សង្គមស៊ីវិល​និង​​ជនជាតិដើម​ភាគតិច​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ចំណូល​ពី​រ៉ែមាស​ឱ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព​

ដោយ មាន ឫទ្ធិ
2021.09.28
សង្គមស៊ីវិល​និង​​ជនជាតិដើម​ភាគតិច​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ចំណូល​ពី​រ៉ែមាស​ឱ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព​ កម្មករ​ចម្រាញ់​រ៉ែមាស​របស់​ក្រុមហ៊ុន​​អូស្ត្រាលី​ឈ្មោះ​ រ៉ឺនេសង់​មីនើរ៉ល​ (Renaissance Minerals Cambodia) នៅក្នុង​ការបង្ហាញ​មួយកាល​ពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ក្រសួងរ៉ែ និងថាមពល

មន្ត្រី​សង្គមស៊ីវិល ​និង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ចំណូល​ពី​រ៉ែមាស ឱ្យ​មាន​តម្លាភាព ​និង​ប្រសិទ្ធភាព​ខ្ពស់ ​ចៀស​វាង​​អំពើ​ពុករលួយ ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និងសង្គម។ ​ការ​លើក​ឡើង​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន​អូស្ត្រាលី ​ឈ្មោះ​ រ៉ឺនេសង់​មីនើរ៉ល​(Renaissance Minerals Cambodia) ដែល​ទទួល​សិទ្ធិ​វិនិយោគពី​រាជ​រដ្ឋាភិបាល​កម្ពុជា ​រុករក​រ៉ែមាស​ ក្នុង​តំបន់​អូរខ្វាវ ​ខេត្តមណ្ឌលគិរី​ បាន​ចម្រាញ់​រ៉ែ​មាស​ជាង​ ៥រយ​គីឡូក្រាម (៥២២) គិត​ត្រឹម​តែ​រយៈ​ពេល​ ៣​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ចុង​ខែ​មិថុនា ​ដល់​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ។

ជន​ជាតិ​ដើម​ភាគតិចព្នង​ និង​មន្ត្រី​សង្គមស៊ីវិល ​សាទរ​លទ្ធផល ​ចម្រាញ់​រ៉ែមាស​របស់​ក្រុមហ៊ុន​អូស្រាលី​នេះ ប៉ុន្តែ​ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​គ្រប់គ្រង​ចំណូល​ពន្ធ​ ប្រកប​ដោយ​តម្លាភាព ​សុចរិត​ភាព ​និង​ គណនេយ្យភាព។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ​ប៉ិច ពិសី ​យល់​ថា ​រដ្ឋាភិបាល​ត្រូវ​ធានាពី​តម្លាភាព​ និង​សុចរិត​ភាព​នៃ​ការ​ប្រមូល​ពន្ធ​រ៉ែមាស​ទាំង​នេះ ​ធ្វើ​យ៉ាង​ណា​ប្រុង​ប្រយ័ត​ខ្ពស់​ ទប់ស្កាត់​មិន​ឱ្យ​មាន​អំពើ​ពុករលួយ ​និង​ភាព​មិន​ប្រក្រតី​នានា ​ទាក់ទិន​ការ​គ្រប់គ្រង​ចំណូល​ពន្ធជាតិ​។ ​លោក​ថា​ ប្រាក់​ចំណូល​ពន្ធ​រ៉ែមាស ​ជា​ចំណូល​ជាតិ​បន្ថែម​ថ្មី​មួយ​ទៀត ​ដែល​ជា​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា​ ដែល​បាន​មក​ពី​ធនធាន​ធម្មជាតិ ​ប្រសិន​បើ​គ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព​នោះទេ​ កម្ពុជា​នឹង​បាត់​បង់​​រ៉ែមាស​ដ៏​មាន​តម្លៃ​មហាសាល​។ លោក​ពន្យល់​ថា ​ប្រសិន​បើ​ការ​ទាញ​យក​រ៉ែមាស ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ខ្វះ​តម្លាភាព​ អាច​នឹង​ធ្វើ​ឱ្យ​ចំណូល​ជាតិ​បាត់បង់ ​នឹង​បង្ក​ឱ្យ​កម្ពុជា ​គ្មាន​ឯករាជ​ភាព​ហិរញ្ញវត្ថុ​ជាដើម​៖ «ថវិកា​ចេញ​ពីរ៉ែ ​ជា​ថវិកា​របស់​ពលរដ្ឋ​ដែល​សល់​ទុក​មក​រាប់ពាន់​លាន​ឆ្នាំ​ ពី​ធម្មជាតិ ​បើ​សិន​ជា​យើង​​គ្រប់គ្រង​វា​អត់​មាន​ប្រសិទ្ធភាព​ទេ ​វា​ជាការ​បាត់បង់​លំបាក​ត្រឡប់​មក​វិញ​ ព្រោះ​កម្រិត​មាស​មាន​កំណត់។​ ខ្ញុំ​គិត​ថា ​អនុសាសន៍​សំខាន់​មួយ​ យើង​ប្រមូល​ឱ្យ​គ្រប់​ចេញ​ពី​មាស​ហ្នឹង ​កុំ​ឱ្យ​មាន​ការ​បាត់បង់»​។

