សង្គម​ស៊ីវិល​និងពលរដ្ឋ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​នៅខេត្ត​បន្ទាយមានជ័យ​

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ពលរដ្ឋដែល​រងគ្រោះដោយ​ទឹក​ជំនន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ឱ្យ​បានគ្រប់​ៗគ្នា។ ការ​លើកឡើង​នេះ បន្ទាប់​ពី​ទឹក​ជំនន់​នៅ​តែ​បន្ត​ហក់​ឡើងខ្លាំងប៉ះពាល់​ដល់ពលរដ្ឋ​រាប់ពាន់គ្រួសារ ក្នុងខេត្ត​ជាប់ព្រំដែនថៃមួយនេះ ហើយ​អាជ្ញាធរ​មិន​បាន​ជួយពួកគាត់​គ្រប់គ្នា​នៅ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង ​បូក​ផ្សំ​ទឹក​ហូរ​ច្រាល​ពី​ប្រទេស​ថៃ​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ផ្ទះ​សម្បែង​ និង​ស្រូវ​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ​អស់​រយៈ​ពេល​១​សប្តាហ៍​មក​ហើយ។​ ពួកគាត់​អះអាង​ថា​ អាជ្ញាធរ​បាន​ផ្តល់​ស្បៀង​អាហារ ​និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ ខ្លះ​ដែរ ​ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួនរស់​នៅ​សង្កាត់​ប៉ោយ​ប៉ែត​ត្អូញ​ថា ​ពួកគាត់​ពុំ​ទាន់​ទទួល​បាន​ជំនួយ​មនុស្សធម៌ ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ​។

Flooding_in_B_Chey_27_09_2021_by_NCDM_.jpg
លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដឹកនាំកម្លាំងចុះមើលស្ថានភាពទឹកជំនន់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ (គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​)

​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​រស់​នៅ​សង្កាត់​ប៉ោយ​ប៉ែត​លោក ​បឿន រត្ន ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញានេះ​ថា ​ពលរដ្ឋ​រាប់រយ​គ្រួសារ​រស់​នៅ​សង្កាត់​ប៉ោយប៉ែត​កំពុង​ខ្វះ​ខាត​ស្បៀង​អាហារ​នៅ​មិន​ទាន់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ជូន​ដល់​ពួកគាត់​នៅ​ឡើយ​ទេ​។ លោកថា ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា ​ហើយ​ស្ថានភាព​ទឹក​ជំនន់​នេះ​ នឹង​កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា​បន្ថែម​ទៀត៖ «និយាយ​ទៅ​អត់​ទាន់​បាន​អី​មួយ​បន្តិច​ សូម្បី​អង្ក​មួយ​គ្រាប់។​ និយាយ​ទៅ​ពិបាក​ បើ​នៅ​ជួរ​ខ្ញុំ​ ខ្លះ​គេ​គ្មាន​បាន​អី​បន្តិច​ តែ​មាន​ចំណុច​ខ្លះ​គេ​បាន​ជំនួយ ​បើ​និយាយ​ទៅ​ដូច​និយម​បក្ខ​ពួក​ ពិបាក​ដែរ​»។

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​សង្កាត់​ប៉ោយប៉ែត​លោកស្រី ​ឈៀង សុភាព ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ និង​សង់​ជម្រក​ស្នាក់​​នៅ​បណ្ដោះ​អាសន្ន​ជូន​ពលរដ្ឋ​រងគ្រោះ​ជាច្រើន​គ្រួសារ ​បាន​ទាន់​ពេល​វេលា ​ល្អ​ជាង​ឆ្នាំ​មុន​ៗ។​ លោកស្រី​ថា​ ពលរដ្ឋ​រាប់​រយ​គ្រួសារ ​ដែល​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ​ភាគ​ច្រើន​ទទួល​ជំនួយ​ស្បៀង​អាហារ​ និង​សម្ភារៈ​ផ្សេងៗ ​ពី​អាជ្ញាធរ​រដ្ឋ​៖ «​ប្រជាជន​ឡើង​មក​លើ​ផ្លូវ​អាស៊ាន ឆ្នាំ​នេះ​ឡើង​មុន​កំណត់ រាល់​ដង​ឡើង​ខែ​១០​ តែ​ឆ្នាំ​នេះ ​បែរ​ជា​ខែ ​៩​ឡើង​មក​ វា​លិច​មុន។​ ឃើញ​គេ​ជួយ​រហូត»​។

