សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ចង់​ឱ្យ​អាជ្ញាធរ​ដាក់​ទោស​​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ធ្ងន់ធ្ងរ​ រឿង​នាំ​​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់

ដោយ មួង ណារ៉េត
2021-03-31
Share
សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ចង់​ឱ្យ​អាជ្ញាធរ​ដាក់​ទោស​​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ធ្ងន់ធ្ងរ​ រឿង​នាំ​​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ សកម្មភាព​មន្ត្រី​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ចុះ​ចាប់​ខ្លួន​សមាគម​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ក្នុង​ពេល​ត្រៀម​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដន្ទាទោស​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​ ពាក់ព័ន្ធ​នឹង​រឿង​លប​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ធ្វើ​បែប​នេះ​ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ដទៃ​ទៀត​កុំ​ឱ្យ​ចេះ​តែ​លួច​នាំ​មនុស្ស​ឆ្លងដែន​ប្រថុយប្រថាន​នៅ​ថ្ងៃ​ក្រោយ​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយ​មាន​ជ័យ លោក ស៊ុំ ច័ន្ទគា ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ផ្ដន្ទាទោស​លើ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែត​ គឺ​លោក យិន នៅ តាម​ច្បាប់។ លោក​បញ្ជាក់​ថា មន្ត្រី​ក្រុម​ប្រឹក្សា​រូប​នេះ​បាន​លួច​នាំ​មនុស្ស​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក​បញ្ជាក់​ថា រឿង​នេះ​​តុលាការ​គួរតែ​ផ្ដន្ទាទោស​លើ​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​ដទៃ​ទៀត​កុំ​ឲ្យ​ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​ខុស​ច្បាប់​តាម​អំពើ​ចិត្ត៖ «ថា​កុំ​ឱ្យ​ដាក់​ធ្វើ​ជា​សំណាញ់ ឬ​ជា​ឆ្នៀង​សម្រាប់​ត្រង់ អ្នក​ហក់​ចូល​មក​ជាប់​ទោស​ អីចឹង​បទ​ល្មើស​ហ្នឹង​វា​ស្រាកស្រាន្ត ឬ​អត់ វា​អត់​ទេ ព្រោះ​​អ្នក​ដែល​ត្រូវ​រក​ស៊ី​បាន​អ្នក​ដែល​ធ្លាប់​ធ្វើ​បែប​ទៅ​ជា​ត្រូវ​ជាប់​ទោស។ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​រក​ស៊ី​បាន​ជាប់​ទោស​ហ្នឹង​ធ្វើ​​ម៉េច​ឱ្យ​គាត់​មើល​ឃើញ​ទៅ​ថា ទង្វើ​របស់​គាត់​ជា​ទង្វើ​បំពាន​ច្បាប់​ គឺ​ជា​ទង្វើ​ជាប់​គុក​ ទង្វើ​របស់​គាត់​​គឺ​ជា​ទង្វើ​មួយ​ដែល​មិន​អាច​សូក​លុយ​ទិញ ឬ​ក៏​អាង​ខ្សែ​អាង​វល្លិ​ឱ្យ​រួច​ខ្លួន គឺ​ត្រូវ​អីចឹង ហើយ​នៅ​ពេល​នោះ​គាត់​នឹង​រាងចាល​ហើយ គាត់​នឹង​ឈប់»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ លោកស្រី ស សុជាតិ ថ្លែង​ថា អាជ្ញាធរ​គួរតែ​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ពីព្រោះ​មន្ត្រី​ក្រុម​ប្រឹក្សា​រូប​នេះ ​ជា​មនុស្ស​ចេះ​ដឹង​ច្បាប់​ទម្លាប់ តែ​មិន​គោរព​ច្បាប់​នោះ​ទេ។ បន្ថែម​ពី​នេះ លោក​ស្រី ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ចាប់​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​ពួក​គេ​នាំ​មនុស្ស​ឆ្លងដែន​ប្រថុយប្រថាន​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «ខ្ញុំ​ស្អប់​ខ្ពើម ដោយសារ​គាត់​មាន​ប្រាក់​ខែ​ជា​មន្ត្រី​រាជការ​ហើយ គាត់​ទៅ​ធ្វើ​ទង្វើ​បែប​ហ្នឹង។ ក្នុង​នាម​ពលរដ្ឋ បើ​សិន​ជា​យើង​មិន​ដឹង​ច្បាប់​ទម្លាប់​នោះ វា​ទទួល​ទោស​សមស្រប​ជួន​កាល​តាម​កាល​ទេស​គ្នា​ដឹង ប៉ុន្តែ​បង្ខំ​ចិត្ត ដូច​យើង​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ខែ​ត្រឹមត្រូវ​ហើយ​យើង​ទៅ​ធ្វើ​ទង្វើ​បែប​ហ្នឹង ខ្ញុំ​អត់​គាំទ្រ​ទេ បើ​សិន​ជា​ទោស​សូម​ឱ្យ​ធ្ងន់​ជាង​ប្រជាពលរដ្ឋ គឺ​សំណូម​ពរ​ដក​គាត់​ចេញ​តែ​ម្ដង។ ខ្ញុំ​ចង់​និយាយ​ថា គាត់​ជា​មនុស្ស​ចេះ​ច្បាប់​ អីចឹង​បើ​គាត់​ធ្វើ​អ្វី​ខុស​ច្បាប់​ដូច​គាត់​ហ្នឹង​វា​អន់​ជាង​ពលរដ្ឋ​ដែល​មិន​ចេះ​ច្បាប់​ទៀត»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នេះ ក្រោយ​ពេល​មន្ត្រី​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ បាន​ចាប់​ខ្លួន​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​គឺ លោក យិន នៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩ មីនា ពាក់ព័ន្ធ​នឹង​រឿង​ការ​លប​នាំ​​ជនជាតិ​ថៃ​និង​ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ អាជ្ញាធរ​បាន​បញ្ជូន​​មន្ត្រី​សង្កាត់​រូប​នេះ​ទៅ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​នេះ​នៅ​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ដឹង​ថា អាជ្ញាធរ​បាន​បញ្ជូន​ជនល្មើស​ទៅ​ឃុំ​ខ្លួន ឬ​ដោះលែង​វិញ​នោះ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា រឿង​នេះ ​មន្ត្រី​ប៉េអឹម​បាន​ចុះ​ចាប់​ជនល្មើស​តាម​បញ្ជា​របស់​តុលាការ។ ចំណែក​ការ​បញ្ជូន​ជន​ប្រព្រឹត្ត​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នោះ លោក​រុញ​ឱ្យ​សួរ​ខាង​ទៅ​មន្ត្រី​តុលាការ៖ «បាទ​ប៉េអឹម​ចាប់​មែន ក៏​ប៉ុន្តែ​អ្នក​ដឹក​នាំ​គឺ​យើង​​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ទេ តែ​អ្នក​ដឹក​នាំ​ពាក់ព័ន្ធ​ហ្នឹង គឺ​អាជ្ញាធរ​ដែន​ដី​ជា​មួយ​នឹង​អយ្យកា​ អីចឹង​អយ្យកា​គេ​មាន​អ្នក​នាំ​ពាក្យ​ដែរ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក រឿន លីណា និង​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​នេះ លោក មាស ច័ន្ទ​ពិសិដ្ឋ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

