សង្គម​ស៊ីវិល​ស្នើ​ឲ្យ​​អាជ្ញាធរ​ខ្មែរ-​ថៃ ប្រញាប់​​អន្តរាគមន៍​​ផ្ដល់​ជំនួយ​បន្ទាន់​​ដល់​ពលករដែល​​កំពុង​ខ្វះខាត​​ជីវភាព​និង​​ត្រូវការ​សេវា​ព្យាបាល​ជំងឺ​

ដោយ ខែ សុណង
2021.07.04
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​​អាជ្ញាធរ​ខ្មែរ-​ថៃ ប្រញាប់​​អន្តរាគមន៍​​ផ្ដល់​ជំនួយ​បន្ទាន់​​ដល់​ពលករដែល​​កំពុង​ខ្វះខាត​​ជីវភាព​និង​​ត្រូវការ​សេវា​ព្យាបាល​ជំងឺ​ ពលករខ្មែរនៅក្នុងប្រទេសថៃប្រមូលផ្តុំគ្នាដាក់ញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលថៃជួយពួកគេក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
រូប៖ មូលនិធិពលករខ្មែរប្រចាំប្រទេសថៃ។

សង្គម​ស៊ីវិល​ធ្វើការ​លើកស្ទួយ​ពលករ​ចំណាកស្រុក ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ ថៃ ប្រញាប់​អន្តរាគមន៍​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​ពលករ ដែល​កំពុង​ខ្វះខាត​ជីវភាព និង​ត្រូវការ​សេវា​ព្យាបាល​ជំងឺ។

មន្ត្រី​ផ្នែក​បកប្រែ​ភាសាថៃ នៃ​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​នៅ​ប្រទេសថៃលោក ទិត្យ ផល្លា មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​​ខ្មែរ ឬ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេសថៃ ជួយ​ផ្ដល់​សេវាកម្ម​ដល់​ពលករ​ឲ្យ​បាន​ទាន់ពេលវេលា នៅ​ពេល​ដែល​រដ្ឋាភិបាល​គេ​បាន​ប្រកាស​បិទ​ខ្ទប់​ជា​ច្រើន​តំបន់ ដោយសារ​តែ​ការ​ផ្ទុះ​ខ្លាំង​ជំងឺ​កូវីដ-១៩ ក្នុង​ប្រទេសថៃ៖ «នៅ​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រកាស​បាន​បិទ​ខ្ទប់​តាម​ការដ្ឋាន​សំណង់​ឬ​រោងចក្រ​នានា គឺ​ពលករ​ទាំងអស់​ហ្នឹង​គាត់​លំបាក​មែនទែន ព្រោះ​ថា​ គេ​ហាម​មិន​ឲ្យ​ចេញ​ចូល​ទាំង​អស់ យើង​ចង់​ទៅ​វិញ​របស់របរ​ហូបចុក​ខាង​ក្រៅ​ក៏​មិន​អាច​ទៅ​ទិញ​បាន​ដែរ ព្រោះ​គេ​មាន​ទាំង​ទាហាន ទាំង​ប៉ូលិស នៅ​យាម​តាម​ច្រក​ការដ្ឋាន​សំណង់​ហ្នឹង​ ពួកគាត់​មិន​អាច​ចេញ​ខាង​ក្រៅ​បាន​ទេ។ មួយ​ផ្នែក​ទៀត​ចំពោះ​បងប្អូន​ដែល​ឆ្លង​ជំងឺ​គឺ​ពួក​គាត់​ទទួល​មិន​បាន​សេវា​ឲ្យ​ទាន់​ពេលវេលា​ទេ ដោយសារ​ប្រទេសថៃ កំពុង​មាន​ការ​រាតត្បាត​ជំងឺ​នេះ​ខ្លាំងក្លា​ដែរ អ៊ីចឹង​ហើយ​ការ​ផ្ដល់​សេវាកម្ម​មិន​ថា ចំពោះប្រជាជន​ថៃ ឬ​ពលករ​ចំណាកស្រុកទេ ​គឺ​មិន​បាន​ដិតដល់​ទេ។ ជួនកាល​បងប្អូន​យើង​ខ្លះ ​ទៅ​ឆ្លង​មួយ​អាទិត្យ​ហើយ ​គឺ​មិន​ទាន់​មាន​ឡាន​ពេទ្យ​មក​យក​ពួកគាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ដែរ​បាទ

លោក​ថា រីឯ​ចំនួន​ពលករ​ខ្មែរ​ដែល​ឆ្លង​វិញ លោក​មិន​បាន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​ថៃ​មិន​បាន​បូក​សរុប​ចំនួន​អ្នក​ឆ្លង​ដោយឡែក​ទេ គឺ​គេ​បាន​បញ្ចូល​ក្នុង​ស្ថិតិ​រួម​តែ​មួយ។

លោក ទិត្យ ផល្លា កត់សម្គាល់​ថា ពលករ​ដែល​ឆ្លង​ខ្លាំង គឺ​អ្នកធ្វើការនិង​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់ ពលករ​តាម​រោងចក្រ អ្នក​ធ្វើការ​កាត់ដេរ និង​ធ្វើការ​តាម​ទីផ្សារ​ក៏​បាន​ឆ្លង​ខ្លាំង​ដែរ។ លោក​ថា តំបន់​ដែល​ផ្ទុះ​ឆ្លង​ខ្លាំង​មាន​នៅ​ទីក្រុងបាងកក និង​ខេត្ត​ចំនួន​១០ និង​ខេត្តភាគខាងត្បូង​នៃប្រទេសថៃ ចំនួន​ ៤ ខេត្ត​ទៀត។ លោក​ថា អាជ្ញាធរ​ថៃ​បាន​ដាក់​ទីក្រុង​បាងកក ខេត្តសាមុតសាខន ខេត្តសាមុតប្រាកាន ខេត្តប៉ាថុមថានី និង​ខេត្ត​ណាខនបាថុម ជា​តំបន់​ក្រហម ដែល​តំបន់​ទាំង​នេះ គឺ​សម្បូរ​ដោយ​ពលករ​ខ្មែរ​ធ្វើការ​និង​រស់នៅ។

ទន្ទឹម​នឹង​គ្នា​នេះ នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​បិទ​ប្រកាស និង​សន្យា​យក​វ៉ាក់សាំង​ចាក់​ឲ្យ​ពលករ​បណ្ដើរៗ​ដែរ។ លោក ទិត្យ ផល្លា បញ្ជាក់​ថា កាល​ពី​ថ្ងៃទី២ ខែកក្កដា គ្រូពេទ្យ​ថៃ បាន​ចុះ​ទៅ​ចាក់​វ៉ាក់សាំង​ដល់​ពលករ​ខ្មែរ​ផ្នែក​នេសាទ នៅ​ខេត្តប្រជួប គិរីខាន់ (Prachuap Khiri Khan) បាន​ចំនួន​៣​រយនាក់ (៣០០)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។