អតីតអ្នកទោសមនសិការ បង្កើតអង្គការលើកស្ទួយប្រជាធិបតេយ្យ ការពារធនធានធម្មជាតិ និងពង្រឹងវិស័យកសិកម្ម
2022.11.01

"អង្គការពលរដ្ឋយើង" កំពុងចាប់ផ្ដើមប្រតិបត្តិការ និងបេសកកម្មរបស់ខ្លួនជួយសង្គមជាតិ បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ។ អង្គការនេះបង្កើតឡើង ដើម្បីលើកស្ទួយប្រជាធិបតេយ្យ ការពារធនធានធម្មជាតិ ជាពិសេស លើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្សព្វផ្សាយចំណេះដឹងថ្មីៗ ទៅដល់កសិករ។
បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ "អង្គការពលរដ្ឋយើង" ដែលជាអង្គការក្រៅរដ្ឋាភិបាល កំពុងបំពេញបេសកកម្មរបស់ខ្លួនដោយផ្អែកទៅលើទស្សនវិស័យ និងគោលដៅ ក្នុងការជួយប្រជាពលរដ្ឋ ជាពិសេស កសិករ។
នាយករងនៃអង្គការពលរដ្ឋយើង លោក នី ណាក់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ តុលា ថា អង្គការនេះបង្កើតឡើង ទៅតាមក្ដីស្រមៃរបស់លោក និងសមាជិកដទៃទៀត ដែលចង់ជួយប្រជាកសិករ និងសង្គមជាតិ។ លោកឱ្យដឹងថា "អង្គការពលរដ្ឋយើង" មានទស្សនៈវិស័យ និងគោលដៅច្រើន ក្នុងនោះរួមមាន ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែប្រសើរ ការលើកកម្ពស់វិស័យអប់រំ ការការពារធនធានធម្មជាតិ ជាពិសេស ការពង្រឹងវិស័យកសិកម្ម។ អ្នកជំនាញកសិកម្មរូបនេះបន្តថា សកម្មភាពរបស់អង្គការនេះនឹងធ្វើឱ្យលោកកាន់តែមានលំហសេរីភាពទូលំទូលាយក្នុងការចែករំលែកចំណេះដឹង និងជំនាញក្នុងវិស័យកសិកម្មទៅកាន់ប្រជាកសិករ។ លោក នី ណាក់ បន្តថា ការចែករំលែកនេះ នឹងធ្វើឱ្យកសិករនៅកម្ពុជាកាន់តែមានបច្ចេកទេស និងមានភាពរីកចម្រើនក្នុងវិស័យកសិកម្មកាន់តែខ្លាំង។
«អ្វីដែលជាចំណុចស្នូលធំបំផុតនោះគឺយើង ធ្វើការនៅក្នុងវិស័យកសិកម្ម។ យើងនឹងធ្វើការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ក៏ដូចជា ការសម្របសម្រួលជាមួយនឹងដៃគូអភិវឌ្ឍនានា ធ្វើម៉េចឱ្យកសិករមានឱកាសលក់ផលិតផល ក៏ដូចជា ការមានទីផ្សារក្នុងការលក់ផលិតផលឱ្យបានទូលំទូលាយ»។
លោក នី ណាក់ ជាអ្នកជំនាញកសិកម្មមួយរូប ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ពន្ធនាគារអស់ ១៨ខែ យ៉ាងអយុត្តិធម៌កាលពីថ្ងៃទី១២ ខែធ្នូ ២០២០កាលពីថ្ងៃទី១២ ខែធ្នូ ២០២០កាលពីឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង បន្ទាប់ពីលោកបានបង្ហោះសារផ្សព្វផ្សាយពីការទិញម៉ាស់ពាក់ឱ្យកូនមាន់ និងត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន ខណៈកម្ពុជា និងពិភពលោកកំពុងផ្ទុះជំងឺកូវីដ-១៩ កាលចុងឆ្នាំ២០១៩។
"អង្គការពលរដ្ឋយើង" ត្រូវបានចុះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ បច្ចុប្បន្នអង្គការនេះមានសមាជិកចំនួន ១០រូប និងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធដទៃទៀតសម្រាប់គាំទ្រ និងចូលរួមបេសកកម្ម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការអត្ថាធិប្បាយការយល់ឃើញ ជុំវិញការបង្កើតអង្គការទើបបង្កើតថ្មីមួយនេះបានទេ នៅថ្ងៃទី៣១ តុលានេះ។
