សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បង្ក្រាប​ហួស​កម្រិត​លើ​ក្មេង​ទំនើង

សង្គម​ស៊ីវិល​ថា ការប្រើប្រាស់​វិធានការ​ច្បាប់​ដើម្បី​បង្ក្រាប​លើ​ក្មេង​ទំនើង​មិនមែន​ជា​វិធានការ​ល្អ​ប្រសើរ​នៅឡើយ​ទេ ប៉ុន្តែ​ពួកគាត់​ថា​រដ្ឋាភិបាល​គួរតែ​លុបបំបាត់​ឫសគល់​នៃ​បញ្ហា​នេះ​រួមមាន​បញ្ហា​គ្រឿងញៀន និង​ពង្រឹង​ប្រព័ន្ធ​អប់រំ​វិញ​។ ការ​លើកឡើង​របស់​សង្គម​វិល​នេះ​ក្រោយ​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប​ទៅលើ​ក្មេង​ទំនើប រួម​ទាំង​ចាប់ខ្លួន​ក្មេង​ទំនើង​ពី​៥០ ទៅ​១​រយ​នាក់​ជា​រៀងរាល់ថ្ងៃ។

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​ករណី​អាជ្ញាធរ ប្រើប្រាស់​វិធានការ​ជ្រុល​ហួសហេតុ​នៅក្នុង​ការ​បង្ក្រាប​ទៅលើ​យុវជន​ដែល​អាជ្ញាធរ​ចាត់ទុកថា ជា​ក្មេង​ទំនើង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៣១ ខែ​ឧសភា ថា រដ្ឋាភិបាល​នៅ​មិនទាន់​កំណត់​និយមន័យ​ជាក់លាក់​លើ​ពាក្យ​ក្មេង​ទំនើង​នៅឡើយ​ទេ​។ លោក​បន្ត​ថា រដ្ឋាភិបាល​អាច​អនុវត្ត​ច្បាប់​ទៅលើ​ក្មេង​ទំនើង​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​គួរ​ប្រើ​វិធានការ​អប់រំ​ចំពោះ​យុវជន​ដែល​មិនបាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ឬ​យុវជន​ដែល​គ្រាន់តែ​គេច​សាលា ជិះ​លឿន ឬ​ចាក់​សាក់ អី​ជាដើម​។ លោ​កថា​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នឹង​មិន​អាច​ធ្វើ​ឱ្យ​ពួកគេ​អាច​កែប្រែ​ខ្លួន​មក​រស់នៅ​ក្នុង​សង្គម​វិញ​ទេ។

លោក យង់ គិមអេង៖ «ផ្ទុយទៅវិញ​ប្រសិន​ជា​មាន​មជ្ឈមណ្ឌល ឬ​អប់រំ​ស្ដារ​នីតិសម្បទា​គាត់ ឧទាហរណ៍​គាត់​ញៀន​ស្រា គាត់​ញៀន​គ្រឿងញៀន យក​ចូល​មជ្ឈមណ្ឌល​ស្ដារ​នីតិសម្បទា​ដើម្បី​ជួយ​គាត់​ឱ្យ​គាត់​បន្សាប ហើយ​គាត់​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អី​ផ្សេងៗ ខ្ញុំ​ថា ជា​ការ​ប្រសើរ​ជាង ហើយ​ប្រសិនបើ​យើង​យក​ទៅ​ឃុំខ្លួន ចេញ​មក​វិញ​គាត់​អាច​មាន​ការប្រព្រឹត្ត​បទល្មើស ឬ​គាត់​ធ្វើ​ខុស​កាន់​ជ្រៅ​លើស​ដើម»។

ម្យ៉ាងទៀត លោក យង់ គិមអេង ថា បញ្ហា​ក្មេង​ទំនើង​នេះ​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ ឬ​លុបបំបាត់​ប្រសិនបើ​ក្រសួង​អប់រំ​ពង្រឹងគុណភាព​ការសិក្សា គ្រូបង្រៀន​ត្រូវ​យកចិត្តទុកដាក់​លើ​សិស្ស រួម​ទាំង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាណាព្យាបាល។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា វិធានការ​របស់​រដ្ឋាភិបាល​បង្ក្រាប​ទៅលើ​ក្មេង​ទំនើង​នេះ​អាច​នឹង​បរាជ័យ ឬ​អាច​មាន​ការរំលោភ​សិទ្ធិ​ពួកគេ​ទៅវិញ​។ លោក​ថា រដ្ឋាភិបាល​គួរ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ក្មេង​ទំនើង​នេះ​រួមមាន​បំបាត់​បាត់​បញ្ហា​គ្រឿងញៀន រឹត​បន្តឹង​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ពួកគេ​ចង់​រៀន។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​រូប​នេះ​ក៏​ព្រួយបារម្ភ​ថា​អាជ្ញាធរ និង​មន្ត្រី​ដែល​មាន​តួនាទី​បង្ក្រាប​ទៅលើ​ក្មេង​ទំនើង​ទាំងនោះ​បែរជា​ឆ្លៀត​រកលុយ និង​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ទទួល​លុយ​ពី​ឪពុកម្ដាយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ក្មេង​ទំនើង។

លោក ស៊ឹង សែនករុណា៖ «ចាប់​ក្មេង​ទំនើង​មក​ជា​ថ្នូរ​នឹង​ការ​លោះ​លុយ​កាត់​ដើម្បី​យក​កូន​ត្រឡប់​មកវិញ​នេះ​ជា​អំពើ​មិន​គួរ​កើតមានឡើង​ទេ ហើយក៏​មិនអាច​ធ្វើការ​លុបបំបាត់​នូវ​រឿង​ក្មេង​ទំនើង​ដោយ​អំពើ​បែប​ហ្នឹង​ដែរ ផ្ទុយទៅវិញ​ថ្នាក់លើ​របស់​មន្ត្រី​ដែល​ប្រព្រឹត្ត​នូវ​អំពើ​សូក​បាន់​លុយកាក់​អី​ទាំងអស់​នេះ​គួរតែ​មាន​ការស្រាវជ្រាវ​រកមុខ​អ្នក​ដែល​ធ្វើ​បែប​ហ្នឹង​គួរ​ដាក់​វិន័យ​ទោសទណ្ឌ ឬ​ដក​តួនាទី​អីចឹង​ទៅ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ ដោយ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា សម្រាប់​ថ្ងៃទី​៣០ ខែឧសភា សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ១៦ ករណី ដែល​មាន​ជនសង្ស័យ​ចំនួន ១២៣ នាក់ ហើយ​តុលាការ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦៣ នាក់ និង​រត់​គេច​ខ្លួន​ចំនួន ៦០​នាក់។

ចំណាត់ការ​បង្ក្រាប​ទៅលើ​ក្មេង​ទំនើង​របស់​អាជ្ញាធរ​ទូ​ទាំង​ប្រទេស​នេះ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២៣ ខែឧសភា បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទូទាំង​ប្រទេស រួម​នឹង​សមត្ថកិច្ច ត្រូវ​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​ឱ្យ​បាន​តឹងរ៉ឹង។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា បញ្ហា​ក្មេង​ទំនើង​នេះ គឺ​ដោយសារតែ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែ​មិនទាន់​អាច​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់​ដើម្បី​បង្ក្រាប​ទៅលើ​បញ្ហា​ចម្បងៗ រួមមាន​ការ​លក់ដូរ និង​ចែកចាយ​គ្រឿងញៀន ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ប្រព័ន្ធ​អប់រំ​នៅ​ទន់ខ្សោយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។