សមាគម​ឧកញ៉ា​រំឭក​ឧកញ៉ា​ឱ្យ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ

ដោយ ខាន់ លក្ខិណា
2024.09.06
សមាគម​ឧកញ៉ា​រំឭក​ឧកញ៉ា​ឱ្យ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ សមាជិកសមាជិកា​លោក​អ្នក​ឧកញ៉ា ​អ្នក​ឧកញ៉ា និង​ឧកញ៉ា ថត​ក្នុង​ពិធីមហាសន្និបាតលើកទី១ របស់​សមាគម​ឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
រូប៖ ហ្វេសប៊ុកឧកញ៉ាកម្ពុជា

សមាគម​ឧកញ៉ា​កម្ពុជា អំពាវនាវ​ដល់​អ្នក​មាន​គោរមងារ​ជា​លោក​អ្នក​ឧកញ៉ា ​អ្នក​ឧកញ៉ា និង​ឧកញ៉ា ឱ្យ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​សមាគម និង​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​ទៅ​រដ្ឋាភិបាល។ អ្នក​ឃ្លាំមើល​ឃើញ​ថា អ្នក​ចូល​លុយ​ជាមួយ​រដ្ឋាភិបាល មាន​ការ​ថយ​ចុះ​ច្រើន ព្រោះ​បញ្ហា​សេដ្ឋកិច្ច និង​សង្ស័យ​ពី​តម្លាភាព។

ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំឭក​ទៅ​អ្នក​មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​ឧកញ៉ា ឱ្យ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​សមាគម និង​ត្រូវ​បង់​វិភាគ​ទាន​ចន្លោះ​ពី ៨ពាន់ ដុល្លារ​ដល់ ១០ម៉ឺន​ដុល្លារ​ជូន​រដ្ឋាភិបាល។

នេះ គឺ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សមាគម​ឧកញ៉ា​កម្ពុជា​នៅ​ថ្ងៃ​ទី៦ ខែកញ្ញា ដោយ​ភ្ជាប់​ជាមួយ​អនុក្រឹត្យ​ស្ដីពី​បែប​បទ និង​នីតិ​វិធី​នៃ​ការ​ស្នើ​សុំ និង​វាយ​តម្លៃ​ក្នុង​ការ​ផ្តល់​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ចុះ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែល​កំណត់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​បង់​វិភាគ​ទាន​ផង។

អនុក្រឹត្យ​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​លោក​អ្នក​ឧកញ៉ា​ត្រូវ​បង់​វិភាគ​ទាន​ចំនួន ១០ម៉ឺន ដុល្លារ រីឯ​អ្នក​ឧកញ៉ា​បង់ ១ម៉ឺន ៥ពាន់ដុល្លារ និង​ឧកញ៉ា​ចំនួន ៨ពាន់​ដុល្លារ។

ចំពោះ​អ្នក​ទទួល​គោរមងារ​ជា​លោក​អ្នក​ឧកញ៉ា ដែល​មាន​អាយុ​យ៉ាង​តិច ៤៥ឆ្នាំ ត្រូវ​អនុវត្ត​គោរមងារ​ជា​អ្នក​ឧកញ៉ា​យ៉ាង​តិច ៥ឆ្នាំ ហើយ​ត្រូវ​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ១៦.០០០.០០០.០០០ (ដប់​ប្រាំ​មួយ​ប៊ីលាន)រៀល ឬ​ប្រហែល ៤លាន​ដុល្លារ​ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

រីឯ​គោរមងារ​ជា​ឧកញ៉ា​យ៉ាង​តិច ៣ឆ្នាំ និង​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ៤.០០០.០០០.០០០ (បួន​ប៊ីលាន)រៀល ឬ​ប្រហែល ១លាន​ដុល្លារ​ឡើង​ទៅ បន្ថែម​ពី​លើ​សមិទ្ធផល​ផ្សេង​ទៀត ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​សង្គម​ជាតិ ខណៈ​អ្នក​គោរមងារ​ជា​ឧកញ៉ា ដែល​មាន​អាយុ​យ៉ាង​តិច ១៨ឆ្នាំ ត្រូវ​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ ឬ​កសាង​សមិទ្ធផល​នានា ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ២.០០០.០០០.០០០ (ពីរ​ប៊ីលាន)រៀល ឬ​ប្រហែល ៥០ម៉ឺន​ដុល្លារ​ឡើង​ទៅ