ជុំវិញរឿងនេះ ប្រធានប្រតិបត្តិនៃអង្គការពលរដ្ឋយើង លោក សុខ ថារី ឱ្យដឹងថា ត្បិតនីតិវិធីនៃការបង្កើតអង្គការនេះមានភាពលំបាកក៏ពិតមែន តែសមាជិកគ្រប់រូបនៅតែជម្នះបានដោយសារឆន្ទៈបម្រើជាតិរបស់សមាជិកគ្រប់គ្នា។ លោកបន្តថា ក្រៅពីវិស័យកសិកម្ម គោលដៅបេសកកម្មបន្ទាប់របស់អង្គការ គឺការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស គឺដើម្បីជួយបំពេញចន្លោះខ្វះខាតក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ យ៉ាងណាលោកថា មកទល់ពេលនេះ «អង្គការពលរដ្ឋយើង» នៅពុំទាន់ទទួលបានជំនួយហិរញ្ញវត្ថុពីស្ថាប័នណាមួយនៅឡើយទេ ខណៈការចូលបំពេញការងារត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត។ លោករំពឹងថា ផ្អែកលើទស្សនវិស័យ និងបេសកកម្ម អង្គការមួយនេះមានការរីកចម្រើន ដើម្បីជួយដល់ប្រជាជន និងប្រទេសជាតិ។
«កន្លងមកខ្ញុំមិនមានឱកាស ដើម្បីចូលរួមនៅក្នុងកិច្ចការងារសង្គមជាតិនេះទេ។ ប៉ុន្តែទើបនឹងពេលថ្មីៗ នេះ ពេលក្រុមការងារយើងគាត់មានគំនិតផ្ដួចផ្ដើមក្នុងការបង្កើត អង្គការពលរដ្ឋយើងនេះឡើង»។
«អង្គការពលរដ្ឋយើង» ដែលមានរូបមនុស្សឈរព័ទ្ធជុំវិញរង្វង់អក្សរជាឡូហ្គូសម្គាល់ បង្កើតឡើងដោយឈរនៅលើទស្សនវិស័យលើកស្ទួយ ពង្រឹង គោរព អនុវត្ត និងការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍន៍សង្គមប្រកបដោយចិរភាព។ បេសកកម្មរបស់អង្គការ គឺអប់រំ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ច្បាប់ជាតិ ច្បាប់អន្ដរជាតិ និងការគោរពច្បាប់នានា ជាធរមាន។ ជាមួយគ្នានេះ មានការចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិ ព្រមទាំងការបង្រៀនពីបច្ចេកទេសកសិកម្ម និងបង្កើតទីផ្សារសហគមន៍កសិផល។ លើសពីនេះ នៅមានការលើកស្ទួយ និងពង្រឹងវិស័យអប់រំ ពង្រឹងអំណាននៅទូទាំងប្រទេសផងដែរ។
អង្គការមួយនេះ កើតចេញពីឆន្ទៈរបស់អ្នកទោសមនសិការ អតីតមន្ត្រីអង្គការសង្គមស៊ីវិល និងអតីតស្ថាបនិកប៉ុស្តិ៍វិទ្យុ។ ពួកគាត់ប្រមូលផ្ដុំចងក្រង និងបំពេញបេសកកម្មទៅតាមជំនាញរៀងខ្លួន ក្នុងគោលដៅតែមួយគឺ ជួយប្រជាពលរដ្ឋ និងប្រទេសជាតិ។
អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងអន្តរជាតិ បានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំ និងការអភិវឌ្ឍឡើងវិញ នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងច្បាប់រដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់សិទ្ធិពលរដ្ឋ និងសិទ្ធិសង្គមស៊ីវិល តាមរយៈមាត្រា៣៥ ចែងថា ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ មាត្រា ៤១ និយាយពីសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពក្នុងការជួបប្រជុំគ្នា និងមាត្រា ៤២ ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការបង្កើតសមាគម និងគណបក្សនយោបាយ។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។
ក្រោយរម្លាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការជាប្រព័ន្ធធ្វើទុក្ខបុកម្នេញទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបន្តអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅមុនការបោះឆ្នោតជាតិខាងមុខនេះ៕