ក្រុម​​អ្នក​ធ្នាក់​ស៊ីក្លូ​ជិត​​២​​រយ​​នាក់​​ខ្វះ​​អាហារ​ហូប​​អំឡុង​​ពេល​​ផ្ទុះ​ជំងឺ​កូវីដ​​ខ្លាំង​​នៅ​​ក្រុង​ភ្នំពេញ​​

ដោយ សុជីវី
2021-04-21
Share
ក្រុម​​អ្នក​ធ្នាក់​ស៊ីក្លូ​ជិត​​២​​រយ​​នាក់​​ខ្វះ​​អាហារ​ហូប​​អំឡុង​​ពេល​​ផ្ទុះ​ជំងឺ​កូវីដ​​ខ្លាំង​​នៅ​​ក្រុង​ភ្នំពេញ​​ អ្នកប្រកបរបរធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ ភាគច្រើនមកពីស្រុកស្រែចំកាដែលមានវ័យចំណាស់ៗ។
រូប៖ ហ្វេសប៊ុក សមាគមស៊ីក្លូខ្មែរ។

​អង្គុយ​ជុំ​គ្នា​ ​៤ ​នាក់ ភ្នែក​សម្លឹង​រំពៃ​មើល​ឆ្វេង​មើល​ស្ដាំ​រក​ម៉ូយ​នៅ​ខាង​ផ្សារ​អូរ​ឫស្សីនោះ​ គឺ​ជា​​ក្រុម​​អ្នក​រត់ស៊ីក្លូ​ដែល​​មាន​វ័យ​ចាប់​​ពី ​៥០ ​ឆ្នាំ ដល់​ ៧០ ​ឆ្នាំ។ ក្នុង​​ចំណោម​​នោះ អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​​លោក ដួង ណាន ដែល​មាន​វ័យ ​៧០ ​ឆ្នាំ​ ឲ្យ​ដឹង​ថា មុន​ពេល​មិន​ទាន់​ការ​ឆ្លង​ជំងឺ​កូវីដ​-​១៩ គាត់​អាច​​រ​ក​​ប្រាក់​ចំណូល​​បាន​​ចាប់​ពី​ ២ ម៉ឺនរៀល​​ដល់​ ៣ ​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ​ ដោយ​មាន​ភ្ញៀវ​ហៅ​ជិះនិង​មាន​គេ​ជួល​ឲ្យ​ដឹក​ឥវ៉ាន់​។

លោក ដួង ណាន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ហើយ​មក​ចាប់​របរ​ធាក់​ស៊ីក្លូ​នៅ​ភ្នំពេញអស់​រយៈ​ពេល​ជិត ​៤០ ​ឆ្នាំ​រូប​នេះ រៀប​រាប់​ថា ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​-១៩ នៅ​ខែ​កុម្ភៈ ​រហូត​ដល់​អាជ្ញាធរ​ចេញ​បម្រាប​បិទ​ទីក្រុង​នៅ​ពេល​នេះ លោក​ក៏​ដូច​ជា​ជា​អ្នក​ធាក់​ស៊ីក្លូ​ឯ​ទៀត​ ពិបាក​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​៖ «កាល​នៅ​រក​បាន​ ខ្ញុំ​រក​បាន​ដោយ​សារ​ដឹក​ភ្ញៀវ​ បាន​៣--​៥​ម៉ឺន​ដែរ។ ដល់​មក​កើត​អាកូវីដ រក​អត់​បាន​ចប់​ប៉ា​ដោយ​។ តាំង​ផ្ទុះ​អា​កូវីដ​កើត​មក​ក្រោយ​ ចូល​២ខែ​ហើយ​។ បាន​បង​ប្អូន​ប្រជាពលរដ្ឋ​ គាត់​យក​បាន​យក​អី​មក​ចែក​ឲ្យ​ហូប​។ គាត់​ឲ្យ​លុយ​ខ្លះ​ទៅ​ ថ្ងៃ​ក្រោយ​អត់​អ្នក​ចែក ក៏​បាន​លុយ​ហ្នឹង​ទិញ​ហូប​បណ្ដើរ​ៗ​។ ៣​ពេល​ហ្នឹង​អស់​១​ម៉ឺន​រៀល ១ម៉ឺន​៥ពាល់​រៀល។ គិត​ហូប​ចុក​អី​ទាំង​អស់​១ថ្ងៃ អស់​១​ម៉ឺន​៥​ពាន់​រៀល »។

