សង្គមស៊ីវិលស្នើដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឱ្យតឹងរឹងលើជនជាតិចិន ១៤នាក់ ដែលចាប់ខ្លួននៅខេត្តព្រះសីហនុ ដើម្បីបង្កើនជំនឿចិត្តនិងផ្តល់សេចក្ដីសុខសុវត្ថិភាពដល់ពលរដ្ឋ។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរខេត្តនេះចាប់បានជនជាតិចិនទាំងនោះបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត កើតឡើងជាបន្តបន្ទាប់។
មន្ត្រីសង្គមស៊ីវិលនៅខេត្តព្រះសីហនុ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើជនជាចំនួន១៤នាក់ ដែលកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន នៅសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ កញ្ញា។ សង្គមស៊ីវិលថាថ្វីបើមានការបង្ក្រាបករណីឧក្រិដ្ឋលើជនជាតិចិនក៏ដោយ ក៏ពលរដ្ឋក្រុងព្រះសីហនុនៅតែព្រួយបារម្ភពីសុវត្ថិភាពប្រសិនបើសមត្ថកិច្ចមិនដាក់ទោសទណ្ឌតាមច្បាប់។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថាជនជាតិចិន ដែលចូលមកស្នាក់នៅកម្ពុជារូមមានអ្នករកស៊ីត្រឹមត្រូវផងនិងអ្នកបង្កបញ្ហានៅក្នុងសង្គមផង ហើយជាទូទៅពួកគេមានទំនាក់ទំនង និងនៅរស់លាយឡំនៅជាមួយពលរដ្ឋខ្មែរ។ អ្នកស្រីថា អំឡុងការឆ្លងរាលដាលជំងឺកូវីដ១៩ អាជ្ញាធរបានចេញវិធានការហាមប្រាមយ៉ាងណាក្តី តែបញ្ហាបទល្មើសនៅខេត្តនេះមិនថមថយទេ ហើយក្នុងចំណោមជនប្រព្រឹត្តនិងជនរងគ្រោះភាគច្រើនគឺជាជនជាតិចិន។ អ្នកស្រីថា សង្គមស៊ីវិលនិងពលរដ្ឋព្រួយបារម្ភករណីទាំងនោះ ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់ក៏ដោយ ហើយវានឹងបង្កហានភ័យ បំភិតបំភ័យដោយរីករាលដាលដល់ចិត្តគំនិតពលរដ្ឋខ្មែរ។ អ្នកស្រីស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវលើជនជាតិចិនដែលល្មើសដើម្បីព្រមានដល់ជនខិលខូចផ្សេងទៀត៖ «ខ្ញុំក៏តែងតែសំណូមពរដែរ ឧបមាថារឿងសំខាន់ៗ ដែលប្រជាពលរដ្ឋចង់ដឹងហ្នឹង ខ្ញុំក៏ចង់ឱ្យមានជាព័ត៌មានរហូតដល់សវនាការហ្នឹង តើសាលាដំបូងខេត្តព្រះសីហនុនេះបានផ្ដន្ទាទោសទៅលើពួកគាត់ហ្នឹងដាក់ពន្ធនាគារប៉ុន្មានឆ្នាំអ៊ីចឹងទៅ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងស្ងប់ចិត្តដែរ»។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៣០នាក់ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ករណីចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងកាន់កាប់ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅត្រង់ចំណុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ កញ្ញា។ ក្នុងការបង្ក្រាបនោះ អាជ្ញាធរ បានរំដោះបុរសរងគ្រោះជនជាតិចិនម្នាក់ និងចាប់យកអាវុធវែងចំនួន២ដើមនិងអាវុធខ្លី ៥ដើមគ្រាប់កាំភ្លើងមួយចំនួន។
ជុំវិញរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់ដោយខ្លីថាលោកមិនអាចបញ្ជាក់ជុំវិញការចុះបង្ក្រាបនិងចាប់ខ្លួនជនចិនចំនួន ១៤នាក់នេះទេ ដោយលោកលើកហេតុផលថាដំណាក់កាលនេះស្ថិតលើដៃអយ្យការ ហើយ លោករុញឱ្យសួរតុលាការខេត្តព្រះសីហនុវិញ។
ចំណែក អ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក ហួត វិចិត្រ ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងជនជាតិចិននេះមិនទាន់បញ្ជូនដល់តុលាការខេត្តនៅឡើយទេ ដោយកម្លាំងរាជអាវុធហត្ថត្រូវយកជនជាតិចិនទាំង ១៤នាក់នោះទៅមន្ទីរពេទ្យធ្វើចត្តាឡីស័ក និងអនុវត្តតាមវិធានការសុខាភិបាលជាមុនសិន ។ លោកបន្តថាព័ត៌មានយ៉ាងណាខាងលោកនឹងជូនដំណឹងពេលក្រោយ៖ «ដូចខាងកងរាជអាវុធហត្ថគាត់បានផ្សព្វផ្សាយ បើនៅពេលសំណុំរឿងបញ្ជូនមកដល់អយ្យការនឹងធ្វើការពិនិត្យមើលលើសំណុំរឿងហ្នឹង ហើយចោទពីបទអី ពេលហ្នឹងបានខ្ញុំដឹង ខ្ញុំមិនអាចប្រាប់មុនទេ ព្រោះសំណុំរឿងមិនទាន់មកដល់»។
ជាមួយគ្នានេះកាលពីថ្ងៃទី១២ កញ្ញា នគរបាល ខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ទៀតជុំវិញករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងរំដោះបុរសរងគ្រោះជនជាតិចិនម្នាក់ នៅក្នុងផ្ទះល្វែងមួយស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
របាយការណ៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា ឆ្នាំ២០១៩ មានជនជាតិចិនរស់នៅក្នុងប្រទេសកម្ពុជារយ:ពេលវែងចំនួន ២៥ ម៉ឺននាក់ (២៥០.០០០) ក្នុងនោះប្រមាណ ១០ម៉ឺននាក់ (១០០.០០០) នៅទីក្រុងភ្នំពេញ និងជាង ១១ម៉ឺននាក់ (១១០.០០០) នៅខេត្តព្រះសីហនុ។ ក្រៅពីនេះនៅខេត្តស្វាយរៀង មានជនជាតិចិនចំនួនជាង ២ម៉ឺននាក់ (២០.០០០) នៅខេត្តបន្ទាយមានជ័យ មានជិត ២ម៉ឺននាក់ (២០.០០០) និងនៅខេត្តកណ្ដាលមានជាង ១ម៉ឺននាក់ (១០.០០០)។
ករណីជនល្មើសដែលជនជាតិចិនប្រព្រឹត្តនៅកម្ពុជាកន្លងមក មានដូចជា ការបើកល្បែងស៊ីសងតាមអ៊ីនធឹណេត ឆបោក លួចឆ្លងដែន ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ជួញដូរផ្លូវភេទ ជំរិតទារប្រាក់ ការកាន់កាប់ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត និងសកម្មភាពឧក្រិដ្ឋខុសច្បាប់ផ្សេងទៀត រួមទាំងការបង្កហិង្សាបាញ់បោះកាប់ចាក់នៅទៅសាធារណៈជាដើម។ ប្រការនេះហើយដែលធ្វើឱ្យពលរដ្ឋខ្មែរនៅតែព្រួយបារម្ភពីសុវត្ថិភាព ហើយពួកគេស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។