ក្រុមអង្គការ សមាគម និងសហជីពមួយចំនួនមើលឃើញថា លក្ខខ័ណ្ឌតម្រូវឱ្យបេក្ខជនចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ កំពុងធ្វើឱ្យយុវជនជាច្រើនបាត់បង់ឱកាសចូលរួមប្រកួតប្រជែងធ្វើជាមន្រ្តីរាជការនៅក្នុងកាលៈទេសៈ ដែលពលរដ្ឋពិបាកទទួលបានវ៉ាក់សាំងបានគ្រប់ៗគ្នា និងមានពលរដ្ឋជាច្រើនមិនសូវមានជំនឿចិត្តនឹងការចាក់វ៉ាក់សាំងនៅឡើយ។
ការលើកឡើងនេះបន្ទាប់ពីក្រសួងមុខងារសាធារណៈបានតម្រូវឱ្យបេក្ខជន ដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នរដ្ឋ ចំនួន ៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខធិការដ្ឋានអាកាសចរស៊ីវិល ត្រូវទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ចំនួន២ដង រួចរាល់ជាមុនសិន។ ក្រសួងដដែលបញ្ជាក់ថា ចំពោះបេក្ខជនណា ដែលមិនបំពេញលក្ខខ័ណ្ឌនេះ ឬពុំមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលពីករណីដែលមិនអាចចាក់វ៉ាក់សាំងបានទេ នឹងពុំត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងឡើយ។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជាលោក អ៊ុល វ៉ាន់ ថ្លែងប្រាប់អាស៊ីសេរីថា មកដល់ពេលនេះមានពលរដ្ឋភាគតិចណាស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២លើក បើប្រៀបធៀបនឹងចំនួនពលរដ្ឋសរុបនៅទូទាំងប្រទេស។ លោកបន្តថា បើផ្អែកតាមផែនការរបស់រដ្ឋាភិបាលការចាក់វ៉ាក់សាំងនឹងត្រូវផ្ដល់អាទិភាពទៅពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដែលជាហេតុផលធ្វើអោយពលរដ្ឋនៅក្រៅតំបន់នេះអាចនឹងពិបាកទទួលបានវ៉ាក់សាំង ស្របពេលដែលការចាក់វ៉ាក់សាំងនេះឈរនៅលើគោលការណ៍ស្ម័គ្រចិត្ត។ លោកថា លក្ខខ័ណ្ឌរបស់ក្រសួងមុខងារសាធារណៈនេះ ប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋ និងដំណើរការជ្រើសរើសធនធានមនុស្សឱ្យបានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព សមភាព គណនេយ្យភាព និងយុត្តិធម៌៖ «យើងចង់អោយការប្រឡងចូលរួមជាមន្រ្តីរាជការហ្នឹងគឺផ្ដល់ឱកាសស្មើគ្នា ហើយនឹងផ្ដល់សិទ្ធិ ឬក៏សេរីភាពអោយបានស្មើគ្នាសម្រាប់ពលរដ្ឋទូទៅ សម្រាប់យុវជនទូទៅ បើទោះបីជាគាត់មិនទាន់ទទួលបានវ៉ាក់សាំងក៏ដោយ ក៏គាត់គួរបានការប្រកួតប្រជែង ទទួលបានមុខងារ តួនាទីសាធារណៈ ដើម្បីបម្រើដល់ប្រយោជន៍សង្គមជាតិ។ ការដាក់លក្ខខ័ណ្ឌមិនផ្ដល់សិទ្ធិឱ្យយុវជនមិនទាន់ទទួលបានវ៉ាក់សាំងហ្នឹងវាជាការរឹតរ្បិតដល់សេរីភាពក្នុងការទទួលបាននូវឱកាសការងារ និងការប្រកួតប្រជែង។ រដ្ឋាភិបាលមិនបានគោរពគោលការណ៍សេរីភាព និងគោលការណ៍ចូលរួមប្រកួតប្រជែងនៅក្នុងមុខងារជាមន្រ្តីរាជការសាធារណៈហ្នឹងបាទ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងមុខងារសាធារណៈលោក ឈឿន ប៊ុណ្ណារ័ត្ន បានទេនៅយប់ថ្ងៃទី១៣ ខែឧសភា ដោយទូរស័ព្ទគ្មានអ្នកទទួល។
តែទោះជាយ៉ាងណា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុក (Facebook) ថា អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួនបានក្នុងការជ្រើសរើសមន្រ្តី ដូចជាលក្ខខណ្ឌអាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព និងការចាក់វ៉ាក់សាំង ជាដើម ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ស្ថាប័ន ដែលការកំណត់នេះមិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ តែគឺដោយសារប្រយោជន៍សាធារណៈ ពិសេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោកបន្ថែមថាសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់មិនមែនមានន័យថា ពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌដូចគ្នាទាំងអស់ពីរដ្ឋនៅគ្រប់ករណី និងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែងក្នុងស្ថានភាពចាំបាច់។
យ៉ាងនេះក្ដីសម្រាប់ក្រុមអង្គការសង្គមស៊ីវិលវិញការដាក់លក្ខខណ្ឌក្នុងស្ថានភាពនេះគឺបង្កការលំបាកដល់យុវជន ធ្វើអោយការប្រកួតប្រជែងពុំមានតម្លាភាព ប្រសិទ្ធិភាព យុត្តិធម៌ និងបង្កើតអោយមានវិប្បដិសារី ដោយសារតែបេក្ខជន ដែលមានសមត្ថភាពពិតប្រាកដមិនបានចូលរួមប្រឡងធ្វើជាមន្រ្តីរាជការដោយសារតែមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួន។ ជាមួយគ្នានេះធ្វើអោយស្ថាប័នរដ្ឋបាត់បង់ឱកាសទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមពង្រឹងសេវាសាធារណៈ និងអភិវឌ្ឍន៍សង្គមជាតិ។
ក្រសួងសុខាភិបាលឱ្យដឹងថា ត្រឹមថ្ងៃទី១៣ ខែឧសភា មានពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បានចំនួនជាង ២ លាននាក់ (២ ០៦៤ ៨៣៣) ក្នុងនោះអ្នកចាក់បានពីរដូស មានចំនួនជាង ១លាន១សែននាក់ ( ១ ១៣៥ ៩១១) គឺស្មើនឹងចំនួនជិត ២០% (១៩,៩៧%) នៃចំនួនពលរដ្ឋជាគោលដៅសម្រាប់ចាក់វ៉ាក់សាំងសរុប១០លាននាក់ ដែលរដ្ឋាភិបាលបានគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។