មន្ត្រីគណបក្សប្រឆាំងរិះគន់ការសម្ដែងរបាំជូនពររបស់វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសាលាខេត្តស្វាយរៀង និងចាត់ទុកថា ជាការបើកឱកាសឱ្យវៀតណាមប្រជ្រៀតវប្បធម៌ចូលមកកម្ពុជា ហើយអាចជាហានិភ័យនាំឱ្យមានការបាត់បង់ទឹកដីដូចកម្ពុជាក្រោម។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ខេត្តស្វាយរៀង ចាត់ទុកការរាំជូនពររបស់វៀតណាមថា ជារឿងធម្មតាប៉ុណ្ណោះ។
មន្ត្រីគណបក្សសង្គ្រោះជាតិចាត់ទុកថា ការធ្វើពិធីអបអរ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងនៅក្នុងសាលាខេត្តស្វាយរៀង និងមានដាក់បញ្ចូលការសម្ដែងរបាំរបស់វៀតណាម រួមទាំងការដាក់តាំងអក្សរ និងទង់ជាតិវៀតណាម នៅលើវេទិកាម្ខាងម្នាក់នឹងអក្សរ និងទង់ជាតិខ្មែរ គឺហាក់បីដូចខេត្តស្វាយរៀងកំពុងស្ថិតនៅក្នុងទឹកដីកម្ពុជាក្រោម។ មន្ត្រីគណបក្សប្រឆាំងយល់ថា បើទោះបីជាមានគណៈប្រតិភូមកពីភាគីវៀតណាមចូលរួមពិធីនេះក្ដី គួរតែអាជ្ញាធរខេត្តស្វាយរៀងរៀបចំឱ្យមានត្រឹមការសម្ដែងរបាំប្រជាប្រិយខ្មែរ ដាក់តាំងអក្សរ ទង់ជាតិ និងទង់សាសនារបស់ខ្មែរបានហើយ។
អតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ មេសាថា លោកមិនប្រកាន់ពូជសាសន៍ឡើយក្នុងការអញ្ជើញគណៈប្រតិភូវៀតណាមចូលរួមក្នុងពិធីអបអរ និងជូនពរគ្នានៅមុនពិធីបុណ្យចូលឆ្នាំរបស់សាលាខេត្តស្វាយរៀង ក៏ប៉ុន្តែលោកយល់ថាការរៀបចំពិធីដែលមានសម្ដែងរបាំប្រជាប្រិយ ដាក់អក្សរ និងទង់ជាតិវៀតណាមនៅលើវេទិកា គឺហាក់កម្ពុជាកំពុងក្លាយជាវៀតណាមភាវូបនីយកម្មបណ្ដើរៗ ឬការបញ្ចូលខ្លួនឱ្យស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។
លោក អ៊ុំ សំអាន៖«លេងរបាំខ្មែរទៅ ហើយអញ្ជើញគណៈប្រតិភូវៀតណាមចូលរួមទៅ អាហ្នឹងវាមិនជាបញ្ហា វាមិនទៅប្រកាន់ពូជសាសន៍អីទេ។ ក៏ប៉ុន្តែរឿងអីយើងទៅធ្វើអ៊ីចឹង មានអក្សរខ្មែរ អក្សរវៀតណាម មានទង់ជាតិវៀតណាមផង មានទង់ជាតិខ្មែរផង ហើយមានរបាំវៀតណាមទៀត។ អាហ្នឹងមិនមែនបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរទេ វាជាបុណ្យចូលឆ្នាំយួនទៅវិញ អាហ្នឹងធ្វើហ្នឹងដូចជាប្រទេសឡាវ។ កម្ពុជានឹងប្រែក្លាយជាយួនភាវូបនីយកម្ម ដូចនៅប្រទេសឡាវបណ្ដើរៗ»
លោក អ៊ុំ សំអាន បន្តថា មូលហេតុដែលលោកព្រួយបារម្ភបែបនេះ ដោយសារកម្ពុជាធ្លាប់មានប្រវត្តិសាស្ត្របន្សល់ទុករួចហើយ ដែលវៀតណាមធ្លាប់បានប្រជ្រៀតជនជាតិរបស់ខ្លួន រួមទាំងវប្បធម៌ និងភាសាចូលទៅទឹកដីខ្មែរកម្ពុជាក្រោម បន្ទាប់ពីមានការខ្ចីដីរយៈពេល ៥ឆ្នាំ ដើម្បីបង្ហាត់កងទ័ព ប៉ុន្តែក្រោមមក ក៏មានការកាត់ទឹកដីខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលបារាំង ប្រគល់ទៅឱ្យវៀតណាមគ្រប់គ្រងមកដល់សព្វថ្ងៃនេះ។
