អ្នកឃ្លាំមើលនិងពលរដ្ឋថា អំពើចាប់ជំរិតបង្កភាពភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខសង្គម
2024.10.24
អ្នកឃ្លាំមើល និងពលរដ្ឋលើកឡើងថា អំពើចាប់ជំរិតកំពុងបង្កភាពភ័យខ្លាចដល់ការរស់នៅប្រចាំថ្ងៃ និងគំរាមកំហែងដល់សន្តិសុខសង្គម។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាលបានរំដោះជនរងគ្រោះពីអំពើចាប់ជំរិតចំនួន២នាក់ និងឃាត់ខ្លួនជនល្មើសជាជនបរទេសចំនួន៣នាក់។
កម្ពុជាមិនមែនជាទីកន្លែងសម្រាប់ពលរដ្ឋរស់នៅ ដោយមានសុវត្ថិភាព និងមានសន្តិសុខសង្គមល្អនោះឡើយ។ ការលើកឡើងនេះ ក្រោយពីករណីចាប់ជំរិត ដែលកើតមានជាបន្តបន្ទាប់ ។
ពលករខ្មែរ ធ្វើការនៅប្រទេសថៃ លោក សុះ សល់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែតុលាថា អំពើឧក្រិដ្ឋកម្មមួយចំនួនដូចជា អំពើឆបោកតាមអនឡាញ និងចាប់ជំរិតជាដើម កំពុងប៉ះពាល់ដល់ពលរដ្ឋ និងកេរ្តិ៍ឈ្មោះ កិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិ។ លោកស្នើដល់រដ្ឋាភិបាល ឲ្យស្វែងរកវិធានការដោះស្រាយបញ្ហាទាំងនេះឲ្យមានប្រសិទ្ធភាព។
លោក សុះ សល់៖ «បើនិយាយពីកិត្តិយស គឺប៉ះពាល់ខ្លាំងមែនទែន ពីព្រោះប្រទេសយើង ជាប្រទេសមួយដែលមានថ្នាក់ដឹកនាំមួយ ដែលមានអំពើទាំងអស់នេះកើតឡើង ហើយប៉ះពាល់ទី១ ទៅលើប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗ ដែលមានបងប្អូនខ្មែររស់នៅ ព្រោះគេឮថា កម្ពុជា គឺពេលហ្នឹងគេចាប់អារម្មណ៍តែម្ដងព្រោះជាធម្មតា បើសិនជាអត់មានរឿងអាស្រូវ ហើយរឿងហ្នឹងគឺរឿងមិនល្អទៀត គឺវាប៉ះពាល់ដល់កិត្តិយសប្រទេសទាំងមូលតែម្ដង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា សមត្ថកិច្ចបានចុះបង្ក្រាបករណីចាប់ជំរិតមួយ នៅឃុំវិហារលួង ស្រុកពញាឮ ដោយបានឃើញរថយន្តម៉ាក អាល់ផាត (Alphard) ចំនួន២គ្រឿង ដែលកំពុងចត នៅក្នុងឃ្លាំងទុកចោលមួយកន្លែង និងមនុស្សចំនួន ៣នាក់ បានរត់ចេញពីកន្លែងកើតហេតុ។ បន្ទាប់មកអាជ្ញាធរបានចូលទៅពិនិត្យរថយន្តទាំងពីរ ហើយបានរកឃើញជនរងគ្រោះចំនួន ២នាក់ ដែលកំពុងជាប់ខ្នោះដៃ ហើយចងភ្ជាប់នៅក្នុងរថយន្ត។ ក្នុងចំណោមជនរងគ្រោះទាំងពីរ មានជនរងគ្រោះម្នាក់ជាជនជាតិចិន ស្នាក់នៅក្នុងកាស៊ីណូម៉ាកាវ នៅខេត្តស្វាយរៀង និងជនរងគ្រោះម្នាក់ទៀតជាជនជាតិខ្មែរ មានមុខរបរជាអ្នកបើកបរ រស់នៅខេត្តកណ្ដាល។ អាជ្ញាធរអះអាងថា បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិកាហ្សាក់ស្ថាន (Kazakhstan) ចំនួន ៣នាក់ ដែលបានរត់ចេញពីរថយន្ត និងបន្តនីតិវិធីតាមផ្លូវច្បាប់។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៣ ខែតុលា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកសិក្សាច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់អាស៊ីសេរីថា អំពើចាប់ជំរិត បានកើតឡើងនៅប្រទេសមួយចំនួនទូទាំងសាកលលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជាជាដើម ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងលុបបំបាត់អំពើពុករលួយ។
លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាលត្រូវពង្រឹងនូវអភិបាលកិច្ចជាពិសេស គឺត្រូវលុបបំបាត់ឲ្យបាននូវអំពើពុករលួយ ដែលជាដើមហេតុចំបង នៃអំពើឧក្រិដ្ឋផ្សេងៗ ហើយត្រូវធ្វើយ៉ាងម៉េចធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឲ្យទៅជាតុលាការមួយដែលមានសមត្ថភាព មានប្រសិទ្ធភាពក្នុងការពង្រឹងនូវនីតិរដ្ឋ ជាពិសេសត្រូវធានាថា ជនល្មើសដែលចាប់បាននឹងត្រូវទទួលទោសតាមច្បាប់»។
ចាប់តាំងពីឆ្នាំ២០១៩មក ករណីចាប់ជំរិត ដែលបង្កឡើងដោយជនបរទេស រួមទាំងជនជាតិចិនមួយចំនួន បានបន្តកើតឡើងនៅតាមបណ្ដាខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ពោធិ៍សាត់ កំពត ស្វាយរៀង កណ្ដាល និងព្រះសីហនុជាដើម ដោយជនសង្ស័យបានធ្វើសកម្មភាព ចាប់ខ្លួនជនរងគ្រោះញាត់បញ្ចូលក្នុងរថយន្តដើម្បីជំរិតទារប្រាក់។
សេចក្ដីរាយការណ៍របស់សមត្ថកិច្ចបង្ហាញជាបន្តបន្ទាប់ឱ្យដឹងថា ករណីមួយចំនួនក្រុមជនដៃដល់ ព្យាយាមចាប់ជនរងគ្រោះឲ្យចូលទៅក្នុងរថយន្ត ដើម្បីជំរិតទារប្រាក់ និងខ្លះទៀត ចាប់ឃុំឃាំងជនរងគ្រោះធ្វើទារុណកម្មនៅតាមទីតាំងអគារពួកគេ ដើម្បីបង្ខំឱ្យទាក់ទងសាច់ញាតិផ្ញើលុយតាមចំនួនដែលឧក្រិដ្ឋជនទាមទារ។
ពលរដ្ឋ និងអ្នកឃ្លាំមើលស្នើដល់រដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងលុបបំបាត់អំពើពុករលួយ ដើម្បីបង្ការ ឬទប់សង្កាត់អំពើចាប់ជំរិតនានា ដែលអាចប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។