​មន្ត្រី​សង្គមស៊ីវិល​រូបនេះ​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ច្បាស់លាស់ ​ប្រើប្រាស់​ប្រាក់​ចំណូល​ពន្ធ​រ៉ែមាសដោយ​ឆ្លាតវៃ​បំផុត ​និង​ជំរុញឱ្យ​មាន​ការ​វិនិយោគ​សាធារណៈ​ដូចជា ​ទឹក ​ចរន្តអគ្គិសនី ​និងការ​តភ្ជាប់​ផ្លូវ​ថ្នល់​សេដ្ឋកិច្ច​ជាដើម​។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរតែ​ ប្រើ​កញ្ចប់​ថវិកា​ជាតិ​មួយ​ផ្នែក ​ដែល​បាន​មក​ពី​ចំណូល​រ៉ែមាស ​អភិវឌ្ឍន៍​សហគមន៍​នៅ​មូលដ្ឋាន​ ធ្វើ​យ៉ាងណា​ឱ្យ​ជន​ជាតិ​ដើម​ភាគគិច​ព្នង​ រស់​នៅ​តំបន់​នោះ​ទទួល​ប្រយោជន៍​ពេញ​លេញ​ដូចជា ​កសាងផ្លូវ ​សាលារៀន ​មន្ទីរពេទ្យ​ បណ្តាញ​អគ្គិសនី ​និង ​អណ្តូង​ទឹក​ជាដើម​។ ​លោក​បញ្ជាក់​ថា ​បញ្ហា​ទាំង​នេះ​ នឹង​អាច​អនុវត្ត​បាន​ជោគជ័យ ​បើ​រដ្ឋាភិបាល​បាន​ព្រមព្រៀង​គ្នា​ជាមួយ ​ក្រុមហ៊ុន ​និង​ភាគី​ពាក់ព័ន្ធ​៖ «ជា​ការ​អនុវត្ត​ដ៏​ល្អ​គឺ ​រ៉ែ​ហ្នឹង ​ឋិត​នៅ​តំបន់​ណា​មួយ​ ហើយ​មាន​ពលរដ្ឋ​រស់​នៅ​តំបន់​ហ្នឹង ​ភាគ​លាភ​មួយ​ចំនួន ​គេ​ត្រូវ​អភិវឌ្ឍន៍​ទី១ ​ទី២ ​សម្រាប់​ពលរដ្ឋ​តំបន់​ហ្នឹង​ដែរ ​ដើម្បី​ធានា​ថា​ ពលរដ្ឋ​ជន​ជាតិ​ដើម​ក្តី ​និង​ខ្មែរ​ក្តី ​គឺ​គាត់​ទទួល ផល​ចេញ​ពី​រ៉ែ ​ដែល​គាត់​រស់​នៅ​យូរ​ហើយ​»។

​វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះពី​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពលលោក ​យស ​មុនីរ៉ាត់ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។ ចំណែក​អ្នក​នាំ​ពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏មិន​អាច​ទាក់ទង​បាន​ដែរ ​នៅ​ថ្ងៃ​ដដែល​នេះ។

​ប៉ុន្តែ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធានរ៉ែ នៃ​ក្រសួងរ៉ែ ​និង​ថាមពលលោក ​អ៊ឹង ឌីប៊ូឡា ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថ្មីៗ​នេះ​ថា (២៥ កញ្ញា) ក្រុមហ៊ុន​នេះ ​បាន​​បំពេញ​បែប​បទ​តាម​នីតិ​វិធី​គយ​ និង​បាន​នាំ​ចេញ​ដុំ​មាស ​៧ជើង ​ស្មើ​នឹង​ទម្ងន់​ជាង​ ២រយ​ ៤០ ​គីឡូក្រាម (២៤៧) ដើម្បី​យក​ទៅ​បន្សុទ្ធ​ជា​មាស​សុទ្ធ​ នៅ​ប្រទេស​​អូស្ត្រាលី។ ​លោក​បញ្ជាក់​ថា ​ក្រុមហ៊ុន​ទើប​តែ​ចម្រាញ់​រ៉ែមាសចំនួន​៤៦ដុំ ​ដែល​ស្មើ​នឹង​ប្រមាណ​៥២២​គីឡូក្រាម ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា​ តើទំហំ​ដុំ​មាស​​ទាំងនេះ​ នឹង​បង់​ពន្ធ​ចូល​រដ្ឋ​ចំនួន​ប៉ុន្មាន​នោះ​ទេ​?

​ជុំ​វិញ​រឿង​នេះ ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​យក​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​រ៉ែមាស​នេះ​ មក​អភិវឌ្ឍ​ស្ថានភាព​ផ្លូវ​ឱ្យ​មាន​គុណភាព ​និង​ស្តង់ដារ​ ពីទី​រួម​ខេត្ត​មណ្ឌលគិរី​ឆ្ពោះ​ទៅ​តំបន់​អូរខ្វាវ ​ឋិត​ក្នុង​ឃុំ​ចុង​ផ្លាស់ ​ស្រុក​កែវសីមា ​ព្រោះ​បច្ចុប្បន្ន​ ផ្លូវ​លំបាក​ធ្វើ​ដំណើរ​មាន​ភក់​ល្បាប់​នៅ​រដូវ​វស្សា ​និង​មាន​ដី​ហុយ​ខ្លាំង​នៅ​ខែ​ប្រាំង​។ ​អ្នកភូមិ​រំពឹង​ថា ​រដ្ឋាភិបាល​នឹង​ទាញ​ប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ឱ្យត្រឹមត្រូវ ​និង​បណ្ដុះ​បណ្តាល​យុវជន​ក្នុង​ខេត្ត​មណ្ឌលគិរី​ធ្វើជា​កម្មករ​ជំនាញ​ក្នុង​វិស័យ​នេះ ​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគេ។​

សមាជិក​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នងខេត្ត​មណ្ឌលគិរី​លោក​ស្រី​ រឿង ហើន​ ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន ​ធ្វើ​ជា​កម្មករ​ជំនាញ​នោះ​ទេ​ ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន ​ខ្វះ​ចំណេះ​ដឹង​ និង​មិន​ចេះ​អក្សរ​។ ​លោកស្រី​មើល​ឃើញ​ថា ​ក្រុមហ៊ុន​នេះ​ គ្រប់គ្រង​កាក​សំណល់ ​និង​ចម្រាញ់​រ៉ែមាស​បាន​ល្អ ​មិន​ដូច​ក្រុមហ៊ុន​ចិន​រ៉ុងឆេង​នោះ​ទេ​ ហើយ​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ ​និង​បរិស្ថាន ​មាន​តិចតួច​ប៉ុណ្ណោះ៖ «ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​សាង​សង់​សាលារៀន ​មន្ទីរពេទ្យ​ ឬក៏​ជួយ​បញ្ជូន​គ្រូ​បង្រៀន​បន្ថែម ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​នៅ​ទី​នេះ ​ហើយ​ជួយ​ផ្តល់​ប្រាក់​ចំណូល​ ដល់​ពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ​។ ​ពួកគាត់​ធ្វើ​ស្រែ​ចម្ការ ​និង​ចិញ្ចឹម​គោ​ក្របី ​អត់​មាន​ប្រាក់​ចំណូល​ក្រៅ​ពី​ហ្នឹង​ទេ​ ហើយ​ក្រុមហ៊ុន​ហ្នឹង ​មិន​អាច​យក​ពលរដ្ឋ​នៅ​កន្លែង​ហ្នឹង​ធ្វើការ​ទេ»។​

របាយការណ៍​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី​បង្ហាញ​ថា  នៅ​ខេត្ត​នេះ ​មាន១០​ក្រុមហ៊ុន​ ឬ​ស្មើ ​១១​អាជ្ញាប័ណ្ណ ​ទទួល​សិទ្ធិ​សិក្សា​ស្រាវជ្រាវ​រ៉ែ ​ឋិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​។ ​ក្នុង​ចំណោម ​១០ ​ក្រុមហ៊ុន ​មាន​ពីរក្រុមហ៊ុន​ប៉ុណ្ណោះ ​បាន​រក​ឃើញបរិមាណ​រ៉ែ​មាស ​គឺ​ក្រុមហ៊ុន​ចិន ​រ៉ុង ​ឆេង  និង​ក្រុមហ៊ុន ​រឺ​នី​សង់​ របស់​ប្រទេស​អូស្ដ្រាលី​។ លើស​ពី​នេះ​ទៀត ​នៅ​ខេត្ត​មណ្ឌលគិរី ​មាន​សក្ដានុពល​ រ៉ែ​ ជាច្រើន​ប្រភេទ​រួមមាន​  រ៉ែមាស ​សំណរ  និង​បុកស៊ីត ​ជាដើម​។

អភិបាល​ខេត្ត​មណ្ឌលគិរីលោក ​ស្វាយ ​សំអ៊ាង ​ធ្លាប់​លើក​ឡើង​ថា​ អាជីវកម្ម​រ៉ែ​ទាំងនេះ ​នឹង​នាំ​មក​នូវ​ចំណូល​សេដ្ឋកិច្ច​ជូន​ជាតិ ​រួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​មណ្ឌលគិរី​ កាន់តែ​ប្រសើរ​។ ​លោកអះអាងថា  បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងពីរ​នេះ ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​រួមមាន ​អណ្ដូងទឹក ​មន្ទីរពេទ្យ​ ផ្លូវ ​និង​ ស្ពាន​ជាដើម​៖ «មក​ទល់​ពេលនេះ ​មាន​ក្រុមហ៊ុន​រឺនីសង់របស់​អូស្រាលី​ ដែល​ក្រុមហ៊ុន​នេះ ​គាត់​បាន​សិក្សា​ជា​យូរ​ឆ្នាំ​មក​ហើយ ​ហើយ​អាច​គាត់​នឹង​ធ្វើ​អាជីវកម្ម​ នៅ​ក្នុង​ឆ្នាំ ​២០២០​ ឬ​២០២១ ​នៅពេល​ដែល​គាត់​រៀបចំ​នៅ​ ខ្សែ​សង្វាក់​ផលិតកម្ម​រួចរាល់។​ ទីពីរ ​មាន​ក្រុមហ៊ុន​ចិន ​គឺ​ក្រុមហ៊ុន​រ៉ុង ​ឆេង​ ក្រុមហ៊ុន​នោះ ​គាត់​បាន​សិក្សា​ ហើយ ​និង​ដំណើរការ​អាជីវកម្ម ​នៅ​ឆ្នាំ ​២០២០ ​និង​ ២០២១​នេះ»។

