សង្គម​ស៊ីវិល​និង​យុវជន​បារម្ភ​ពី​សេរីភាព​បញ្ចេញ​មតិ សិទ្ធិឯកជន​លើ​អ្នក​ប្រើ​បណ្តាញ​អ៊ីនធឺណិត​ ខណៈ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នឹង​ចូល​ជា​ធរមាន​ឆាប់ៗ​នេះ

0:00 / 0:00

សង្គម​ស៊ីវិល និង​យុវជន​បារម្ភ​ពី​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ សិទ្ធិ​ឯកជន​លើអ្នក​ប្រើ​បណ្តាញ​អ៊ីនធឺណិត ដោយ​សារ​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway) ​របស់​​រដ្ឋា​ភិបាល​នឹង​​កាន់​តែ​​ផ្តល់​​អំណាច​ ​ខ្លាំង​និង​​គ្មាន​​ដែន​កំណត់​​ឲ្យ​​រដ្ឋា​ភិបាល​អាច​​រាំង​ខ្ទប់ ឬ​​រឹត​ត្បិត​​សេរី​ភាព​​នៃ​​ការបញ្ចេញ​​មតិ​​របស់​​ពលរដ្ឋ​។​ ពួកគេ​មើល​ឃើញ​ថា ​ខ្លឹម​សារ​មាត្រា​មួយ​ចំនួន​នៃច្បាប់​នោះ រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ដែល​រដ្ឋា​ភិបាល​គួរ​យក​មក​កែលម្អ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

សង្គមស៊ីវិល និង​យុវជន​យល់​ថា ​ច្បាប់​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​សិទ្ធិមនុស្ស ហើយ​ទទួល​រង​ការ​រិះគន់​ពី​មតិ​ជាតិ​និង​អន្តរ​ជាតិ​បែប​នេះ គួរ​តែ​យកមក​ពិភាក្សា និង​ស្រង់​មតិ​យោបល់​ពី​ភាគីពាក់​ព័ន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​សិន ទើប​ជាមធ្យោ​បាយ​ធានា​នូវ​​ការ​កសាង​សេរីភាព​ជូន​ពលរដ្ឋ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ពិតប្រាកដ។ ពួក​គេ​ស្នើ​រដ្ឋា​ភិបាល​ទទួល​យក​មតិ​យោបល់​ពី​គ្រប់​ភាគី​ដោយ​ពិនិត្យមើល​ខ្លឹម​សារ​ច្បាប់​នោះ​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​កើត​ឡើងចំពោះ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ប្រជាលរដ្ឋ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​​កម្ពុជា (Cambo Ja) លោក ណុប វី លើក​ឡើង​ថា អ្នក​សារ​ព័ត៌​មាន អង្គការ​សង្គម​ស៊ីវិល អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និងប្រជា​ពលរដ្ឋ​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណិត​សម្រាប់​ផ្សព្វ​ផ្សាយ និង​ចែក​រំលែក ប៉ុន្តែលោក​មើល​ឃើញ​ថា​ ខ្លឹម​សារ​នៃ​មាត្រា៦ មាត្រា១២ មាត្រា១៣ និង​មាត្រា១៤ នៃអនុក្រឹត្យ​​ស្តី​​ពី​​ការ​​បង្កើត​​ «ច្រក​ចូល​ទ្វារ​អ៊ីនធឺណិត​​ជាតិ​» របស់​រដ្ឋាភិបាល​ប៉ះ​ពាល់ដល់​សេរីភាព​បញ្ចេញ​មតិ ជា​ពិសេស​កិច្ច​ការ​ងារ​របស់​អ្នក​សារ​ព័ត៌​មាន។

លោក ណុប វី កត់​សំគាល់​ថា កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែង​តែ​ស្នើឱ្យ​ក្រសួង​​ប្រៃ​ស​ណីយ៍ និង​ទូរគមនា​គមន៍​កែ​សម្រួល​ខ្លឹម​សារ​មាត្រ​មួយ​ចំនួន​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺ​ណិត ដោយ​សារ​ការ​បក​ស្រាយ​ខ្លឹម​សារមិន​ច្បាស់​លាស់​ដែល​រឹត​ត្បិត​លើ​សិទ្ធិ​សេរី​ភាព ដោយ​សារ​ការ​ផ្តល់​សិទ្ធិ​អំណាចដល់​អាជ្ញាធរ និង​ការ​ដាក់​បន្ទុក​ដល់​ប្រតិបត្តិករ​អ៊ីនធឺណិត​តាម​ដាន​រក្សា​ទិន្នន័យអ្នក​ប្រើ​​ប្រាស់​ជា​ដើម៖ «កាល​ណា​មាន​ការ​បក​ស្រាយ​ទូលាយ អ្នក​សារព័ត៌​មាន​លោកផ្សព្វ​ផ្សាយ​អ្វី​ក៏​ដោយ កាល​ណា​អាជ្ញាធរ​លោក​មាន​ការ​ចោទ​ប្រកាន់​ថា​ មាន​ផលប៉ះ​ពាល់​សីល​ធម៌ វប្បធម៌​ប្រៃណី​ណ៍ហើយ ចឹង​មាន​ន័យ​ថា ​គាត់​អាច​កាត់​ផ្តាច់​ គាត់អាច​បិទ​ការ​ផ្សព្វផ្សាយ​ហ្នឹង​បាន​គ្រប់​ពេល​វេលា តាម​អនុ​ក្រឹត្យ​នេះ​ គឺ​មិន​មានការ​សម្រេច​​​ពី​តុលាការ​​អី​ទេ។ ចឹង​ទាំង​អស់​ហ្នឹង​យើង​ចង់​ឱ្យ​ក្រសួង​ប្រៃស​ណីយ៍ និងទូរគមនា​គមន៍ ទទួល​យោ​បល់​ដើម្បី​ពិនិត្យ​និង​ធ្វើ​ការ​កែ​សម្រួល​ឱ្យ​ល្អ​ប្រសើរ ចំពោះ​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារអ៊ីន​ធឺណិត​ជាតិ​នេះ​បាទ»