លោក​ ដួង ណាន ​ដែល​ជំពាក់​ថ្លៃ​ជួល​ស៊ីក្លូ​គេ​៣​ខែ​មក​ហើយ ប្រាប់​ថា ក្នុង​អំឡុង​ពេល​ដ៏​យ៉ាប់យ៉ឺន​នេះ ពួកគាត់​រស់​នៅ គឺ​រំពឹង​លើ​ជំនួយ​សប្បុរស​ជនដែល​​ចុះ​​ចែក​ម្ហូប​​អាហារ​នៅ​ពេល​ថ្ងៃ។ លុះ​ដល់​ពេល​យប់ ​ពួកគាត់​ ​ចង​អង្រឹង​ដេក​លើ​ស៊ីក្លូ ​នៅ​ក្រោម​សំយាប​ផ្ទះ​គេ​លក់​ឥវ៉ាន់។

លោកបញ្ជាក់​ថា បើ​មិន​មាន​មនុស្ស​ចុះ​ចែក​អាហារ​ដល់​ពួកគាត់​ទេ​នោះ គាត់​មិន​ដឹង​ថា ​ត្រូវ​រក​ប្រាក់​ឯ​ណា​ទិញ​បាយ​ហូប​ទេ ព្រោះ​ក្នុង​ ១ ​ថ្ងៃ ត្រូវ​ចំណាយ​ថ្លៃ​បាយ​មិន​ក្រោម ​២ ​ម៉ឺន​រៀល​នោះ​ទេ ។ អ្នក​ធាក់​ស៊ីក្លូ​រូប​នេះ អំពាវនាវ​ដល់​សប្បុរស​នានា​ ជួយ​ក្រុម​អ្នក​រត់​ស៊ីក្លូ តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន៖ «ខ្ញុំ​ចង់​បាន​ជំនួយ​ការ​ហូប​ចុក​ ហើយ​ថ្នាំ​ពេទ្យ​ចេះ​តែ​ចង់​បាន​ហើយ​ ពេល​យប់​ព្រលប់​អី​ មិន​ស្រួល​ខ្លួន​អី។ រក​លុយ​ទិញ រក​អត់​បាន​។ បាន​មួយ​ហូប​ៗ​ទៅ​។ ហើយ​ឈឺ​ស្កាត់​អី អើ​!​វា​មាន​ដែរ វា​មាន​តិច​តួច​ ចេះ​ទិញ​ប្រើ​បាន។ ចង់​បាន​ៗ​ មិន​ដឹង​ថា​អំពាវនាវ​ទៅ​ខាង​ណា »។

រីឯ​​អ្នក​ធាក់​ស៊ីក្លូ​មួយ​ក្រុម​ទៀត​ នៅ​ខាងត្បូង​វិទ្យាល័យ​ស៊ីសុវត្ថិ​​ក៏​មិន​ខុស​គ្នា​ដែរ។ លោក នួន សុខ ដែល​ចេញ​ពី​ខេត្ត​ស្វាយរៀង មក​ធាក់​ស៊ីក្លូ​នៅ​ម្ដុំ​ផ្សារ​កណ្ដាល និង​ផ្សារ​ថ្មី ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ លោក​មិន​អាច​រក​ប្រាក់ចំណូល​បាន​ដូច​ពី​មុន​ទេ ដោយ​សារ​មិន​មាន​មនុស្ស​ចេញ​ដើរ​ច្រើន ហើយ​តាម​ផ្លូវ​នានា​ មាន​សភាព​ស្ងាត់​ជ្រងំ​ ព្រោះ​តែ​ការ​កើន​ឡើង​ចំនួន​អ្នក​​ឆ្លង​ជំងឺ​កូវីដ​-១៩​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក នួន​ សុខ ដែល​ប្រកប​របរ​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ រៀបរាប់​ថា ជីវភាព​ពួកគាត់ ​ក្នុង​អំឡុង​បិទ​ខ្ទប់​ទីក្រុង​នេះ គឺ​អាស្រ័យ​លើ​សប្បុរស​ជន​ដែល​មាន​ចិត្ត​បុណ្យ តែង​ជិះ​រថយន្ត ចុះ​ចែក​អាហារ​ដល់​ពួកគាត់​ និង​អ្នក​ក្រខ្សត់​ផ្សេង​ទៀត ដើម្បី​ដោះ​ទ័ល​ជីវភាព​មួយ​ពេល​ៗ ប៉ុន្តែ​មិន​បាន​រាល់​ថ្ងៃ​នោះ​ទេ។

​អ្នក​ធាក់​ស៊ីក្លូ​វ័យ ​៨៧ ​ឆ្នាំ​រូប​នេះបញ្ជាក់​ថា បើ​មិន​គេ​ចុះ​ចែក​អាហារ​ទេ ក្នុង​មួយ​ ១ ​ថ្ងៃ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់ ​២ ​ម៉ឺន​រៀល​ ដើម្បី​ទិញ​បាយ​សម្ល​គេ​ហូប និង​ចំណាយ​លុយ​ ១ ​ពាន់​រៀល ដើម្បី​ចូល​ងូត​ទឹក​នៅ​ក្នុង​បន្ទប់​ទឹក​សាធារណៈ៖ «ពេល​នេះ បើ​និយាយ​ពី​អ្នក​ជិះ អត់​មាន​តែ​ហ្មង​។ ១​ថ្ងៃ​បាន​តែ​ម្នាក់​អីចឹង​។ និយាយ​អ៊ីចឹង ​តែម្ដង។ និយាយ​ទៅ​សរសើរ​បង​ប្អូន​​អ្នក​​ភ្នំពេញ​នេះ គេ​គិត​គូរ​អ្នក​ស៊ីក្លូ​ដែរ។ ខ្លះ​គេ​ដាំ​បាយ​ដើរ​ចែក​តាម​ឡាន។ ខ្លះ​ក៏​គេ​ហុច​លុយ​ឲ្យ​១​ម៉ឺន ខ្លះ​៥ពាន់​ ខ្លះ​២​ម៉ឺន​អត់​ទៀង​ទេ ក្មួយ​! តាម​សទ្ធា​គេ​ឲ្យ​របស់​គេ។ ថ្ងៃ​ណា​គេ​ឲ្យ​ៗ​ ​​ថ្ងៃ​ណា​គេ​អត់​ឲ្យ​ យើង​ហូប​ទាំង​បាយ​ទាំង​ទឹក​អី​ អស់​៧​ពាន់​រៀល ទាំង​បាយ​ទាំង​អី »។

មុខ​របរ​ធាក់​ស៊ីក្លូ​ដែល​មាន​តាំង​ពី​សម័យ​អាណានិគម​បារាំង រហូត​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​របរ​មួយ​ដែល​ខុស​ពី​មុខ​របរ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​ ដែល​ប្រើ​កម្លាំង​ម៉ាស៊ីន​ជា​ជំនួយ។ ​អ្នក​ប្រកប​របរ​នេះ ត្រូវ​ប្រើ​កម្លាំង​ស្មង កម្លាំង​ស្មា ដឹក​ភ្ញៀវ​ និង​ឥវ៉ាន់ ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ។

សព្វ​ថ្ងៃ អ្នក​ធាក់​ស៊ីក្លូ​នៅ​ទី​ក្រុង​ភ្នំពេញ មាន​ចំនួន​សរុប​​ជិត​៣រយ​នាក់ (២៨០នាក់) ប៉ុន្តែ ក្នុង​កំឡុង​បិទ​ខ្ទប់​ទី​ក្រុង​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​កូវីដ​-១៩ ​អ្នក​ដែល​កំពុង​ប្រកបរបរ​នេះ នៅ​តាម​ទី​ផ្សារ មាន​ជាង​១​រយ​នាក់​ (១២៤​នាក់)

កាល​ពី​ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​មូលនិធិ​ត្រី​ចក្រ​យាន ឬ​ហៅ​ថា​មូលនិធិ​ស៊ីក្លូ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អ្នក​ធាក់​ស៊ីក្លូ​ប្រមាណ​ ៣០០ នាក់។ អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​ៗ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៧ពាន់​រៀល​ក្នុង​១​ថ្ងៃ ដោយ​បើក​៣​ដង​ក្នុង​ ១ខែ​ សរុប​ប្រមាណ​​ ២១​ម៉ឺន​រៀល។ ទន្ទឹម​គ្នា​នោះ លោក​ ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ទទួល​ព្យាបាល​ជំងឺ​ជូន​អ្នក​ធាក់​ស៊ីក្លូ ​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ ដោយ​មិន​គិត​ថ្លៃ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ថា ​តើ​មូលនិធិ​នេះ​នៅ​បន្ត​ជួយ​អ្នក​ធាក់​ស៊ីក្លូ​ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ។

ចំណែក ប្រធាន​សមាគម​អ្នក​ធាក់​ស៊ីក្លូ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធលោក អ៊ឹម សម្បត្តិ ឲ្យ​ដឹង​ថា អ្នក​ធាក់​ស៊ីក្លូ នៅ​តែ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សាលា​ក្រុង​ជា​រៀង​រាល់​ខែ ដើម្បី​ផ្គត់​ផ្គង់​បន្ថែម​លើ​ប្រាក់​ចំណូល​ដែល​ពួកគេ​រក​បាន។

លោក​ថា ខាង​សមាគម ​ធ្វើ​អាហារ​ជិត ​២​រយ​កញ្ចប់​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ចែក​ជូន​អ្នក​ធាក់​ស៊ីក្លូ​ទាំង​អស់​នៅ​តាម​គោល​នានា សម្រាប់​ពេល​ថ្ងៃ​ត្រង់ ដោយ​មិន​រើស​អើង​​ថា​ ជា​សមាជិក​ឬ​មិន​មែន​ជា​សមាជិក​របស់​សមាគម​នោះ​ទេ ក្នុង​អំឡុង​ពេល​អាជ្ញាធរ​បិទ​ខ្ទប់​ទីក្រុង និង​ហាម​មនុស្ស​មិន​ឲ្យ​ធ្វើ​ចរាចរ​ រហូត​ដល់​ជិត​ដាច់​ខែ​មេសា៖ «ឥឡូវ​យើង​កំពុង​ដោះស្រាយ​ប្រឈម​ចំពោះ​មុខ​សិន។ អ្វី​យើង​អាច​យើង​ធ្វើ​សិន។ នៅ​ពេល​ចប់​ពី​ Lock-down ហ្នឹង​ទៅ​ យើង​ចែក​ជា​គូប៉ុង​ឲ្យ​គាត់​ ដូច​មាន​ប័ណ្ណ​មួយ​ឲ្យ​គាត់ ដូច​ថា​មាន​៣​រយ​នាក់​អ៊ីចឹង​ទៅ ឲ្យ​គាត់​ទៅ​ទទួល​ទាន​អាហារ​នៅ​ទី​ណាមួយ​ ដែល​យើង​សហការ​ជាមួយ​អ្នក​ធ្វើ​ម្ហូប​។ គាត់​ហុច​គូប៉ុង​ទៅ​ឲ្យ​អ្នក​លក់​បាយ​ហ្នឹង​។ តាម​ការ​ពិភាក្សា​ជាមួយ​អ្នក​លក់​បាន​ ខាង​សមាគម​នឹង​ទៅ​គិតគូរ​លុយ​ឲ្យ​គាត់​។ អ៊ីចឹង​! យើង​ដោះស្រាយ​មួយ​ជំហាន​នេះ គឺ​ការ​ហូប​ចុក​របស់​ពួកគាត់​។ ជំហាន​ទី​២​ យើង​ចង់​ឲ្យ​គាត់​មាន​កន្លែង​ស្នាក់​នៅ​ដែរ ប៉ុន្តែ​យើង​រក​អត់​បាន ព្រោះ​ដី​នៅ​ភ្នំពេញ​ សុទ្ធ​តែ​ជួល​គេ​។ កាល​ណា​ជួល​ វា​អស់​ថ្លៃ វា​អស់​ច្រើន​។ អ៊ីចឹង! យើង​ធ្វើ​អត់​ទាន់​បាន​ទេ កម្រិត​ទី​២​ហ្នឹង »។

លោកបញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ជួល​​ស៊ីក្លូ​គេ​ហើយ​បង់​ ១​ខែ ​៦​ម៉ឺន​រៀល ទំនង​ជា​ពួកគាត់​ជួល​ពី​ថៅកែ ដោយ​ឡែក​ខាង​សមាគម​ធាក់​ស៊ីក្លូ មិន​បាន​គិត​ថ្លៃ​ស៊ីក្លូ​ដែល​សមាជិក​ខ្ចី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ឡើយ ចាប់​តាំង​មាន​ជំងឺ​កូវីដ-​១៩ ​នៅ​ដើម​ឆ្នាំ​២០២០។

ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​ខ្លាំង​នៅ​ក្រុង​ភ្នំពេញ​លោក អ៊ឹម សម្បត្តិ អំពាវនាវ​ដល់​អ្នក​សម្បូរ​ធនធាន ​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ធាក់ស៊ីក្លូ តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន ខណៈ​សមាគម​លោក ​កំពុង​ស្វះស្វែង​រក​ជំនួយ​ពី​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ជួល​ទី​កន្លែង​ណា​មួយ​ឲ្យ​ពួកគាត់​ស្នាក់​នៅ​សមរម្យ ចៀសវាង​ការ​ស្នាក់​នៅ​តាម​ចិញ្ចើម​ថ្នល់​ ក្រោម​សំយាប​ផ្ទះ​គេ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល