មន្ត្រីសង្គមស៊ីវិលបារម្ភពីការផ្ទុះឡើងវិញនូវករណីឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងបង្ខាំងមនុស្សនៅលើទឹកដីកម្ពុជា បន្ទាប់ពីអាជ្ញាធរបានបង្ក្រាបករណីទាំងនោះជាបន្តបន្ទាប់កាលពីខែវិច្ឆិកា កន្លងទៅ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ការវិនិយោគ និងកិត្តិយសប្រទេសកម្ពុជា កាន់តែខ្លាំងជាងនេះទៀត។
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា បទល្មើសនៃការចាប់ជំរិត និងបង្ខាំងធ្វើទារុណកម្មមនុស្ស នៅតែបន្តមានវត្តមានលើទឹកដីប្រទេសកម្ពុជា ដែលទាមទារឱ្យអាជ្ញាធរបង្កើនការទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែខ្លាំង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែធ្នូ ថា ការផ្ទុះករណីចាប់ជំរិតបង្ខាំងមនុស្សនៅពេលនេះ គឺជាក្ដីបារម្ភធំមួយ ក្នុងពេលដែលកម្ពុជាកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងការវិនិយោគពីបរទេស។ លោកបន្តថា ទោះបីជាករណីចាប់ជំរិតទាំងមានទ្រង់ទ្រាយតូច ឬធំក្ដី តែវានឹងជះឥទ្ធិពលអវិជ្ជមានទូលំទូលាយដែលនឹងប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ស្របពេលដែលកម្ពុជាកំពុងមានឈ្មោះមិនល្អក្នុងករណីនេះស្រាប់។
លោក យង់ គិមអេង៖ «អ៊ីចឹងត្រូវតែមានប្រព័ន្ធដើម្បីផ្ដល់ព័ត៌មាន។ ប្រសិនគេមានបញ្ហា គេត្រូវផ្ដល់ព័ត៌មានយ៉ាងម៉េច។ ត្រូវតែមានលេខហតឡាញ(លេខទូរស័ព្ទបន្ទាន់)ហើយប្រសិនបើគេមានករណីបែបហ្នឹង ហើយខលទៅ ត្រូវតែធ្វើអន្តរាគមន៍ឱ្យលឿន ឱ្យទាន់ពេលវេលា មិនអាចទុកចោលបាន ហ្នឹងបានទៅរួច។ ហើយជាវិធានការបង្ការ ធ្វើយ៉ាងម៉េចវិធានការបង្ការហ្នឹងគឺត្រូវធ្វើឱ្យបានហ្មត់ចត់ ហើយនិងឱ្យបានមានប្រសិទ្ធភាពខ្ពស់ដែរ។ ហើយតែករណីកើតឡើងហើយ គឺវាអាចជះឥទ្ធិពលមិនល្អហើយ»។
ការព្រួយបារម្ភរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ គឺបន្ទាប់ពីអាជ្ញាធរបានបង្ក្រាបករណីបង្ខាំងមនុស្ស និងចាប់ជំរិត ជាហូរហែបន្តបន្ទាប់គ្នាក្នុងចំនួនមួយដ៏ច្រើន ត្រឹមរយៈពេលមួយខែ។
ក្នុងនោះរួមមាន ករណីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា អាជ្ញាធរបានឃាត់ខ្លួនជនល្មើសចំនួន ១៣នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិបង់ក្លាដេស (Bangladesh)ចំនួន ១២នាក់ នៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយសង្គ្រោះបានជនជាតិចិន ២នាក់។ ដោយឡែក កាលពីថ្ងៃទី២០ ខែវិច្ឆិកា សមត្ថកិច្ចនៅរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៣នាក់ មានជនជាតិខ្មែរ ចិន វៀតណាម ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់ និងករណីចាប់ជំរិតជាច្រើនផ្សេងទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការបកស្រាយពីក្ដីបារម្ភនេះបានទេ នៅថ្ងៃទី២ ធ្នូ។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho)លោក អំ សំអាត យល់ឃើញថា ការបង្ក្រាបករណីទាំងនេះជាសញ្ញាបង្ហាញថា ការជួញដូរ និងបង្ខាំងមនុស្ស នៅតែមានចំនួនច្រើនគួរឱ្យព្រួយបារម្ភ។ លោកជំរុញឱ្យអាជ្ញាធរបង្កើនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះឱ្យអស់ ជាពិសេសការរឹតបន្តឹង និងទប់ស្កាត់លំហូរចូលនូវឧក្រិដ្ឋកម្មឆ្លងដែន ដែលភាគច្រើនជាជនបរទេសចូលមកកម្ពុជា ដើម្បីធ្វើសកម្មភាពខុសច្បាប់ទាំងនេះ។
លោក អំ សំអាត៖ «ទីមួយគឺត្រូវតែរឹតបន្តឹងនៅក្នុងការអនុវត្តច្បាប់សម្រាប់កម្ពុជា ទៅលើច្បាប់ស្ដីពីអន្តោប្រវេសន៍នៅកម្ពុជាយើង។ ហើយទីពីរ សហការជាមួយបណ្ដាប្រទេសជិតខាង ដើម្បីទប់ស្កាត់កុំឱ្យមានលំហូរនៃឧក្រិដ្ឋជន ចូលមកក្នុងប្រទេសកម្ពុជា។ ហើយទីបី សហការជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីកំណត់នៃមុខសញ្ញាឧក្រិដ្ឋជន ដើម្បីតាមឃ្លាំមើល ឬក៏ដើម្បីធ្វើការទប់ស្កាត់ ដើម្បីកុំឱ្យឆ្លងចូលមកក្នុងប្រទេសកម្ពុជាយើង»។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៣ នេះ បង្ហាញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ឡាវ(Lao) និងមីយ៉ាន់ម៉ា (Myanmar) ដែលកំពុងមានភាពសកម្មខ្លាំងក្នុងការជួញដូរមនុស្ស បង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម បោកប្រាស់តាមប្រព័ន្ធអនឡាញ និងក្លែងបន្លំហិរញ្ញវត្ថុ។ ក្នុងនោះរួមមានការធ្វើទារុណកម្មឃោរឃៅទៅលើជនរងគ្រោះ ដោយការឃុំខ្លួន បំបិទសិទ្ធិសេរីភាព ការដកហូតឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ការរំលោភបំពានរាងកាយ វាយដំ និងការផ្ទេរជនរងគ្រោះពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតជាដើម។
របាយការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាមិនមែនជាកន្លែងមានសុវត្ថិភាព ជាពិសេសសម្រាប់ជនបរទេសនោះឡើយ ដែលបណ្ដាលឱ្យមានការជះឥទ្ធិពលអាក្រក់ទៅលើវិស័យទេសចរណ៍ និងការវិនិយោគ ជាពិសេសគឺកិត្តិយសប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
មន្ត្រីសង្គមស៊ីវិលថា មានតែការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដាក់ទោសទណ្ឌទៅលើជនល្មើស ការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនតែប៉ុណ្ណោះ ទើបអាចរំដោះកម្ពុជាមិនឱ្យជនល្មើសយកធ្វើជាកន្លែងធ្វើអំពើខុសច្បាប់ ឆបោក ចាប់ជំរិត និងឃុំឃាំងមនុស្សតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។