ជុំវិញ​រឿងនេះ ទីប្រឹក្សា​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នងលោក គ្រើង តុលា យល់​ថា រដ្ឋាភិបាល គួរតែ​ចរចា​ជាមួយ​ក្រុមហ៊ុនស្ថាបនា​ផ្លូវ​ដើម្បី​ប៉ះប៉ូវ​ផ្លូវចិត្ត​របស់​ពលរដ្ឋ ​ដែល​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​រ៉ែមាសលោកថា​ពលរដ្ឋ​នៅ​តែ​ព្រួយបារម្ភ ពី​ផលប៉ះពាល់​បរិស្ថាន ដោយសារ​កន្លង​មាន​រឿង​អាស្រូវ​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ​និង​ផល​ប៉ះពាល់​បរិស្ថាន ​ដូចជា​ករណី​ពុល​ទឹក​អូរ បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់ ​និង​គោ​ក្រ​បី​ជា​ច្រើន​ក្បាល​ងាប់ ដោយ​សង្ស័យ​ថា ក្រុមហ៊ុន​ចិនរ៉ុងឆេង ​បង្ហូរ​កាក​សំណល់​ចូល​ទឹកអូរ​ធម្មជាតិ៖ «ពលរដ្ឋ​ខ្លាច​ជាតិ​ពុល ​ហូរ​ចេញ​ពី​ទំនប់​របស់​ក្រុមហ៊ុន​ហ្នឹង ​ទី២​ បាត់បង់​ធនធាន​ធម្មជាតិ​ហើយ ​ហើយ​ការ​ប្រើប្រាស់​រ៉ែ​មិន​ចំ​គោលដៅ​ វា​ធ្វើ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ច្រើន​ រាល់​ថ្ងៃ​ហ្នឹង»​។

កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថ្លែង​​ថា  កម្ពុជា​អាច​ផលិត​មាស​សុទ្ធ​ជា​លក្ខណៈ​ឧស្សាហកម្ម​ប្រមាណ ៣​តោន ក្នុង​មួយឆ្នាំ ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ លោក​ថា ផលិតកម្ម​មាស​នេះ អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ជិត ២រយលានដុល្លារ (១៨៥​) ​ក្នុង​មួយឆ្នាំ ហើយ​រដ្ឋ​អាច​រក​ចំណូល​ចូល​ថវិកាជាតិ​បាន​ពី​សួយ​សារ ​និង​សារពើពន្ធ​ផ្សេងៗ ជា​មធ្យម​ប្រមាណ ៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

កាលពី​ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជិត ២០​នាក់បាន​ស្លាប់ និង​ជាង ៤០០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ពុល​ទឹកអូរ និង​ទឹក​ព្រែក ដែល​សង្ស័យ​ថា បង្ក​មក​ពី​ការ​បង្ហូរ​កាកសំណល់​គីមី​ហ្សានីត ពី​សំណាក់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន​មួយ​ឈ្មោះ រ៉ុង ឆេង (RONG CENG INDUSTRIAL INVESTMENT ( CAMBODIA ) CO ., LTD ) ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ខេត្តមណ្ឌលគិរី ជាប់​ភូមិ​សាស្ត្រ​ខេត្តក្រចេះ។ ​លើស​ពី​នេះ​ នៅ​ឆ្នាំ ​២០១៨ ​និង​ ឆ្នាំ​ ២០១៩ ​គោក្របី​របស់​ពលរដ្ឋ​រស់​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុកកែវ ​សីមា​ រាប់​រយ​ក្បាល​ងាប់​ជា​បន្ត​បន្ទាប់ ​សង្ស័យ ​ពុល​ទឹកអូរ ​ដែល​ក្រុមហ៊ុន​ចិន​រ៉ុង​ឆេង ​បង្ហូរ​កាក​ចំណូល​ចូល​។ ក្នុង​ករណីនេះ​ ពលរដ្ឋ​រាប់​រយ​នាក់ ​ធ្លាប់​ផ្ដិត​មេដៃ ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​ និង​ផ្តល់​សំណង​សមរម្យ ​ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធ​ផល​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។