លិខិត​ចំហ​ជូន​លោក​បណ្ឌិត កែម ឡី

លោក​បណ្ឌិត កែម ឡី ជា​ទី​គោរព!

លោក​ចែក​ឋាន​ទៅ​បាន​ពីរ​សប្ដាហ៍​ហើយ។ ខ្ញុំ​សូម​ជម្រាប​លោក​តាម​ត្រង់​ថា មក​ទល់​នឹង​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​អួល​ដើមក​នៅ​ឡើយ​នៅ​ពេល​ដែល​ខ្ញុំ​នឹក​ដល់​លោក។ តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ថ្ងៃ​ផ្សាយ​ពិសេស​នា​ឱកាស​ដង្ហែ​សព​លោក​ថ្ងៃ​នេះ (២៤ កក្កដា) ខ្ញុំ​នឹង​ព្យាយាម​ទប់​អារម្មណ៍​អោយ​នឹងហ្ន៎ ដើម្បី​រួម​ចំណែក​ជូន​ដំណើរ​លោក​ជា​ចុង​ក្រោយ​ទៅ​កាន់​ស្រុក​កំណើត​លោក​វិញ។

​តាម​ពិត​លោក​តែងតែ​ដាស់តឿន​ពួក​យើង​មិន​អោយ​មានទុក្ខ​សោក​យូរ​ទេ។ ពាក្យ​មួយ​ឃ្លា​របស់​លោក​ដែល​យើង​ទន្ទេញ​ចាំ​មាត់​គ្រប់​គ្នា​នៅ​ពេល​នេះ គឺ "ជូត​ទឹក​ភ្នែក​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត"។ យើង​នឹង​អនុវត្ត​តាម​បណ្ដាំ​នេះ​អោយ​បាន​ខ្ជាប់ខ្ជួន មិន​អោយ​លោក​ខកចិត្ត​ឡើយ។

ថ្វីត្បិតតែ​ថ្ងៃ​នេះ អ្នក​ដែល​គោរព​ស្រឡាញ់​លោក​ជា​ច្រើន​ម៉ឺន​នាក់ ចូល​រួម​ដង្ហែ​សព​លោក​ក្តី ពួកគាត់​នៅ​តែ​រក​ចម្លើយ​មិន​ទាន់​ឃើញ​ថា ហេតុ​អ្វី​ក៏​គេ​ដាច់ចិត្ត​ផ្ដាច់​យក​ជីវិត​លោក​ទាំង​ស្រស់ៗ​បែប​នេះ។ ខ្ញុំ​ក៏​មាន​ចម្ងល់​នេះ​ដែរ។ មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​មិន​ទាន់​គិត​យល់​ថា ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​គេ​សម្រេច​ចិត្ត​ជ្រើស​យក​ជីវិត​លោក? ពេល​ដែល​គេ​ផ្ដាច់​ជីវិត​លោក​ទៅ ពួក​យើង​គិត​ថា រឿង​នេះ​វា​អាច​កើត​ឡើង​ចំពោះ​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​នេះ​រាល់​វេលា។

នៅ​ពេល​ដែល​លោក​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ជាមួយ​ខ្ញុំ លោក​លើក​ឡើង​ថា អ្នក​ប្រដាល់ ម៉ៃ ថៃសាន់ (Mike Tyson) នៅ​ស្រុក​ខ្មែរ ខាំ​ទាំង​គូប្រកួត ខាំ​ទាំង​អ្នក​អង្គុយ​មើល។ តែ​លោក មិន​ដែល​គិត​ថា ម៉ៃ ថៃសាន់ អាច​ហក់​មក​ខាំ​លោក ដែល​លោក​ថា គ្រាន់តែ​ជា​អ្នក​រូត​វាំងនន​នោះ​ទេ។ ខ្ញុំ​នៅ​ស្រណោះ​សម្ដី​នេះ​ណាស់!

យើង​ទាំង​អស់​គ្នា​ដែល​បម្រើ​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នក​រូត​វាំងនន​នេះ​ដូច​លោក​ដែរ។ ក្នុង​បេសកកម្ម​របស់​យើង​ដែល​ជា​អ្នក​បើក​កកាយ​នូវ​អំពើ​ពុករលួយ អំពើ​រំលោភ​ជិះជាន់ អំពើ​អយុត្តិធម៌​នានា​ក្នុង​សង្គម និង​ជាពិសេស ជា​អ្នក​ដែល​ហ៊ាន​ដេញដោល​សាកសួរ​យក​ព័ត៌មាន​ដែល​គេ​ព្យាយាម​បង្វែងដាន យើង​បាន​ធ្វើ​មនុស្ស​ខ្លះ​ខឹង មនុស្ស​ខ្លះ​ស្អប់ និង​ធ្លាប់​ត្រូវ​បាន​គេ​គំរាមកំហែង ព្រមទាំង​ទទួល​នូវ​ពាក្យ​ប្រមាថ​មាក់ងាយ​មក​លើ​ជា​ប្រចាំ តែ​យើង​ក៏​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ការ​ស្រឡាញ់ និង​គាំទ្រ​ពី​មនុស្ស​ភាគច្រើន​ដែល​មាន​សមានចិត្ត​មក​លើ​យើង​ដែរ។

