ស្ត្រីនិងយុវជន នៅតែមានតំណាងតិចតួចនៅក្នុងវិស័យសាធារណៈ ពិសេសក្នុងតួនាទីដឹកនាំទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ នេះជាការរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវចុងក្រោយមួយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា» ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ដោយអង្គការតម្លាភាពកម្ពុជា (TI Cambodia)។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា កត្តាចម្បងចំនួនបី (៣) រួមមាន វប្បធម៌ សង្គម និងសេដ្ឋកិច្ច បានចូលរួមចំណែកនាំឲ្យមានស្ថានភាពនេះ។ ការសិក្សាដដែលនេះរកឃើញថា ផ្នត់គំនិត និងឥរិយាបថវាយតម្លៃជាមុនចំពោះសមត្ថភាព និងតួនាទីរបស់ស្ត្រី ដែលមនុស្សទូទៅតែងរំពឹងទុក គឺជាឧបសគ្គចម្បងបំផុតដែលរារាំងស្ត្រី មិនឲ្យក្លាយជាអ្នកដឹកនាំបាន។
ចំពោះយុវជនវិញការសិក្សារកឃើញថា មានឧបសគ្គចម្បងចំនួន ៧ ដែលរារាំងពួកគេមិនអាចឈានទៅកាន់តួនាទីជាអ្នកដឹកនាំបាន។ ឧបសគ្គទាំងនោះ មានដូចជា ការបន្ទច់បង្អាក់ពីឪពុកម្តាយ ការរើសអើងលើអាយុ ការធ្វើចំណាកស្រុកដើម្បីការងារ អំពើបក្ខពួកនិយម និងកង្វះជំនាញទន់ជាដើម។
អង្គការតម្លាភាពកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យខិតខំបន្ថែមទៀតក្នុងការលើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រី ដើម្បីឲ្យពួកគេអាចចូលរួមក្នុងតួនាទីជាអ្នកដឹកនាំ។ អង្គការនេះ ចង់ឃើញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់យុវជន និងស្ត្រី ដើម្បីឲ្យពួកគេអាចចូលរួមនៅក្នុងជីវភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយគ្មានការភ័យខ្លាច គ្មានការរើសអើង និងគ្មានការវិនិច្ឆ័យ។
ថ្មីៗនេះ របាយការណ៍របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានរកឃើញដែរថា ស្ត្រីទទួលបានប្រាក់ឈ្នួលទាបជាងបុរសសម្រាប់ការងារដូចគ្នា រហូតដល់ទៅ ១៩%៕