សង្គមស៊ីវិលជំរុញឱ្យក្រសួងសាធារណការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកឱ្យមានប្រសិទ្ធភាព
2022.11.02

សង្គមស៊ីវិលស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូនត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកឱ្យបានត្រឹមត្រូវ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីសាធារណការបានទទួលស្គាល់ពីភាពខ្វះចន្លោះនៃការគ្រប់គ្រងមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ដែលបណ្ដាលឱ្យកើតមានហេតុការណ៍លិចទូកស្លាប់មនុស្ស។
មន្ត្រីអង្គការសង្គមស៊ីវិលស្វាគមន៍ដែលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាឱ្យមន្ត្រីជំនាញត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានត្រឹមត្រូវ ប៉ុន្តែពួកគេស្នើដល់ក្រសួងធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ពលរដ្ឋខ្មែរជាច្រើននៅតែពឹងផ្អែកទៅលើមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្តែអាជ្ញាធរហាក់មិនបានគិតគូររឿងនេះឱ្យហ្មត់ចត់នោះទេ។ លោកបន្តថា ភាពឆកល្វែងនៃការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកនេះ បានបណ្ដាលឱ្យពលរដ្ឋមួយចំនួនបាត់បង់ជីវិត ជាឧទាហរណ៍ករណីលិចទូកដនៅខេត្តកណ្ដាលដែលសម្លាប់ជីវិតកុមារចំនួន ១១នាក់ ជាដើម។
លោក ស៊ឹង សែនករុណា៖ «ទាល់តែមានហេតុការណ៍នេះកើតឡើង ទើបយើងឃើញថា រដ្ឋហាក់បីដូចជាចាប់ផ្ដើមគិតគូរអំពីបញ្ហានេះឡើងវិញ។ ប៉ុន្តែយ៉ាងណា យើងសង្ឃឹមថា ការលើកឡើងរបស់រដ្ឋមន្ត្រី លោកនឹងពិនិត្យមើលលទ្ធភាពនៃការដោះស្រាយបញ្ហាហ្នឹងឱ្យអស់លទ្ធភាពជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងសេចក្ដីព្រាងច្បាប់មួយ ដើម្បីធ្វើយ៉ាងណាការពារអាយុជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមមធ្យោបាយផ្លូវទឹកហ្នឹង»។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ គឺក្រោយពេលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានទទួលស្គាល់ថា ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនផ្លូវទឹក មានដូចជា ទូក និងទូកចម្លង ជាដើម មិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ តុលា ថា ក្រសួងមិនដែលបានចុះត្រួតពិនិត្យស្តង់ដារសុវត្ថិភាពទូកចម្លងតាមដងទន្លេនោះឡើយ ហើយការគ្រប់គ្រងទូកទូទៅក៏មិនទាន់បានត្រឹមត្រូវដែរ។ លោកបញ្ជាក់ថា ក្រសួងនឹងពន្លឿនការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីឱ្យការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកមានប្រសិទ្ធភាព។
លោក ស៊ុន ចាន់ថុល៖ «ជាកំហុសរបស់យើងដែរ។ យើងមិនបានទៅត្រួតពិនិត្យ មិនបានទៅរាប់មើលថា នែ! នៅទូកដជិះបានប៉ុន្មាននាក់? ថា បាន ៥០ នាក់។ ៥០ នាក់ ត្រូវមានអាវពោង ៥០ ប៉ុន្តែយើងអត់ទាន់បានធ្វើទេ។ ច្បាប់យើងអត់ទាន់មាន ប៉ុន្តែយើងក៏ប្រហែសដែរ។ បើយើងមិនទាន់មានច្បាប់ ក៏យើងអាចទៅជួយណែនាំដែរ។ អ៊ីចឹងយកឱកាសនេះ ឱកាសដែលអកុសលនេះ យកទៅជំរុញធ្វើច្បាប់ឱ្យបានលឿន ចុះត្រួតពិនិត្យឱ្យបានដិតដល់អំពីអាវពោងសុវត្ថិភាពនៅតាមទូកនីមួយៗ»។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ប្រសិនបើក្រសួងពិតជាអាចធ្វើបានដូចការលើកឡើងនេះមែន នោះជារឿងល្អ ដើម្បីសុវត្ថិភាពពលរដ្ឋ ជាពិសេសសម្រាប់សិស្សានុសិស្ស។ ប៉ុន្តែអ្នកស្រីហាក់មិនទាន់មានជំនឿលើរឿងនេះនៅឡើយទេ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «គ្រប់ទីកន្លែងតែងតែសន្យាថា ធ្វើ ធ្វើ ធ្វើ ប៉ុន្តែវាអត់មានឃើញពន្លឺនៃការធ្វើហ្នឹងកន្លងមក។ ហើយបើបានធ្វើឆាប់ គឺខ្ញុំចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សនៅទីតាំងដែលក្រសួងសាធារណការមានគម្រោងនេះ»។
កាលពីថ្ងៃទី ១៣ តុលា កន្លងទៅ មានករណីលិចទូកចម្លងមួយគ្រឿងនៅស្រុកលើកដែក ខេត្តកណ្ដាល ដែលបណ្ដាលឱ្យកុមារជាសិស្សចំនួន ១១នាក់ បានស្លាប់។ ទូកចម្លងដែលលិចនោះ ជាទូកចាស់ ហើយគ្មានពោង ឬអាវសុវត្ថិភាពអ្វីឡើយ។ ពលរដ្ឋឱ្យដឹងថា ទូកចម្លងប្រភេទនេះនៅមានប្រើប្រាស់ជាច្រើនកន្លែងទៀតនៅតាមដងទន្លេ ស្ទឹង និងព្រែកក្នុងប្រទេសកម្ពុជា។
មន្ត្រីសង្គមស៊ីវិលគូសបញ្ជាក់ថា អាជ្ញាធរមានកាតព្វកិច្ចក្នុងការធានានូវសុវត្ថិភាពសម្រាប់ពលរដ្ឋដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ព្រោះនេះប្រៀបបាននឹងការធានានូវសិទ្ធិរស់រានមានជីវិតមួយផ្នែករបស់ពលរដ្ឋដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។