មតិពលរដ្ឋជុំវិញសេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មី
2013.03.22

តើពលរដ្ឋយល់ឃើញយ៉ាងណាចំពោះការតម្រូវឲ្យអ្នករួមដំណើរពាក់មួកសុវត្ថិភាពចរាចរណ៍នេះ?
សំឡេងពលរដ្ឋ៖ «ចាស! ខ្ញុំឮដំណឹងអីចឹងយល់ថាល្អណាស់ ព្រោះអីការពារអាយុជីវិតសុវត្ថិភាពទាំងអស់គ្នា។ សំខាន់ខ្មែរយើងមិនសូវបានគោរពគ្រប់ ១០ទេ ទូទៅភាគច្រើនគេខ្ជិលទិញ បើអ្នកអង្គុយមុខអ្នកបើកទើបគេទិញ ចេញពីហ្នឹងទៅក៏មានប៉ូលិសផាកដែរ នៅតែអត់មួក មិនអាចមានគ្រប់ ១០ទេ ១០ មាន ៥ទេ ហ្នឹងច្បាប់គេថៃ យួន ខ្មែរយើងមិនទាន់អាចបានទេ គេបាន១០ យើងបាន២»។
នេះជាមតិរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ។
ពលរដ្ឋកម្ពុជា បានសម្ដែងពីអារម្មណ៍ខ្លាចរអានឹងគ្រោះថ្នាក់ចរាចរណ៍ ដែលថាជាជំងឺមួយកាចសាហាវជាងជំងឺអេដស៍ទៅទៀត ហើយថាគ្រោះថ្នាក់ចរាចរណ៍ គឺបង្កឡើងដោយការរំលោភច្បាប់ ធ្វេសប្រហែស និងការមិនប្រុងប្រយ័ត្នទាំងស្រុង។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានបង្កើតគម្រោងកម្មវិធីនានារបស់ខ្លួន ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពួកគេបានចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើការជំរុញឲ្យអ្នករួមដំណើរពាក់មួកសុវត្ថិភាព ស្របពេលដែលសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីស្ថិតនៅក្នុងដៃក្រុមការងារបច្ចេកទេសនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅឡើយនោះ។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ពៅ ម៉ាលី មានប្រសាសន៍ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានតាក់តែងឡើង កាលពីចុងឆ្នាំ២០១២ នោះ គឺបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ច្បាប់នេះមានចំនួន ១២ជំពូក និង ៩៨មាត្រា ដែលតម្រូវឲ្យអ្នករួមដំណើរតាមទោចក្រយានយន្តពាក់មួកសុវត្ថិភាព និងផាកពិន័យទ្វេមួយគុណនឹងប្រាំដង ចំពោះអ្នកដែលមិនគោរពច្បាប់នេះ។ លោកថា នៅមានចំណុចមួយចំនួនទាក់ទិនទៅនឹងការពិនិត្យពិចារណាអំពីសេចក្ដីព្រាងទោសបញ្ញត្តិ ដែលនឹងទាមទារឲ្យក្រសួងយុត្តិធម៌ចូលរួមចំណែក មុននឹងបើកកិច្ចប្រជុំអន្តរក្រសួង។
លោក ពៅ ម៉ាលី៖ «ការពិតទៅ វាដូចជាគ្មានអ្វីតឹងតែងទេ ព្រោះដោយសារយើងធ្វើនេះមានគោលបំណងតែមួយគត់ គឺដើម្បីការពារសុវត្ថិភាពរបស់គាត់ហ្នឹងឯង។ យើងមានហើយច្បាប់ចាស់ ធ្វើម៉េចវាមិនគ្រប់គ្រាន់ ដោយសារការអភិវឌ្ឍទៅមុខទៅ យើងត្រូវតែខំតទៅទៀត។ ជ្រាបស្រាប់ហើយច្បាប់ចាស់មុនវិន័យវាតិច ឥឡូវយើងវិន័យមួយគុណនឹងប្រាំដង»។
