ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឋានន្តរស័ក្តិ និងថ្នាក់ ប្រចាំឆ្នាំ២០២១ សំរាប់ក្របខណ្ឌចៅក្រម ចំនួន៤៦នាក់ និង ក្របខណ្ឌព្រះរាជអាជ្ញា ចំនួន ៣០រូប នៅសប្តាហ៍នេះ។ បន្ថែមពីនេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធានតុលាការ និងចៅក្រម សរុបចំនួន១១រូប ផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ប្រសិនបើនៅក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យ គឺគេពិនិត្យមើលស្នាដៃ ការជួយរកយុត្តិធម៌ក្នុងសង្គម ដល់ពលរដ្ឋគ្រប់រូបដោយគ្មានការរើសអើង៖ «ការដំឡើងនេះ គឺគេសំដៅអ្នកមានស្នាដៃ អ្នកដែលបំរើជាតិ បំរើប្រជាជន។ ចៅក្រម និងព្រះអាជ្ញា ជាអ្នកដើរតួនាទីតំណាងឲ្យរដ្ឋ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ ធានាសិទ្ធិសេរីភាព ធានាការស្វែងរកយុត្តិធម៌សំរាប់ពលរដ្ឋគ្រប់រូប ...»។
ប៉ុន្តែតុលាការនៅប្រទេសកម្ពុជា រងការរិះគន់ជាខ្លាំង ពីសហគមន៍ជាតិនិងអន្តរជាតិថា ការកាត់ក្តីពុំមានយុត្តិធម៌ ដល់ជនក្រីក្រ សកម្មជនបរិស្ថាន សង្គម និងសកម្មជននយោបាយនោះឡើយ។ ជាក់ស្តែង សកម្មជនដីធ្លី ដែលទាមទារសិទ្ធិដីធ្លី និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ ត្រូវបានតុលាការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ពីបទញុះញង់ ពីបទក្បត់ជាតិ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលជាដើម។
ទាក់ទងនឹងអំពើពុករលួយនេះ អង្គការតម្លាភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ (Germany) បានចាត់ថ្នាក់កម្ពុជាលេខ ១៥៧ លើ១៨០ ប្រទេសនិងដែនដី ក្នុងសន្ទស្សន៍នៃអំពើពុករលួយសំរាប់ឆ្នាំ២០២១។ កម្ពុជាក៏ជាប្រទេស ដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុត ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ និងចំណាត់ថ្នាក់ទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។