ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ឋានន្តរស័ក្តិ និង​ថ្នាក់​សំរាប់​ចៅក្រម ព្រះរាជអាជ្ញា ប្រចាំឆ្នាំ​២០២១

ដោយ ម៉ៅ សុធានី
2022.05.16
Share on WhatsApp
Share on WhatsApp
ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ឋានន្តរស័ក្តិ និង​ថ្នាក់​សំរាប់​ចៅក្រម ព្រះរាជអាជ្ញា ប្រចាំឆ្នាំ​២០២១ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ។
AP

ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ឋានន្តរស័ក្តិ និង​ថ្នាក់ ប្រចាំឆ្នាំ​២០២១ សំរាប់​ក្របខណ្ឌ​ចៅក្រម ចំនួន​៤៦​នាក់ និង ក្របខណ្ឌ​ព្រះរាជអាជ្ញា ចំនួន ៣០​រូប នៅ​សប្តាហ៍​នេះ​។ បន្ថែម​ពី​នេះ ព្រះមហាក្សត្រ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង​ផ្ទេរ​មុខ​តំណែង ប្រធាន អនុប្រធាន​តុលាការ និង​ចៅក្រម សរុប​ចំនួន​១១​រូប ផង​ដែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់ ប្រសិនបើ​នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ គឺ​គេ​ពិនិត្យ​មើល​ស្នាដៃ ការ​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម ដល់​ពលរដ្ឋ​គ្រប់​រូប​ដោយ​គ្មាន​ការរើសអើង​៖ «ការ​ដំឡើង​នេះ គឺ​គេ​សំដៅ​អ្នកមាន​ស្នាដៃ អ្នក​ដែល​បំរើ​ជាតិ បំរើ​ប្រជាជន។ ចៅក្រម និង​ព្រះ​អាជ្ញា ជា​អ្នក​ដើរ​តួនាទី​តំណាង​ឲ្យ​រដ្ឋ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ ធានា​សិទ្ធិ​សេរីភាព ធានា​ការស្វែងរក​យុត្តិធម៌​សំរាប់​ពលរដ្ឋ​គ្រប់រូប​...»

ប៉ុន្តែ​តុលាការ​នៅ​ប្រទេស​កម្ពុជា រង​ការរិះគន់​ជា​ខ្លាំង ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ថា ការ​កាត់ក្តី​ពុំ​មាន​យុត្តិធម៌ ដល់​ជន​ក្រីក្រ សកម្មជន​បរិស្ថាន សង្គម និង​សកម្មជន​នយោបាយ​នោះ​ឡើយ​។ ជាក់ស្តែង សកម្មជន​ដីធ្លី ដែល​ទាមទារ​សិទ្ធិ​ដីធ្លី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ ពី​បទ​ញុះញង់ ពី​បទ​ក្បត់ជាតិ និង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាដើម។

ទាក់ទង​នឹង​អំពើពុករលួយ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចាត់​ថ្នាក់​កម្ពុជា​លេខ ១៥៧ លើ​១៨០ ប្រទេស​និង​ដែនដី ក្នុង​សន្ទស្សន៍​នៃ​អំពើពុករលួយ​សំរាប់​ឆ្នាំ​២០២១​។ កម្ពុជា​ក៏​ជា​ប្រទេស ដែល​មាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ដោយ​ជាប់​ចំណាត់​ថ្នាក់ទាប​បំផុត ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ចំណាត់​ថ្នាក់ទាប​បំផុត​ទី​៣​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។