លោកបន្ថែមទៀតថា កម្ពុជាអាចនឹងក្លាយជាខ្មែរកម្ពុជាក្រោមទី២ ដោយសារហេតុផលមួយចំនួន ដូចជា ពលរដ្ឋវៀតណាមកំពុងចូលមករស់នៅស្ទើរគ្រប់ទីកន្លែងនៅទឹកដីកម្ពុជាការសម្រេចដាក់បញ្ចូលភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅតាមរាជធានីខេត្តទាំង២៥ មានសមាគមវៀតណាមសម្រាប់បង្រៀនភាសាវៀតណាម រួមទាំងចុងក្រោយនេះ វៀតណាមហាក់កំពុងព្យាយាមបញ្ចូលរបាំប្រពៃណីរបស់ខ្លួនមកកម្ពុជាថែមទៀត។ អ្នកនយោបាយប្រឆាំងរូបនេះអះអាងថាលោក ហ៊ុន សែន ដែលជាមេដឹកនាំត្រូវបានវៀតណាមជួយលើកបន្តុបឱ្យកាន់អំណាចរហូតមកនេះ ក៏ធ្លាប់បានចុះហត្ថលេខាប្រគល់ទឹកដីតាមព្រំដែនឱ្យវៀតណាមតាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥។
ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី១ មេសា ធ្វើពិធីអបអរ និងជូនពរគ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាមួយថ្នាក់ដឹកនាំវៀតណាមមកពីខេត្តឡុងអាង (Long Ang) និងខេត្តតៃនិញ (Tay Ninh) ជាខេត្តជាប់ព្រំដែនគ្នា និងមានការចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា។ នៅលើវេទិកានេះ នៅជ្រុងម្ខាងមានដាក់អក្សរ និងទង់ជាតិវៀតណាម និងជ្រុងម្ខាងទៀតដាក់អក្សរ និងទង់ជាតិខ្មែរ រួមទាំងការសម្ដែងរបាំជូនពរពីភាគីវៀតណាម និងរបាំក្ងោកពីភាគីកម្ពុជា។ នៅក្នុងពិធីនេះ ក្រុមមន្ត្រីវៀតណាម បាននាំយកត្រកផ្លែឈើ និងបាច់ផ្កា ជូនក្រុមមន្ត្រីកម្ពុជា សម្រាប់ជាអំណោយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យ និងជាអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង ដែលត្រូវគេស្គាល់ថា ឈ្មោះ អេង រិទ្ធី អតីតពិធីករទូរទស្សន៍បាយ័ន និងធ្លាប់អះអាងថា កម្ពុជាគ្មានអន្តោប្រវេសន៍វៀតណាមរស់នៅនោះ បានលើកឡើងថា វាជាការអញ្ជើញគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក្នុងនាមជាបងប្អូនល្អ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ លោកបន្តថា នៅពេលពិធីបុណ្យចូលឆ្នាំវៀតណាម ភាគីមន្ត្រីវៀតណាមក៏បានអញ្ជើញក្រុមមន្ត្រីខេត្តស្វាយរៀងទៅចូលលេងកម្សាន្តដូចគ្នានេះដែរ។