ជា​​មួយ​​គ្នា​​នេះ​​ដែរ អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ថា រដ្ឋ​ធម្មនុញ្ញ​ការ​ពារ​សិទ្ធិ​របស់ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប តែ​​ផ្ទុយ​ទៅ​​វិញ​លោក​មើល​ឃើញ​ថា​ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត រួម​ទាំង​អ្នក​ប្រើ​លេខ​ទូរស័ព្ទ​ដៃ​ក្នុង​ប្រទេស ត្រូវ​បាន​រង​ការ​រឹតត្បិត តាម​ដាន ហើយ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ជា​បន្ត​បន្ទាប់ ដោយ​សារ​ការ​សន្ទនា ការផ្សព្វ​ផ្សាយ និង​ចែក​រំលែក​គំនិត​យោបល់​ពួក​គេ​លើ​បណ្តាញ​ទាំង​នោះ។ លោក សឹង សែនករុណា ព្រួយបារម្ភ​​ចំពោះ​អនុក្រឹត្យ​ច្រក​ទ្វារអ៊ិនធឺណិត​ជាតិ​ដែល​នឹងចូល​ជា​ធរមាន ហើយ​ផ្ដល់​អំណាច​ដល់​រដ្ឋាភិបាល​បន្ថែម​ទៀត ពី​ព្រោះ​ខ្លឹម​សារច្បាប់​នេះ​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញមតិ និង​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ ជាពិសេស​សកម្ម​ជន​សង្គម នយោ​បាយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​កាន់​តែ​ប្រឈម​នឹង​ការឈ្លប​យក​ការណ៍​ពី​អាជ្ញាធរ​លើ​ទិស​ដៅ​ការ​ងារ​បស់​ខ្លួន៖ « ​ប្រសិន​បើ​ការ​ចូល​រួម​ទាំង​អស់​នោះ ត្រូវ​បាន​រឹតត្បិត​បែប​ហ្នឹង វា​ធ្វើ​ខាត​បង់​ទៅ​លើ​រដ្ឋា​ភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ការ​ចូល​នឹង​កាត់​បន្ថយដោយ​សារ​ការ​ភ័យ​ខ្លាច​​​ក្នុង​ការ​ចូល​រួមប​ញ្ចេញ​ទស្សន មតិ​យោបល់​ផ្សេងៗ​ទៅ​ដល់សាធារណ​ជន ឬ​ការ​ឆ្លើយ​ឆ្លង​​ក្នុង​សារអេឡិច​ត្រូនិច​របស់​ខ្លួន​ ហើយក៏មានការ​ឈប់​​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​តាម​ដាន ការ​ចាប់​ខ្លួន ការ​ចោទ​​ប្រកាន់ ដែល​​ខាត​​បង់​​ព័ត៌​​មាន​​អំពី​​​ការ​​ព្រួយ​​បារម្ភ​​និង​​បញ្ហា​​របស់​​ប្រជា​​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​​ប្រៃ​ស​ណីយ៍ និង​ទូរគមនាគមន៍​​លោក មាស ប៉ូ បដិសេធ​អត្ថា​​ធិប្បាយ​សំណើ​និង​ការ​លើក​ឡើង​នេះ ដោយ​លោក​ថា​ រដ្ឋមន្រ្តីក្រសួង​​​ប្រៃ​សណីយ៍​លោក ជា វ៉ាន់ដេត ធ្លាប់​បក​ស្រាយ​ករណី​នេះ​រួច​ហើយ។

វិទ្យុ​​​អាស៊ី​​​សេរី មិន​​​អាច​​​ទាក់​​​ទង​​អ្នក​​នាំ​​ពាក្យ​​ក្រសួង​​ប្រៃ​ស​ណីយ៍ និងទូរ​គមនាគមន៍​​លោក សូ វិសុទ្ធី ដើម្បី​​​បក​​​ស្រាយ​​​ជំរុញ​​រឿង​​​នេះ​​​បាន​​​ទេ​​នៅ​​​ថ្ងៃ​​ទី​០១ ខែ​កុម្ភៈ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២១ ទៅ​ក្រសួង​​ប្រៃស​ណីយ៍​ និង​​ទូរគម​នាគមន៍​​លើក​ឡើង​ក្នុង​​សេចក្ដី​​ប្រកាស​ ថា​​ក្រសួង​​ពិភាក្សា​​បាន​​ពិគ្រោះ​​យោបល់​​ជា​មួយ​​អ្នក​​ជំនាញ ប្រតិបត្តិ​ករ​​ឯក​ជន និង​​ស្ថាប័ន​​ពាក់​ព័ន្ធ​​ជា​​ច្រើន​​លើក ហើយ​​គ្មាន​​បទប្ប​ញ្ញត្តិ​ណាមួយ​​ក្នុង​​អនុក្រឹត្យ​​នេះ ​ចែង​​​អំពី​​ការ​​ចាប់​​យក​​ទិន្នន័យ​​អ្នក​ប្រើ​ប្រាស់ ​និង​​ការ​រឹតត្បិត​​សេរីភាព​​បញ្ចេញ​មតិ​​ឡើយ។ ក្រសួង​បក​ស្រាយ​​ថា គោល​​បំណង​​នៃ​​ការ​បង្កើត​​ច្រក​ទ្វារ​អ៊ីនធឺ​ណិត​​ជាតិ​​នេះ​​ គឺដើម្បី​​បង្កើន​​ប្រសិទ្ធ​ភាព​​ក្នុង​​ការ​​ប្រមូល​ចំណូល​​ជាតិ​​ដោយ​​ផ្អែក​​លើ​​គោលការណ៍​​ប្រកួត​ប្រជែង​​ស្មើភាព ស្មោះ​ត្រង់ ​និង​តម្លាភាព​​ រវាង​​រដ្ឋនិង​​ប្រតិ​បត្តិករ ​ព្រម​ទាំង​​ជួយ​​ស្កាត់​​ការ​​លួច​​ត​ភ្ជាប់​​បណ្ដាញ​​ឆ្លង​ដែន​​ខុស​​ច្បាប់ ​ល្បែង​​ស៊ី​​សង​​អនឡាញ​​ខុស​​ច្បាប់ ​ការ​​គំរាម​​កំហែង​​តាម​​អ៊ីនធឺណិត រូប​ភាព​​អាស​អាភាស ​និង​​បទ​​ល្មើស​​ឆបោក​​តាម​​ប្រព័ន្ធ​​អន​ឡាញ​​ជា​ដើម។

