មន្ត្រី​ជលផល​អះអាង​ថា លែង​មាន​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប​ទៀត​ហើយ

មន្ត្រី​ជលផល​ថា បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប លែង​មាន​ទៀត​ហើយ បន្ទាប់​ពី​មាន​បទបញ្ជា​ក្តៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​រដ្ឋបាល​ជលផល លោក ពុំ សុថា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន ៥០​ករណី ដោយ​បញ្ជូន​ករណី​ទាំងនោះ​ទៅ​តុលាការ​។ លោក​បន្ត​ថា តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ជនល្មើស​ចំនួន ១៩ នាក់ និង​បាន​ឃុំខ្លួន​ជនល្មើស ២៥ នាក់​ផ្សេងទៀត​។ បន្ថែម​ពី​នេះ សមត្ថកិច្ច ក៏បាន​រឹបអូស​ឧបករណ៍ និង​សម្ភារៈ​នេសាទ​ឆក់​ក្តៅ និង​ត្រជាក់ រាប់ពាន់​ករណី រួមមាន អួន ស្បៃ​មុង បង្គោល​សម្រាប់​ធ្វើ​របាំង​លប រាប់​ម៉ឺន​ដើម ព្រមទាំង​កាណូត​និង​ម៉ាស៊ីន​កាណូត រាប់​រយ​គ្រឿង ចាប់ពី​ខែ​មីនា ឆ្នាំ​ ២០២២ មក។

លោក ពុំ សុថា ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ក្រសួង​កសិកម្ម សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ កងរាជអាវុធហត្ថ រួម​ជាមួយនឹង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាន​ដាក់​កងកម្លាំង​ចល័ត​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប ដោយ​ចែកចេញជា​ពីរ​ក្រុម ដែល​មាន​ទីតាំង​តំបន់​ជ្រោយ​ស្ដី ខេត្ដ​ពោធិ៍សាត់ និង​មួយ​ក្រុម​ទៀត ស្ថិតនៅ​តំបន់​កំពង់​ភ្លុក ខេត្ត​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។