លោក អេង រិទ្ធី៖«នៅពេលដែលគេមានពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់គេ ក៏គេអញ្ជើញយើងទៅដែរ ហើយយើងក៏យករបាំយើងទៅដែរដូចតែគ្នាហ្នឹង។ ខេត្តស្វាយរៀងមានរបាំគោះត្រឡោក ជាអត្តសញ្ញាណរបស់ខេត្ត ហើយយើង ក៏មានរបាំជូនពរយកទៅសម្ដែងនៅខេត្តតៃនិញ និងខេត្តឡុងអាងដូចតែគ្នាដែរទេ។ អ៊ីចឹង!ជម្រាបជូនថានេះជាកិច្ចសហប្រតិបត្តិការ ជាការទំនាក់ទំនងល្អ នៅក្នុងការកសាងព្រំដែនសន្តិភាព ព្រំដែនបៃតង និងព្រំដែនកិច្ចសហប្រតិបត្តិការ»។
លោក ហ៊ុន សែន បន្ទាប់ពីត្រូវបានកងទ័ពវៀតណាមលើកបន្តុបឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក លោកបានព្យាយាមរក្សា និងដណ្ដើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារបង្ហូរឈាមក្នុងឆ្នាំ១៩៩៧ ការសម្លាប់ក្រុមបាតុករអហិង្សា ការប្រើប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងប្រឆាំង និងរិះគន់ ការប្រព្រឹត្តអំពើពុករលួយ ការបង្កើតបក្ខពួកនិយម ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញរបបលទ្ធិប្រជាធិបតេយ្យជាដើម។ មន្រ្តីគណបក្សប្រឆាំងតែងតែលើកឡើងថា មូលហេតុដែលវៀតណាមលើកបន្តុបឱ្យកាន់អំណាចបានរយៈពេល ៤០ឆ្នាំមកនេះ ទើបរបបលោក ហ៊ុន សែន តែងតែបង្ហាញការដឹងគុណវៀតណាមមិនចេះចប់ ហើយពេលខ្លះហាក់មិនហ៊ាននិយាយរិះគន់ ឬស្នើសុំអ្វីមួយទៅភាគីវៀតណាម ដូចដែលរដ្ឋាភិបាលវៀតណាម ធ្លាប់រិះគន់ និងស្នើសុំកម្ពុជានោះទេ។
ជាក់ស្ដែងកាលពីឆ្នាំ២០២១ នៅពេលរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់វិធានការឱ្យរុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រី ចេញពីដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក្នុងនោះភាគច្រើនជាផ្ទះ និងបែចិញ្ចឹមត្រីរបស់ជនជាតិវៀតណាមជិត ២ពាន់កន្លែង ត្រូវបានរដ្ឋាភិបាលវៀតណាមរិះគន់ និងស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវធានាពីសិទ្ធិ និងសុខុមាលភាពសម្រាប់ជនជាតិខ្លួន។ ប៉ុន្តែនៅពេលវៀតណាមរំលោភបំពានសិទ្ធិផ្សេងៗ ទៅលើពលរដ្ឋខ្មែរកម្ពុជាក្រោមរដ្ឋាភិបាល លោក ហ៊ុន សែន តែងរក្សាភាពស្ងៀមស្ងាត់មិនហ៊ានហាស្ដី ដើម្បីរក្សាទំនាក់ទំនងល្អក្នុងនាមជាប្រទេសជិតខាង និងចាត់ទុកថា ការរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ជារឿងកិច្ចការផ្ទៃក្នុងរបស់វៀតណាម។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែបន្តព្រួយបារម្ភជុំវិញដំណើរឆ្ពោះទៅទិសខាងលិចរបស់លោក ហ៊ូ ជីមិញ (Ho Chi Minh) ដែលព្យាយាមលេបត្របាក់ទឹកដីខ្មែរទាំងស្រុងរួមទាំងប្រទេសឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។