អ្នកឃ្លាំមើលសង្កេតឃើញថា យុវវ័យមានការយល់ដឹងច្រើន ចំពោះថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ឬ វ៉ាលែនថាញស្ដេ (Valentine's day) ១៤ កុម្ភៈ ដោយពួកគេលែងចាត់ទុកថាថ្ងៃនេះ គឺជាថ្ងៃបុណ្យសង្សារសម្រាប់ដៃគូរស្នេហាទៀតហើយ។ ចំណែកអាជ្ញាធរ ក៏បានផ្សព្វផ្សាយ និងដាក់ចេញវិធានការរឹតបន្តឹង ចំពោះផ្ទះសំណាក់ និងសណ្ឋាគារដដែលដែរ ចំពោះថ្ងៃ ១៤ កុម្ភៈនេះ។
អ្នកឃ្លាំមើលលើកឡើងថា ទិវាក្ដីស្រឡាញ់ ១៤ កុម្ភៈ លែងសូវមានឥទ្ធិពលអវិជ្ជមានសម្រាប់សង្គមខ្មែរទៀតហើយ ដោយសារយុវវ័យ និងសិស្សសាលាយល់ដឹងច្រើន ហើយពួកគេចាត់ទុកថ្ងៃ ១៤ កុម្ភៈ គឺជាថ្ងៃសម្រាប់បង្ហាញក្ដីស្រឡាញ់ ចំពោះក្រុមគ្រួសារ និងមិត្តភ័ក្ដិ។
នាយិកាប្រតិបត្តិអង្គការសីលកា (SILAKA) អ្នកស្រី សេង រាសី សង្កេតឃើញថា សកម្មភាពទិញលក់ផ្កាជូនគ្នាទៅវិញទៅមក នៅតែមានច្រើន តែមិនសូវអ៊ូអរដូចឆ្នាំកន្លងៗ មកទេ។ អ្នកស្រីយល់ថា ការខិតខំផ្សព្វផ្សាយ និងវិធានការរបស់គ្រប់ភាគីទាំងអស់ប៉ុន្មានឆ្នាំចុងក្រោយនេះជះផលល្អសម្រាប់យុវវ័យ និងពលរដ្ឋ ដែលធ្វើឲ្យពួកគេយល់ដឹងច្រើនជាងមុន៖ « ការស្រឡាញ់មិនមែនជាការបំពានទៅលើរាងកាយអ្នកណាមួយ ដោយមិនបានគោរពទៅលើការសម្រេចចិត្តរបស់គេទេ។ អានេះជាសារសំខាន់ដែលយើងចង់ផ្ញើទៅកាន់មនុស្សគ្រប់គ្នា។ អ៊ីចឹង ! ការនិយាយថាទេ ឬមួយក៏យល់ព្រមចំពោះដៃគូ ឬមួយក៏ចំពោះអ្នកណាក៏ដោយ វាជាសិទ្ធិរបស់ពួកគាត់ ដែលមិនគួរប្រើប្រាស់ការស្រឡាញ់មកធ្វើជាគំនាបគាបសង្កត់»។
ជាមួយគ្នានេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពលរដ្ឋក៏បានបង្ហោះសារជូនពរគ្នា និងចែករំលែកក្ដីស្រឡាញ់ ដោយលែងសូវមានការបង្កប់អត្ថន័យនៃការរួមភេទ ដូចមុនទៀតហើយ។
ទិវាក្ដីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ កន្លងមក ត្រូវបានពលរដ្ឋកម្ពុជា ពិសេសយុវវ័យ និងសិស្សសាលាយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារ ឬថ្ងៃសម្រាប់ការរួមភេទជាមួយដៃគូរស្នេហា។ រាល់ឆ្នាំ នៅមុនថ្ងៃទី១៤ កុម្ភៈ អាជ្ញាធរ សង្គមស៊ីវិល តែងតែដាក់ចេញវិធានការ និងបង្កើនសារផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ កុំឲ្យមានការយល់ច្រឡំចំពោះថ្ងៃទី១៤ កុម្ភៈ។
ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ទាំងក្រសួងវប្បធម៌ ក្រសួងអប់រំ អាជ្ញាធររាជធានី ខេត្ត បានចេញសារផ្សព្វផ្សាយក្នុងន័យរួមថា ទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine's Day) របស់ប្រទេសលោកខាងលិច ត្រូវបានពលរដ្ឋខ្លះយកមកប្រែក្លាយក្នុងន័យអវិជ្ជមាន ដែលបានប៉ះពាល់សង្គមខ្មែរ ហើយឱ្យសិស្សានុសិស្ស និងយុវវ័យមួយចំនួន ជ្រួលជ្រើមភ្លេចគិតការរៀនសូត្រ បណ្ដាលឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ និងប្រាសចាកវប្បធម៌ ប្រពៃណីជាតិ។ ថ្ងៃនៃក្ដីស្រឡាញ់នេះ បង្កើតឡើងសម្រាប់បង្ហាញពីការស្រឡាញ់គ្នារវាងឪពុក ម្ដាយ កូន ឬអ្នកមានទំនាក់ទំនងរាប់អានគ្នា ដោយមិនបានសំដៅលើការរួមរ័កស្នេហានោះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានទេនៅថ្ងៃទី១៤ កុម្ភៈ។ តែកន្លងមក លោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា គ្រឹះស្ថានអប់រំតែងតែបញ្ជ្រាបអត្ថន័យពិតប្រាកដនៃទិវាក្ដីស្រឡាញ់នេះ ហើយសិស្សានុសិស្សនៅតាមសាលារៀន បានយល់ដឹងច្រើន និងមិនប្រព្រឹត្តិអំពើខុសឆ្គងដូចមុនទេ។