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​សង្គម​លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា​ ការ​ចូលរួម​វិភាគ​ទាន​របស់​ក្រុម​ឧកញ៉ា​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ ទៀត ចំណុះ​ឱ្យ​រដ្ឋាភិបាល​ក្នុង​រយៈពេល​នេះ ហាក់​បាន​ថយ​ចុះ​ច្រើន​ទាំង​ចំនួន​អ្នក​ចូលរួម​លុយ​និង​ទាំង​ចំនួន​ថវិកា​ដោយសារ​បញ្ហា​សេដ្ឋកិច្ច។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង មាន​បាត់​នូវ​ចំនួន​អ្នក ដែល​ធ្លាប់​ចូលរួម​សកម្ម​ជា​ច្រើន ពាក់ព័ន្ធ​នឹង​រឿង​ប្រាសាទ​ព្រះវិហារ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ការ​ចូលរួម​ក្នុង​ការ​ជួយ​ទៅ​ដល់​កាកបាទ​ក្រហម​អី​ជា​ដើម។ ខ្ញុំ​ឃើញ​ថា ហាក់​ដូច​ជា​មិន​មាន​ចំនួន​ច្រើន​ទេ នេះ​តាម​តែ​ខ្ញុំ​មើល​ឃើញ​ប៉ុន​ក្នុង​រយៈកាល​នេះ ខ្ញុំ​មិន​មាន​ការ​ទូទាត់​អី​ឱ្យ​ឃើញ​ច្បាស់​អ៊ីចឹង គ្រាន់​តែ​ថា ចំនួន​លុយ ចំនួន​មនុស្ស​ចូលរួម ហាក់​មិន​ទាន់​គម្រប់​តាម​តម្រូវ​ការ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ចង់​បាន»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​និង​ការសិក្សា​ស្រាវជ្រាវ​លោក សេក សុជាតិ លើក​ឡើង​ថា អ្នក​មាន​ធនធាន គួរ​តែ​ចូលរួម​ជួយ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ការ​កំណត់​ឱ្យ​ឧកញ៉ា​ចូល​លុយ​បែប​នេះ លោក​ថា ហាក់​ដូច​ជា​តឹង​បន្តិច ក្នុង​ករណី​ដែល​ក្រុម​ឧកញ៉ា​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នោះ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​គោល​នយោបាយ​ចំណាយ​ឱ្យ​មាន​តម្លាភាព ចំពោះ​លុយ​ដែល​ប្រមូល​បាន​ពី​ក្រុម​ឧកញ៉ា។

លោក សេក សុជាតិ៖ «តើ​ថវិកា ដែល​ទទួល​បាន​ពី​ក្រុម​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា ឬ​ឧកញ៉ា​ទាំង​អស់​ហ្នឹង យក​ទៅ​ប្រើ​នៅ​ក្នុង​គោល​ដៅ​អ្វី​ខ្លះ ហើយ​ថវិកា​នោះ​ប្រើ​ប្រាស់​យ៉ាង​ម៉េច វា​មាន​តម្លាភាព​ក្នុង​កម្រិត​ណា ហើយ​មួយ​ប្រមូល​បាន​ប៉ុន្មាន ហើយ​នៅ​សល់​ថវិកា​ប៉ុន្មាន​សម្រាប់​ការ​ប្រើប្រាស់​ជា​បន្ត​បន្ទាប់។ អ៊ីចឹង លុះ​ត្រា​ណា​តែ​រដ្ឋាភិបាល ឬ​ក៏​អ្នក​ដែល​ទទួល​បន្ទុក​ខាង​ហ្នឹង ទាល់​តែ​ធ្វើ​កិច្ច​ការ​ហ្នឹង ឱ្យ​បាន​ច្បាស់លាស់»

អ្នកឃ្លាំមើល​លើក​ឡើង​ថា គោរមងារ​ឧកញ៉ា​ក្លាយ​ទៅ​ជា​មុខ​របរ​មួយ​របស់រដ្ឋាភិ បាល​ត្រកូល​ហ៊ុន​និង​អ្នក​ដែល​ចង់​បាន​ងារ​ជា​ឧកញ៉ា។ ពួកគាត់​ថា រដ្ឋាភិបាល​ ហាក់​ដូច​ជា យក​ងារ​ឧកញ៉ា​ទៅ​លក់​ឱ្យ​បុុគ្គល​ជា​ច្រើន ដែល​មិន​ស័ក្ដិសម ដើម្បី​ប្រមូល​លុយ​ដោយ​គ្មាន​តម្លាភាព ហើយ​បុគ្គល​ទាំង​នោះ យក​ងារ​ជា​ឧកញ៉ា​របស់​ខ្លួន​ទៅ​ដើរ​ធ្វើ​ជា​ជំនួញ​ឧក្រិដ្ឋកម្ម​បាញ់​សម្លាប់​ជន​ស្លូត​ត្រង់ បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ដី​ធ្លី និង​ការ​បោក​ប្រាស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

ជាក់ស្ដែង​ដូច​ជា ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា អតីត​ឧកញ៉ា ហ៊ីង គឹមហុង អតីត​ឧកញ៉ា ជា សារ៉ន អតីត​ឧកញ៉ា ស្រី ស៊ីណា និង​ឧកញ៉ា ថោង សារ៉ាត់ ជា​ដើម។ ក្រៅ​ពី​ឧកញ៉ា​នេះ អ្នក​ឧកញ៉ា ហ៊ុន តូ និង​ឧកញ៉ា​ល្បី​ឈ្មោះ​នៅ​កម្ពុជា ៤រូប ដែល​ស្និទ្ធ​នឹង​ត្រកូល «ហ៊ុន» រង​នូវ​ការ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។