មកដល់ល្ងាចថ្ងៃចន្ទ ទី២៤ មិថុនា ចំនួនមនុស្សស្លាប់ដោយសារការរលំអគារសំណង់នៅក្នុងក្រុងព្រះសីហនុ បានកើនដល់ ២៨នាក់ហើយ ចំណែកអ្នករបួសកើនដល់ ២៦នាក់។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះនៅតែបន្តកាយគំនរសំណង់បាក់បែកចូលដល់ថ្ងៃទី៣ ហើយ ដែលសង្ស័យថា អាចមានជនរងគ្រោះកប់នៅក្រោមគំនរសំណង់ថែមទៀត។ ក្រុមគ្រួសារជនរងគ្រោះខ្លះបានយកសាកសពទៅធ្វើបុណ្យ និងខ្លះទៀត មិនទាន់រកឃើញសាកសពនៅឡើយ។ពួកគេសុទ្ធតែ បង្ហាញអារម្មណ៍សោកសង្រេង និងទាមទាររកយុត្តិធម៌។
រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ក្រុមប្រតិបត្តិការសង្គ្រោះបន្តរកឃើញជនរងគ្រោះ ៤នាក់បន្ថែមទៀត ប៉ុន្តែស្លាប់ ២នាក់ និងនៅមានដង្ហើម ២នាក់។ ដូច្នេះចំនួនអ្នកស្លាប់បានកើនដល់ ២៨នាក់ ក្នុងនោះមានស្រី ៤នាក់ និងអ្នករបួសបានកើនដល់ ២៦នាក់ហើយ។សរុបជនរងគ្រោះទាំងស្លាប់ និងរបួសមានចំនួន ៥៤នាក់។
ក្រុមប្រតិបត្តិការសង្គ្រោះនៅតែបន្តកាយគំនរបាក់បែកនៃអគារសំណង់ ដែលដួលរលំនោះ ដើម្បី ស្វែងរកជនរងគ្រោះបន្ថែមទៀត។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ ឡើយដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ក្រុមគ្រួសារជនរងគ្រោះមួយចំនួនបានយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតរួចហើយ ប៉ុន្តែ ក្រុមគ្រួសារមួយចំនួនទៀតមិនទាន់ឃើញសាកសពជនរងគ្រោះនោះទេ។
កម្មករសំណង់ម្នាក់លោក ឆុន វិមាន ប្រាប់អាស៊ីសេរីថាលោកបានចំណាកស្រុកពីខេត្តកំពង់ឆ្នាំងទៅធ្វើការសំណង់ក្នុងការដ្ឋាននោះជាង ១ខែហើយ ជាមួយឪពុក និងបងថ្លៃរបស់ខ្លួន ប៉ុន្តែនៅថ្ងៃកើត ហេតុ គឺលោកបានត្រឡប់ទៅលេងស្រុក។ លោកអះអាងថា ឪពុក និងបងថ្លៃរបស់លោក បានកប់ក្នុងគំនរសំណង់បាក់បែកនោះ ហើយទើបតែរកឃើញសាកសពបងថ្លៃនៅថ្ងៃទី២៤ ខែមិថុនា ចំណែកឪពុករបស់លោកមិនទាន់រកឃើញនៅឡើយ៖ «យើងស្មានអត់ត្រូវមិនដឹងថា គាត់នៅរស់ឬស្លាប់ទេ ហើយនៅពេលកាយសពកាយអី បានគេឱ្យយើងទៅមើលអ៊ីចឹងណា។ ខ្ញុំសោកស្ដាយណាស់ ព្រោះប៉ះពាល់ច្រើនដល់គ្រួសារខ្ញុំដែលក្រីក្រ។ សូមរដ្ឋាភិបាល និងថ្នាក់លើធំៗ ជួយទទួលខុសត្រូវលើគ្រួសារខ្ញុំផង»។
សាច់ញាតិជនរងគ្រោះម្នាក់ទៀតគឺលោក អ៊ិន កុសល រៀបរាប់ថា លោកកំពុងបាត់ប្អូនថ្លៃម្នាក់ ដែលធ្វើការសំណង់ក្នុងការដ្ឋានដួលរលំនោះ ហើយលោកបារម្ភខ្លាចប្អូនថ្លៃរបស់លោកបាត់បង់ជីវិត ខណៈប្រពន្ធជនរងគ្រោះកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ លោកអះអាងថា ប្អូនស្រីរបស់លោកដែលត្រូវជាភរិយារបស់ជនរងគ្រោះដេកយំរហូតសន្លប់ជាញឹកញាប់ ពេលរង់ចាំដំណឹងបី្ត៖ «ខ្ញុំពិបាកខ្លាំងណាស់ដែលទទួលយកអត់បាន។ គាត់ធ្លាប់តែជួយគ្រួសារ ហើយសន្សំលុយធ្វើផ្ទះព្រោះរាល់ថ្ងៃគាត់រស់នៅលើផ្ទះតូច។ គាត់ក៏ដើរធ្វើការរហូត ព្រោះប្រពន្ធជិតឆ្លងទន្លេអ៊ីចឹង»។
ចំណែកគ្រួសារជនរងគ្រោះម្នាក់ទៀតនៅខេត្តព្រៃវែង គឺលោកស្រី ឃឹម សាខន រៀបរាប់ថា ប្ដីរបស់ លោកស្រី និងក្មួយប្រុសម្នាក់បានស្លាប់ ចំណែកកូនប្រុសម្នាក់ និងក្មួយប្រុសម្នាក់ទៀតរងរបួស។ លោកស្រីរន្ធត់ចិត្តក្រៃលែង នៅពេលឃើញគេទាញយកសាកសពប្ដី ដែលកប់នៅក្រោមគំនរសំណង់បាក់បែកនោះ៖ «ខ្ញុំពិបាកខ្លាំងណាស់ អាណិតប្ដីណាស់ ព្រោះបាត់បង់គ្រួសាររបស់ខ្ញុំដែលស្លាប់ទៅហើយកូនៗ កំព្រា បាត់បង់ឪពុក»។
លោកស្រី ឃឹម សាខន រៀបរាប់ថា នៅពេលប្ដីស្លាប់ ហើយកូនរងរបួសធ្ងន់បែបនេះ គឺធ្វើឱ្យលោកស្រីអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិតគ្រួសារក្រីក្ររបស់ខ្លួន ព្រោះពេលនេះគ្មានបង្អែកសម្រាប់គ្រួសារទៀតឡើយ។ លោកស្រីបន្ថែមថា ប្ដី និងកូនបានដើរធ្វើសំណង់ជាច្រើនឆ្នាំមកហើយ ហើយសង្ឃឹមថា ពួកគាត់ធ្វើសំណង់នៅខេត្តព្រះសីហនុ ដែលមានជនជាតិចិនរស់នៅច្រើននោះ អាចរកចំណូលបានច្រើន ដោយមិននឹកស្មានថា មានរឿងអាក្រក់បែបនេះកើតឡើងឡើយ៖ «បាត់បង់ប្ដីអ៊ីចឹងទៅ គឺដូចជាបាត់បង់ដៃម្ខាង ហើយនៅសល់តែម្ខាង ហើយចំណូលពីមុនដែលមាន ១០ភាគរយ ឥឡូវនេះនៅសល់ ៥ភាគរយ ឬ ៣ភាគរយអ៊ីចឹងណា។ យើងពឹងកូនក៏មិនដូចប្ដីដែរ»។
គ្រួសារជនរងគ្រោះមួយទៀតនៅខេត្តក្រចេះ គឺលោក ឈុំ ចិន្តា រៀបរាប់ថា ឪពុក និងម្ដាយរបស់លោកបានស្លាប់។ ចំណែកប្អូនស្រីរបស់លោករបួសធ្ងន់ ក្រោយជាប់ក្នុងគំនរសំណង់បាក់បែងជាង ២០ម៉ោង។ យុវជនរូបនេះរៀបរាប់ទាំងក្ដុកក្ដួលថា គ្រួសាររបស់លោកទើបតែចំណាកស្រុកពីស្រុកសម្បូរ ខេត្តក្រចេះ ដើម្បីធ្វើការសំណង់ក្នុងខេត្តព្រះសីហនុ កាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះតែជីវភាពក្រីក្រ និងជំពាក់បំណុលធនាគារ។ ឪពុកម្ដាយ និងប្អូនស្រីបានធ្វើការជាមួយគ្នាក្នុងអាគារសំណង់ ដែលដួលរលំនោះ ប៉ុន្តែលោកធ្វើសំណង់នៅកន្លែងផ្សេង៖ «ខ្ញុំធ្វើការឆ្ងាយពីគ្នាប្រហែលជា ៣ ទៅ ៤គីឡូ ហើយខ្ញុំមិននឹកស្មានថា ជាកន្លែងឪពុកម្ដាយខ្ញុំធ្វើការទេ។ ប៉ុន្តែខលទៅគាត់អត់ចូលហើយសង្ស័យទើបខ្ញុំទៅមើលទីនោះ។ ទៅខ្ញុំឃើញប៉ាម៉ាក់ខ្ញុំស្លាប់ស្ទើរគាំងបេះដូងហើយពេលនោះ។ ខ្ញុំនៅតែម្នាក់ឯង គ្មានសាច់ញាតិបងប្អូនទៀត។ រីឯប្អូនស្រីខ្ញុំនៅជាប់គាំងទីនោះរហូតដល់ម៉ោង ១១យប់ ទើបគេកាយរកឃើញ។ ប្អូនខ្ញុំពិបាកណាស់ ស្រែកឱ្យគេជួយរហូតតែអត់មានអ្នកឮទេ ហើយគាត់បានកូកាកូឡា និងទឹកដែលទិញទុកពីយប់ ទុកគ្រាន់ផឹក»។
យុវជនរូបនេះបន្តថា នៅពេលបូជាសពម្ដាយឪពុករបស់លោក គឺប្អូនស្រីរបស់លោកទាំងពីរនាក់ មិនបានឃើញមុខឪពុកម្ដាយជាលើកចុងក្រោយឡើយ ព្រោះប្អូនស្រីម្នាក់រងបួសត្រូវព្យាបាលនៅឯខេត្តព្រះសីហនុ ចំណែកកូនស្រីម្នាក់ទៀត កំពុងដេកសម្រាលកូននៅមន្ទីរពេទ្យដែរ។ លោកស្រណោះដល់សម្ដីម្ដាយរបស់លោកមុនស្លាប់ថា ពេលបើកប្រាក់ខែរួច នឹងត្រឡប់ទៅលេងផ្ទះ ហើយទិញម៉ូតូថ្មីមួយ និងសល់លុយខ្លះជួសជុលផ្ទះ។ លោកឱ្យដឹងដែរថា រហូតមកដល់ពេលនេះ លោកបានទទួលប្រាក់ឧបត្ថម្ភខ្លះពីរដ្ឋាភិបាល និងសប្បុរសជនមួយចំនួន ប៉ុន្តែខាងធនាគារដែលគ្រួសារលោកបានជំពាក់នោះបានទាមទារឱ្យលោកយកប្រាក់ទាំងនោះទៅបង់ផ្ដាច់ទាំងការទាំងដើម ព្រោះបារម្ភថា ខ្លាចលោកគ្មានលទ្ធភាពបង់ធនាគារជំនួសឪពុកម្ដាយតទៅទៀត៖ «ប៉ាម៉ាក់ខ្ញុំ គឺជាអ្នកក្រីក្រ។ សូម្បីធ្វើផ្ទះក៏ខ្ចីលុយពីធនាគារ អេស៊ីលីដា (ACLEDA) ហើយទិញដី ក៏ខ្ចីពីអង្គការដែរ។ ដល់ពេលប៉ាម៉ាក់ខ្ញុំស្លាប់អ៊ីចឹងទៅ ខាងអង្គការទាមទារឱ្យខ្ញុំសងលុយទាំងអស់ថែមទៀត»។
ជនរងគ្រោះម្នាក់ដែលនៅមានជីវិត គឺលោក អ៊ុក សាវ៉ាត រៀបរាប់ថា លោកទើបតែទៅធ្វើការសំណង់បាន ១០ថ្ងៃប៉ុណ្ណោះ ហើយមិនទាន់បានបើកប្រាក់ខែម្តងនោះទេ។ លោកបញ្ជាក់ថា នៅពេលកើតហេតុ កម្មករសំណង់សុទ្ធតែកំពុងដេកលង់លក់ទាំងអស់ ព្រោះនៅម៉ោងប្រមាណ ៤ទៀប ភ្លឺស្រាប់តែអាគារនោះរលំគ្រាំងសង្កត់លើតែម្ដង។ ប៉ុន្តែជាសំណាងល្អ ដែលលោកអាចលូនចេញក្រៅបាន៖ «កំពុងដេកៗ ស្រាប់លាន់ឮប្រ៉ាវៗ តែម្ដង ហើយខ្ញុំងើបឡើង គឺឃើញដួលអស់រលីងតែម្ដង។ ខ្ញុំបានដែកជួយទប់ ប៉ុន្តែមានថ្មពីផ្ទាំងសង្កត់ពីលើដែរ ប៉ុន្តែខ្ញុំអាចរើលូនចេញបាន។ ខ្ញុំភ័យណាស់ ព្រោះមិនដែលជួបរឿងបែបនេះ»។
ក្រោយហេតុការណ៍បាក់រលំអាគារនេះមេដឹកនារបបក្រុងភ្នំពេញបានចុះទៅពិនិត្យដោយផ្ទាល់កន្លែងកើតហេតុកាលពីយប់ថ្ងៃទី២៣ ខែមិថុនា និងបានចុះទៅសួរសុខទុក្ខកម្មករសំណង់ ដែលរងបួសផងដែរ។ លោកបានប្រកាសបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០លានរៀល ឬស្មើ ១ម៉ឺនដុល្លារ ហើយសម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន ៥លានរៀល។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ (BWTUC) លោក យ៉ាន់ ធី ដែលចុះ ទៅឃ្លាំមើលព្រឹត្តិការណ៍នេះលើកឡើងថា គំនរសំណង់ដែលបាក់បែកនោះ នៅសល់ប្រហែលជាង ២៥ភាគរយទៀត ដែលមិនទាន់កាយចេញ។ លោកសន្និដ្ឋានថា នៅមានជនរងគ្រោះជាច្រើនទៀតដែលកប់នៅក្នុងនោះ ព្រោះគ្រួសារមួយចំនួនទៀត មិនទាន់រកឃើញសាច់ញាតិអស់នៅឡើយទេ។ ទោះយ៉ាងណាក្តី លោកសង្កេតឃើញថា ប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះហាក់យឺតយ៉ាវ និងមិនសូវមានបច្ចេកទេស ព្រមទាំងខ្វះខាតសម្ភារៈ។ ម្យ៉ាងទៀត នៅថ្ងៃទី៣ នេះ លោកអះអាងថាកម្លាំងសមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះហាក់ដូចជាធ្លាក់ដៃ មិនសូវដូចថ្ងៃដំបូងៗ នោះទេ តែបានប្រើគ្រឿងចក្រឡើងទៅកាយគំនរសំណង់នោះម្ដង។ លោកស្នើសុំឱ្យអាជ្ញាធរគិតពីសុវត្ថិភាពជាចម្បង ព្រោះអាចមានជនរងគ្រោះនៅមានដង្ហើម ហើយជាក់ស្ដែងនៅល្ងាចថ្ងៃទី៣ នេះ គឺក្រុមអ្នកសង្គ្រោះ ទើបតែរកឃើញជនរងគ្រោះពីរនាក់នៅមានជីវិត៖ « រយៈពេលចុងក្រោយនេះអាជ្ញាធរហាក់ដូចជាទម្លាក់ដៃ មិនសូវមានអ្នកប្រើដៃទៅរុះរើទៀតទេ គឺប្រើអាអេច (Excavator) ឡើងទៅកាយតែម្ដង ដែលយើងបារម្ភដែរថា បើមានអ្នកនៅរស់អាចពិបាកដែរ »។
លោកបន្តថា នេះគឺជាលើកទីមួយហើយកម្មករសំណង់រងរបួសពិការ និងរហូតបាត់បង់ជីវិតជាច្រើននាក់ ដោយសារតែអាជ្ញាធរជំនាញបណ្ដោយឱ្យជនជាតិចិនសង់សំណង់អាគារខុសច្បាប់ និងខុសបច្ចេកទេសនេះ។ លោកស្នើសុំឱ្យរដ្ឋាភិបាលក្រៅពីជួយផ្ដល់ថវិកាជាតិមួយចំនួនជួយគ្រួសារជនរងគ្រោះសម្រាប់សម្រាលបន្ទុកក្នុងរយៈពេលខ្លះនោះ គឺរដ្ឋាភិបាលត្រូវជួយសម្រួលឱ្យជនរងគ្រោះទទួលបានសេវាពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងស្នើសុំឱ្យអាជ្ញាធរពង្រឹងវិធានការអនុវត្តច្បាប់លើកក្រោយឱ្យមានប្រសិទ្ធភាព៖ « ផលប៉ះពាល់វា គឺខ្ញុំគិតថា ពួកគាត់ជាកម្មករ ជាជាង គឺជាអ្នកធ្វើការនៅកន្លែងនោះ។ ដូច្នេះ ពួកគាត់គឺជាអ្នករកចំណូលសម្រាប់គ្រួសាររបស់ពួកគាត់។ពេលនេះ ប្រសិនបើពួកគាត់បាត់បង់អាយុជីវិតទៅហើយ ថាតើចំណូលក្នុងគ្រួសាររបស់ពួកគាត់អ្នកណាជាអ្នកទទួលខុសត្រូវ ដូចជាករណីប្ដីប្រពន្ធ ដែលស្លាប់នៅខេត្តកំពតនោះ គឺមានកូនស្រីតូចៗ ពីនាក់ទៀត តើពួកគាត់រស់ទីពឹងអី »។
ក្រុមគ្រួសារជនរងគ្រោះអះអាងថា ពួកគាត់មិនទាន់សម្រេចគ្នាថា នឹងទាមទារអ្វីខ្លះនោះទេ ព្រោះ ពួកគាត់កំពុងរវល់ធ្វើពិធីបុណ្យសព និងព្យាបាលរបួស។ ប៉ុន្តែ អ្វីដែលសំខាន់នោះ ពួកគាត់ចង់បាន សំណង និងស្នើសុំឱ្យផ្ដន្ទាទោសជនជនជាតិចិន ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតតាមច្បាប់៕
ក្រុមអ្នកជួយសង្គ្រោះជនរងគ្រោះ នៅបន្តកាយគំនរបាក់បែកចុងក្រោយ នៃអគារ ៧ជាន់ ដែលរលំបាក់ នៅខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។