កម្ពុជា និងចិន «មិនអាចទប់ស្កាត់បញ្ហាឆបោកតាមអនឡាញ និងជួញដូរមនុស្សនៅកម្ពុជាបាន»
2024.09.09
អ្នកឃ្លាំមើលវាយតម្លៃថា កម្ពុជានឹងមិនអាចលុបបំបាត់បញ្ហាឆបោកតាមអនឡាញ និងការជួញដូរមនុស្សបានទេ បើទោះបីជាមានកិច្ចសហការជាមួយចិនអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះក្ដី។ ការវាយតម្លៃបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ចប់ដំណើរទស្សនកិច្ចពីប្រទេសចិន ដោយស្នើឱ្យភាគីចិនបន្តជួយទប់ស្កាត់ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជាបញ្ហាឆបោកតាមអនឡាញ និងជួញដូរមនុស្ស។
អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាហាក់ក្លាយជាទីជម្រករបស់បណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញដែលពង្រាយគ្នារកស៊ីខុសច្បាប់កាន់តែច្រើន បើទោះបីជារដ្ឋាភិបាលអនុញ្ញាតឱ្យចិនមានការិយាល័យនៅកម្ពុជាតាមចាប់ជនល្មើស និងមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិនប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះក្ដី។
ពួកគេនៅតែរិះគន់ និងចាត់ទុកការរីករាលដាលនៃអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារតែកត្តាអំពើពុករលួយបក្ខពួកនិយម កង្វះតម្លាភាពនៃការអនុវត្តច្បាប់ និងគ្មានការស៊ើបអង្កេត ដើម្បីចាត់វិធានការលើអ្នកមានអំណាចដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងជំនួញអាជីវកម្មឧក្រិដ្ឋទាំងនេះយកមកដាក់ទោសតាមច្បាប់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៨ ខែកញ្ញាថា កិច្ចសហប្រតិបត្តិការផ្ដោតលើវិស័យសន្តិសុខរវាងកម្ពុជា-ចិន កម្ពុជាហាក់ពុំទទួលបានការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែប្រសើរឡើយ ខណៈក្រុមឧក្រិដ្ឋជនកាន់តែប្រើប្រាស់មធ្យោបាយកាន់តែទំនើបរកស៊ីខុសច្បាប់នៅកម្ពុជា។
លើសពីនេះ លោកបន្ថែមថា អំពើពុករលួយ និងបញ្ហាជាប់គាំងវិបត្តិនយោបាយនៅក្នុងប្រទេសវាជាឱកាសសម្រាប់ក្រុមឧក្រិដ្ឋជនងាយស្រួលឃុបឃិតជាមួយក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួន ដើម្បីធ្វើសកម្មភាពពង្រីកអាជីវកម្មឆបោកតាមអនឡាញកាន់តែទូលំទូលាយនៅកម្ពុជា។
លោក សេក សុជាតិ៖ «ប្រឈមពាក់ព័ន្ធអំពើពុករលួយ ការឃុបឃិតគ្នារវាងមន្ត្រីទុច្ចរិតដែលមានឋានៈ និងតួនាទី និងការសម្រេចចិត្តធំៗជាមួយអ្នកបច្ចេកវិទ្យាមានគំនិតប្រើប្រាស់ ដើម្បីយកផលប្រយោជន៍របស់ពួកគេ។ អំពើពុករលួយនេះ ជាប្រធានបទធំ។ ចំណុចមួយទៀត រដ្ឋាភិបាលជាទូទៅតែងតែបិទភ្នែកចំពោះមន្ត្រីទុច្ចរិតមួយចំនួន ដែលមានជាការសូកប៉ាន់ មានប្រយោជន៍ជាពិសេសការផ្ដល់ប្រយោជន៍លាភសក្ការៈទៅឱ្យ។ អ៊ីចឹងវាធ្វើឱ្យការអនុវត្តច្បាប់ហ្នឹងមិនមានតម្លាភាព និងមិនមានប្រសិទ្ធភាពដែលជាបញ្ហាប្រឈមធំដែលយើងមើលឃើញនៅក្នុងហ្នឹង»។
ការលើកឡើងបែបនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនដោយអះអាងថា កម្ពុជាបន្តប្ដេជ្ញាលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសចិនក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការជួញដូរមនុស្ស និងបទល្មើសឆបោកតាមអនឡាញ។
ដំណើរទស្សនកិច្ចរបស់លោក ស សុខា នៅប្រទេសចិន ៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញាកន្លងមកនេះ ផ្ដោតសំខាន់លើការជជែកជាមួយក្រុមមន្ត្រីគ្រាក់ៗនៃប្រទេសចិនឱ្យជួយពង្រឹងសមត្ថភាព និងផ្ដល់សម្ភារៈបច្ចេកទេសដល់សមត្ថកិច្ចកម្ពុជា ក្នុងការប្រឆាំងអំពើឆបោកតាមអនឡាញ និងចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការអនុញ្ញាតឱ្យចិនបន្តមានការិយាល័យនៅកម្ពុជា ដើម្បីអនុវត្តច្បាប់ និងចាប់បញ្ជូនជនជាតិចិនដែលល្មើសច្បាប់ទៅប្រទេសចិនវិញ។ ប្រទេសចិនបានបង្កើតការិយាល័យអនុវត្តច្បាប់នេះនៅកម្ពុជាតាំងពីឆ្នាំ២០១៩។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនលោក វ៉ាង ស៊ាវហុង (Wang Xiaohong) កាលពីថ្ងៃទី៧ ខែកញ្ញា ភាគីទាំងពីរអះអាងថា សម្រាប់ឆ្នាំ២០២៤ នេះ នឹងផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការបញ្ជូនជនល្មើសបញ្ជូនត្រឡប់អនុវត្តទោសនៅប្រទេសចិនវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបាននៅឡើយនៅថ្ងៃទី៨ ខែកញ្ញា។
កម្ពុជាក្រោមការដឹកនាំដោយក្រុមគ្រួសារត្រកូល ហ៊ុន បានពឹងដង្ហើមសេដ្ឋកិច្ចតាមរយៈការវិនិយោគទុនរបស់អ្នកជំនួញ និងក្រុមហ៊ុននៃរដ្ឋអំណាចចិនច្រើនជាងគេ និងប្ដេជ្ញារឹតចំណងផ្នែកនយោបាយជាប្រទេសចិនដោយឥតងាករេ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅវិនិយោគិនជនជាតិចិនមកបណ្ដាក់ទុននៅកម្ពុជាមានតម្លៃសរុបប្រមាណជាង ៣.៧ប៊ីលានដុល្លារអាមេរិក ដែលការវិនិយោគទាំងនោះមួយចំនួន ដូចជានៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតជាដើម បង្កើតបានទៅជាសំណង់អគារសម្រាប់ការវិនិយោគបនល្បែង និងវិស័យកាស៊ីណូ។
រយៈពេល ៦ ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជា និងចិនបានចាប់បញ្ជូនជនជាតិចិនប្រមាណ ១ពាន់ ២រយនាក់បញ្ជូនទៅប្រទេសចិនវិញ ក្រោយរកឃើញថា ពួកគេពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាននៅកម្ពុជា។
ក្រុមអ្នកឃ្លាំមើលលើកឡើងដោយប្រៀបធៀបថា បញ្ហាជួញដូរមនុស្ស និងការឆបោកតាមអនឡាញមិនត្រឹមតែជាជំងឺរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាអាចនឹងក្លាយជាជំងឺមហារីកពិបាកព្យាបាលហើយកម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានឆន្ទៈស៊ើបអង្កេតបង្ក្រាបក្រុមមេខ្លោងធំៗនៅពីក្រោយខ្នង លុបបំបាត់អំពើពុករលួយ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។