ក្នុងចំណោមជនជាប់ចោទជនជាតិចិនចំនួន ១០នាក់ ពួកគេមួយចំនួនអាចប្រឈមការកាត់ទោសពីតុលាការឱ្យជាប់ពន្ធនាគារ ២០ឆ្នាំក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញរកឃើញថា ពួកគេបានផលិតវីដេអូអាសអាភាស និងធ្វើទារុណកម្មលើអ្នកធ្វើពេស្យា។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីរសៀលថ្ងៃទី៣១ ខែតុលា បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនជនជាប់ចោទជនជាតិចិន ១០នាក់នៅពន្ធនាគារព្រៃស ក្រោយពីតំណាងអយ្យការសម្រេចចោទប្រកាន់ពួកគេពីបទស្ថានទម្ងន់ទោសនៃសញ្ចរកម្ម សញ្ចរកម្មដោយមានអំពើហិង្សា និងការដឹកនាំពេស្យាចារ ដែលស្របតាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
មាត្រា២៩ ស្ដីពីសញ្ចរកម្មដោយមានការធ្វើទារុណកម្មកំណត់ថា សញ្ចរកម្ម ឬមេពេស្យា បានធ្វើទារុណកម្ម ឬប្រព្រឹត្តអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើជាពេស្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីយប់ថ្ងៃទី២៤ ខែតុលា ចុះឆ្មក់បង្ក្រាបទីតាំងផលិតវីដេអូអាសអាភាសមួយកន្លែងនៅអគារក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ វ៉ាយ៍ ណាវ (Wow Now) ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្ស ៤៥នាក់។ ក្រោយការសាកសួរ សមត្ថកិច្ចបានដោះលែងមនុស្ស ៣៥នាក់វិញ កាលពីថ្ងៃទី២៥ ខែតុលា ដោយអះអាងថា ពួកគេពុំមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។