មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពន្យល់​ពលរដ្ឋ​ឱ្យ​ច្បាស់លាស់​មុន​ប្រកាស​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្ទាន់

ដោយ ទីន ហ្សាការីយ៉ា
2021-04-15
Share
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពន្យល់​ពលរដ្ឋ​ឱ្យ​ច្បាស់លាស់​មុន​ប្រកាស​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្ទាន់ ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ខ្ទប់ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ចាប់ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៨ ខែ​មេសា​ ឆ្នាំ​២០២១។
Photo Provided

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​គួរតែ​បាន​ពន្យល់​ប្រជា​ពលរដ្ឋ ឱ្យ​ច្បាស់លាស់​មុន​ប្រកាស​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្ទាន់ ដើម្បី​ពួកគាត់​ត្រៀមខ្លួន ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រញាប់ប្រញាល់​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើនឡើង​ខ្លាំង។

អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​គាំទ្រ​វិធានការ​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ពួកគេ​រិះគន់​ថា រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​នេះ​បន្ទាន់​ពេក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពុំ​អាច​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​បាន​ឆោឡោ និង​ព្រួយបារម្ភ ព្រោះ​ពួកគាត់​យល់​មិន​ច្បាស់​អំពី​វិធានការ​បិទ​ខ្ទប់ និង​សម្រុក​ទៅ​ធនាគារ​ដក​លុយ ដើម្បី​ទៅ​ផ្សារ​ទិញ​ស្បៀងអាហារ​សម្រាប់​ហូបចុក​អំឡុង​ពេល​បិទ​ខ្ទប់​តំបន់​ពួកគាត់​។ លោក​បារម្ភ​ថា​ការ​ផ្អើល​ឆោឡោ​របស់​ប្រជាពលរដ្ឋ អាច​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ពួកគាត់​អាច​មិន​រក្សា​គម្លាត​សុវត្ថិភាព និង​មិន​អនុវត្ត​តាម​គោលការណ៍​សុខាភិបាល​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់ និង​ចៀសវាង​ការ​ដាក់ចេញ​វិធាន​ការដែល​តក់ក្រហល់​បែបនេះ​ទៀត។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​២​សប្តាហ៍ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១៥ ខែ មេសា ដល់​ថ្ងៃទី​២៨ មេសា ដោយសារ​ជំងឺ​កូវីដ​រាតត្បាត​ខ្លាំង​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ទាំងពីរ កុំ​ភ័យ​ស្លន់ស្លោ ព្រោះ​អាជ្ញាធរ​មិន​បិទ​ផ្សារ អាជីវកម្ម ឬ​ការ​ប្រកប​មុខរបរ​ចាំ​បាច់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​នោះ​ទេ។

អាជ្ញាធរ​ហាមឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ទាំងអស់ ដែល​មិនមែន​ជា​តម្រូវការ​ប្រចាំថ្ងៃ ប៉ុន្តែ លើកលែង​ផ្សារ និង​ហាង​លក់ទំនិញ​ផ្គត់ផ្គង់ និង​ចំណីអាហារ​។ អាជ្ញាធរ​កម្រិត​ចំនួន​មនុស្ស ដែល​ត្រូវ​ចេញទៅ​ទិញ​របស់​ចាំបាច់​ដូចជា​គ្រឿង​ហូបចុក ដោយ​មួយ​គ្រួសារ ឲ្យ​ចេញ​បានតែ​ម្នាក់ ឬ ពីរ​នាក់​យ៉ាងច្រើន និង​អាច​ចេញពីផ្ទះ​ទៅ​ទិញ​របស់​ទាំងនេះ បានតែ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​ត្រូវ​បង្ហាញ​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​ផង។

ក្រៅ​ពី​នេះ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ស្ថាប័ន​សាធារណៈ រោងចក្រ​សហគ្រាស សិប្បកម្ម​ឬ​កន្លែង​ផលិត​គ្រឿង​ឧបភោគ​បរិភោគ និង​សេវាកម្ម​ចាំបាច់​ដទៃទៀត ប៉ុន្តែ​គោរព​តាម​វិធានការ​សុខាភិបាល។

អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សាកសួរ​បញ្ជាក់​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៥ មេសា​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា វិធានការ​ទាំងនេះ​មិនមែន​ដើម្បី​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្លាប់ ឬ​រង​ទុក្ខ​លំបាក​នោះ​ទេ តែ​ដើម្បី​ការពារ​ពលរដ្ឋ​ទៅវិញ​ទេ។ «»

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា វិធានការ​បិទ​ខ្ទប់​ទាំងស្រុង​របស់​អាជ្ញាធរ​នេះ មួយ​ផ្នែក​គឺជា​រឿង​ល្អ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វិដ​-១៩​។ ប៉ុន្តែ​មួយ​ផ្នែក​ទៀត លោក​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដែល​ពួកគាត់​កំពុង​ប្រឈម​ខ្វះ​ស្បៀងអាហារ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​រដ្ឋាភិបាល​ផ្តល់​ជំនួយ​តាម តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដូចជា​ផ្តល់​អាហារ​ប្រចាំថ្ងៃ គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងទៀត ឱ្យ​ទាន់​ពេលវេលា​ដល់​ពួកគាត់។ «»

ទាក់ទង​នឹង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដោយ​តក់ក្រហល់​នេះ លោក សម រង្ស៊ី ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​ថា វិធានការ​នេះ​ធ្វើឡើង​ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​បច្ចេកទេស វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​អ្វី​ឡើយ​។ លោក​ថា វា​គ្រាន់តែ​បង្ហាញ​ពី​ភាព​ស្លន់ស្លោ និង​អសមត្ថភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ប៉ុណ្ណោះ​។ លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន យក​ជំងឺ​កូវីដ​១៩ ជា​លេស ដើម្បី​គាប់​សង្កត់ និង​គំរាមកំហែង​ពលរដ្ឋ​កាន់តែ​ខ្លាំង ព្រមទាំង​ទប់ទល់​នឹង​ការ​រជើប​រំជួល​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​ដែល​មិន​ពេញចិត្ត​របប​ដឹកនាំ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល