ក្រសួងកសិកម្មយកឃុំ១០នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាឃុំកសិកម្មគំរូ
2023.02.26

ក្រសួងកសិកម្មបានសម្រេចជ្រើសរើសយកឃុំចំនួន១០នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម សាកល្បងជំហានដំបូងធ្វើជាឃុំកសិកម្មគំរូ ក្នុងទិសដៅអភិវឌ្ឍវិស័យកសិកម្មទូទាំងប្រទេស។
ឃុំអភិវឌ្ឍវិស័យកសិកម្មគំរូ មានដាក់មន្ត្រីបច្ចេកទេសដែលជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញកសិកម្មឲ្យនៅធ្វើការងារជួយកសិករប្រចាំឃុំនោះតែម្តង។
ចំណែកមន្ត្រីសង្គមស៊ីវិល ដែលធ្វើការជាមួយកសិករយល់ឃើញថា យុទ្ធសាស្ត្រនេះ មិនទាន់ទូលំទូលាយ និងចំគោលដៅតម្រូវការរបស់កសិករដែលកំពុងជួបប្រទះនៅឡើយ ដូចបញ្ហាខ្វះដើមទុន ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និង ទីបញ្ហាស្ថិរភាពទីផ្សារជាដើម។
ការបង្កើតឃុំគំរូក្នុងទិសដៅអភិវឌ្ឍកសិកម្មជួយដល់កសិករនេះ ក្រសួងបានទទួលយកនិស្សិតដែលទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យផ្នែកកសិកម្មចំនួន១០រូប ឲ្យធ្វើអ្នកសម្របសម្រួលលើបច្ចេកទេសកសិកម្ម ឬហៅថាមន្ត្រីកសិកម្មប្រចាំឃុំដើម្បីជួយប្រជាពលរដ្ឋ ក្នុងឃុំចំនួន១០នៃស្រុកជើងព្រៃខេត្តកំពង់ចាម ដែលជាទីតាំងនៃចំណុចចាប់ផ្ដើម និងជាការសាកល្បងជំហានដំបូង។
មន្ត្រីកសិកម្មប្រចាំឃុំទាំង ១០រូបនោះ បានបង្ហាញខ្លួន និងបង្ហាញគម្រោងចាប់ផ្តើមការងារជំនាញរបស់ខ្លួនដល់មេភូមិ និងសហគមន៍កសិករទាំង១០ឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីពាក់កណ្ដាលខែកុម្ភៈ: កន្លងទៅថ្មីៗនេះ។
ពួកគាត់បានបញ្ជាក់ថា នេះជាការងារថ្មី និងជាការចាប់ផ្តើមថ្មីសម្រាប់ពួកគាត់ដែលទើបបញ្ចប់ការសិក្សាលើជំនាញកសិកម្ម។
ពួកគាត់សប្បាយចិត្តដែលមានឱកាសធ្វើការងារជំនាញដែលបានរៀនសូត្រកន្លងមក និងមានឱកាសបម្រើប្រជាពលរដ្ឋក្នុងវិស័យកសិកម្មនេះ។
មន្ត្រីសម្របសម្រួលកសិកម្មប្រចាំនៅ ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម កញ្ញា សុធា អង្គា ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅរាជធានីភ្នំពេញ។
កញ្ញាជាមន្ត្រីស្ម័គ្រចិត្តមួយរូបក្នុងចំណោម១០នាក់។