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ីម អ៊ឹមរ៉ន សង្កេតឃើញថា តាមដងផ្លូវនៅតែមានការដាក់តាំងលក់ផ្កាច្រើន ដូចបណ្ដាឆ្នាំមុនៗ ដែរ ប៉ុន្តែមិនសូវមានអតិថិជនចូលទិញទេ។ លោកយល់ថា យុវវ័យ និងសិស្សសាលា មានការយល់ដឹងច្រើន ហើយពួកគេបានប្ដូរពីការទិញផ្កាជូនគ្នា ទៅជាការទិញសម្ភារៈសិក្សា ឬកាដូ ជូនឪពុកម្ដាយ ឬសាស្ត្រាចារ្យវិញ៖ « បើសិនករណីរៀន ( នៅសាលា ) មានបង តែអត់ឃើញគេទិញផ្កា ឃើញគេទិញអ្វីផ្សេងដែលស្រាលជាងអីចឹងណា។ តែបើផ្កានៅតែឃើញគេលក់ច្រើន នៅតាមដងផ្លូវ និងទីតាំងនានា ព្រោះថាគាត់លក់អ្វីផ្សេងទេ តែដល់ថ្ងៃហ្នឹង គាត់យកផ្កាមកលក់ដែរ ព្រោះថា គេត្រូវការវាច្រើនអ៊ីចឹងណា»។
ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ និងខេត្តមួយចំនួន ក៏បានអំពាវនាវ និងដាក់ចេញវិធានការរឹតបន្តឹង តាមទីតាំងឯកជនក្នុងន័យបញ្ចៀសសកម្មភាពសិស្សសាលា ឬយុវវ័យមិនទាន់គ្រប់អាយុ ដឹកដៃគ្នាចូលរួមផ្ទះសំណាក់ ឬសណ្ឋាគារ ក្នុងថ្ងៃទិវាក្ដីស្រឡាញ់ ១៤ កុម្ភៈ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល បានចេញសារអំពាវនាវជាបន្តបន្ទាប់ ដោយក្រើនរំលឹកអំពីការពង្រឹងវិធានការសុខាភិបាល ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស ប្រភេទមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងក្នុងអំឡុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ។ ក្រសួង អំពាវនាវឲ្យសាធារណជន ជាពិសេស យុវជន-យុវនារី ត្រូវប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ តាមរយៈការកាត់បន្ថយការជួបជុំមនុស្សច្រើន និងញឹកញាប់ ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ និងដើម្បីប្រែក្លាយថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃយកចិត្តទុកដាក់ការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនពីជំងឺឆ្លងរាតត្បាតនេះ។
ក្រសួងបញ្ជាក់ថា ការចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង គឺភាគច្រើនកើតលើក្រុម មនុស្សដែលជួបជុំគ្នាច្រើន និងមានការធ្វេសប្រហែស ហើយពួកគាត់ ក៏អាចនាំជំងឺនេះទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេស ជនងាយរងគ្រោះដូចជាមនុស្សវ័យចាស់ និងអ្នកមានជំងឺប្រចាំកាយជាដើម ដែលអាចមានហានិភ័យខ្លាំង រួមមាន ការឈឺធ្ងន់ ត្រូវការសម្រាកនៅពេទ្យ និងស្លាប់ជាដើម។ ក្រៅពីនេះ ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំង ជាពិសេស ដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្ហាញក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។