មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី

ដោយ ជិន ជេដ្ឋា
2016.07.13
Share on WhatsApp
Share on WhatsApp
បក្ស​ប្រឆាំង កែម ឡី ៨៥៥ តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត-ក្រុង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៦។
RFA/Chin Chetha

តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត-ក្រុង និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៦០​នាក់ ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក កែម ឡី។ អ្នក​ចូលរួម​ពិធី​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា នេះ​បាន​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ និង​សោកស្ដាយ​លោក​បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម ជា​ពន់ពេក និង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ឃាតក​ពិត​ប្រាកដ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​បែលហ្សិក និង​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង មួយ​ចំនួន​មិន​ជឿ​ថា ករណី​បាញ់​សម្លាប់​លោក កែម ឡី នៅ​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ​ជា​រឿង​បុគ្គល​ទេ។ ពួកគេ​សង្ស័យ​ថា អាច​ជា​រឿង​នយោបាយ ដោយសារ​លោក​បាន​វិភាគ​ចំៗ​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ង៉ោ គឹមជាង មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ពិធី​នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​គោរព​ស្រឡាញ់​លោក កែម ឡី ចូល​អុជ​ធូប ឬ​ឧទ្ទិស​កុសល​ជូន​លោក​ក្នុង​រយៈ​ពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា តទៅ។

ស្រប​ពេល​គ្នា​នេះ​លោក​ក៏​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​វែកញែក​រក​ខុស​ត្រូវ​លើ​ករណី​នេះ​ឲ្យ​បាន​ឆាប់៖ «គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា គាត់ (កែម ឡី) ជា​បណ្ឌិត​ហ៊ាន​និយាយ​ការពិត ហ៊ាន​ទិតៀន​រដ្ឋាភិបាល គាត់​ជា​មនុស្ស​មាន​ឆន្ទៈ​ខ្ពស់ អ្នក​ស្នេហា​ជាតិ ហើយ​បាន​រៀបចំ​ជួយ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​ការពារ​ប្រទេស​ជាតិ​យើង ហើយ​ដែល​គេ​ចាប់​បាន​ឃាតក​និយាយ​ថា លោក​បណ្ឌិត កែម ឡី ជំពាក់​ថវិកា​បី​ពាន់​ដុល្លារ​នោះ​ខ្ញុំ​មិន​ជឿ​ទេ»

ចំណែក​ពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច លោក សួស សុធាវុធ ថា រូប​លោក និង​អ្នក​ស្រុក​ភូមិ​ផ្សេង​ទៀត​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​អ្នក​ចេះ​ដឹង​ដូច​ជា​លោក កែម ឡី៖ «មក​នេះ​ក្នុង​គោល​បំណង​កាន់​ទុក្ខ! យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើ​ឃាត​ដ៏​សាហាវ​យង់ឃ្នង»

រីឯ​អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​បែលហ្សិក ម្នាក់​ដែល​ស្កាត់​មក​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី គឺ​លោក ហ៊ី ណណ ថា លោក​ក្ដុកក្ដួល និង​សោកសង្រេង​ចំពោះ​លោក​បណ្ឌិត កែម ឡី៖ «ប្រទេស​ខ្មែរ​យើង ជា​ពិសេស​រាជរដ្ឋាភិបាល ជា​ការ​អាម៉ាស់​មួយ​ធំ​ណាស់​ដែល​យើង​មក​សម្លាប់​បណ្ឌិត ហើយ​ខ្ញុំ​ជា​ខ្មែរ​មួយ​រូប​ដែរ គឺ​ខ្មាស​ជាតិ​គេ​ដទៃ​ណាស់ ព្រោះ​ជាតិ​មួយៗ ដើម្បី​ឲ្យ​ប្រទេស​ជឿន​លឿន គេ​ទុក​អ្នក​ប្រាជ្ញ ឬ​អ្នក​ចេះ​ដឹង ​ដូច្នេះ​ប្រទេស​កម្ពុជា​យើង​ថ្ងៃ​ណា​ទៅ​ទើប​ងើប​រួច។ ដូច្នេះ​ការ​សម្លាប់​នេះ​ខ្ញុំ​យល់​ថា មិន​មែន​ជា​ឈាម​ជ័រ​ខ្មែរ​ទេ គឺ​ជា​ឈាមជ័រ​អ្នក​ឈ្លានពាន​ប្រទេស​កម្ពុជា»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត​ កែម ឡី ថា​ជា​អំពើឃោរឃៅ​ព្រៃផ្សៃ ហើយ​លោក​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​​ស្វែង​រក​ជន​ដៃដល់ និង​ជន​ឃុបឃិត​ទាំង​ឡាយ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​​​ច្បាប់។

លោក​ ហ៊ុន​ សែន ថា​ ឃាតកម្ម​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​មុខ​មាត់​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា និង​ចាត់​ទុក​ថា នេះ​ជា​ការ​ផ្ចាញ់​ផ្ចាល​ដល់​រដ្ឋាភិបាល​របស់​លោក​ ដែល​តែង​​ប្រកាស​ក្ដែងៗ​អំពី​សន្តិភាព និង​សុវត្ថិភាព​​ក្នុង​​សង្គម៖ «រាជ​រដ្ឋាភិបាល​ គឺ​ពិត​ជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខ​មាត់​​អំពី​ម្ខាង គឺ​អសមត្ថភាព​នៃ​ការ​ការពារ​សន្តិសុខ​សម្រាប់ តែ​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លាប​ពណ៌​ភ្លាមៗ​អំពី​បញ្ហា​នេះ ដែល​មាន​ចរិត​ជា​បញ្ហា​ខាង​នយោបាយ។ ដូច្នេះ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​របស់​យើង​នឹង​ទុក​លទ្ធភាព​ឱ្យ​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ម៉ត់​ចត់ ហើយ​ដោយ​ចៀស​វាង​បង្វែ​បញ្ហា​ពី​សោកនាដកម្ម​មួយ​នេះ​ទៅ​ជា​បញ្ហា​ខាង​នយោបាយ»

សមត្ថកិច្ច​ប៉ូលិស​រាជធានី​ភ្នំពេញ ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅ​ថ្ងៃ​ដដែល នៃ​ហេតុការណ៍​បាញ់​សម្លាប់​លោក កែម ឡី នៅ​​ក្នុង​ស្ដារម៉ាត កាល់តិច (Star Mart) នៅ​ក្បែរ​ភ្លើងស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​តែ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​វែក​រក​មុខ​ជន​ដៃដល់​ពិត​ប្រាកដ និង​អ្នក​ឃុបឃិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។