដែលផ្ទុកក្នុងរថយន្ត ១គ្រឿងម៉ាក FORTUNER។
កាលពីខែមិថុនា សមត្ថកិច្ចខេត្តស្ទឹងត្រែង ក៏ធ្លាប់រឹបអូសគ្រឿងញៀនចំនួន ២ការ៉ុង ដែលជនសង្ស័យបានដឹកជញ្ជូនតាមទូកពីប្រទេសឡាវ ឆ្លងកាត់ចូលមកកម្ពុជា នៅភូមិសាស្ត្រ ភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គឹមអេង យល់ថា កម្ពុជាមានកង្វល់លើបញ្ហាគ្រឿងញៀនជាយូរមកហើយ មិនមែនទើបតែពេលនេះទេ។
លោកថា ដើម្បីទប់ស្កាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព ទាល់តែរដ្ឋាភិបាលកម្ពុជាបំបាត់អំពើពុករលួយ និងកាត់ផ្ដាច់មន្ត្រីមួយចំនួន កុំឱ្យពាក់ព័ន្ធរឿងសំណូកជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន ធ្វើការផ្សព្វផ្សាយ និងអប់រំពលរដ្ឋ ឱ្យយល់ដឹងច្រើនពីការប៉ះពាល់ដោយសារគ្រឿងញៀន ព្រមទាំងបង្កើតប្រព័ន្ធទាក់ទងបន្ទាន់ (Hot line) សម្រាប់ឱ្យពលរដ្ឋរាយការណ៍ពីសកម្មភាពគ្រឿងញៀនឱ្យបានច្រើនជាដើម។
លោក យង់ គឹមអេង៖«បញ្ហាគ្រឿងញៀន គឺនៅតែជាបញ្ហាប្រឈម។ កាលពីមុន គឺយើងឮថា គ្រឿងញៀនត្រឹមតែឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែ ពេលបច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនបានយកទឹកដីកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀនទៅទៀត។ ដូច្នេះបញ្ហានេះ គឺជារឿងសំខាន់ណាស់ ដែលអាជ្ញាធរត្រូវតែមានវិធានការតឹងរ៉ឹងថែមទៀត ដើម្បីកុំឱ្យបញ្ហាគ្រឿងញៀន នៅតែដដែលៗ ហើយបញ្ហាទប់ស្កាត់ គឺមិនមានប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យសហគមន៍ប្រជាពលរដ្ឋមានបញ្ហា និងទទួលរងការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងយុវជនជាដើមនោះ»។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២៤ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនចំនួនជិត ៨តោន (៧,៣៩តោន) ព្រមទាំងចាប់ខ្លួនជនល្មើសចំនួនជាង ២ម៉ឺន (២១.៦៥៩) នាក់។ ក្នុងចំណោមជនសង្ស័យបទល្មើសគ្រឿងញៀនទាំងនោះ ចំនួន ៧៤២នាក់ ជាជនបរទេស ដែលមាន ១៧សញ្ជាតិផ្សេងគ្នា។
បទល្មើសគ្រឿងញៀននេះ មានការកើនឡើងចំនួន ១៧១ភាគរយ បើប្រៀបធៀប និងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
គ្រឿងញៀនដែលរឹបអូសបានភាគច្រើនគឺប្រភេទ ខេតាមីន (Ketamine) មេតំហ្វេតាមីន គ្រីស្តាល់ (Crystal Methamphetamine) ហេរ៉ូអ៊ីន (Heroin) អេស៊ីស្តាស៊ី (Ecstasy) និងកូកាអ៊ីន (Cocaine)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។