អង្គុយជុំគ្នា ៤ នាក់ ភ្នែកសម្លឹងរំពៃមើលឆ្វេងមើលស្ដាំរកម៉ូយនៅខាងផ្សារអូរឫស្សីនោះ គឺជាក្រុមអ្នករត់ស៊ីក្លូដែលមានវ័យចាប់ពី ៥០ ឆ្នាំ ដល់ ៧០ ឆ្នាំ។ ក្នុងចំណោមនោះ អ្នកធាក់ស៊ីក្លូម្នាក់លោក ដួង ណាន ដែលមានវ័យ ៧០ ឆ្នាំ ឲ្យដឹងថា មុនពេលមិនទាន់ការឆ្លងជំងឺកូវីដ-១៩ គាត់អាចរកប្រាក់ចំណូលបានចាប់ពី ២ ម៉ឺនរៀលដល់ ៣ ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយមានភ្ញៀវហៅជិះនិងមានគេជួលឲ្យដឹកឥវ៉ាន់។
លោក ដួង ណាន ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមកចាប់របរធាក់ស៊ីក្លូនៅភ្នំពេញអស់រយៈពេលជិត ៤០ ឆ្នាំរូបនេះ រៀបរាប់ថា ចាប់តាំងពីផ្ទុះឆ្លងជំងឺកូវីដ-១៩ នៅខែកុម្ភៈ រហូតដល់អាជ្ញាធរចេញបម្រាបបិទទីក្រុងនៅពេលនេះ លោកក៏ដូចជាជាអ្នកធាក់ស៊ីក្លូឯទៀត ពិបាករកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ៖ «កាលនៅរកបាន ខ្ញុំរកបានដោយសារដឹកភ្ញៀវ បាន៣ - ៤ - ៥ម៉ឺនដែរ។ ដល់មកកើតអាកូវីដ រកអត់បានចប់ប៉ាដោយ។ តាំងផ្ទុះអាកូវីដកើតមកក្រោយ ចូល២ខែហើយ។ បានបងប្អូនប្រជាពលរដ្ឋ គាត់យកបានយកអីមកចែកឲ្យហូប។ គាត់ឲ្យលុយខ្លះទៅ ថ្ងៃក្រោយអត់អ្នកចែក ក៏បានលុយហ្នឹងទិញហូបបណ្ដើរៗ។ ៣ពេលហ្នឹងអស់១ម៉ឺនរៀល ១ម៉ឺន៥ពាល់រៀល។ គិតហូបចុកអីទាំងអស់១ថ្ងៃ អស់១ម៉ឺន៥ពាន់រៀល »។
លោក ដួង ណាន ដែលជំពាក់ថ្លៃជួលស៊ីក្លូគេ៣ខែមកហើយ ប្រាប់ថា ក្នុងអំឡុងពេលដ៏យ៉ាប់យ៉ឺននេះ ពួកគាត់រស់នៅ គឺរំពឹងលើជំនួយសប្បុរសជនដែលចុះចែកម្ហូបអាហារនៅពេលថ្ងៃ។ លុះដល់ពេលយប់ ពួកគាត់ ចងអង្រឹងដេកលើស៊ីក្លូ នៅក្រោមសំយាបផ្ទះគេលក់ឥវ៉ាន់។
លោកបញ្ជាក់ថា បើមិនមានមនុស្សចុះចែកអាហារដល់ពួកគាត់ទេនោះ គាត់មិនដឹងថា ត្រូវរកប្រាក់ឯណាទិញបាយហូបទេ ព្រោះក្នុង ១ ថ្ងៃ ត្រូវចំណាយថ្លៃបាយមិនក្រោម ២ ម៉ឺនរៀលនោះទេ ។ អ្នកធាក់ស៊ីក្លូរូបនេះ អំពាវនាវដល់សប្បុរសនានា ជួយក្រុមអ្នករត់ស៊ីក្លូ តាមលទ្ធភាពដែលអាចជួយបាន៖ «ខ្ញុំចង់បានជំនួយការហូបចុក ហើយថ្នាំពេទ្យចេះតែចង់បានហើយ ពេលយប់ព្រលប់អី មិនស្រួលខ្លួនអី។ រកលុយទិញ រកអត់បាន។ បានមួយហូបៗទៅ។ ហើយឈឺស្កាត់អី អើ ! វាមានដែរ វាមានតិចតួច ចេះទិញប្រើបាន។ ចង់បានៗ មិនដឹងថាអំពាវនាវទៅខាងណា »។
រីឯអ្នកធាក់ស៊ីក្លូមួយក្រុមទៀត នៅខាងត្បូងវិទ្យាល័យស៊ីសុវត្ថិក៏មិនខុសគ្នាដែរ។ លោក នួន សុខ ដែលចេញពីខេត្តស្វាយរៀង មកធាក់ស៊ីក្លូនៅម្ដុំផ្សារកណ្ដាល និងផ្សារថ្មី ឲ្យដឹងថា បច្ចុប្បន្ននេះ លោកមិនអាចរកប្រាក់ចំណូលបានដូចពីមុនទេ ដោយសារមិនមានមនុស្សចេញដើរច្រើន ហើយតាមផ្លូវនានា មានសភាពស្ងាត់ជ្រងំ ព្រោះតែការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក នួន សុខ ដែលប្រកបរបរនេះតាំងពីឆ្នាំ១៩៧៩ រៀបរាប់ថា ជីវភាពពួកគាត់ ក្នុងអំឡុងបិទខ្ទប់ទីក្រុងនេះ គឺអាស្រ័យលើសប្បុរសជនដែលមានចិត្តបុណ្យ តែងជិះរថយន្ត ចុះចែកអាហារដល់ពួកគាត់ និងអ្នកក្រខ្សត់ផ្សេងទៀត ដើម្បីដោះទ័លជីវភាពមួយពេលៗ ប៉ុន្តែមិនបានរាល់ថ្ងៃនោះទេ។
អ្នកធាក់ស៊ីក្លូវ័យ ៨៧ ឆ្នាំរូបនេះបញ្ជាក់ថា បើមិនគេចុះចែកអាហារទេ ក្នុងមួយ ១ ថ្ងៃ ពួកគាត់ត្រូវចំណាយប្រាក់ ២ ម៉ឺនរៀល ដើម្បីទិញបាយសម្លគេហូប និងចំណាយលុយ ១ ពាន់រៀល ដើម្បីចូលងូតទឹកនៅក្នុងបន្ទប់ទឹកសាធារណៈ៖ «ពេលនេះ បើនិយាយពីអ្នកជិះ អត់មានតែហ្មង។ ១ថ្ងៃបានតែម្នាក់អីចឹង។ និយាយអ៊ីចឹង តែម្ដង។ និយាយទៅសរសើរបងប្អូនអ្នកភ្នំពេញនេះ គេគិតគូរអ្នកស៊ីក្លូដែរ។ ខ្លះគេដាំបាយដើរចែកតាមឡាន។ ខ្លះក៏គេហុចលុយឲ្យ១ម៉ឺន ខ្លះ៥ពាន់ ខ្លះ២ម៉ឺនអត់ទៀងទេ ក្មួយ ! តាមសទ្ធាគេឲ្យរបស់គេ។ ថ្ងៃណាគេឲ្យៗ ថ្ងៃណាគេអត់ឲ្យ យើងហូបទាំងបាយទាំងទឹកអី អស់៧ពាន់រៀល ទាំងបាយទាំងអី »។
មុខរបរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំង រហូតពេលបច្ចុប្បន្ននេះ គឺជារបរមួយដែលខុសពីមុខរបរដឹកជញ្ជូនផ្សេងទៀត ដែលប្រើកម្លាំងម៉ាស៊ីនជាជំនួយ។ អ្នកប្រកបរបរនេះ ត្រូវប្រើកម្លាំងស្មង កម្លាំងស្មា ដឹកភ្ញៀវ និងឥវ៉ាន់ ពីកន្លែងមួយ ទៅកន្លែងមួយ។
សព្វថ្ងៃ អ្នកធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ មានចំនួនសរុបជិត៣រយនាក់ (២៨០នាក់) ប៉ុន្តែ ក្នុងកំឡុងបិទខ្ទប់ទីក្រុងដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩ អ្នកដែលកំពុងប្រកបរបរនេះ នៅតាមទីផ្សារ មានជាង១រយនាក់ (១២៤នាក់)។
កាលពីឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតមូលនិធិត្រីចក្រយាន ឬហៅថាមូលនិធិស៊ីក្លូ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញ ដើម្បីជួយអ្នកធាក់ស៊ីក្លូប្រមាណ ៣០០ នាក់។ អ្នកធាក់ស៊ីក្លូម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភ ៧ពាន់រៀលក្នុង១ថ្ងៃ ដោយបើក៣ដងក្នុង ១ខែ សរុបប្រមាណ ២១ម៉ឺនរៀល។ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងសុខាភិបាលទទួលព្យាបាលជំងឺជូនអ្នកធាក់ស៊ីក្លូ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា តើមូលនិធិនេះនៅបន្តជួយអ្នកធាក់ស៊ីក្លូ រហូតដល់ពេលបច្ចុប្បន្ននេះដែរឬទេ។
ចំណែក ប្រធានសមាគមអ្នកធាក់ស៊ីក្លូសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក អ៊ឹម សម្បត្តិ ឲ្យដឹងថា អ្នកធាក់ស៊ីក្លូ នៅតែទទួលបានប្រាក់ឧបត្ថម្ភពីសាលាក្រុងជារៀងរាល់ខែ ដើម្បីផ្គត់ផ្គង់បន្ថែមលើប្រាក់ចំណូលដែលពួកគេរកបាន។
លោកថា ខាងសមាគម ធ្វើអាហារជិត ២រយកញ្ចប់ជាប្រចាំថ្ងៃ ដើម្បីចែកជូនអ្នកធាក់ស៊ីក្លូទាំងអស់នៅតាមគោលនានា សម្រាប់ពេលថ្ងៃត្រង់ ដោយមិនរើសអើងថា ជាសមាជិកឬមិនមែនជាសមាជិករបស់សមាគមនោះទេ ក្នុងអំឡុងពេលអាជ្ញាធរបិទខ្ទប់ទីក្រុង និងហាមមនុស្សមិនឲ្យធ្វើចរាចរ រហូតដល់ជិតដាច់ខែមេសា៖ «ឥឡូវយើងកំពុងដោះស្រាយប្រឈមចំពោះមុខសិន។ អ្វីយើងអាចយើងធ្វើសិន។ នៅពេលចប់ពី Lock-down ហ្នឹងទៅ យើងចែកជាគូប៉ុងឲ្យគាត់ ដូចមានប័ណ្ណមួយឲ្យគាត់ ដូចថាមាន៣រយនាក់អ៊ីចឹងទៅ ឲ្យគាត់ទៅទទួលទានអាហារនៅទីណាមួយ ដែលយើងសហការជាមួយអ្នកធ្វើម្ហូប។ គាត់ហុចគូប៉ុងទៅឲ្យអ្នកលក់បាយហ្នឹង។ តាមការពិភាក្សាជាមួយអ្នកលក់បាន ខាងសមាគមនឹងទៅគិតគូរលុយឲ្យគាត់។ អ៊ីចឹង ! យើងដោះស្រាយមួយជំហាននេះ គឺការហូបចុករបស់ពួកគាត់។ ជំហានទី២ យើងចង់ឲ្យគាត់មានកន្លែងស្នាក់នៅដែរ ប៉ុន្តែយើងរកអត់បាន ព្រោះដីនៅភ្នំពេញ សុទ្ធតែជួលគេ។ កាលណាជួល វាអស់ថ្លៃ វាអស់ច្រើន។ អ៊ីចឹង ! យើងធ្វើអត់ទាន់បានទេ កម្រិតទី២ហ្នឹង »។
លោកបញ្ជាក់ថា ចំពោះអ្នកដែលជួលស៊ីក្លូគេហើយបង់ ១ខែ ៦ម៉ឺនរៀល ទំនងជាពួកគាត់ជួលពីថៅកែ ដោយឡែកខាងសមាគមធាក់ស៊ីក្លូ មិនបានគិតថ្លៃស៊ីក្លូដែលសមាជិកខ្ចីយកទៅប្រកបរបរចិញ្ចឹមជីវិតឡើយ ចាប់តាំងមានជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០។
ក្នុងអំឡុងពេលផ្ទុះកូវីដខ្លាំងនៅក្រុងភ្នំពេញលោក អ៊ឹម សម្បត្តិ អំពាវនាវដល់អ្នកសម្បូរធនធាន បន្តជួយឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូ តាមលទ្ធភាពដែលអាចជួយបាន ខណៈសមាគមលោក កំពុងស្វះស្វែងរកជំនួយពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួលទីកន្លែងណាមួយឲ្យពួកគាត់ស្នាក់នៅសមរម្យ ចៀសវាងការស្នាក់នៅតាមចិញ្ចើមថ្នល់ ក្រោមសំយាបផ្ទះគេតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។