ពួក​យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​យើង ក៏​ព្រោះតែ​យើង​ជឿជាក់​ថា យើង​អាច​រួម​ចំណែក​ជួយ​ប្រជាជាតិ​កម្ពុជា អោយ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវភាព​រស់នៅ និង​មាន​ការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​មួយ ហើយ​នេះ​ក៏​ជា​បំណង​របស់​លោក​បណ្ឌិត កែម ឡី ដែរ។ លោក​តែង​ហ៊ាន​រិះគន់​ដោយ​ត្រង់​ចំពោះ​អ្នក​នយោបាយ​ពី​គ្រប់​គណបក្ស។ លោក​ជួយ​ផ្ដល់​គំនិត និង​ទស្សនៈ​ដោយ​មិន​ប្រកាន់​បក្ស និង​និន្នាការ​នយោបាយ​ដើម្បី​អោយ​មាន​ការ​កែប្រែ​ចំណុច​អសកម្ម​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។

​ឃាតក​អាច​ឆក់​យក​ជីវិត​លោក​មែន តែ​គេ​មិន​អាច​យក​ឧត្ដម​គតិ និង​វីរភាព​ក្លាហាន​របស់​លោក​បាន​ទេ។ អ្នក​សម្លាប់​នឹង​ខក​ចិត្ត​ខ្លាំង​ណាស់ ប្រសិន​គេ​គិត​ថា គេ​អាច​សម្លាប់ ឬ​សម្លុត​អ្នក​រូត​វាំងនន​អោយ​អស់​បាន​នោះ។ ការ​ចូលរួម​កំដរ​រូប​កាយ​ដែល​គ្មាន​វិញ្ញាណ​របស់​លោក​ដោយ​ស្មោះ​ស្ម័គ្រ​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​នេះ​ហើយ ជា​តឹកតាង​នៃ​ភក្ដីភាព​ដ៏​មោះមុត​ចំពោះ​លោក និង​ឧត្ដមគតិ​របស់​លោក។

​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សារភាព​ថា ខ្ញុំ​ពិបាក​នឹង​បំភ្លេច​លោក​ដែល​ជា​វាគ្មិន​ដ៏​ប្រសើរ​មួយ​រូប​ក្នុង​កម្មវិធី​របស់​យើង​ណាស់។ ថ្វីត្បិតតែ​វា​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ​ក្នុង​ការ​បាត់បង់​រូបលោក ខ្ញុំ​ក៏​សូម​សម្ដែង​នូវ​កតញ្ញុតា​ចំពោះ​ការ​ចូលរួម​វិភាគទាន​ទាំង​អស់​របស់​លោក​ចំពោះ​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី និង​ចំពោះ​ប្រជាជាតិ​ខ្មែរ។

​ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​ទៅ​ដង្ហែ​សព​លោក​ផ្ទាល់​ទេ តែ​ខ្ញុំ​នឹង​ចូលរួម​ជូន​ដំណើរ​លោក​ជាមួយ​អ្នក​គាំទ្រ និង​គោរព​ស្រឡាញ់​លោក​តាម​រលកធាតុអាកាស​ពី​ចម្ងាយ។ នេះ​មិន​មែន​មក​ពី​ខ្ញុំ​អាក់អន់ស្រពន់ចិត្ត​នឹង​លោក​ដែល​ចាកចេញ​ទៅ​ដោយ​មិនបាន​លា​គ្នា​មួយ​ម៉ាត់​នោះ​ទេ តែ​មកពី​ខ្ញុំ​មាន​ភារៈ​នៅ​បន្ត​បេសកកម្ម​មួយ​ចំនួន​របស់​លោក​ដែល​លោក​ធ្វើ​មិន​ទាន់​បាន​ចប់​សព្វគ្រប់។ លោក​ប្រាកដជា​យល់​នូវ​ទឹក​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​សូម​គោរព​លា​លោក​ពី​ចម្ងាយ និង​សូម​អោយ​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ដល់​សុគតិភព៕

ពី​ខ្ញុំ ជុន ច័ន្ទបុត្រ ដៃគូ​ពិភាក្សា​ម្នាក់​របស់​លោក