​ឆ្លើយ​តប​រឿង​នេះ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា​ អាជ្ញាធរ​បាន​ត្រៀម​លក្ខណៈ​ច្បាស់លាស់ ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​ ដោយ​យក​បទពិសោធន៍​ឆ្នាំមុ​នៗ​ជា​មូលដ្ឋាន​ក្នុង​ការ​សិក្សា ​និង​កែ​លម្អ​ចំណុច​ខ្វះខាត​។

Flooding_in_B_Chey_27_09_2021_by_NCDM_Kids.jpg
ក្មេងៗនិងក្រុមគ្រួសាររបស់ពួកគេត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ (គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​)

​អ្នក​នាំពា​ក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយលោក ​ឃុន សុខា ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ថា ​ចំពោះ​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ អាជ្ញាធរ​បាន​អនុវត្ត​ទាន់​ពេល​វេលា ​ដោយ​មាន​កង​អន្តរាគមន៍​រៀប​ចំ​រួច​ជាស្រេច​ រុករក ​និង​សង្គ្រោះ​ពលរដ្ឋ​ដោយ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​លំបាក​នោះ​ទេ​។ ​លោក​ថា ​ទេសរដ្ឋមន្ត្រី​លោក ​គន់ គីម​ កំពុង​ដឹកនាំ​កម្លាំង​ចុះ​ជួយ​ពលរដ្ឋ​ដោយ​ផ្ទាល់ ​និង​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ​សង់​ជម្រក​នៅ​ទីទួល​សុវត្ថិភាព​ និង​ផ្តល់​ស្បៀង​អាហារ​ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​៖ «អ្វី​ដែល​យើង​ត្រៀម​ គឺ​យើង​ធ្វើការ​ឆ្លើយ​តប​ទាន់​ពេល​អត់មាន​ឱ្យ​ពលរដ្ឋ​ណា​លំបាក​អី​ទេ ? ​ ម្នាក់ៗ​សុទ្ធ​តែ​​យើង​​បាន​ជួយ​បាន​ទាន់ពេល​ បើសិនជា​គាត់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ​ហើយ​យើង​ផ្តល់​នូវ​អ្វី​សេចក្តី​ត្រូវ​ការ​ចាំបាច់​»។

​អ្នក​នាំ​ពាក្យ​រូបនេះ​បន្ថែម​ថា ​រហូត​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ​៥ពាន់​គ្រួសារ​ ឬ​ស្មើ​នឹង​មនុស្ស​ជាង ​១​ម៉ឺន​នាក់ ​រស់​នៅ​ក្នុង​ស្រុក​ចំនួន ​៦ ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ កំពុង​រងផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់ ​និង​បាន​ជម្លៀស​ពលរដ្ឋ​ជិត​១ពាន់​គ្រួសារ (៧៣៦) ទៅ​កាន់​ទីទួល​សុវត្ថិភាព​។ លើសពីនេះ គ្រោះទឹកជំនន់នេះ​ក៏បណ្តាលឱ្យ​ប៉ះពាល់​ស្រូវ​និង​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ អស់​ជាច្រើន​ពាន់​ហិកតារ​ទៀត។ លោក​បញ្ជាក់​ថា ​មន្ត្រី​ជំនាញ​កំពុង​ស្រង់​ទិន្នន័យ​បន្ថែម​ទៀត ​នឹង​បង្ហាញ​​ជា​សាធារណៈ​នៅ​ពេល​ក្រោយ​។

​ជុំវិញ​រឿង​នេះ ​ប្រធាន​អង្គការ​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​លោក ​ឌិន ពុទ្ធី ​សង្កេត​ឃើញ​ថា​ ស្ថានភាព​ទឹក​ជំនន់​នេះ ​ពលរដ្ឋ​រស់​នៅ​ទី​ប្រជុំជន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​ពលរដ្ឋ​រស់​នៅ​ជនបទ​ ព្រោះ​ទឹក​លិច​ក្នុង​ក្រុង ​កខ្វក់ខ្លាំង ​និង​មាន​ក្លិនស្អុយ ​ប៉ះពាល់​សុខភាព​សាធារណៈ។​ លោកថា ​គ្រោះ​មហន្តរាយ​នេះ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​រស់​នៅ​សង្កាត់​ប៉ោយ​ប៉ែត​កាន់​តែ​លំបាក និង​ខ្វះខាត​ស្បៀង​អាហារ ​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩​ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​បង្កើនការ​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​​ពលរដ្ឋ​៖ «​នៅប៉ោយ​ប៉ែត​មាន​ការ​លំបាក​ច្រើន​ដែរ​ អ្នក​ខ្លះ​លិច​ទឹក​មួយ​សប្តាហ៍​ហើយ​ វា​អត់​ទាន់​មាន​ជំនួយ​សង្គ្រោះ​បន្ទាន់ ​ពលរដ្ឋ​មួយ​ចំនួន។​ ទឹក​ជំនន់​នរណា​ក៏​ខ្វះ​ស្បៀង​អាហារ​ដូច​គ្នា​ ទាំង​អស់​គ្នា​អ្នក​នៅ​ប៉ោយ​ប៉ែត​»។

Flooding_in_B_Chey_27_09_2021_by_NCDM_Tong.jpg
អាជ្ញាធរបានត្រៀមតង់ ឬ ទីជម្រក​រួចជា​ស្រេច​សម្រាប់​ការស្នាក់​នៅ​បណ្តោះអាសន្នរបស់​ពលរដ្ឋរង​គ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តបន្ទាយមានជ័យ​កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ (គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​)

​ចំណែក​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុកខេត្ត​បន្ទាយមានជ័យ​លោក ​ស៊ុំ ច័ន្ធគា ​វិញ​ លោក​សង្កេត​ឃើញ​ថា ​អាជ្ញាធរ​​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ ប៉ុន្តែ​លោក​ថា ​ការអភិវឌ្ឍ​ផ្លូវថ្នល់​ ស្ថាបនា​ប្រព័ន្ធ​លូទឹក ​និង​ប្រឡាយ​ទឹក​ របស់​អាជ្ញាធរ​នៅ​ខ្វះ​ចន្លោះ​ច្រើន ​ធ្វើ​ឱ្យ​កកស្ទះ​ទឹក​ជា​ច្រើន​ថ្ងៃ ​លិច​លង់​ផ្ទះ​សម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​៖ «កន្លែង​ផ្លូវ​ទឹក​ចេញ​វា​អត់​ទៅ​រួច​វា​តូច​ពេក ​ចង្អៀត​ពេក ​កន្លែង​ធ្លាប់​ហូរ​ ត្រូវ​បាន​គេ​ចាក់​ដី​លុប​អស់​ហើយ​ ធ្វើ​ជា​កម្ម​សិទ្ធិ​។ យើង​គិត​ថា ​ភ្នាក់ងារ​របស់​រដ្ឋ​គួរ​តែ​ពិនិត្យ​»។

​របាយការណ៍​បឋមរបស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែកញ្ញា ​ទឹកជំនន់នៅ​តែ​បន្ត​ជន់​លិច​ស្រុក​ចំនួន ​៦ ​និង​ឃុំ/​សង្កាត់​ ៣០​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​អស់​រយៈ​ពេល​១ស​ប្តាហ៍​មក​ហើយ​។ លើស​ពី​នេះ ទឹក​លិច​សាលារៀន​ចំនួន ​២៨កន្លែង ​វត្ត​អារាម​ ១០​កន្លែង ​ទឹកហូរ​កាត់​ផ្លូវ​ជិត​៣រយ (២៩៦)កន្លែង ​និង​មាន​មនុស្ស២នាក់​ហើយ​ បាន​លង់​ទឹក​ស្លាប់​។ ទន្ទឹម​នឹង​នេះ ​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ដែរ ​រួមមាន ​ខេត្ត​បាត់​ដំបង​ ក្រចេះ ​ស្ទឹងត្រែង ​និងខេត្តកំពង់ឆ្នាំងជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។