ក្រុមយុវជននិងសង្គមស៊ីវិល រិះគន់អាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ ថាយឺតយ៉ាវក្នុងការស៊ើបអង្កេតចាប់អ្នកពាក់ព័ន្ធជាមួយឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនដែលធ្វើរោងចក្រផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺយកមកផ្ដន្ទាទោស។ ពួកគេយល់ថា ប្រសិនបើអាជ្ញាធរនៅតែអនុវត្តច្បាប់ធូររលុងដោយមិនស្វែងរកចាប់មេខ្លោង និងមន្ត្រីគ្រាកៗទាំងនេះទេនោះ បញ្ហាគ្រឿងញៀននៅកម្ពុជានឹងនៅតែបន្តរីកសាយភាយតាមរយៈក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ។
ក្រុមយុវជន និងសង្គមស៊ីវិល រិះគន់ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ការអនុវត្តច្បាប់ធូររលុងរបស់អាជ្ញាធរបែបនេះនឹងធ្វើឱ្យកំណើនគ្រឿងញៀននៅកម្ពុជាឥតថមថយ និងបានបង្កអសន្តិសុខសង្គមការចាប់ជម្រិតបាញ់បោះតាមទីសាធារណៈទៅតាមទំនើងចិត្ត។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ទាមទារឱ្យសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតបន្ថែមទៀត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋគ្រឿងញៀនដែលបានបង្កភាពអធិបតេយ្យដល់សង្គមកម្ពុជា។ លោកបន្តទៀតថា បញ្ហាគ្រឿងញៀនគឺជាកង្វល់ដ៏ធំមួយសម្រាប់សង្គមកម្ពុជា ព្រោះលោកសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះលំហូរគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកកម្ពុជាតាមរយៈជនបរទេស ព្រមទាំងមានក្រុមឧក្រិដ្ឋជនហ៊ានធ្វើរោងចក្រផលិតគ្រឿងញៀននៅក្នុងស្រុកតាមទំនើងចិត្ត៖ « ជាពិសេសសកម្មភាពឧក្រិដ្ឋដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សន្តិសុខសង្គមដូចជាបញ្ហាគ្រឿងញៀននេះ ក្នុងនាមជាអ្នកមានសមត្ថកិច្ចឱ្យតែរកឃើញពន្លក សញ្ញាណនៃការផលិត និងនាំចូលគ្រឿងញៀន ចាំបាច់ត្រូវតែធ្វើអន្តរាគមន៍ ដើម្បីកុំឱ្យរីករាលដាលក្នុងករណីណាមួយ »។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង សោយស្ដាយចំពោះអាជ្ញាធរដែលមានភាពយឺតយ៉ាវ ក្នុងការស្វែងរកមុខមេខ្លោងនៅពីក្រោយការដែលអាចផលិតគ្រឿងញៀនបានជាង៨០តោនកន្លងមកនេះ។ លោកមើលថា បញ្ហាគ្រឿងញៀននៅកម្ពុជាបានរីកសាយភាយស្ទើរគ្រប់កន្លែងតាំងពីទីក្រុងរហូតដល់ទីជនបទ ដែលធ្វើឱ្យសង្គមកម្ពុជាទទួលរងឥទ្ធិពលកាន់តែអាក្រក់ និងបានបង្កអសន្តិសុខសង្គមធ្ងន់ធ្ងរ។
លោកយល់ថា អាជ្ញាធរមិនទាន់អនុវត្តច្បាប់តឹងរ៉ឹងនៅឡើយ ហើយការបង្រា្កបបទល្មើសគ្រឿងញៀនធំៗដែលបាននាំចូលឧបករណ៍កែច្នៃគ្រឿងញៀនចូលមកកម្ពុជាអាជ្ញាធរក៍មិនមានការស៊ើបអង្កេតរកមុខមេខ្លោង និងមន្ត្រីក្នុងជួររដ្ឋាភិបាលឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះប្រកបដោយតម្លាភាពដែរ។ លោកទាមទារឱ្យអាជ្ញាធរពន្លឿនក្នុងការស្វែងរកមុខមេខ្លោងដែលជាប់ពាក់ព័ន្ធក្នុងដំណើរការផលិតគ្រឿងញៀនកន្លងទៅនេះ ដើម្បីធានាឱ្យមានការលុបបំបាត់ឧក្រិដ្ឋកម្មគ្រឿងញៀននេះ និងធានាដល់ស្ថិរភាពសន្តិសុខសង្គមឱ្យប្រជាពលរដ្ឋរស់នៅដោយមិនមានការភ័យខ្លាច៖ « ចំណាត់ការវែករកមុខអ្នកពាក់ព័ន្ធផ្សេងៗទៀតហ្នឹង គឺមានការយឺតយ៉ាវមកដល់ពេលនេះយើងមិនដឹងថាយ៉ាងណា។ ប៉ុន្តែករណីគ្រឿងញៀននេះកម្រគ្មានការជាប់ព័ន្ធអីផ្សេងទៀតណាស់ ព្រោះរឿងគ្រឿងញៀនវាតែងតែមានបណ្ដាញទំនាក់ទំនងពាក់ព័ន្ធច្រើន ដោយអាជ្ញាធរត្រូវតែសិក្សាឱ្យស៊ីជម្រៅថែមទៀត »។
