មន្រ្តីសង្គមស៊ីវិល ស្នើដល់អាជ្ញាធររដ្ឋាភិបាលឱ្យពង្រឹងយន្តការទប់ស្កាត់ជនបរទេស ពិសេសគឺជនជាតិចិនដែលពួកគេតែងតែប្រព្រឹត្តបទល្មើសនៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីវត្តមានជនជាតិចិនមួយចំនួននៅលើទឹកដីខ្មែរបានបង្កអសន្តិសុខក្នុងសង្គមតាមរយៈការសម្លាប់មនុស្ស រត់ពន្ធថ្នាំញៀន និងចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជម្រិតទារប្រាក់ជាដើម។
ក្រោយពីលំហូរចូលនៃវត្តមានជនជាតិចិនដ៏ច្រើនលើសលប់ចូលមកបើកជំនួញអាជីវកម្មក្នុងខេត្តព្រះសីហនុ អំពើឃាតកម្មបាញ់សម្លាប់មនុស្ស និងបញ្ហាអសន្តិសុខសង្គមជាច្រើនដែលភាគច្រើនបង្កឡើងដោយជនជាតិចិនបានបន្តកើតមានឡើងជាបន្តបន្ទាប់។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែសីហាថា ទីក្រុងព្រះសីហនុដំបូងឡើយប្រជាពលរដ្ឋរស់នៅសុខុដមរម្យនា ថ្វីដ្បិតតែគ្មានអគារទីក្រុងរណបដូចពេលបច្ចុប្បន្នយ៉ាងណាក្ដី។ ប៉ុន្តែ អ្នកស្រីថា ក្រោយពីរដ្ឋាភិបាលបានបើកចំហឱ្យជនបរទេស ជាពិសេសជនជាតិចិនចូលមកវិនិយោគនៅក្រុងព្រះសីហនុច្រើនលើសលប់ កើតមានបទល្មើស និងឧក្រិដ្ឋកម្មនានាដែលមិនធ្លាប់កើតមិនមុនមកនោះ ពេលនេះកំពុងកើតឡើងជាបន្តបន្ទាប់។
អ្នកស្រី ជៀប សុធារី ថា ជនជាតិចិនដែលប្រព្រឹត្តបទល្មើសក្នុងខេត្តព្រះសីហនុភាគច្រើន គឺទាក់ទងនឹងបញ្ហាជំពាក់បំណុល។ អ្នកស្រី លើកឡើងបន្តថា បញ្ហាជំពាក់បំណុលនេះ គឺដោយសារជនជាតិចិននៅតែមានភ្នាល់ល្បែងតាមអនឡាញ (Online) ខុសច្បាប់ នៅតាមអគារសហគ្រាសមួយចំនួនក្នុងខេត្តព្រះសីហនុ ទោះបីជារដ្ឋាភិបាលបានប្រកាសបិទបនល្បែងប្រភេទនេះកាលពីឆ្នាំ២០១៩ក្ដី។ អ្នកស្រីបន្តទៀតថា ដោយសារតែវិស័យបនល្បែងខុសច្បាប់ក្នុងខេត្តព្រះសីហនុនៅតែបន្តដំណើរការបែបនេះហើយ ទើបធ្វើឱ្យជនជាតិចិនមួយចំនួនហ៊ានប្រព្រឹត្តបទល្មើសគ្រប់បែបយ៉ាង រាប់ទាំងការសម្លាប់មនុស្ស និងការចាប់ជម្រិតទារប្រាក់ជាផ្នូរនឹងដោះលែងជនរងគ្រោះជាដើម៖ « ប៉ុន្តែ អ្វីដែលយើងព្រួយបារម្ភថា ការជម្រាបជូនអំពីលទ្ធផលនៃការធ្វើសវនាការ និងការសម្រេចផ្តន្ទាទោសកម្រិតសាលាដំបូងថ្នាក់ខេត្តព្រះសីហនុនេះ តើប្រទេសកម្ពុជាសមត្ថកិច្ចតុលាការហ្នឹង លោកផ្ដន្ទាទោស [ ក្រុមឧក្រិដ្ឋជន ] ដល់កម្រិតណា ? ព្រោះយើងចង់ឱ្យជនដែលប្រព្រឹត្តបទល្មើស គាត់បានទទួលទោស ដើម្បីជាការព្រមាន កុំឱ្យបង្កបញ្ហាទាំងអស់កើតមានឡើងទៀត »។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បីសាកសួរបញ្ជាក់ពីបញ្ហានេះបានទេនៅថ្ងៃទី១៤ ខែសីហា។ ប៉ុន្តែ លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា បទល្មើសនានាក្នុងខេត្តព្រះសីហនុមិនមែនជារឿងគួរឱ្យព្រួយបារម្ភឡើយ ដោយសារតែសមត្ថកិច្ចជំនាញបង្ក្រាបក្រុមជនល្មើសបានជាបន្តបន្ទាប់។
លោក ជួន ណារិន្ទ ទទួលស្គាល់ថា ជនជាតិចិនមួយចំនួនបានលួចប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ។ លោកអះអាងថា សមត្ថកិច្ចក៏កំពុងបន្តការស៊ើបអង្កេតរកអ្នកដែលពាក់ព័ន្ធលើករណីជួញដូរអាវុធនេះ ដើម្បីយកអនុវត្តតាមផ្លូវច្បាប់៖ « អ្នកណាក៏ដោយមិនមែនតែថា ជនជាតិចិនទេ ជនជាតិណាដែលបានប្រើអាវុធ ខុសច្បាប់ កាន់កាប់ដោយខុសច្បាប់ អនុវត្តដោយច្បាប់ដែលយើងមាន មិនលើកលែងទេ »។
ទោះបីជាយ៉ាងណា អ្នកឃ្លាំមើលថា ការអះអាងរបស់ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ ហាក់មិនទាន់មានឆន្ទៈគ្រប់គ្រាន់ក្នុងការចាត់វិធានការទប់ស្កាត់ជនបរទេសប្រព្រឹត្តបទល្មើស ជាពិសេសជនជាតិចិនប្រើប្រាស់កាំភ្លើងបាញ់សម្លាប់មនុស្សនៅលើទឹកដីខ្មែរនេះ ឱ្យមានប្រសិទ្ធិភាពនៅឡើយ។
កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ក្រុមឧក្រិដ្ឋជនជនជាតិចិន និងវៀតណាមមានគ្នាជាង ១០នាក់ បានទាស់ពាក្យសម្តីជាមួយអ្នករត់ម៉ូតូកង់បីម្នាក់ដែលជនជាតិខ្មែរ និងបានដកកាំភ្លើងបាញ់ភ្ជង់អ្នករត់កង់បីរូបនោះ ដែលស្ថិតក្នុងខេត្តព្រះសីហនុ។ ភ្លាមៗក្រោយកើតហេតុក្រុមឧក្រិដ្ឋជនទាំងនោះបានដកកាំភ្លើងបាញ់រះមកលើក្រុមសមត្ថកិច្ចពេលចុះបង្ក្រាប ដែលបណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួសធ្ងន់ទៀតផង។
ដោយឡែក កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ជនជាតិចិនមួយក្រុមមានគ្នាប្រមាណជាង ១០នាក់បានឈ្លោះទាស់ទែងគ្នារឿងអាជីវកម្មពួកគេ ដែលបណ្តាលឱ្យខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ដកកាំភ្លើងសម្លាញ់ជនជាតិចិនដូចគ្នា។ អំពើឃាតកម្មនេះ បណ្តាលឱ្យជនជាតិចិន២នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម និងជនជាតិចិនម្នាក់បានរងរបួសធ្ងន់ ស្ថិតនៅទីតាំងអគារបនល្បែងកាស៊ីណូ តុង ហ្វាង ប៉ាលីរិន (Tong Fang Palirin) ក្នុងខេត្តព្រះសីហនុ។
ក្រោយពីរំលងបានប៉ុន្មានថ្ងៃនៃអំពើឃាតកម្មនេះ គឺចូលដល់យប់រំលងអធ្រាត្រចូលដល់ថ្ងៃទី៩ ខែសីហា ស្រាប់តែមានជនជាតិចិនមួយក្រុមទៀតមានគ្នា៥នាក់ បានដកកាំភ្លើងបាញ់ជនជាតិចិនដូចគ្នាពីរនាក់ បណ្តាលឱ្យជនជាតិចិនម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់។ ភ្លាមៗនោះសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានដេញតាមក្រុមខ្មាន់កាំភ្លើងជនជាតិចិនទាំង៣នាក់នោះរហូតដល់តំបន់ស្រុកព្រៃនប់ ហើយពួកគេក៏បានដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចក្នុងពេលកំពុងបើកឡាន ដែលធ្វើឱ្យក្រុមខ្មាន់កាំភ្លើងទាំងនោះត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច រួចបើកឡានបុកបង្គោលភ្លើងស្លាប់ទាំង៣នាក់។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បន្ថែមថា បើបទល្មើសបន្តកើតមានឡើងកាន់តែច្រើន ជាពិសេសជនជាតិចិនមានកាំភ្លើងបាញ់សម្លាប់មនុស្សដូចសព្វថ្ងៃនេះ នោះវានឹងបង្កឱ្យផលវិបត្តិដល់សង្គមធ្ងន់ធ្ងរ និងគំរាមកំហែងដល់ប្រជាពលរដ្ឋកាន់តែខ្លាំង។
អ្នកស្រី បន្តស្នើដល់អាជ្ញាធរពង្រឹងយន្តការគ្រប់គ្រងជនជាតិចិន និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹងលើជនបរទេសណាដែលតែងតែបង្កអសន្តិសុខដល់សង្គមកម្ពុជា។ អ្នកស្រីក៏បន្តស្នើយ៉ាងទទូច ដល់អាជ្ញាធរស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌ ក្នុងការវែកមុខរកប្រភពនៃមេខ្លោងពិតប្រាកដដែលបានលក់អាវុធទៅឱ្យជនជាតិចិនសម្រាប់ប្រព្រឹត្តអំពើឃាតកម្មនៅលើទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។