អង្គការ​​យូណេស្កូ​ជំរុញ​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេចចិត្ត ​ធានា​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ

0:00 / 0:00

អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា ​យូណេស្កូ ​(UNESCO) ជំរុញ​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ និង​លើកទឹកចិត្ត​ដល់​ស្ថានីយ​វិទ្យុ​ឱ្យ​ផលិត​ព័ត៌មាន​ឯករាជ្យ ដែល​អាច​ជឿ​ទុក​ចិត្ត។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​នៅពេល​អង្គការ​ពិភព​លោក​នេះ​ប្រារព្ធ​ទិវា​វិទ្យុពិភពលោក ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រោម​ប្រធានបទ «វិទ្យុ និង​ទំនុក​ចិត្ត»

អង្គការ​ដដែល​នេះ​បញ្ជាក់​ថា ការប្រារព្ធ​ទិវា​វិទ្យុ​ពិភពលោក​នេះ ​គឺ​ដើម្បី​លើក​កម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​អំពី​សារសំខាន់​នៃ​វិទ្យុ និង​លើក​ទឹកចិត្ត​ដល់​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ប្រើប្រាស់​វិទ្យុ សម្រាប់​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រម​ទាំង​ លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ចំណោម​អ្នក​ផ្សព្វផ្សាយ។ អង្គការ​នេះ​​បាន​​លើកឡើង​នូវ​ចំណុច​សំខាន់​បី​សម្រាប់​អ្នក​ផលិត​ព័ត៌មាន​តាម​វិទ្យុ គឺ​ការ​ផ្ដល់​ព័ត៌មាន​ទៅ​គ្រប់​ក្រុម​មនុស្ស​ទាំង​អស់ ការ​ផលិត​ព័ត៌មាន​ឯករាជ្យ និង​គុណភាព​ល្អ ដែល​សំដៅ​ដល់​ការគោរព​ក្រមសីលធម៌ ផ្ដល់​ព័ត៌មាន​ពិត ដែល​ឈរ​នៅ​លើ​អត្ថប្រយោជន៍​សាធារណៈ តម្រូវ​ឱ្យ​​​អ្នកមាន​អំណាច ​ទទួល​ខុសត្រូវ និង​កសាង​អនាគត​ល្អ​សម្រាប់​ទាំង​អស់​គ្នា។

[English below] តើអ្នកចូលចិត្តស្តាប់វិទ្យុទេ? ហើយធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងប្រារព្ធទិវាវិទ្យុពិភពលោក?...

Posted by UNESCO Cambodia on Saturday, February 12, 2022

ជាមួយគ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អបអរ​ទិវា​នេះ​ដែរ ដោយ​បាន​ណែនាំ​ដល់​អ្នកសារព័ត៌មាន​នូវ​សារ​ដែល​លោក​ធ្លាប់​លើក​ឡើង​ដដែលៗ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងកា្លយ ដែល​លោក​ថា ​បាន​បំពុល​សង្គម បង្ក​អសន្តិសុខ និង​ធ្វើ​ឱ្យ​មាន​អរិភាព។ លោក​ពី​នេះ​លោក ហ៊ុន សែន ថា ព័ត៌មាន​ក្លែងក្លាយ​តែង​បង្ក​ដោយ​ជនឱកាសនិយម នៅតាម​បណ្ដាញ​សង្គម​នានា។

តែ​ទោះ​ជាយ៉ាងណាអង្គការ​អន្តរជាតិ​នានា​បាន​រក​ឃើញ​ថា ៤​ ឆ្នាំ​ចុង​ក្រោយនេះ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ស្ថិតនៅ​ក្នុង​ស្ថានភាព​អាក្រក់ ព្រោះតែ​រដ្ឋាភិបាល​បន្ត​រឹតត្បិត ​គំរាមកំហែង យកលេសប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ឬ​ការញុះញង់​បង្កអសន្តិសុខសង្គម ដើម្បី​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ជាដើម​។ ក្នុង​នោះ​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​ក៏​ត្រូវ​បិទ​ទ្វារ ឬ​លែង​មាន​ស្ថានីយ​ផ្សាយ​បន្ត។

អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនេះ និង​ងាក​មក​គោរព​សេរីភាព​សារព័ត៌មាន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។