ថ្ងៃចូលថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅពេលនេះ លោកអ្នកនាងខ្លះក៏កំពុងជ្រើសរើសរកកន្លែងសម្រាប់នាំក្រុមគ្រួសារទៅលំហែកាយ និងលេងកម្សាន្តដែរ។
តើលោកអ្នកចង់ជ្រើសរើសយកកន្លែងដើរកម្សាន្តណាមួយដែលមានបរិស្ថានស្អាត សន្តិសុខល្អ និងមានការចំណាយតិចតួចដែរឬទេ?
សួស្ដីឆ្នាំថ្មី ជូនដល់លោកអ្នកនាង និងជនរួមជាតិខ្មែរទាំងអស់នៅក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតជិតមកដល់នេះ ខ្ញុំសូមណែនាំលោកអ្នកឱ្យស្គាល់រមណីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួន ដើម្បីឱ្យពិចារណាសម្រាប់ជ្រើសរើសនាំក្រុមគ្រួសារទៅកម្សាន្ត។
នៅក្នុងប្រទេសកម្ពុជា ក្រៅពីតំបន់ទេសចរណ៍ល្បីល្បាញដែលមានចារទុកនៅក្នុងសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ដូចជា ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ខេត្តកែប និងតំបន់ប្រាសាទបុរាណនៅក្នុងខេត្តសៀមរាប នោះ គឺខេត្តមួយចំនួនទៀតដែលស្ថិតនៅភាគពាយព្យ ភាគឧត្តរ និងឦសាន ក៏ជាកន្លែងដែលសម្បូរតំបន់ទេសចរណ៍ធម្មជាតិគួរឱ្យទៅកម្សាន្ត និងទស្សនាដែរ។
ខេត្តបាត់ដំបង គឺខេត្តមួយដែលមានទឹកដីធំទូលាយជាងបណ្ដាខេត្តជាច្រើនទៀត។ បច្ចុប្បន្ន ខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នៅទូទាំងប្រទេស។ ខេត្តនេះ មានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ចំនួន ៣៦កន្លែង ដែលអាចទៅកម្សាន្តបាន ដូចជា ទីវត្តបុរាណល្បីល្បាញ ប្រាសាទភ្នំបាណន់ ភ្នំសំពៅ អាងទឹកកំពីងពួយ និងទឹកជ្រោះសេកសក ជាដើម។ល។
ក្រៅពីនេះ ខេត្តបាត់ដំបង ក៏មានរមណីយដ្ឋានទឹកជ្រោះ និងព្រៃធម្មជាតិមួយចំនួនទៀត ដែលអាចទៅងូតទឹកលេង ព្រមទាំងកម្សាន្តកាយដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីសារ៉ា បានប្រាប់ថា តំបន់ទេសចរណ៍ទឹកជ្រោះធម្មជាតិ និងទីកម្សាន្តជាច្រើននោះ គឺសុទ្ធតែជាកន្លែងមានសន្តិសុខល្អសម្រាប់លោកអ្នក៖ «តាមផ្លូវស្ដៅ ទៅកាន់ខេត្តប៉ៃលិន ហ្នឹង គឺតំបន់រមណីយដ្ឋានច្រើនណាស់ ដូចជាពពុះថ្ម ជ្រោះពេជ្រចិន្ដា ថ្មតម្រួត ហើយនិងទឹកពុះកំរៀង។ ជារៀងរាល់ឆ្នាំ យើងបានធ្វើការជាមួយអាជ្ញាធរស្រុក ហើយនិងម្ចាស់អាជីវកម្មអនាម័យ តម្លៃ សេវាកម្ម ហើយនិងបដិសណ្ឋារកិច្ច។ នៅក្នុងនោះ អំពីសុវត្ថិភាពវិញ គឺខេត្តបាត់ដំបង មានការផ្ដល់ជូនបានយ៉ាងល្អ ពីព្រោះនគរបាលទេសចរណ៍ សហការជាមួយអាជ្ញាធរស្រុក ជាមួយមន្ទីរទេសចរណ៍ ចុះប្រចាំការស្ទើរតែគ្រប់គោលដៅ»។
«ចម្រៀងចូលឆ្នាំនៅបាត់ដំបង»
ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់គ្នានឹងខេត្តបាត់ដំបង ក៏ជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍ដែរ ដូចជា ទឹកធ្លាក់ភ្នំខៀវ និងភ្នំយ៉ាត ដែលជាទីសក្ការបូជាដ៏សក្ដិសិទ្ធិផង។
ងាកមកខេត្តភាគឧត្តរឯណេះវិញ ខេត្តព្រះវិហារ គឺជាខេត្តមួយដែលទើបតែមានផ្លូវគមនាគមន៍ល្អស្អាត ដែលមិនស្ថិតនៅដាច់ឆ្ងាយពីគេឯងដូចកាលពីមុនទៀតទេ។
ខេត្តព្រះវិហារ មានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែរ ដូចជា ប្រាសាទបុរាណព្រះវិហារនៅលើកំពូលភ្នំដងរែក ជិតព្រំដែនថៃ ប្រាសាទបុរាណកោះកែរ ប្រាសាទព្រះខ័ន កំពង់ស្វាយ និងរមណីយដ្ឋានទឹកជ្រោះធម្មជាតិព្រះនិមិត្ត ក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ ជាដើម។ តំបន់ទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិទាំងនោះ សុទ្ធតែលោកអ្នកអាចទៅលេងកម្សាន្តបាននៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
«ចម្រៀងបោះឈូង»
ចំណែកនៅឯខេត្តភាគឦសានទៀតសោត ក៏កាន់តែសម្បូរបែបនូវតំបន់ទេសចរណ៍ធម្មជាតិ រួមនិងការស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចផង។ លោកអ្នកអាចធ្វើដំណើរទៅខេត្តក្រចេះ ដើម្បីងូតទឹកលេងកម្សាន្តនៅព្រែកកាំពី ហើយបន្តដំណើរទៅខេត្តមណ្ឌលគិរី មើលវាលស្មៅបន្ធូរអារម្មណ៍ ឬក៏ទៅលេងទឹកជ្រោះប៊ូស្រា ហើយក៏អាចទៅលេងទន្លេស្រែពក និងទន្លេសេសាន ជាដើម។
នៅខេត្តរតនគិរី ដែលជាខេត្តជាប់ព្រំដែនគ្នានេះ គឺមានរមណីយដ្ឋានធម្មជាតិចំនួន ១១កន្លែង ដែលលោកអ្នកអាចទៅកម្សាន្តសប្បាយបានគ្រប់ពេល។ រមណីយដ្ឋានទាំងនោះ ដូចជា បឹងយក្សឡោម ទឹកជ្រោះ៧ជាន់ ទឹកជ្រោះកាចាញ ជ្រោះចាអ៊ុង ជ្រោះតាទៀង និងទឹកជ្រោះតាតៃ ជាដើម។ ក្រៅពីនោះ ប្រសិនបើលោកអ្នកចង់ទស្សនាព្រឹក្សព្រៃ ផ្កាឈើ និងធម្មជាតិសម្បូរបែប អាចអញ្ជើញទៅកាន់ឧទ្យានជាតិវិរៈជ័យ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ បានណែនាំថា ក្នុងចំណោមរមណីយដ្ឋានធម្មជាតិចំនួន ១១កន្លែង គឺមានការបម្រើសេវាកម្មទេសចរណ៍បានល្អចំនួន ៩កន្លែង ឯ ៣-៤កន្លែងផ្សេងទៀត គឺវានៅឆ្ងាយជិតតំបន់ឧទ្យានជាតិវិរៈជ័យ ដែលមិនសូវសម្បូរភ្ញៀវទៅលេងទេ៖ «ភ្ញៀវខ្មែរយើងភាគច្រើន គាត់មកហែលទឹកកម្សាន្តលេង ក៏ដូចជាចង់ស្គាល់ជនជាតិភាគតិចពីជីវភាពរស់នៅ ហើយនិងវប្បធម៌ប្រពៃណីដែលយើងមិនធ្លាប់ឃើញ។ គាត់ទៅលេងភូមិតាមតំបន់ដែលជិតៗក្រុងដែរ។ ខេត្តរតនគិរី ហ្នឹង ជាខេត្តឆ្ងាយជាងគេម៉ាប្រទេសកម្ពុជា បើថាបានមករតនគិរី ហើយមេត្តាមកលេងកម្សាន្តឱ្យបានច្រើន ព្រោះរតនគិរី ជាទឹកដីដែលយើងទើបតែអភិវឌ្ឍខ្លាំងមែនទែនហើយ»។
«ស្នេហ៍ជ្រោះសុភមិត្ត»
បន្ទាប់ពីលោកអ្នកបានស្គាល់តំបន់ទេសចរណ៍ជាច្រើននៅខេត្តភាគឦសានរួចហើយ សូមលោកអ្នកបែរមករកខេត្តមួយដែលនៅជាប់តំបន់សមុទ្រ និងជួរភ្នំក្រវាញ វិញ។ ខេត្តកោះកុង ក៏ជាខេត្តមួយដែលមានចំណាប់អារម្មណ៍ចំពោះដំណើរកម្សាន្តដែរ។ នៅខេត្តកោះកុង មានសួនសត្វមួយកន្លែងឈ្មោះសាហ្វារី វើល (Safari world) ដែលជាមណ្ឌលកម្សាន្តដ៏ល្អ។ ក្រៅពីនោះ ខេត្តកោះកុង មានទឹកជ្រោះធម្មជាតិដ៏ស្អាតនៅតាតៃ និងតំបន់ទេសចរណ៍ធម្មជាតិ ដែលគួរឱ្យចាប់អារម្មណ៍នៅជីផាត។
ការធ្វើដំណើរទៅកម្សាន្តតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋានដ៏ច្រើននៅក្នុងរដូវចូលឆ្នាំខ្មែរខាងមុខនេះ គឺលោកអ្នកអាចនឹងជួបបញ្ហាខ្លះលើការចំណាយប្រាក់កាសទៅលើថ្លៃបន្ទប់ស្នាក់នៅ ឬក៏ថ្លៃម្ហូបអាហារ ជាដើម ដោយសារតែនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន មានទម្លាប់អាក្រក់មួយ គឺគ្រប់សណ្ឋាគារ ផ្ទះសំណាក់ និងម្ហូបអាហារ ត្រូវដំឡើងថ្លៃនៅពេលមានបុណ្យទាន។ តើលោកអ្នកត្រូវដោះស្រាយយ៉ាងណាទៅលើការចំណាយច្រើននេះ?
សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជន លោក ហូ វណ្ឌី បានចូលរួមជាយោបល់ថា ដើម្បីជួយកាត់បន្ថយការចំណាយរបស់លោកអ្នកនៅពេលធ្វើដំណើរកម្សាន្ត គឺត្រូវទិញម្ហូបអាហារដែលអាចទុកបានយូរជាផលិតផលកំប៉ុង ដើម្បីដាក់ជាប់ខ្លួនទុកហូប ដោយមិនចាំបាច់ទិញម្ហូបចំណីដែលលក់ថ្លៃនៅតាមតំបន់ទេសចរណ៍ទេ។ ឯការចំណាយលើថ្លៃបន្ទប់គេងទៀតសោត បើមានស្គាល់ផ្ទះមិត្តភក្ដិសាច់ញាតិ អាចទៅសុំស្នាក់នៅបណ្ដោះអាសន្ន ឬក៏នៅក្បែរៗ មានទីវត្តអារាម ក៏អាចទៅសុំព្រះសង្ឃស្នាក់បានដែរ៖ «ការសន្សំសំចៃ គឺជារឿងមួយក្នុងការហូបចុក និងការស្នាក់នៅ។ យើងឃើញហើយវត្តអារាម ក៏ជាកន្លែងមួយដែលអាចទទួលស្នាក់នៅបានដែរ។ នៅតាមទេសចរណ៍សហគមន៍ ក៏ពួកគាត់អាចទៅស្នាក់នៅផ្ទះស្នាក់ អាចជួលបន្ទប់ណាមួយ។ ការសន្សំសំចៃទី២ គឺយើងធ្វើដំណើររួមគ្នា វាក៏ជាការសន្សំសំចៃមួយទៀត ដែលអាចឱ្យអ្នកទាំងអស់គ្នាជួយកាត់បន្ថយជាតិពុល ក៏ដូចជាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
កត្តាសំខាន់មួយទៀតសម្រាប់ដំណើរកម្សាន្តរបស់លោកអ្នក គឺសន្តិសុខ។ លោកអ្នកគួរតែសាកសួរអ្នកភូមិ ឬក៏សមត្ថកិច្ចមូលដ្ឋានអំពីភូមិសាស្ត្រតំបន់ដែលលោកអ្នកចង់ទៅជាមុន ថាតើមានសន្តិសុខគ្រប់គ្រាន់ដែរឬទេ? តំបន់ទេសចរណ៍ខ្លះដែលនៅជិតព្រំដែនខ្មែរ-ថៃ និងជាអតីតតំបន់សង្គ្រាម គឺនៅមានសេសសល់គ្រាប់មីន ដូច្នេះត្រូវមើលស្ថានភាពឱ្យច្បាស់ ប្រសិនបើតំបន់នោះពុំមានអ្នកភូមិធ្លាប់ចេញចូលទេ គួរតែកុំប្រថុយទៅឱ្យសោះ។ បញ្ហាមួយទៀតចំពោះសុវត្ថិភាពចរាចរណ៍ គួរលោកអ្នកបើកបរយានយន្តដោយប្រុងប្រយ័ត្ន។ ចំពោះផ្លូវណាដែលពុំធ្លាប់ស្គាល់ច្បាស់លាស់ សូមកុំបើកបរលឿនពេក ហើយសូមកុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ។
សូមជូនពរដល់លោកអ្នកនាង និងជនរួមជាតិខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារនៅក្នុងឱកាសឆ្នាំថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។