មន្ត្រីសង្គមស៊ីវិលប្រចាំខេត្តព្រះសីហនុសង្កេតឃើញថាខេត្តដែនសមុទ្រមួយនេះតែងជួបគ្រោះថ្នាក់តាមជើងទឹកញឹកញាប់ជាពិសេសនារដូវវស្សាដែលមានខ្យល់ព្យុះនិងរលកធំៗ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជាប សុធារី យល់ថាដើម្បីទប់ស្កាត់ ឬបង្កាករណីនេះអាជ្ញាធរពាក់ព័ន្ធគួរណែនាំនិងត្រួតពិនិត្យលើក្រុមអ្នកដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានត្រឹមត្រូវ។ អ្នកស្រីបន្តថាចំពោះពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនតាមផ្លូវទឹកក៏ត្រូវមានការទទួលខុសត្រូវនិងមានការប្រយ័ត្នលើមធ្យោបាយរបស់ខ្លួននិងត្រូវមានអាវពោងការពារសុវត្ថិភាពទុកឱ្យអ្នកធ្វើដំណើរពាក់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនិងកាណូតរបស់ខ្លួនពាក់មុនចេញដំណើរ៖ «ទោះបីថាការប្រកបរបររកស៊ីហ្នឹងជាថវិកាផ្ទាល់ខ្លួនរបស់បុគ្គលជាឯកជនមែនប៉ុន្តែពេលនេះពួកគាត់ធ្វេសប្រហែសដែរអញ្ចឹងមន្ត្រីជំនាញគួរចុះត្រួតពិនិត្យមើលថា តើអ្នកប្រកបមុខរបរទាំងអស់គាត់មានឧបករណ៍សម្ភារៈការពារសម្រាប់ទប់ស្កាត់ពេលនេះមានហានិភ័យអីកើតឡើង»។
ប្រតិកម្មរបស់មន្រ្តីសិទ្ធិមនុស្សបែបនេះក្រោយពេលមានករណីភ្លើងឆេះទូកដែលមានមនុស្សជិះលើទូកចំនួន ១១ នាក់ក្នុងនោះក្មេងពីរនាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា។ ករណីនេះបណ្ដាលឱ្យស្ត្រីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ ៥០ ឆ្នាំបានស្លាប់ ចំណែកអ្នកផ្សេងទៀតត្រូវបានក្រុមជួយសង្គ្រោះជួយទាន់ពេលវេលា។
ទាក់ទងបញ្ហានេះអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ និងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានទេដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួលនិងលេខទូរស័ព្ទខ្លះទៀតមិនទទួលការហៅចូល។
ទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលឱ្យដឹងថាករណីឆេះទូកនេះគឺដោយសារម៉ាស៊ីនបានធ្លាយទុយោប្រេងប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលឲ្យភ្លើងឆាបឆេះ រួចលិចទូកតែម្តង។ ប្រភពដដែលឱ្យដឹងទៀតថាទូកដែលឆេះនោះជាទូកដឹកបន្លែដែលធ្វើដំណើរចេញពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ឆ្ពោះទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រីឯអភិបាលក្រុងកោះរ៉ុងលោក នួន ប៊ុនថុល ឱ្យសារព័ត៌មានក្នុងស្រុកដឹងថាលោកស្នើទៅប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមសមុទ្រត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (ទូក) ឱ្យបានត្រឹមត្រូវនិងត្រូវមានអាវពោងសុវត្ថិភាព ព្រមទាំងវិទ្យុទាក់ទងដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរមានពេលជួបគ្រោះថ្នាក់។
អ្នកស្រី ជាប សុធារី ឱ្យដឹងថាអ្នកស្រីស្គាល់ជនរងគ្រោះដែលបាត់បង់ជីវិតនោះគឺជាអ្នកលក់បន្លែនៅសង្កាត់កោះរ៉ុង និងមានកូន ១១ នាក់ ក្នុងបន្ទុក។ រីឯអភិបាលក្រុងកោះរ៉ុងលោក នួន ប៊ុនថុល ឱ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតនោះមានជំងឺបេះដូង។ ចំណែកអ្នករបួស ៦ នាក់ ក្នុងហេតុការណ៍នោះត្រូវបានអាជ្ញាធរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។