ឆ្លើយតបបញ្ហានេះ អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែមករាថា ពាក់ព័ន្ធករណីបង្ក្រាបរោងចក្រផលិតគ្រឿងញៀនក្នុងខេត្តកំពង់ស្ពឺកន្លងទៅ មកទល់ពេលនេះអាជ្ញាធរមានសមត្ថកិច្ចពុំទាន់រកមុខអ្នកពាក់ព័ន្ធបន្ថែមទៀតនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា សំណុំរឿងនេះអាជ្ញាធរបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិចារណាក្នុងការស៊ើបអង្កេតរកអ្នកដែលពាក់ព័ន្ធយកដាក់ទោសតាមច្បាប់ហើយ៖ « ករណីនេះយើងបានជំរុញឱ្យតុលាការកំពុងពិចារណា ប៉ុន្តែដូចជាករណីនេះយើងបានបង្ក្រាបអស់ហើយ។ ជារួម រាជរដ្ឋាភិបាលមានគោលការណ៍ពីរសំខាន់ទី១យើងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទី២គឺយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលជាចលនាជាតិដែលយើងទាំងអស់គ្នាធ្វើ »។
ចំពោះរោងចក្រដែលជាទីតាំងផលិតគ្រឿងញៀនរបស់ជនជាតិចិន លោកថា រដ្ឋាភិបាលក៏បានផ្អាកសង្វាក់ផលិតកម្មក្នុងការផលិតដំណាប់ស្វាយដែរ។ ចំណែកក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលអាជ្ញាធរបង្រា្កបបានកន្លងមក តុលាការរាជធានីភ្នំពេញបានបញ្ជូនពួកទៅកាន់ពន្ធនាគារ ម១។ លោក ម៉ក់ ជីតូ ក៏ទទួលស្គាល់ថា បទល្មើសគ្រឿងញៀនជាបញ្ហាមួយសម្រាប់កម្ពុជា តែលោកអះអាងថា រដ្ឋាភិបាលបានចាត់វិធានដោយចុះបង្ក្រាបយ៉ាងយកចិត្តទុកដាក់ និងបានបន្ថែមកម្លាំងសមត្ថកិច្ចជំនាញនៅតាមទីភូមិជនបទដើម្បីពង្រឹងផ្នែកសន្តិសុខជូនប្រជាពលរដ្ឋ។
កាលពីខែធ្នូឆ្នាំ២០២១ កន្លងទៅ អាជ្ញាធរបង្ក្រាបសិប្បកម្មផលិតគ្រឿងញៀនដ៏ធំមួយកន្លែងនៅស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរឹបអូសបានគ្រឿងញៀនប្រមាណ ៨០តោន និងឃាត់ក្រុមឧក្រិដ្ឋជនជាង ១០នាក់ភាគច្រើនជាជនជាតិចិន ក្នុងនោះមានជនជាតិចិនម្នាក់បានស្លាប់ ដោយសារការប៉ះទង្គិចគ្នាដោយអាវុធជាមួយសមត្ថកិច្ច។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរជំនាញត្រូវតែមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ដើម្បីស្វែងរកមុខមេខ្លោង និងអ្នកពាក់ព័ន្ធមកដាក់ទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។ លោកបន្តថា ប្រសិនកម្ពុជាមានចក្រផលិតគ្រឿងញៀនដោយគ្មានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ដូចពេលកន្លងទៅធនធានយុវជនកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីឥទ្ធិពលនៃលំហូរគ្រឿងញៀន និងមានការបង្កអសន្តិសុខសង្គមកាន់តែធ្ងន់ធ្ងរ៖ « យើងនៅមានចំណុចខ្វះខាតច្រើនដែលបណ្តោយឱ្យជនបរទេសអាចនាំសារធាតុញៀន និងបង្កើតឱ្យមានកន្លែងផលិតគ្រឿងញៀនដ៏ធំនៅកម្ពុជា។ អ៊ីចឹងទិដ្ឋភាពទាំងអស់នេះ ឆ្លុះបញ្ចាំងមកវិញថា អាជ្ញាធរត្រូវតែបង្កើនការទប់ស្កាត់ទៅលើការនាំចូលគ្រឿងញៀនចូលមកកម្ពុជា »។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ៩.៨២៨នាក់ និងគ្រឿងញៀនសរុប ១.០៤៩គីឡូក្រាម។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានមនុស្ស ៦.០៤៤នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហើយមនុស្ស ៣.៧៨៤នាក់ រួមទាំងជនបរទេស ២១៧នាក់ទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
កាលពីឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិន ៥២៣នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា។ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែរ សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួនភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។