មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរក្រុងភ្នំពេញឱ្យគ្រប់គ្រងប្រព័ន្ធទិន្នន័យបទល្មើសព្រហ្មទណ្ឌប្រកបដោយតម្លាភាពទៅលើជនបរទេសទាំងអស់ដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជា។ ការស្នើឡើងនេះបានកើតមានឡើង ក្រោយពីអគ្គស្នងការនគរបាលជាតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌដើម្បីគ្រប់គ្រងប្រវត្តិជនសង្ស័យ និងជនរងគ្រោះ ចាប់ពីខែឧសភា នេះតទៅ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា មូលហេតុនៃការស្នើសុំឱ្យគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រកបដោយតម្លាភាពនេះ គឺដោយសារតែជនបរទេស ភាគច្រើនជនជាតិចិន បានប្រព្រឹត្តបទល្មើសច្រើនជាងគេតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឹណិត ដោយយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានក្នុងការប្រព្រឹត្តបទល្មើស ដើម្បីគំរាមកំហែងជនរងគ្រោះនៅប្រទេសចិន។
នាយករងអង្គការលីកាដូ (Licadho) ទទួលបន្ទុកសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា ការគ្រប់គ្រងលើជនបរទេស នៅបណ្ដាប្រទេសផ្សេងៗ តាមរយៈការគ្រប់គ្រងទិន្នន័យបទល្មើស តាមប្រព័ន្ធអ៊ីនធឹណិត គឺបានធ្វើឡើងជាយូរយារណាស់មកហើយ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា លោកថា ទើបតែចាប់ផ្ដើម ដែលគេនៅមិនដឹងថា ប្រព័ន្ធថ្មីនេះមានប្រសិទ្ធភាពបានប៉ុណ្ណាទេ។ តែទោះជាយ៉ាងណា លោក អំ សំអាត ស្នើសុំឱ្យគ្រប់គ្រងប្រព័ន្ធទិន្នន័យ នេះប្រកបដោយតម្លាភាព៖ «បញ្ហាកន្លងមកក៏យើងឃើញមានបទល្មើសកើតឡើងច្រើនដែរចំពោះជនជាតិចិនហ្នឹង។ យើងឃើញហើយមានទាំងការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត បទល្មើសជាច្រើនទៀតដែលបានកើតឡើងជាបន្តបន្ទាប់គ្រឿងញៀន ឬអំពើហិង្សា ផ្សេងៗ ទៀតកើតមានជាបន្តបន្ទាប់ដែរ។ អីចឹងបញ្ហាទាំងអស់នេះខ្ញុំគិតថា បញ្ហាប្រព័ន្ធអនុវត្តវិធានការណ៍ហ្នឹងចេញធ្វើយ៉ាងណាដោយតម្លាភាពក្នុងការគ្រប់គ្រងទៅលើជនបរទេស ដែលមានពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តបទល្មើសហ្នឹងបាទ»។
អគ្គស្នងការនគរបាលជាតិ លោក នេត្រ សាវឿន កាលពីថ្ងៃទី៥ ឧសភា បានចេញសេចក្ដីណែនាំមួយ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌស្របតាមបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា អ៊ី-ក្រែម ២០២០ (E-Crime 2020) ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន តែលោកមិនលើកទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៥ ឧសភា។ ក៏ប៉ុន្តែសេចក្ដីណែនាំ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ការបង្កើតប្រព័ន្ធនេះឡើងគឺដើម្បីទាញយកទិន្នន័យបទល្មើសចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឬ ដេតាបេស (Database) យកទៅប្រើប្រាស់ក្នុងការវិភាគ វាយតម្លៃស្ថានភាពបទល្មើសតាមភូមិសាស្ត្រ តាមកាលកំណត់ ព្រមគ្រប់គ្រង សាវតារជាតិជនសង្ស័យ ជនរងគ្រោះ ប្រវត្តិនៃការអនុវត្តទោសរបស់ជនល្មើស និងអនុវត្តដីកាបង្គាប់ប្រកបដោយប្រសិទ្ធភាព។
នាយកដ្ឋានអង្គភាពជំនាញ និងស្នងការនគរបាលគ្រប់ខេត្តក្រុងទាំងអស់ត្រូវកំណត់គោលការណ៍សម្រាប់រយៈពេល នៃការបញ្ចូលទិន្នន័យបទល្មើសក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អ៊ី-ក្រែម ២០២០ (E-Crime 2020) នេះ ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបទល្មើសកើតមានឡើង និងកំណត់ត្រាបញ្ចូលទិន្នន័យដីកាបង្គាប់ ចាប់ពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំ។
ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ត្រូវអ្នកជំនាញផ្នែកព័ត៌មានស្វាគមន៍ ដោយសារថា អាចមានភាពងាយស្រួលក្នុងការទាញយកព័ត៌មានពីសំណាក់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងៗ ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជាកន្លងមក។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ថា កន្លងមកអ្នកសារព័ត៌មាន មិនដែលទទួលបានព័ត៌មានពីការគ្រប់គ្រងទិន្នន័យឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះទេ។ លោកបន្តថា ករណីនៃការគ្រប់គ្រងបែបនេះ ជំរុញឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អាចផ្ដល់ព័ត៌មានបានរហ័សជាងមុន ហើយអាចបង្កឱ្យមានផលកាន់តែប្រសើរនៅក្នុងការទំនាក់ទំនង ក្នុងការផ្ដល់ព័ត៌មានពីឧក្រិដ្ឋជនផ្សេងៗ តាមប្រព័ន្ធថ្មីនេះ៖ «ទាក់ទងនឹងសមត្ថកិច្ចប្រហែលជាមានរបៀប ឬក៏បច្ចេកទេស ឬមួយវាមានផលប្រយោជន៍ច្រើនជាង។ នេះវាផ្ទុយពីអ្វីដែលជាការរំពឹងទុករបស់អ្នកសារព័ត៌មានយើង ពីព្រោះកន្លងមក យើងមានការពិបាកក្នុងការទទួលបានព័ត៌មាន ពីខាងសមត្ថកិច្ចជាពិសេសទាក់ទងនឹងរឿងទិន្នន័យបទឧក្រិដ្ឋធំៗ គឺយើងមិនងាយនឹងទទួលបានព័ត៌មានទេ»។
យ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា តើសមត្ថកិច្ចអនុញ្ញាតឱ្យពលរដ្ឋទូទៅ អ្នកកាសែត និងអង្គការសង្គមស៊ីវិល អាចចូលទៅឆែកមើលព័ត៌មានក្នុងប្រព័ន្ធគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌស្របតាមបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា អ៊ី-ក្រែម ២០២០ (E-Crime 2020) ដែរឬយ៉ាងណានោះទេ។
របាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ មានជនបរទេស សរុបចំនួន ជិត ២ម៉ឺននាក់ (១៧.២៣០នាក់) ក្នុងនោះមានស្ត្រីជិត ៣ពាន់នាក់ (ស្ត្រី ២,៩៧១នាក់) ស្មើនឹង ១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា ចូលមកធ្វើការនិងរស់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ ក្នុងចំណោមនោះ ជនជាតិចិន បានប្រព្រឹត្តបទឧក្រិដ្ឋ ច្រើនជាងគេ ដូចជា បទឆបោក សញ្ចរកម្ម ការកេងចំណេញផ្លូវភេទលើស្រីវ័យក្មេង ចាប់ជំរិត និងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត វីអូអាយភី (VOIP) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។