មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតឡើងវិញលើករណីផ្ដិតមេដៃទទួលសំណងមិនសមស្របរបស់ស្ត្រីរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ និងអនុវត្តតាមច្បាប់ព្រហ្មទណ្ឌលើជនបង្ក។ ពួកគាត់ថា ការបណ្ដោយឱ្យជនបង្ករួចខ្លួនដោយគ្រាន់តែបង់ថ្លៃសំណងបន្តិចបន្តួច ជាវប្បធម៌អាក្រក់បង្កឱ្យមានអំពើពុករលួយ ការរំលោភច្បាប់ និងមិនឱ្យតម្លៃលើអាយុជីវិតជនរងគ្រោះ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឱ្យស្នងការនគរបាលរាជធានីភ្នំពេញបើកការស៊ើបអង្កេតលើករណីផ្ដិតមេដៃទទួលយកសំណងទាំងមិនសមស្របរបស់ស្ត្រីរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្រោយជនរងគ្រោះ អះអាងថា មានគេយកមេដៃរបស់គាត់ទៅផ្ដិតលើលិខិតព្រមទទួលសំណង ទាំងដែលគាត់កំពុងសន្លប់បាត់បង់ស្មារតី។ ការទាមទារនេះធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ បានបង្ហាញកិច្ចព្រមព្រៀងមួយដោយថាជនរងគ្រោះបានផ្ដិតមេដៃទទួលយកសំណងចំនួន២ពាន់៥រយដុលា្ល (២.៥០០ដុល្លារ) ពីជនបង្ក និងលិខិតដកពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះដើម្បីបញ្ចប់រឿង។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ធ្នូ ថា ការផ្ដិតមេដៃលើលិខិតស្នាមផ្សេងៗដោយភាគីម្ខាងទៀតកំពុងបាត់បង់ស្មារតី ឬមិនមែនចេញពីឆន្ទៈ នោះវាមិនអាចក្លាយជាលិខិត ឬកិច្ចសន្យាស្របច្បាប់បានឡើយ ហើយគេអាចធ្វើមោឃភាពបានគ្រប់ពេល។ លោកបន្តថា អាជ្ញាធរត្រូវតែបើកការស៊ើបអង្កេតលើរឿងនេះឱ្យបានច្បាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ យ៉ាងណាលោកបន្ថែមថា ទោះបីមានការសងសំណងក៏ពិតមែន តែវាអាចដោះស្រាយបានតែនៅក្នុងបណ្ដឹងរដ្ឋប្បវេណីប៉ុណ្ណោះ មិនអាចធ្វើឱ្យរលត់បណ្ដឹងអាជ្ញានៅក្នុងច្បាប់ព្រហ្មទណ្ឌបានឡើយ៖
«ពីព្រោះតាមនីតិវិធីការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងរឿងព្រហ្មទណ្ឌបែបនេះ គឺថាត្រូវទទួលខុសត្រូវទាំងសំណងរដ្ឋប្បវេណីផង ទទួលខុសត្រូវទាំងទោសទណ្ឌនៅក្នុងពន្ធនាគារផង។ អ៊ីចឹងបើខាងជនរងគ្រោះគេទទួលយកសំណងខាងរដ្ឋប្បវេណី អាហ្នឹងវាអាចបញ្ចប់បានតែរឿងរដ្ឋប្បវេណីទេ ដោយឡែករឿងព្រហ្មទណ្ឌគឺអត់អាចបញ្ចប់បានទេ។ ព្រោះការរំលត់រឿងព្រហ្មទណ្ឌមិនអាចយកសំណង(ទៅ)ប៉ះប៉ូវបានទេ។ ដូច្នេះរឿងនេះ ទោះយ៉ាងណាក៏ដោយយើងស្នើឱ្យព្រះរាជអាជ្ញាពិនិត្យរឿងហ្នឹងឱ្យបានហ្មត់ចត់ចំពោះការធ្វើកាតទៅតាមនីតិវិធី ធ្វើការចោទប្រកាន់តាមនីតិវិធីឱ្យបានត្រឹមត្រូវ ជាជាងឱ្យនិទ្ទណ្ឌភាពកើតឡើង»។
កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត បុកម៉ូតូមួយគ្រឿងចំពីក្រោយពេញទំហឹង នៅលើស្ពានជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បណ្ដាលឱ្យពលរដ្ឋ ៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ២ខែម្នាក់ផងដែរ។ ក្រោយកើតហេតុ ជនបង្កព្យាយាមបើករត់គេចតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងយប់កើតហេតុ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយត្រូវបានផាកពិន័យចំនួន២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យចុះថ្ងៃទី១៧ មីនា ឆ្នាំ២០២០។ សព្វថ្ងៃនេះ បញ្ហាគ្រឿងស្រវឹង គឺជាកត្តាដ៏ចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវកើនឡើងដែលបណ្តាលឱ្យមានអ្នករបួស និងអ្នកស្លាប់ ដ៏គួរឱ្យរន្ធត់និងសោកសៅ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ដឹកនាំប្រទេសលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយនិងប្រើប្រាស់គ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងដោយគ្មានការកំណត់។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា រាល់គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយក្រុមអ្នកមានលុយ មានអំណាច តែងតែត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ និងសម្រួលគ្នាដោយការបង់លុយបន្តិចបន្តួចបញ្ចប់រឿង។ លោកបន្តថា ប្រសិនបើមានករណីបែបនេះពិតមែន នោះវានឹងបង្ហាញពីអំពើពុករលួយក្នុងប្រព័ន្ធច្បាប់កម្ពុជា ដោយមានការត្រួសត្រាយពីអាជ្ញាធរឱ្យជនបង្កបានរួចខ្លួនពីសំណាញ់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះមិនស្របទៅតាមឆន្ទៈរបស់ពួកគេ ឬគ្មានការផ្ដល់ដំណឹងច្បាស់លាស់ជាដើម៖
«ដូច្នេះបណ្ដឹងរដ្ឋប្បវេណីអាហ្នឹងជាការចរចាក្នុងប្រព័ន្ធតុលាការក្ដី ក្រៅប្រព័ន្ធតុលាការក្ដី អាហ្នឹងជាឆន្ទានុសិទ្ធិរបស់ភាគីទាំងសងខាង។ ប៉ុន្តែបណ្ដឹងអាជ្ញាដែលធ្វើឱ្យមានបទល្មើសព្រហ្មទណ្ឌទោះបីជាជនទាំងពីរហ្នឹងព្រមដកបណ្ដឹងក៏ដោយ ប៉ុន្តែបណ្ដឹងអាជ្ញាហ្នឹងដឹងតែជាប់អូតូហើយ(ដោយស្វ័យប្រវត្តិ) ហើយជនហ្នឹងត្រូវទទួលខុសត្រូវជាមួយនឹងច្បាប់ជាធរមាន។ ទោះជាភាគីខាងជនរងគ្រោះគេអនុគ្រោះ គេព្រមម៉េចក៏ដោយ តែច្បាប់គឺអត់អាចអនុគ្រោះទេ»។
ជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបាត់បង់ស្មារតី។ លុះដល់ថ្ងៃទី៦ ធ្នូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះក្នុងបណ្ដាញសង្គមថា ភាគីជនរងគ្រោះបានផ្ដិតមេដៃលើកិច្ចព្រមព្រៀងទទួលយកសំណង ២ពាន់៥រយដុល្លារ (២.៥០០ដុល្លា)ពីជនបង្ក និងដកពាក្យបណ្ដឹងដើម្បីបញ្ចប់រឿង។ ក្នុងកិច្ចព្រមព្រៀងនោះមានស្នាមមេដៃ ឈ្មោះ ញ៉ែម សុគន្ធារី ភាគីរថយន្តបង្ក ចំណែកភាគីជនរងគ្រោះមានឈ្មោះ មុច ស្រីល័ក្ខ និងឈ្មោះ ចាន់ សុភាព ដែលត្រូវជាម្ដាយ។ ប៉ុន្តែនៅថ្ងៃទី៧ ខែធ្នូ ស្ត្រីរងគ្រោះឈ្មោះ មុច ស្រីល័ក្ខ បានប្រាប់សារព័ត៌មានវីអូឌី (VOD)ថា ខ្លួនមិនបានផ្ដិតមេដៃលើកិច្ចព្រមព្រៀងនោះឡើយ និងអះអាងថាមានអ្នកយកដៃរបស់នាងទៅផ្ដិតលើកិច្ចព្រមព្រៀងនោះក្នុងពេលនាងសន្លប់បាត់ស្មារតី។ បច្ចុប្បន្ន ជនរងគ្រោះទាំងម្ដាយ និងទារក កំពុងស្ថិតក្នុងមន្ទីរពេទ្យដើម្បីសង្គ្រោះនិងព្យាបាល។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីសុំការឆ្លើយតបបានឡើយនៅថ្ងៃទី៨ ខែធ្នូ។ តែក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃដដែលនោះ បានដកស្រង់សម្ដីរបស់គ្រូពេទ្យជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ បានទៅសម្រាកព្យាបាលរបួស ដោយអះអាងថានាងមានស្មារតីគ្រប់គ្រាន់ និងបានដើរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង មិនមានការសែងចូលនោះទេ និងថាជនរងគ្រោះគ្រាន់តែរងរបួសត្រង់ ក្បាល ក និងភ្នែក។ ការបំភ្លឺរបស់ស្នងការបែបនេះត្រូវបានមហាជនរិះគន់ថា គ្រាន់តែជាលេសដើម្បីត្រួសត្រាយផ្លូវឱ្យជនបង្ករួចខ្លួន និងគេចវេះមិនទទួលខុសត្រូវមុខច្បាប់តែប៉ុណ្ណោះ ហើយការផ្ដិតមេដៃនេះ ធ្វើឡើងខណៈដែលជនរងគ្រោះមានការពិតភ័យ និងមានរបួសនៅឡើយ។
មន្ត្រីសង្គមស៊ីវិល និងមហាជនបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយក្រុមអ្នកមានអំណាច មានលុយ ច្រើនតែសម្របសម្រួលគ្នាដោយសំណងបន្តិចបន្តួចបញ្ចប់រឿង ឬទទួលទោសទណ្ឌក្នុងរយៈពេលខ្លីមិនសមនឹងទោសរបស់ពួកគេនោះឡើយ។ ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តរបស់ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បុករ៉ឺម៉កម៉ូតូខូចខ្ទេច បណ្ដាលឱ្យពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗ កាលពីថ្ងៃទី២៩ កញ្ញា មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតគួរឲ្យទុកចិត្តបាននៅឡើយ ហើយអភិបាលខេត្តរូបនេះ នៅតែរស់នៅក្រៅសំណាញ់ច្បាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់នេះ កំពុងក្លាយជាវប្បធម៌អាក្រក់មួយនៅកម្ពុជា សូម្បីតែ លោក ជាម យៀប ជាអនុប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាក៏ធ្លាប់បុកអ្នកធ្វើដំណើរលើដងផ្លូវហើយរត់ ដែលបណ្ដាលឱ្យស្ត្រីជាប្រពន្ធមានផ្ទៃពោះស្លាប់ និងប្ដីរងរបួសធ្ងន់ក្នុងស្រុកកៀនស្វាយ កាលពីឆ្នាំ២០១៣។ មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីចែងថាជនណាបើកបរដោយធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលទៅ១០លានរៀល។
ករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរ និងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោស ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។