មន្ត្រីរូបនេះ បានបង្ហាញពីការងារចាប់ផ្តើមដំបូងនោះ គឺត្រូវស្វែងរកព័ត៌មាន អំពីបញ្ហាតម្រូវការរបស់កសិករឲ្យគ្រប់ជ្រុងជ្រោយ ជួយផ្តល់ជាយោបល់ទីប្រឹក្សាបច្ចេកទេស និងជួយសម្របសម្រួលឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេសទៅដល់កសិករ ជួយសម្របសម្រួលឱ្យកសិករចេះធ្វើការជាក្រុម ចងក្រងជាសហគមន៍ ជួយទំនាក់ទំនងធនធានពីខាងក្រៅ ឬអ្នកជំនាញផ្សេងៗ ដូចជាការចិញ្ចឹមសត្វ ទីផ្សារ មានកិច្ចសហការជាមួយតួអង្គពាក់ព័ន្ធ ដូចជាក្រុមហ៊ុនលក់ជី រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនទិញផលិតផលកសិកម្មជាដើម។
ចំពោះក្ដីរំពឹងទៅលើលទ្ធផលវិញ កញ្ញា សុធា អង្គា បញ្ជាក់ ថា ពួកគាត់ទាំង១០នាក់ក្នុងគម្រោងសាកល្បងនេះ នឹងអាចជួយកសិករឲ្យមានជំនាញអ្វីមួយច្បាស់លាស់ពាក់ព័ន្ធនឹងរបរកសិកម្ម។
កញ្ញា សុធា អង្គា៖ «ជួយពាំនាំព័ត៌មាន ឬបញ្ហាប្រឈមពីសហគមន៍កសិករ ទៅថ្នាក់ជាតិ និងពីថ្នាក់ជាតិមកសហគមន៍កសិករវិញ»។
ចំណែកមន្ត្រីសម្របសម្រួលកសិកម្មប្រចាំឃុំម្នាក់ទៀត គឺនៅឃុំ ស្ដើងជ័យ លោក ពៅ សុធា វិញ។ លោកបានឲ្យដឹងថា លោកមានស្រុកកំណើត នៅខេត្តស្វាយរៀង លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញកសិកម្មនៅភ្នំពេញ។
លោកបានបញ្ជាក់ថា មូលហេតុដែលលោកស្ម័គ្រចិត្តចូលបម្រើការងារជួយកសិករក្នុងការងារដាំដុះនេះ ដោយសារទឹកចិត្តស្រលាញ់ការងារកសិកម្ម និងចង់ចូលរួមអភិវឌ្ឍវិស័យនេះឲ្យដំណើរផងដែរ។
លោក ពៅ សុធា៖ «ដោយសារគម្រោងនេះថ្មីនៅកម្ពុជា គឺអត់ដែលមានទេ ដែលយើងអាចមានមន្ត្រីប្រចាំឃុំដើម្បីដោះស្រាយបញ្ហាជាពិសេសការងារបច្ចេកទេសដាំដុះ និងការងារទំនាក់ទំនងទីផ្សារលក់កសិផលរបស់កសិករ..»។
ឃុំកសិកម្មគំរូទាំង១០ នៃស្រុកជើងព្រៃនោះ រួមមាន ឃុំ សូ ទិព្វ ឃុំ ផ្ដៅជុំ ខ្នុរដំបង គោករវៀង ព្រៃចារ ឃុំ ស្រម៉ ស្ដើងជ័យ ត្រពាំងគេ ឃុំសំពងជ័យ និង ឃុំព្រីងជ្រុំ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ឃុំ កសិកម្មគំរូទាំង១០នេះ ជាដំណើរសាកល្បងជំហានដំបូង ដោយមានមន្ត្រីកសិកម្មប្រចាំការជួយកសិករទាំងទីផ្សារ និងបច្ចេកទេសក្នុងផលិតកម្មអ្វីមួយ។
បណ្ឌិត យ៉ង សាំងកុមារ៖ «កន្លងមកអត់មានមន្ត្រីធ្វើការងារជាប្រចាំជាមួយកសិករនៅតាមភូមិឃុំ ដើម្បីដោះស្រាយការលំបាកនេះ ហើយការងារនេះនឹងពង្រីកដល់ទូទាំងប្រទេស»។
លោកបណ្ឌិត យ៉ង់ សាំងកុមារ ក៏បានបញ្ជាក់អំពីមូលហេតុនៃការយកឃុំទាំង១០ ជាការចាប់ផ្តើមដំបូង ដោយសារស្រុកជើងព្រៃមាន១០ឃុំគ្រប់តែម្តង និងមានចំនួនប្រជាពលរដ្ឋច្រើន កត្តាភូមិសាស្ត្រធម្មជាតិអំណោយផល មានភាពចម្រុះនៃដំណាំ និងមុខរបរច្រើនពាក់ព័ន្ធនឹងវិស័យកសិកម្ម។
គម្រោងនេះលោក បណ្ឌិត យ៉ង់ សាំងកុមារ ជាអ្នកដឹកនាំដោយផ្ទាល់ ដោយមានការយល់ព្រមពីរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម។
គម្រោងនេះមិនមែនជាគំនិតថ្មីស្រឡាងរបស់លោកទេ ពីព្រោះគម្រោងនេះ លោកធ្លាប់លើកឡើងជារើយៗ និងធ្លាប់ដាក់បញ្ចូលក្នុងគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)កាលពីលោកនៅជាប្រធានគណៈកម្មការនាយកនៃគណបក្សនេះ មុននឹងលោកចុះចូលជាមួយគណបក្សកាន់អំណាចនឹងទទួលដំណែងនៅក្រសួងកសិកម្ម។
ទាក់ទងនឹងរឿងនេះ ប្រធានសមាគមនៃសហគមន៍កសិករកម្ពុជា(CCFC) លោក ថេង សារឿន មិនទាន់អាចសន្និដ្ឋានបាននៅឡើយថា គម្រោងនេះនឹងចំណេញដល់ពលរដ្ឋ ឬក៏យ៉ាងណានោះទេ ប៉ុន្តែជាបឋមនោះ លោកឃើញថា គម្រោងនេះអាចជាយុទ្ធសាស្ត្រនយោបាយមួយ និងហាក់មិនទាន់ទូលំទូលាយ និងចំគោលដៅតម្រូវការចាំបាច់ខ្លាំងរបស់កសិករដែលកំពុងជួបប្រទះនូវការលំបាកនៅឡើយ ដូចបញ្ហា ខ្វះដើមទុន ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និង បញ្ហាស្ថិរភាពទីផ្សារជាដើម។
លោក ថេង សារឿន៖ «ជាទូទៅកសិករជាង៣០ឆ្នាំមកនេះ ទាំងទុន គ្រាប់ ពូជ និងវត្ថុធាតុដើមផ្សេងៗដែលបម្រើដល់ការដាំដុះ រដ្ឋមិនសូវបានយកចិត្តទុកដាក់នោះទេ ដូច្នេះការបង្កើនថវិកាជាតិ និង ការបង្កើនការស្តារ និងកសាងថ្មីនូវប្រព័ន្ធធារាសាស្ត្រគឺជារឿងចាំបាច់...» ។
ទោះបីយ៉ាងណាក្តី លោកនឹងតាមដានមើលលើការអនុវត្តជាក់ស្តែង តើនឹងមានផលវិជ្ជមាន ឬអវិជ្ជមានបែបណាខ្លះពីគម្រោងមួយនេះ។
មន្ត្រីស្ម័គ្រចិត្តសម្របសម្រួលកសិកម្មប្រចាំនៅឃុំទាំង១០ នៃស្រុកជើងព្រៃ កាលពីថ្ងៃទី១៥ កុម្ភ: ២០២៣ បានបង្ហាញមុខជួបប្រជុំជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិទាំង១៤ភូមិ និងតំណាងសហគមន៍កសិកម្ម អភិបាលស្រុកជើងព្រៃ និងតំណាងពីនាយកដ្ឋានដំណាំស្រូវ ផ្សព្វផ្សាយកសិកម្មផងដែរ ដើម្បីណែនាំផ្សព្វផ្សាយពីគម្រោង និងការងាររបស់ពួកគេ ដើម្បីសុំឲ្យមានកិច្ចសហការគ្នាឲ្យបានល្អ និងជួយជំរុញការងារនេះដើរលឿនទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។