មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនគ្រោងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅកន្លែងឃាតកបាញ់សម្លាប់
2022.07.02

ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលគ្រោងដាក់កម្រងផ្កាជូនបណ្ឌិត កែម ឡី នៅកន្លែងឃាតកបាញ់សម្លាញ់លោកស្ថិតនៅស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១០ កក្កដា ខាងមុខ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី ក្នុងឱកាសខួប៦ឆ្នាំ។ ទន្ទឹមគ្នានេះ ពួកគាត់ក៏បានរៀបចំកម្រងឯកសារ និងទស្សនៈ របស់បណ្ឌិតកែម ឡី ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានរៀនសូត្រសិក្សាបន្ថែម អំពីវីរភាពអង់អាចក្លាហានរបស់បណ្ឌិតកែម ឡី។
អង្គការសង្គមស៊ីវិល និងក្រុមយុវជនមួយចំនួន ចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយកម្រងទស្សនទានបណ្ឌិត កែម ឡី នៅបណ្ដាញសង្គម ដើម្បីពញ្ញាក់ស្មារតីយុវជន និងពលរដ្ឋទូទៅឱ្យចេះឈឺឆ្អាលបញ្ហាជាតិ និងចងចាំពីវីរភាពរបស់បណ្ឌិត កែម ឡី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងក្នុងគេហទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនថា ការរម្លឹកខួបគម្រប់ ៦ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចូលរួមផ្សព្វផ្សាយសារសំខាន់ៗមួយចំនួនរបស់លោកបណ្ឌិត សម្រាប់ឧទ្ទិសជូន និងចងចាំលោកបណ្ឌិត កែម ឡី។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ កក្កដា បានស្រង់ទស្សនបណ្ឌិតកែម ឡី កាលលោកនៅមានជីវិតដែលមានប្រសាសន៍ថា «បើយើងនិយាយពីអ្វី គឺត្រូវនិយាយការពិត»។
ចំណែកឯ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សូ មេត្តា ឱ្យដឹងថា ក្រុមយុវជន នឹងរៀបចំពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី និងចែកវត្ថុអនុស្សាវរីយ៍មួយចំនួន ដូចជាកែវទឹកដែលឆ្លាក់រូបបណ្ឌិត កែម ឡី ជូនប្រជាពលរដ្ឋផងដែរ។ កញ្ញានៅតែចាត់ទុកថា ករណីឃាតកម្មលើរូបបណ្ឌិតកែម ឡី គឺជារឿងនយោបាយ។ លើសពីនេះ កញ្ញា នៅតែបន្តអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិគួរតែមានចំណាត់ការ ឬការដាក់ទណ្ឌកម្មណាមួយ ដើម្បីជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យបើកការស៊ើបអង្កេតរកមុខឃាតករពិតប្រាកដមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «បុគ្គលដែលបញ្ជា មនុស្សឱ្យមកបាញ់សម្លាញ់គាត់ [បណ្ឌិតកែម ឡី] ហ្នឹងគឺ គេព្រួយបារម្ភបំផុត ព្រោះលោកបណ្ឌិត កែម ឡី ជាបុគ្គលមួយដែល វែកញែកឈុតឆាតនយោបាយ ហើយនិងវែកញែកសកម្មភាព ដែលអសកម្ម របស់អាជ្ញាធរ ដល់មន្ត្រីរាជការ ជាពិសេស គឺមេដឹកនាំកំពូល ដែលគាត់អសមត្ថភាព គាត់គ្មានលទ្ធភាពក្នុងការដោះស្រាយបញ្ហានៅកម្ពុជា ក្នុងរឿងនយោបាយ រឿងអ្នកមានអំណាច ប្លន់ដីផ្ទះប្រជាពលរដ្ឋ រឿងសេដ្ឋកិច្ចផ្សេងៗ»។
ស្រដៀងគ្នានេះ សមាជិកយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែងថា យុវជនខ្មែរថាវរៈ នឹងចូលរួមការប្រារព្ធពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី ជាមួយសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ លោកបន្តថា ក្នុងឱកាសខួប៦ឆ្នាំ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គ្រោងរៀបចំពិធីបំបួសកោរសក់ ការតមអាហារ និងការដាក់កម្រងផ្កាជូនបណ្ឌិតកែម ឡី នៅកន្លែងឃាតករបាញ់សម្លាញ់ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលជូនបណ្ឌិតឱ្យកើតជាខ្មែរជារៀងរហូត៖ «ពិធីដែលរម្លឹកវិញ្ញាណក្ខន្ធ បុណ្យខួបបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំនេះ គឺជាការ បង្ហាញការស្រឡាញ់ វាមិនបានជះផលអាក្រក់អីទៅដល់រដ្ឋាភិបាលទេ ហើយក៏មិនគួរណាមាន ការមករារាំង ប្រើកម្លាំងមកបំបិទសិទ្ធដែរ។ ការណ៍ ធ្វើការរារាំង បំបិទសិទ្ធនេះ មិនបានជួយទេ វាបែរជា បង្ហាញទៅជាកាន់មហាជនថា ឃាតកម្មលើបណ្ឌិតកែម ឡី នេះ អាចអ្នកខ្លះយល់ច្រឡំ ថា ខាងរដ្ឋាភិបាល ដែលជាអ្នកពាក់ព័ន្ធ។ បើមិនពាក់ព័ន្ធ ហេតុអី បានជាហាម មករារាំងគេមិនឱ្យធ្វើ? ពួកយើងធ្វើនេះ មានគ្នា ៤-១០នាក់ គ្នា២០-៣០នាក់ ខ្ញុំជឿជាក់ថា ពួកគាត់ [អាជ្ញាធរ] យោគយល់ពិចារណាថា អ្វីដែលជាភាពចំណេញដល់រដ្ឋាភិបាល ហើយអ្វីដែលជាភាពខាត»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសាកសួរជុំរឿងក្រុមយុវជនគ្រោងដាក់កម្រងផ្កាយជូនបណ្ឌិត កែម ឡី នៅទីតាំងឃាតកបាញ់សម្លាប់លោកនេះ បានទេនៅថ្ងៃទី២ កក្កដា។ ប៉ុន្តែកន្លងមក អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានរារាំង និងធ្លាប់ចាប់ខ្លួនអ្នកប្រារព្ធខួបបណ្ឌិតកែម ឡី ដាក់ពន្ធនាគារទៀតផង។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូ នឹងចូលរួមជាមួយអង្គការសង្គមស៊ីវិលផ្សេងៗ ដើម្បីរម្លឹកពីវីរភាពរបស់បណ្ឌិត កែម ឡី តាមរយៈការផ្សព្វផ្សាយទស្សនទាន និងការវិភាគបញ្ហាសង្គមជាតិរបស់លោកបណ្ឌិត។ ក្រៅពីនេះ លោកនៅតែបន្តទាមទារ ឱ្យរដ្ឋាភិបាលឱ្យការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ចំពោះអ្នកដែលពាក់ព័ន្ធលើករណីឃាតកម្មបណ្ឌិតកែម ឡី ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ៖ «ព្រោះកន្លងមក អង្គការសង្គមស៊ីវិល យើងមិនជឿជាក់ថា មានតែ លោក ជួប សម្លាប់ ឬលោក អឿត អាង តែម្នាក់ទេ ដែលបានបាញ់សម្លាញ់លោកបណ្ឌិត កែម ឡី ហើយជារឿងមួយដែលមិនគួរឱ្យជឿបានទេ។ អ៊ីចឹង ករណីនេះ ទាមទារ ឱ្យមានការស៊ើបអង្កេត ដោយតម្លាភាព យុត្តិធម៌ ស្វែងរកអ្នកដែលពាក់ព័ន្ធ និងអ្នកដែល នៅពីក្រោយខ្នងយកមក អនុវត្តតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ សម្រាប់លោកបណ្ឌិតកែម ឡី»។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ទោះបីជាឃាតករបានឆក់យកជីវិតបណ្ឌិត កែម ឡី អស់រយៈពេល៦ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងមន្ត្រីរាជការ សិស្សនិស្សិត និងព្រះសង្ឃជាដើម នៅតែមានក្ដីរន្ធត់ សោកស្ដាយ និងគោរពស្រលាញ់ដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ជានិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។