ទន្ទឹម​នឹង​នេះ ក្រសួង​មួយ​នេះ​​ថា​ សំណើ​​របស់​​ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល​​ជាតិ​ និង​​អន្តរ​ជាតិ​ ជា​​ការ​​ចោទ​ប្រកាន់ ​គ្មាន​​មូល​ដ្ឋាន​ និង​​មាន​​ចរិត​​នយោ​បាយ។

អនុ​ក្រឹត្យ​​ច្រក​ទ្វេរ​​អ៊ីធឺណិត​​ជាតិ(National Internet Gateway) នឹង​​អនុវត្ត​​នៅ​​ថ្ងៃទី១៦ ខែកុម្ភៈ ហើយ​​បញ្ជូន​​សេវា​​អ៊ិន​ធឺណិត​​​គ្រប់​​ប្រភេទ​​ត្រូវ​​​តភ្ជាប់​​​បណ្តាញ​​​ទៅ​​​វិញ​​ទៅ​​មក​​​ក្នុង​​​ប្រទេស និង​​​អន្តរ​​ជាតិ​ដែល​​គ្រប់​​គ្រង​​ដោយ​​រដ្ឋា​​ភិបាល។

ជុំវិញ​រឿង​នេះ យុវជន​ដែល​កំពុង​ធ្វើ​ការ​ងារ​សង្គម​លោក ស្វាយ សំណាង ប្រាប់វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ខែកុម្ភៈថា សព្វ​ថ្ងៃ​យុវជន​បាន​ជ្រើស​យក​បណ្តាញ​អ៊ីនធឺណិត​សម្រាប់​ការ​ទំនាក់​ទំនង​ឯក​ជន និង​ផ្សព្វ​ផ្សាយ​សកម្ម​ភាព រួម​ទាំង​រឿង​រ៉ាវក្នុង​សង្គម​ផ្សេងៗ ប៉ុន្តែ​ពួកគេ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជា​ខ្លាំង​​ដោយ​សារ​អាជ្ញាធរតាម​ឈ្លប​យក​ការណ៍​លើ​អ្នក​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លូន​លើ​អ៊ីនធឺណិត។ ទន្ទឹម​នឹងនេះ​លោក​ថា យុវជន​ខ្លះ​ស្ទើរ​មិន​ហ៊ាន​បញ្ចេញ​មតិ ឬ​ទស្សន​របស់​ខ្លួន​​នៅ​​ក្នុង សង្គម​ឡើយ ។ យុវជន​រូប​នេះ​បញ្ជាក់​ថា​លោក​មិន​គាំ​ទ្រច្បាប់​ដែល​ចរិត​រឹត​ត្បិតលើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​លើ​បណ្តាញ​អ៊ីនធឺណិត​ដែល​បំបិទ​សិទ្ធិ និង​ទទួលរង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ​ទេ។ លោក ស្វាយ សំណាង បន្ត​ថា ច្បាប់​នេះនឹង​បើ​ដៃ​ឱ្យ​អាជ្ញាធរ​គ្មាន​ដែន​កំណាត់ ដូច្នេះ​លោក​យល់​ថា​យុវជន​បរិស្ថាន​និងសង្គម​ដែល​សកម្ម ហើយ​តែង​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋា​ភិបាល​នឹង​ក្លាយ​ជាគោល​ដៅ​បន្ថែម​ទៀត៖ «សកម្មភាព​និង​ការ​ចូល​រួម​របស់​យុវជន​ប្រាកដ​ណាស់​មាន​ការលំបាក​ចំពោះ​ពួកគាត់​តែង​តែ​ឈឺ​ឆ្អាល ដូច​ជា​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្តាញសង្គម​ហ្នឹង ប្រាកដ​ជា​ភ័យ​ខ្លាច​នៅ​ពេល​បញ្ចេញ​សារ​រិះគន់ ឬ​ជជែក​គ្នា​អំពីបញ្ហា​សង្គម ហើយ​ក្នុង​ហ្នឹង​ប្រាកដ​ជា​មាន​ការ​គំរាម​កំហែង​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត»

