អង្គការសង្គមស៊ីវិលស្នើឱ្យអនុវត្តស្តង់ដារតែមួយលើការប្រើហិង្សា និងបៀតបៀនស្រ្តី

0:00 / 0:00

អង្គការសង្គមស៊ីវិលព្រួយបារម្ភពីការកើនឡើងអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើស្រី្ត ដែលមិនត្រូវបានអាជ្ញាធរចេញមុខដោះស្រាយ និងផ្តល់យុត្តិធម៌។​

​នាយិកាអង្គការក្លាហាន (Klahaan) កញ្ញា បុណ្យ រចនា លើកឡើងថា ព័ត៌មាន​ស្ដីពី​អំពើហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទបាន​បន្តកើត​ឡើង​ហូហែលើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។​ កញ្ញា​បន្ត​ថា ប្រព័ន្ធយុត្តិធម៌​ទន់ខ្សោយ និង​កង្វះការ​យក​ចិត្តទុក​ដាក់​ពី​រដ្ឋ គឺ​ធ្វើ​ឱ្យស្រ្តីរងគ្រោះ​លែង​មាន​ភាព​ជឿជាក់​លើប្រព័ន្ធ​ច្បាប់ ហើយ​ងាក​ទៅ​ជ្រើសរើស​យក​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​វិញ។ កញ្ញា​ថា ក្រៅ​តែពី​ស្ត្រី ដែល​រងគ្រោះដោយ​អំពើ​ហិង្សា និង​ការ​បៀតបៀននោះ​ហើយ សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង ក៏រងគ្រោះដោយអំពើហិង្សាដែរ។ ហើយករណីជាច្រើនលើសលុបមិនត្រូវបានអាជ្ញាធរដោះស្រាយ និងផ្តល់យុត្តិធម៌ឡើយ៖ «សំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល ពិសេស​អ្នក​ដែល​គាត់ទទួល​បន្ទុក​ក្នុងការ​ទំនាក់​ទំនង ជាមួយ​សង្គមស៊ីវិល​ក៏​ដូច​ភាគី​ប្រជាពលរដ្ឋ​ផង​​ដែរ សូម​ឱ្យ​ក្នុង​នាម​ភ្នាក់​ងាររដ្ឋ ត្រូវ​តែ​គិត​ទទួល​យក​នូវ​សំណើ និងសំណូម​ពរ ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​យក​ទៅ​ពិចារណា យក​ទៅ​ធ្វើការដោះស្រាយ មិន​មែន​ឱ្យ​តែ​មាន​ការ​លើក​ឡើង ការ​មិន​ពេញ​ចិត្ត​នឹង​ការ​អនុវត្តណា​មួយ​ច្រាន​ចោល ល្មម​ដល់​ពេល​ដែល​យើង​ទំលាក់​ចោល​ផ្នត់​គំនិត​បែបហ្នឹង​ហើយ»។

នាយិកាអង្គការសីលការ (Silaka) អ្នកស្រី សេង រាសី ថ្លែងថា ការប្រើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ​ ទោះជា​កើត​ឡើង​ចំពោះ​អ្នក​ក្រ អ្នក​មាន​ សកម្មជន​បរិស្ថាន​ សិទ្ធ​មនុស្ស និង​តារា​ល្បី​ក៏​ដោយ ពួកគាត់​ត្រូវ​តែ​ទទួល​បាន​ការ​ការពារ​ដោយ​ប្រព័ន្ធច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​ជៀស​ផុត​ពីការ​រើស​អើង។ អ្ន​ក​ស្រី​យល់​ថា ការអនុវត្តស្តង់ការពីរឬបីដល់ជនរងគ្រោះ អាចធ្វើឱ្យជនល្មើសបន្តប្រព្រឹត្តអំពើខុសឆ្គងបន្តទៅទៀត។

អ្នកស្រីទទូចឱ្យភាគីពាកព័ន្ធគួរលុបចោលផ្នត់គំនិតការគិតរើសអើងចំពោះជនរងគ្រោះ៖ «រឿង​ទីមួយ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ រឿង​ទី​ពីរ​ទៀត​ការ​ពង្រឹងប្រព័ន្ធ​យុត្តិធម៌​និង​ភាព​ជឿ​ជាក់​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បង្កើន​ទំនុក​ចិត្ត​ទៅ​លើប្រព័ន្ធ​យុត្តិធម៌ យើង​ត្រូវការ​យុត្តិធម៌​សម្រាប់​ខ្លួន​យើង បើ​អ្នក​ហ្នឹង​ខុស​ឱ្យ​ប្រកដ​ថា​ខុស អ្នក​ហ្នឹង​ត្រូវ​ប្រាកដ​ថា​ត្រូវ ព្រោះ​ពាក្យ​ថា​យុត្តិធម៌​គឺ​មាន​ន័យ​នៅពេល​ដែល​យើង​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​អាច​ទុក​ចិត្ត​បាន យើង​ទាំង​អស់គ្នា​មាន​អារម្មណ៍​ថា យើង​មាន​អាវ​ក្រោះ​មួយ​ដែល​ការពារ​យើង​អំពី​ការបៀតបៀន ការ​រំលោភ ការ​ប៉ះ​បំពាន​ដល់​សិទ្ធិ​របស់​យើង​គ្រប់​កាលៈទេសៈ »

ការលើកឡើងនេះបន្ទាប់ពី កញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី១១ ខែឧសភា ប្ដឹងឧកញ៉ា ហេង សៀ ពី​​បទ​ «ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មានស្ថានទម្ងន់ទោស» ដើម្បី​​ត​ទល់​នឹង​ពាក្យ​បណ្ដឹង​របស់​ឧកញ៉ា ហេង សៀ ដែលប្ដឹង​នាង​ពី​បទ​លួច​ទូរស័ព្ទ​ដៃ និងប៉ងចាក់សម្លាប់។ កញ្ញា មាន ពេជ្ររីតា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាល​ពីថ្ងៃទី​៩ ខែ​ឧសភា ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះ​អាសន្ត​នៅ​មណ្ឌ​ល​កែប្រែ ម២ ក្រោម​បទ​ចោទ​ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ នៅ​ថ្ងៃទី​១១​ ខែ​ឧសភា។ កញ្ញា មាន ពេជ្ររីតា ជា​ពិធី​ការិនី​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ឈ្មោះ My-TV និង​ជា​អតីត​បេក្ខនារី Miss Grand Cambodia។

អាស៊ីសេរី​មិនអាច​ទាក់ទងអ្នកនាំ​ពាក្យ​ក្រសួងកិច្ចការនារីអ្នកស្រី ម៉ាន ចិន្តា និង​អ្នកស្រី ស ស៊ីណែត ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ បានទេ នៅថ្ងៃទី១២ ខែ​ឧសភា។

ទោះជា​យ៉ាងណា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក កូយ សៅ បង្គាប់​ឱ្យ​ដោះ​លែង​កញ្ញា មាន ពេជ្ររីតា​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី​១៣​ ខែឧសភា ដោយ​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ដីកាបង្គាប់ឱ្យដោះលែងនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ឧសភា ចេញមុខការពារក្តីតាមផ្លូវច្បាប់ឱ្យ កញ្ញា មាន ពេជ្ររីតា។

ចំណែកយុត្តិធម៌សម្រាប់ស្រ្តីដែលជាសកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងនយោបាយវិញ អាជ្ញាធរហាក់មិនអើពើ និងមិនចេញមុខដោះស្រាយ និងផ្តល់យុត្តិធម៌នោះទេ។ ជាពិសេសស្ត្រី អ្នកតវាមួយចំនួន ដែលរងនូវអំពើហិង្សា និងការបៀតបៀនលើរាងកាយពីសំណាក់ ក្រុមកងសន្តិសុខ នៅពេលពួកគេចេញតវ៉ាទាមទារ​រក​យុត្តិធម៌។

ជុំវិញរឿងនេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ថាសង្គមត្រូវឆ្លើយតបជាបន្ទាន់នូវការផ្តល់កិច្ចគាំ​ពារ​ទាំង​ផ្លូវ​ច្បាប់ និងសន្តិសុខផ្លូវកាយនឹងផ្លូវចិត្ត ដល់ជនរងគ្រោះដើម្បីពួកគេរួចផុតពីការគំរាមកំហែងផ្សេងៗ ឬការផ្សះផ្សាក្រៅប្រព័ន្ធច្បាប់ ដែលបន្តអនុញ្ញាតឱ្យជនរងគ្រោះត្រូវហែលឆ្លងនូវភាពតក់ស្លុត និងអំពើអយុត្តិធម៌មួយជីវិត។ អ្នកស្រីបន្តថា ការផ្លាល់ប្តូរចេញពេលនេះ គឺដើម្បីបញ្ឈប់អំពើនិទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ។

សង្គម​ស៊ីវិល​ជិត ៣០ និង​ប្រជា​ប្រជាពលរដ្ឋ​ប្រមាណ ៥០ ​នាក់ នៅ​ថ្ងៃទី១២ ខែឧសភា បាន​សរសេរ​លិខិត​រួមគ្នា​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត រិទ្ធ ដោយ​សុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​ករណី​​ឧកញ៉ា ហេង សៀ អតីត​ឧកញ៉ា ឌួង ឆាយ និងអតីត​ស្នងការ​ន​គ​បាល​ខេត្ត​កំពង់ធំ ​លោក អ៊ុក កុសល លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ការ​បៀតបៀន និង​ប្រើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។