នេះ​ជា​លើក​ទី២ ហើយ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​របប​ក្រុង​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ​ ដោយសារ​តែ​ពួក​គេ​ឃុបឃិត​ជា​មួយ​ក្រុម​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់។

កាល​ពី​ដើម​ខែ​កុម្ភៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​អធិការ​នគរបាល​ស្រុក​កំរៀង គឺ​លោក គឹម ពន្លក ម្ដង​រួច​មក​ហើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា លោក​បាន​ដោះលែង​មេខ្យល់​ជា​ច្រើន​នាក់ ដែល​លួច​នាំ​ពលករ​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ភ្លាមៗ នោះ អាជ្ញាធរ​បាន​បញ្ជូន​លោក គឹម ពន្លក វ័យ ៤៦ឆ្នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដោយ​ចោទ​ប្រកាន់​ពី​បទ​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់។

ទោះ​ជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​នៅ​តែ​អះអាង​ថា ក្រុម​មេខ្យល់​ជា​ច្រើន​នាក់​​បន្ត​លប​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដដែល ដោយសារ​តែ​របរ​នេះ​រក​ប្រាក់​បាន​ងាយ​ ព្រោះ​​ការ​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​មាន​តម្លៃ​ខ្ពស់ ប្រមាណ​ពី ៤.០០០​បាត ទៅ ៥.០០០​បាត ឬ​ប្រហែល​ពី ១៣០ ទៅ ១៥០ដុល្លារ​ក្នុង​ម្នាក់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល