"បើ​លោក ហ៊ុន សែន នៅ​កាន់​អំណាច ឃាតក​សម្លាប់​លោក ជា វិជ្ជា រក​មិន​ឃើញ​ទេ"

ដោយ ទីន ហ្សាការីយ៉ា
2018-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។
ពលរដ្ឋ​យក​កម្រង​ផ្កា និង​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២២ មករា ២០១៥។
Photo: RFA

ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​ដ៏​ល្បីឈ្មោះ​កាលពី​ជាង ១​ទសវត្ស​មុន គឺជា​ឃាតកម្ម​ដ៏​កក្រើក​មួយ​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​មនុស្ស​ពេញ​មួយ​នគរ ពិសេស​ស្រទាប់​កម្មករ​ស្ដាយ​រន្ធត់ និង​ស្ដាយស្រណោះ​នៅ​ពេល​បាត់បង់ មេដឹកនាំ​សហជីព ដែល​ពូកែ​ខាង​តស៊ូ​មតិ និង​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​នៅ​ទី​សាធារណៈ​នានា ដើម្បី​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​កម្មករ។

រយៈពេល ១៤​ឆ្នាំ​មក​នេះ ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម នៅតែ​ស្ថិតនៅ​ក្នុង​ភាព​បិទបាំង ហើយ​ក្រុម​គ្រួសារ​របស់​លោក មិន​ទាន់​មាន​យុត្តិធម៌​ដដែល ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​គេ​មើល​ឃើញ​ថា ជា​តម្រុយ​ដ៏​សំខាន់ ដើម្បី​ចាប់​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ក្ដី។

ក្រុម​មេដឹកនាំ​សហជីព លើក​ឡើង​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រល​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង ឃាតកម្ម​លើ​លោក ជា វិជ្ជា បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ។

ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា មាន​ប្រសាសន៍​ថា លោក​មិន​រំពឹង​ថា ទោះបីជា​សមត្ថកិច្ច​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​វែកមុខ​ឃាតក​ក្ដី ប៉ុន្តែ​លោក​មិន​សង្ឃឹមថា យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ នឹង​មាន​នោះ​ទេ ដរាបណា​លោក ហ៊ុន សែន នៅតែ​ដឹកនាំ​ប្រទេស​នោះ៖ «ខ្ញុំ​មិន​មាន​ជំនឿ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អា​ចរក​ឃាតក​ឃើញ​នោះ​ទេ ព្រោះ​ថា នៅ​ក្នុង​របប​របស់​លោក ហ៊ុន សែន​នេះ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ក៏​បាញ់​សម្លាប់ សហជីព អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត កែម ឡី និង​ករណី​បាញ់សម្លាប់​នៅ​កន្លែង​ជល់​មាន់​ជាដើម»

ការ​លើក​ឡើង​របស់​សហជីព និង​ពលរដ្ឋ​បែប​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ខួប ១៤​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា ដែល​ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គេ​ស្គាល់​ថា លោក​បាន​លះបង់​សព្វបែបយ៉ាង ដើម្បី​លើកស្ទួយ​សិទ្ធិ​កម្មករ។ ជា​រៀងរាល់​ឆ្នាំ​មាន​កម្មករ និង​ប្រជាពលរដ្ឋ​ចូលរួម​ពិធី​បុណ្យខួប​នេះ ច្រើន​កុះករ ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​វិញ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹតត្បិត​ការ​ជួប​ជុំ និង​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ ពុំ​មាន​មនុស្ស​ចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​នេះ​សន្ធឹកសន្ធាប់​ឡើយ។

លើស​ពី​នេះ​ទៀត ទោះបីជា​ប្រពន្ធ​កូន​របស់​លោក ជា វិជ្ជា ព្រាត់ប្រាស​ស្វាមី និង​សាច់ញាតិ​នៅ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) ទៅ​ហើយ​ក្ដី ប៉ុន្តែ តុលាការ​មិន​លើកលែង​ឲ្យ​ប្អូនប្រុស​បង្កើត លោក ជា វិជ្ជា គឺ លោក ជា មុន្នី ដែល​ធ្លាប់​បាន​ដឹកនាំ​សហជីព​ជាង​១០​ឆ្នាំ បន្ត​បេសកកម្ម​បងប្រុស​របស់​លោក​នោះ​ទេ។ លោក ជា មុន្នី កំពុង​រង​បណ្ដឹង​នៅ​តុលាការ ដោយសារតែ​សហជីព​គាំទ្រ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​ញុះញង់ ហើយ​សាលាដំបូង​បាន​កោះហៅ​លោក ទៅ​បំភ្លឺ​នៅ​កាលពី​ថ្ងៃ​ទី​២២ មករា នៅ​ចំ​ថ្ងៃ​ឃាតក​បាញ់សម្លាប់​បងប្រុស​របស់​លោក។