កាល​​​ពី​​​ថ្ងៃ​​ទី១៥ ខែ​​មករា​​ ​​ការ​​សែត ឌឹ ញូវយ៉ក​ថាម (The News York Time) ដ៏ល្បី​​របស់​​សហ​រដ្ឋ​​អាមេរិក បាន​​ចេញ​​ផ្សាយ​អត្ថបទ​លើក​ឡើង​ថា ​​បណ្តាញ​​អ៊ីនធឺណិត​​កម្ពុជា​​អាច​​ដូច​​ប្រទេស​ចិន​​ដែល​​គ្រប់​​គ្រង​​ដោយ​​រដ្ឋ ក្រោម​​អនុក្រឹត្យ​​ស្តី​​ពី​​ការ​បង្កើត​ច្រកចូល​ទ្វារអ៊ីនធឺណិត​ជាតិ ​(National Internet Gateway)​ ដែល​ចរាចរណ៍​លើ​​បណ្តាញ​ទាំង​អស់​នឹង​ត្រូវ​បញ្ជូនទៅរដ្ឋា​ភិបាល។ ការ​សែត​​ដដែល​​បាន​​បង្ហាញ​​ថា ​​ការ​​បង្ក្រាប​​លើការ​​បញ្ចេញ​​មតិ​​តាម​​ប្រព័ន្ធឌីជីថល​កាន់​តែ​អាក្រក់​លើ​អ្នក​បញ្ចេញ​មតិ​​ដោយ​ដាក់​ពន្ធនា​គារ ក្រោម​បទ​ញុះ​ញង់ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ ដោយ​សារ​ការ​បង្ហោះ​រឿងកំប្លែង កំណាព្យ រូបភាព សារឯកជន និង​បទ​ចម្រៀង​នៅ​លើ​អ៊ីន​ធើ​ណេត ដូច​ជា អ្នក​ច្រៀង​រ៉េប (Rapper) រិះគន់​បញ្ហា​សង្គម​លោក គា សុគន្ធ ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ លោក នី ណាក់ អ្នក​សារព័ត៌​មាន និង​សកម្មជន​សិទ្ធិ​មនុស្ស​សង្គមមួយ​ចំនួន​ទៀត។ ការ​សែត ឌឹ ញូវយ៉ក​ថាម បញ្ជាក់​ថា ​អនុក្រឹត្យ​នេះ​ ដាក់ឱ្យ​កម្ពុជា​​ស្ថិតក្នុង​ប្រទេស​ដែល​បាន​ទទួល​យក​គំរូ​ផ្តាច់​ការ​ដូចប្រទេស​ចិន​ក្នុង​ការ​ឃ្លាំ​មើល​លើ​អ៊ីនធឺណិត ហើយ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​លើ​បណ្តាញ​អ៊ីធឺណិត​នាពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។