មនុស្ស​​ ១​​ពាន់​​នាក់​ ​រក​ឃើញ​ថា ​បាន​​ល្មើស​បម្រាម​​បង្ការ​ជំងឺកូវីដ​១៩

0:00 / 0:00

មនុស្ស​ជាង​ ១ពាន់​នាក់ត្រូវបាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថាបាន​ល្មើស​បម្រាម​បង្ការ​កូវីដ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​វិធាន​ការ​ដូចជា ណែនាំ​ឱ្យ​ធ្វើ​កិច្ច​សន្យា ពិន័យ​ជា​ប្រាក់បញ្ជូន​ខ្លួន​ឱ្យ​ទៅ​ធ្វើ​ចក្តាឡីស័ក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជាដើម។

អ្នក​នាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១០​ ខែឧសភា​ថាចាប់​តាំង​ពី​អាជ្ញាធរ​បិទខ្ទប់​រាជធានីភ្នំពេញ​គិតតាំង​ពី​ថ្ងៃទី១៥ ខែមេសា​ដល់​ថ្ងៃទី៩ ​ខែឧសភាមាន​អ្នក​ល្មើស​បម្រាម ១.០៣៨នាក់​ក្នុង​នោះ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន ​១០​នាក់សាក​សួរ​បន្តនៅ​តុលាការ​ ៣នាក់កំពុង​សាកសួរ​នៅ​អធិការខណ្ឌ ៣៩នាក់​ពិន័យ​ជា​ប្រាក់​ ៣៣៣នាក់អប់រំណែ​នាំ ៤៩១នាក់​និង​បញ្ជូន​ទៅធ្វើចក្តាឡីស័ក ១៥៨នាក់។ លោកបន្តថា ​ក្នុង​ចំណោម​អ្នក​រងការ​ពិន័យ​នឹង​ត្រូវ​បង់​ប្រាក់​ទៅ​អាជ្ញាធរ​តាម​​សាលារាជ​ធានី​ភ្នំពេញ​កំណត់​ចាប់ពីមួយ​លាន​រៀល​ឡើងប៉ុន្តែ​បើអ្នក​ប្រព្រឹត្ត​មិន​ទាន់​មាន​លុយ​បង់​ភ្លាមៗ​អាច​ពន្យារពេល​បាន​មួយ​ខែ។ ទោះយ៉ាងណា អ្នកនាំពាក្យ​ដដែល​ឱ្យដឹងទៀតថា​សមត្ថកិច្ច​ព្យាយាម​សម្រប​សម្រួល​បញ្ហានេះ​ដោយចំនួន​ជនល្មើស​ដែលត្រូវ​បញ្ជូន​ទៅ​តុលាការ​មាន​តិច​បំផុត៖ «​យើង​ធ្វើ​របាយការណ៍ យើង​ធ្វើការ​សន្មត់​ផ្អែក​លើ​របាយការណ៍​ក្នុង​ចំណោម​មួយ​ពាន់​នាក់​ជាង​ យើង​ធ្វើការ​អប់រំ​ប៉ុន្មាន​រយនាក់ ពិន័យ​អន្តរការ​ប៉ុន្មាន បញ្ជូន​ទៅ ​ ( តុលាការ ) ប៉ុន្មាននាក់ អញ្ចឹង​យើង​មើល​ទៅ​កម្រិត​នៃការ​បញ្ជូន​គឺ​ទាប​មែន​ទែន»

police_take_actiona-gainstc-urfew_03_04_2021.jpg
(រូបតូច) លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ដោយ​ឡែកចំពោះករណី​ញុះញង់អ្នកនាំ​ពាក្យ​នគរបាលរាជធានី​ភ្នំពេញ​រូបនេះ​ឱ្យដឹង​ថា​ចាប់​តាំ​ង​ពី​មាន​បញ្ហា​ជំងឺ​កូវីដ​ពី​ខែមករា មកដល់​ពេលនេះ ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ឃាត់​ខ្លួន​មនុស្ស ​៤​នាក់​ទៅ​តុលាការក្នុង​នោះពីរ​នា​ក់​ពាក់ព័ន្ធ​ការ​ញុះញង់​តាម​បណ្ដាញ​សង្គម​ទីកតុក (TikTok) និង​ពីរនាក់​ទៀត​ញុះញង់​រឿង​ចាក់​វ៉ាក់សាំង។

រីឯ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត​យល់​ថា​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ​ជាកិច្ចការ​ដែល​រដ្ឋាភិបាល​កំពុង​ប្រឹង​ប្រែង​ ប៉ុន្តែ​លោក​សង្កេត​ឃើញថា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ ​ឬ​ពេញលេញ​ពី​អាជ្ញាធរ​នៅ​ឡើយ។លោក​បន្តថា​ផ្អែក​លើ​តួលេខ​មនុស្ស​ជាង​ ១ពាន់​នាក់​ ដែល​ល្មើសបម្រាមនេះ​បញ្ជាក់ថា​ពលរដ្ឋភាគ​ច្រើន​មិន​ទាន់​យល់​ឬ​ដឹង​ពី​វិធានការ​នេះ​នៅ​ឡើយ។មន្ត្រីសង្គម​ស៊ីវិល​រូបនេះ​ជំរុញ​ទៅ​អាជ្ញាធរ​ព្យាយាម​ផ្សព្វផ្សាយច្បាប់​កូវីដ​និង​វិធានការ​របស់​អាជ្ញាធរ​ដល់​ឱ្យពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ៖ « អ្វីដែល​សំខាន់​ជាង​ហ្នឹង​គឺ​ពលរដ្ឋត្រូវ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទី​១​ អំពី​ច្បាប់​នៃ​កូវីដ​ ទី២​ វិធាន​ការ​របស់​រដ្ឋាភិបាល​នានា ​ដើម្បី​ឱ្យ​គាត់​ដឹង​ខ្លួន​និង​ចូលរូម​ក្នុងកា​រអនុវត្ត​ដើម្បី​កុំគាត់​បំពាន់​បម្រាម​ និង​បំពាន់​ច្បាប់​មិនទាន់​បាន​យល់ ​ប៉ុន្តែបើ​អ្នក​ដឹង​ហើយ​យល់​ហើយ​បំពាន​ការ​អនុវត្ត​គឺ​ជា​រឿង​ត្រឹម​ត្រូ​វ​ហើយ »

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បិទខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅនៃ​ខេត្តកណ្ដាល​យ៉ាង​ទាន់ហន់​កាល​ពី​ថ្ងៃទី១៤ ខែមេសា រហូតដល់​​ថ្ងៃទី៥ ខែឧសភា ​ប៉ុន្តែ​រដ្ឋាភិបាល បាន​ព្រមាន​រួច​ទៅ​ហើយថា​ ការ​បិទខ្ទប់​នេះ អាច​បន្ត​ថែម​យូរ​ថ្ងៃទៀត​ បើសិន​ស្ថានភាព​ចម្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍​មិន​ថមថយ។​

​អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ឱ្យដឹងថា​ទោះពេល​នេះ​រាជ​ធានី​បញ្ចប់​ការ​បិទខ្ទប់ប៉ុន្តែសមត្ថកិច្ច​នៅតែ​អនុត្ត​បម្រាម​គោចរណ៍​ហាម​ធ្វើ​ដំណើរ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​បី​ភ្លឺហើយ​ចាប់ពី​ថ្ងៃទី៦ ខែឧសភា​គឺ​សមត្ថកិច្ច​នៅតែ​បន្ត​ផាក​ពិន័យ​លើ​អ្នក​ល្មើស​បម្រាម​គោចរណ៍។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រួម​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​ផង ​បាន​រិះគន់​វិធាន​នេះថា អាជ្ញាធរ​រឹតត្បិត​ហួសហេតុ និង​មិន​បាន​ឆ្លើយតប​តាម​តម្រូវ​ការ​ថវិកា​ស្បៀង​អាហារ​បាន​​គ្រប់​គ្រាន់និង​ទាន់​ពេល​វេលា។

PP_Police_Sar_Thed.jpg
(កណ្តាល) លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងពេលចុះបំពេញបេសកកម្មអនុវត្តវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

អ្នកនាំ​ពាក្យ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា ចង់ឃើញ​សមត្ថកិច្ច​គួរ​មាន​ការ​យោគយល់​ជា​ង​នេះ​ក្នុ​ង​ស្ថានភាព​ពលរដ្ឋជួប​ការ​លំបាក​បែ​ប​នេះ។ ​លោកសង្កេត​ឃើញ​ថា​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​ដោយ​សារ​បញ្ហាជីវភាព​ក៏ប្រថុយប្រថាន​ចេញ​រក​លុយ​ដែល​ធ្វើឲ្យ​ល្មើស​បម្រាម​អាជ្ញាធរ​ដូច្នេះ​លោកថា​ អាជ្ញាធរ​គួរត្រឹមអប់​រំណែនាំ​ពលរដ្ឋ​ឬ​ឱ្យ​ធ្វើ​កិច្ច​សន្យា៖ « យើងមិន​ចង់​ឃើញចំ​ណាត់​ការ​ណា​ដាត់ណាត់​ពេកទេ​គួរតែ​ពិនិត្យ​ស្ថានការណ៍​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង​ហើយ​បន្ធូរបន្ថយ​ទៅតាម​ស្ថានភាព​របស់​ពួកគាត់​ ( ពលរដ្ឋ )​ ទៅព្រោះ​កុំឱ្យពួកគាត់​រងទុក្ខ​ដោយ​សារ​បញ្ហា​កូវីដ​ហើយ​មក​រង​ទុក្ខនូវ​ចំណាត់​ការ​វិធានការ​រដ្ឋបាល​អាជ្ញាធរ »

ក្រោយ​ផ្ទុះជំងឺកូវីដ​១៩ ​កាល​ពី​ថ្ងៃទី២០ខែកុម្ភៈ ដែល​ជាកា​រ​ព្រឹត្តិការណ៍​សហគមន៍លើកទី​៣​ រដ្ឋាភិបាល បាន​សម្រេច​បិទ​រាជធានី​ភ្នំពេញ​និង​ខេត្តមួយ​ចំនួន​ក្នុង​ហេតុផល​បង្ការ​កុំឱ្យ​មាន​ការ​រីករាល​ដាល​ខ្លាំង។ក្នុងនោះ​រាជធានី​ភ្នំពេញ​អាជ្ញាធរ​បាន​រឹតត្បិត​ខ្លាំង​និង​ចេញ​វិធានការ​លើ​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ដោយ​ក្រៅពី​ការ​ឃាត់​ខ្លួនពលរដ្ឋពិន័យ​ពលរដ្ឋ​អាជ្ញាធរ​ថែមទាំង​ប្រើរំពាត់​ផ្ដៅដេញ​វាយ​ពលរដ្ឋថែមទៀត​ផង។ទោះជា​យ៉ាង​ណា​មកទល់ពេល​នេះស្ថានភាព​ជំងឺ​កូវីដ​ហាក់​មិន​ថយ​ខ្លាំង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។