យ៉ាងណាក៏ដោយ សេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលគាំទ្រ និងចង់ឲ្យសេចក្ដីព្រាងថ្មីនេះឆាប់បានអនុម័ត ស្របពេលដែលច្បាប់ចរាចរណ៍របស់ប្រទេសជិតខាងកម្ពុជា បានតម្រូវឲ្យអ្នករួមដំណើរ ឬអ្នកជិះពីក្រោយពាក់មួកសុវត្ថិភាពដែរនោះ។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានថ្លែងថា អង្គការសង្គមស៊ីវិលប្រមាណ៣០ បានអំពាវនាវរួមគ្នាទៅរដ្ឋាភិបាល ឲ្យពន្លឿនពិនិត្យពិចារណា និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលក្នុងនោះក៏មានមាត្រាមួយបានចែងថា សូម្បីតែកុមារក៏ត្រូវពាក់ពួកសុវត្ថិភាពដែរ។
លោកថា ក្នុងចំណោមជនរងគ្រោះជាអ្នកធ្វើដំណើរតាមម៉ូតូ ១០០នាក់ យ៉ាងហោចណាស់ក៏មាន ៣០ ទៅ ៤០នាក់ជាអ្នករួមដំណើរតាមម៉ូតូដែរ។
លោក គឹម បញ្ញា៖ «វាមិនមែនជាច្បាប់ដែលតម្រូវសម្រាប់តែប្រទេសយើងឯណា ព្រោះប្រទេសនៅក្បែរខាងយើងនេះ ក៏គេបានតម្រូវឲ្យអ្នករួមដំណើរហ្នឹងពាក់មួកសុវត្ថិភាពទៅហើយ គិតទាំងកុមារផង ហើយគេធ្វើតាំងពីយូរណាស់មកហើយ។ ដោយឡែកប្រទេសយើង ដោយសារយើងគិតពីប្រជាពលរដ្ឋ លោកមានជីវភាពខ្វះខាត ប៉ុន្តែឥឡូវនេះ យើងឃើញថាប្រជាពលរដ្ឋរបស់យើងកាន់តែមានជីវភាពធូរធារជាងមុន មធ្យោបាយដែលគាត់ប្រើប្រាស់ទាក់ទងនឹងទោចក្រយានយន្តហ្នឹង ក៏វាកាន់តែច្រើន។ យើងមានលទ្ធភាពក្នុងការទិញម៉ូតូតម្លៃរាប់រយរាប់ពាន់ដុល្លារ រឿងអីតែយើងស្ដាយលុយត្រឹមតែជាង ១០ដុល្លារបន្តិចបន្តួច ក្នុងការទិញមួកសុវត្ថិភាពការពារខ្លួនយើង បើយើងដឹងថាអ្នករួមដំណើរក៏ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ដែរ»។
ពិតណាស់ មួកសុវត្ថិភាពពុំមានតម្លៃស្មើនឹងអាយុជីវិតរបស់មនុស្សនោះទេ ប៉ុន្តែវាអាចសង្គ្រោះអាយុជីវិតមនុស្សបានមួយផ្នែកដែរ។
យុវតី សួន ចន្ធា អាយុ ២០ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យចេនឡា មួយរូប ដែលកំពុងធ្វើដំណើរនៅលើវិថីព្រះមុន្នីរ៉េត យល់ថា មួកសុវត្ថិភាពអាចជួយមួយផ្នែកធំក្នុងការការពាររបួសក្បាលនៅពេលមានគ្រោះថ្នាក់ជាយថាហេតុនៅលើដងផ្លូវ ដូច្នេះគ្រួសារនាងដាច់ខាតពិតជាត្រូវការវាណាស់ នៅពេលធ្វើដំណើរ។
យុវតី សួន ចន្ធា៖ «បើសិនជាគ្រោះថ្នាក់អាចការពារបាន និយាយទៅក្បាល ទាំងអ្នកមុខអ្នកក្រោយ ពាក់ៗតែអ្នកមុខទេ ភាគច្រើនអ្នកក្រោយគាត់អត់ពាក់ទេ។ ដល់ពេលអ៊ីចឹង គ្រោះថ្នាក់ភាគច្រើនគ្រោះថ្នាក់អ្នកក្រោយ ត្រូវក្បាលប៉ះពាល់ក្បាលអីចឹងទៅ។ មានបង សូម្បីតែក្មួយខ្ញុំអាយុ ៣ឆ្នាំ ក៏មានដែរ។ បើសិនជាគ្រោះថ្នាក់ទៅអាចការពារបាន វាល្អ។ ហើយបើនិយាយពីតម្លៃនៅលើទីផ្សារ មួកការពារវាអត់ថ្លៃទេ។ បើប្ដូរជាមួយជីវិតយើង អត់មានលក់នៅលើទីផ្សារទេ បើមួកការពារមាន អ៊ីចឹងពាក់ទៅវាល្អជាងអត់ពាក់»។
បុរសវ័យ ៥០ឆ្នាំ ជាអ្នកប្រកបរបររត់ម៉ូតូឌុបម្នាក់ ដែលកំពុងឈរក្បែរម៉ូតូរបស់គាត់រង់ចាំដឹកភ្ញៀវ ដែលមានមួកសុវត្ថិភាពនៅលើកន្ត្រកម៉ូតូស្រាប់ គឺលោក ឈួន ធី បានថ្លែងថា គាត់ប្រកបរបរនេះតាំងពីឆ្នាំ១៩៩៧ មក ប៉ុន្តែលោកបានចាប់ផ្ដើមពាក់មួកសុវត្ថិភាពនៅពេលច្បាប់មានការរឹតបន្តឹងខ្លាំងប្រមាណ ៣ ទៅ ៤ឆ្នាំនេះទេ។ លោកថា ការតម្រូវឲ្យអ្នកជិះពីក្រោយត្រូវពាក់មួកសុវត្ថិភាពនោះ គឺជាបញ្ហាបន្តិចបន្តួចដែរចំពោះមុខរបរគាត់។
លោក ឈួន ធី៖ «ឲ្យតែច្បាប់គេចេញមក យើងត្រូវទិញមួកឲ្យគេហើយ បើមិនទិញមួកឲ្យគេ ម៉េចបាន មានតែប៉ូលិសផាក។ ច្បាប់ចេញមកត្រូវទិញដាក់ពីក្រោយមួយហើយ។ មួកមួយ ១០ដុល្លារជាងដែរ បើមានគេជួយឲ្យរឹតតែល្អ បើគេអត់ជួយទិញខ្លួនឯង ខាតលុយច្រើនដែរ។ គ្រាន់តែនិយាយរឿយៗ អត់ទាន់មានច្បាប់ចេញមែនទែន។ អនាគតទៅមុខទៅដឹងតែអ្នកក្រោយត្រូវមានមួកដូចស្រុកគេដែរ។ ពាក់ទៅដូចរៀងយ៉ាប់ដែរ ក្ដៅស្អុះក្បាល ខ្ញុំតាំងពាក់មួកមករង្គោះសក់អស់ហើយហ្នឹង»។
អង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តន៍សកម្មភាពការងារជំរុញការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារ ដោយធ្វើយុទ្ធនាការចែកមួកសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលាចំនួន១៥ តាំងពីឆ្នាំ២០១០ មក។ ក្រៅពីនោះ គេបានផលិតស្ពតពាណិជ្ជកម្មផ្សព្វផ្សាយ និងជំរុញឲ្យអ្នករួមដំណើរពាក់មួកសុវត្ថិភាព ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរ និងអ្នករួមដំណើរទៀតផង។
ទាក់ទិនទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ បើប្រៀបធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ ពិតជាគ្រោះមហន្តរាយដ៏ធំធេងដែលជះឥទ្ធិពលធ្វើឲ្យប្រជាពលរដ្ឋយើងធ្លាក់ទៅក្នុងភាពក្រីក្រ។ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ គឺជាសោកនាដកម្ម និងជាឃាតកលាក់មុខអាចសម្លាប់ជីវិតប្រជាពលរដ្ឋរបស់យើងគ្រប់ពេលវេលា។ តែយើងអាចកាត់បន្ថយគ្រោះថ្នាក់ និងបញ្ចប់សោកនាដកម្មនេះបាន ប្រសិនជាយើងទាំងអស់គ្នាចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍»។
ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឆ្នាំ២០១១ បានឲ្យដឹងថា មានជនរងគ្រោះសរុបចំនួនជាង ១ម៉ឺន ៦ពាន់នាក់ ដែលកើតឡើងពីគ្រោះថ្នាក់ជាង ៥ពាន់ករណី ក្នុងនោះមនុស្សជិត ២ពាន់នាក់ស្លាប់ ហើយមនុស្សជាង ៥ពាន់នាក់ រងរបួស។ បើគិតជាមធ្យម ក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនជាង ៥នាក់ និងរបួស ១៦នាក់។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១២ ធៀបនឹងឆ្នាំ២០១១ មានការធ្លាក់ចុះប្រមាណ ១៥% ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថយចុះ និងចំនួនអ្នករងរបួសបានថយចុះប្រមាណ ១៧% ក្នុងនោះអ្នកស្លាប់ និងអ្នករងរបួសមិនពាក់ពួកសុវត្ថិភាពក្នុងពេលគ្រោះថ្នាក់ចំនួន ៣៥% ដែលបានបង្កើតនូវសោកនាដកម្មក្នុងរង្វង់គ្រួសារ សាច់ញាតិ សហគមន៍ និងសង្គមជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។