ការ​ប្ដឹង​លោក ជា មុន្នី ពី​បទ​ញុះញង់​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយពី​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ថា សហគមន៍​អឺរ៉ុប​នឹង​មិន​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា​ទេ បើសិនជា​រដ្ឋាភិបាល​នៅតែ​រំលោភ​សិទ្ធិ​មនុស្ស ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ហើយ​កម្មករ​នឹង​អាច​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជាដើម បើសិនជា​សហរដ្ឋអាមេរិក និង​អឺរ៉ុប ឈប់​ទិញ​សំលៀកបំពាក់ ស្បែក​ជើង​ពី​កម្ពុជា​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ អតីតមន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សំដែង​ការ​សោកស្ដាយ ដែល​តុលាការ​ចាត់ការ​បណ្ដឹង​ប្រឆាំង​លោក ជា មុន្នី ឆាប់​រហ័ស រីឯ​ពន្លឺ​រក​ឃាតក​ពិត​សម្លាប់​បងប្រុស​លោក ជា មុន្នី អូស​បន្លាយ​ពេល​ជាង ១​ទសវត្ស​ទៅ​ហើយ មិនទាន់​ឃើញ​នៅឡើយ​នេះ៖ «កង​កម្លាំង​របស់​រដ្ឋាភិបាល សុទ្ធ​តែ​មាន​សមត្ថភាព​ដូចជា​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត ខុស​ពី​ករណី​សម្លាប់​លោក ជា វិជ្ជា ដែល​សមត្ថកិច្ច​អា​ចរក​ឃាតក​ឃើញ»

ឃាតកម្ម​លើ​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តម្រុយ​ជា​ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​ថា តុលាការ​អាច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្លាប់ លោក ជា វិជ្ជា។ ភស្តុតាង​ទាំងនោះ ដូចជា នៅ​មុន​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា គឺ​មាន​ជន​មិន​ស្គាល់​មុខ​បាន​ហៅ​ទូរស័ព្ទ​គំរាម​សម្លាប់​លោក ជា វិជ្ជា ហើយ​លោក ជា វិជ្ជា បាន​ទៅ​ប្ដឹង​មន្ត្រី​នគរបាល​អំពី​រឿង​នេះ​ទៀត ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​របស់​លោក។ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ​ហ៊ុំ​ព័ន្ធ​ដោយ​បណ្ដឹង​រាប់មិនអស់​នោះ ត្រូវ​បាន​ភរិយា​របស់​លោក ជា វិជ្ជា​អះអាង​ថា ជា​អ្នកដឹង​អ្នកណា​ជា​ឃាតក?។ សាក្សី​ដ៏​សំខាន់​មួយទៀត​នោះ គឺ​ស្ត្រី​លក់​កាសែត​នៅ​ក្បែរ​វត្ត​លង្កា ជាទី​ដែល​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា បាន​ឃើញ​មុខ​ឃាតក​បាញ់​ប្រហារ​លោក ជា វិជ្ជា និង​បាន​រៀបរាប់​ពី​ភិនភាគ​ឃាតក​ជាដើម ប៉ុន្តែ​មក​ទល់​ពេល​នេះ ឃាតក​នៅតែ​លាក់​មុខ​ដដែល។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​កន្លងមក​ថា សំណុំរឿង​លោក ជា វិជ្ជា នេះ គេ​មិន​ទាន់​បិទ​សំណុំរឿង​នេះ​ឡើយ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា វិជ្ជា នោះ បាន​រំលឹក​ថា នៅ​ក្រោយ​ពេល​ជន​មិន​ស្គាល់​មុខ​ទូរស័ព្ទ​គំរាម​សម្លាប់ លោក ជា វិជ្ជា នោះ លោក​បាន​ជូន​លោក ជា វិជ្ជា ទៅ​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប៉ុន្តែ​មន្ត្រី​នគរបាល​ឃើញ​លេខ​ទូរស័ព្ទ​គំរាម​នោះ ប្រាប់​ពួក​លោក​ថា អ្នក​គំរាម​នោះ ជា​មនុស្ស​មាន​ឥទ្ធិពល​ណាស់៖ «ក្រោយពី​យើង​ជួប​មន្ត្រី​នគរបាល​កម្រិត​ស្រាល​គេ​ឃើញ​លេខ គេ​ប្រាប់​យើង​ថា អូ​លេខ​នេះ មន្ត្រី​ធំ​ណាស់ គេ​មិន​ហ៊ាន​ប៉ះពាល់​ទេ ដោយ​នគរបាល​បាន​ប្រាប់​ឲ្យ​លោក ជា វិជ្ជា ភៀសខ្លួន​ទៅ​ក្រៅ​មួយ​រយៈ ដូចជា​នៅ​ប្រទេស​ថៃ​ជាដើម ក៏ប៉ុន្តែ​ពួក​យើង​បាន​ពិភាក្សា​គ្នា​មក គឺ​លោក ជា វិជ្ជា បានសម្រេច​ចិត្ត​មិន​ចេញ​ក្រៅ​នោះ​ទេ ដើម្បី​ធ្វើជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ»

អំពើ​ឃាតកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់ តែង​កើតមាន​ជា​ហូរហែ​មកទល់​សព្វថ្ងៃ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ធ្វើឡើង​សំដៅ​សកម្មជន​នយោបាយ អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​ដដែល។ ស្ថានភាព​នេះ​កាន់តែ​អាក្រក់​នៅ​ពេល​ដែល​អាជ្ញាធរ​មិន​អាច​វែកមុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នកទទួលខុសត្រូវ​យក​មក​ទទួលទោស​បាន។ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះឥទ្ធិពល​អាក្រក់ ដល់​ដំណើរការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។

របាយការណ៍​នៃ​ការ​កាន់អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយប្រហារ និង​បាញ់សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែក​ចំនួន ៤​គ្រាប់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយប្រហារ​ដោយ​ហិង្សា​ទៅលើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រង​របួស។

៤​ខែក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​បាន​ផ្ទុះឡើង​កក្រើក​ក្រុងភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ និង​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ចាប់ខ្លួន ឬ​បន្ទាប់​ពី​ទម្លាក់​អាវុធ និង​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​បាញ់​ស្លាប់​ពេល​ប្រយុទ្ធ​គ្នា។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កងកម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ មន្ត្រី​ជាន់ខ្ពស់​ខាង​យោធា និង​ស៊ីវិល​ជា​ច្រើន​រូប ដូចជា​លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់សម្លាប់។

ទោះបីជា​យ៉ាង​នេះ​ក្ដី ចាប់ពី​ឆ្នាំ​២០១៧​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់បី​ដូចជា​យកចិត្តទុកដាក់​កម្មករ ក្នុង​នោះ មានការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឆ្នាំ​២០១៨ កម្មករ​ជិះ​រថយន្តក្រុង​មិន​យក​លុយ ការព្រមាន​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើងថ្លៃ និង​មិន​យក​ថ្លៃ​អគ្គិសនី​លើស​ពី​រដ្ឋ​បាន​កំណត់​ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ផ្ដល់​ជូន​កម្មករ​នៅ​ពេល​នេះ គឺ​ដូច​អ្វី​ដែល លោក ជា វិជ្ជា និង​ក្រុម​សហជីព​របស់​លោក បាន​ទាមទារ​ពី​រដ្ឋាភិបាល​កន្លងមក។ លោក​រំពឹង​ថា លោក ហ៊ុន សែន នឹង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក ជា វិជ្ជា បាន៖ «បើសិនជា​រដ្ឋាភិបាល​រក​ឃាតក​សម្លាប់​លោក ជា វិជ្ជា ឃើញ​នោះ រដ្ឋាភិបាល​កាន់តែ​មានការ​គាំទ្រ​ពី​កម្មករ​ថែមទៀត»

ទោះបី​ជា​មាន​អ្នកខ្លះ​លើក​ឡើង​ថា ឃាតក​ពិត​សម្លាប់​លោក ជា វិជ្ជា នឹង​អាច​រក​ឃើញ នៅ​ក្រោយ​ពី​របប​លោក ហ៊ុន សែន ដួល​រំលំ​ក្ដី ប៉ុន្តែ ក្រុម​សហជីព សំដែង​សុទិដ្ឋិនិយម​ថា លោក ហ៊ុន សែន នឹង​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ចាប់ខ្លួន ឃាតក​ពិត​សម្លាប់​លោក ជា វិជ្ជា និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​នេះ ដើម្បី​ស្រាយ​ចម្ងល់​ថា អ្នកណា​ជា​អ្នក​សម្លាប់ លោក ជា វិជ្ជា ហើយ​អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង? ជា​សំនួរ​តែមួយគត់ ដែល​គេ​បាន​សួរ​ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល