ក្រសួង​អប់រំ​គួរ​បកស្រាយ​ឱ្យ​ច្បាស់​រឿង «យុវជន​តវ៉ា​ដក​ក្របខ័ណ្ឌ​ចេញ​ពី​វិទ្យាស្ថាន​ជាតិ​កីឡា»

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បកស្រាយ​ចំពោះ​ការ​លុបឈ្មោះ​គរុ​សិស្ស​ចេញពី​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ជាជាង​បន្ត​ប្រើ​អំពើ​ហិង្សា​បញ្ឈប់​សកម្មភាព​តវ៉ា​ទាមទារ​យុត្តិធម៌​របស់​អតីត​គរុ​សិស្ស​។ អតីត​គរុ​សិស្ស​លើកឡើង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​របស់​អាជ្ញាធរ​ក្ដី ក៏​លោក​នៅតែ​ទាមទារ​រក​យុត្តិធម៌ ចំពោះ​ការ​លុបឈ្មោះ​ចេញពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា។

សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយដំ​ទៅលើ​អតីត​គរុសិស្ស​ម្នាក់ គឺ​លោក កែវ សុវណ្ណឫទ្ធិ និង​មិត្ត​ភ័ក្តិ​លោក លាភ ប្រាថ្នា នៅ​ពេល​ពួកគេ​តវ៉ា​សុំ​ឲ្យ​ក្រសួង​អប់រំ​ដោះលែង​បញ្ហា​នៃ​ការ​បណ្តេញ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ។ លោក កែវ សុវណ្ណឫទ្ធិ តវ៉ា​ដោយសារតែ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ធ្លាប់​បាន​វាស់កម្ពស់​ឃើញ​ថា លោក​មាន​កម្ពស់​ត្រឹមតែ​១​ម៉ែត្រ​៦២ (១៦២ សង់ទីម៉ែត្រ​) ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​កំឡុង​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ​២០២១ ទោះបី​ស្ដង់ដារ​តម្រូវ​ឱ្យ​មាន​​កម្ពស់​១​ម៉ែត្រ​៦៥ (១៦៥ សង់ទីម៉ែត្រ​) យ៉ាងតិច​ក៏ដោយ។ ប៉ុន្តែ​បន្ទាប់​ពី​លោក​បាន​ចូលរួម​សម្ដែង ការ​សម្ពោធ​កីឡដ្ឋាន​មរតក​តេជោ​រួចរាល់ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ បែរជា​លុបឈ្មោះ​លោក​ចេញពី​វិទ្យាស្ថាន​វិញ ដោយសារ​យក​មូលហេតុ​ថា ខ្វះ​កម្ពស់​ទៅវិញ។

វីដេអូ​ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​តៗ​គ្នា​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​២១ ខែសីហា បាន​បង្ហាញ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ជិត ១០​នាក់ បាន​វាយ​និង​ចាប់បង្ខំ​ឱ្យ​យុវជន​៣​នាក់​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្ត នៅ​ខាងមុខ​ការិយាល័យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ទោះជា​យ៉ាងណា​គេ​ឃើញ​យុវជន​ម្នាក់​បាន​រើបម្រះ​ខ្លួន​រួច និង​រត់គេច​ចេញពី​ការ​ឃាត់ខ្លួន​នេះ។

លោក កែវ សុវណ្ណឫទ្ធិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក និង​មិត្ត​ភ័ក្ដិ​របស់​លោក​ម្នាក់​ទៀត​គី​លោក លាភ ប្រាថ្នា នៅតែ​ឈឺចាប់​ត្រង់​កន្លែង​សមត្ថកិច្ច​បាន​វាយ។ លោក​បន្ថែម​ថា សមត្ថកិច្ច​បាន​ទាត់​ធាក់​លោក​ចំ​ចុងដង្ហើម និង​បាន​យកដៃ​លូក​ឆ្កឹះ​ឆ្អឹងជំនី​របស់​លោក ចំណែកឯ​មិត្តភ័ក្ដិ​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​វាយ​មួយ​ទំហឹង​ដៃ​ចំ​លលា​ដ៏​ក្បាល​ខាងក្រោយ បណ្ដាល​ឱ្យ​ដួលសន្លប់​ភ្លាមៗ។ ទោះ​ជា​យ៉ាងណា អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ដោះលែង​លោក និង​មិត្ត​ភ័ក្ដិ​របស់​លោក​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​ដដែល។

លោក កែវ សុវណ្ណឫទ្ធិ បន្ថែម​ថា ការ​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​លុបឈ្មោះ​គាត់​ចេញពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​នេះ មិន​មាន​គោលបំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ក្រសួង​អប់រំ​នោះ​ឡើយ គឺ​លោក​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួនឯង​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ការ​លុបឈ្មោះ​គរុ​សិស្ស​ចេញ​ពី​ក្របខណ្ឌ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ក្រុម​យុវជន​ខាតបង់​ថវិកា និង​ពេលវេលា​តែ​ប៉ុណ្ណោះ តែ​ក៏​ធ្វើ​ក្រុម​យុវជន​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ផង​ដែរ​។ អ្នកស្រី​បន្ថែម​ថា ដើម្បី​បង្ហាញ​អំពី​តម្លាភាព​ក្នុង​ការ​ជ្រើសរើស​គរុ​សិស្ស​ឱ្យ​ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា គួរ​បកស្រាយ​ឱ្យ​បាន​ច្បាស់​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​គរុ​សិស្ស​មួយ​ចំនួន ដែល​លើស​អាយុ និង​បាន​រៀបការ​រួច​ឱ្យ​នៅ​បន្ត​សិក្សា ខណៈ​គរុសិស្ស​ដែល​ខ្វះ​កម្ពស់​ត្រូវ​បាន​ក្រសួង​បណ្ដេញចេញ​មិន​ឱ្យ​បន្ត​ការសិក្សា។ «»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។

លោក កែវ សុវណ្ណឫទ្ធិ បញ្ជាក់​បន្ថែម​ថា លោក​នឹង​បន្ត​តវ៉ា​ដោយ​មិន​បញ្ឈប់​ឡើយ ដ៏​រាប​ណា​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅតែ​មិន​ផ្ដល់​យុត្តិធម៌​ចំពោះ​រូបលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។