ការតវ៉ានេះកើតឡើងបន្ទាប់ពីភាគីរោងចក្រប្រកាសកាត់បន្ថយបុគ្គលិកជាបណ្តើរៗ នាំឲ្យកម្មករសង្ស័យថា រោងចក្រអាចនឹងបិទទ្វារនៅពេលឆាប់ៗខាងមុខ។
កម្មកររោងចក្រ ផាញ ហ្គ្រេត នៅថ្ងៃទី៨ ខែឧសភា បម្រុងនឹងបិទផ្លូវជាតិម្តុំទំនប់បឹងទំពុន ដើម្បីទាមទារសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរ បន្ទាប់ពីភាគីរោងចក្រខកខានបើកប្រាក់ខែឲ្យកម្មករ។ប៉ុន្តែបន្ទាប់ពីអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ ក្រុមកម្មករបានចាកចេញពីផ្លូវជាតិ ដោយប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រវិញ។
កម្មការិនី កញ្ញា ឡុង សុខខេង ឲ្យដឹងថា រោងចក្រសម្រេចបណ្ដេញនាង និងកម្មការិនីជាង ៣០នាក់ទៀត តាំងពីចុងខែមេសា ហើយសន្យាថា នឹងបើកប្រាក់ខែចុងក្រោយឲ្យនៅថ្ងៃទី៨ ខែឧសភា ប៉ុន្តែថ្ងៃនេះ រោងចក្របែរជាមិនបើកលុយឲ្យកម្មករទាំងអស់គ្នាតែម្ដង។
កញ្ញាបន្តថា កម្មករទាំងអស់គ្នាជួបការលំបាកជាខ្លាំងផ្នែកជីវភាព ហើយមិនមានអ្វីជាទីពឹងក្រៅពីប្រាក់ខែទាំងនោះឡើយ។ កញ្ញាបញ្ជាក់ថា កម្មករបម្រុងនឹងបិទផ្លូវ គឺដើម្បីចង់បានដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធ ប៉ុន្តែអាជ្ញាធរក៏បានមកជួបចរចានឹងភាគីរោងចក្រហើយដែរ៖ «កាលណាខ្ញុំបិទផ្លូវទៅ មានអ្នកប្ដឹងដល់លើហើយ គេអត់មានអីផង។ ពួកខ្ញុំអត់បិទផ្លូវផង ធ្វើម៉េចបានលុយ បើកូដកម្មធ្វើពេលខោអាវយើងប្រញាប់ទើបឈ្នះគេ។ ឥឡូវអត់មានអីផង រដ្ឋបាលបានត្រឹមតែពន្យារពេល»។
ទោះជាយ៉ាងណាក្តី អភិបាលរងខណ្ឌមានជ័យ លោក ឌី សុភ័ណ្ឌ មានប្រសាសន៍ថា កម្មករអាចតវ៉ាបាននៅខាងមុខរោងចក្រ ប៉ុន្តែមិនអាចឡើងបិទផ្លូវជាតិបានទេ។ លោកបន្តថា លោកបានជជែកនឹងភាគីរោងចក្ររួចហើយ ដោយប្រធានរដ្ឋបាលរោងចក្រសន្យាថា នឹងបើកប្រាក់ខែឲ្យកម្មករឲ្យគ្រប់ចំនួននៅថ្ងៃទី១០ ឧសភា៖ «តំណាងភាពស្របច្បាប់មាន រោងចក្រ និងសហជីព សន្យាថា នឹងបើកលុយឲ្យកម្មករនៅថ្ងៃ១០ ហ្នឹងណា បើថ្ងៃ១០ មិនបើកទេ កម្មករផ្ដិតមេដៃដាក់ទៅតុលាការដើម្បីរកដំណោះស្រាយ»។
ក្នុងការប្រមូលផ្ដុំគ្នាតវ៉ានេះ តំណាងសហជីពនិងកម្មករបានចូលទៅជួបចរចាជាមួយភាគីរោងចក្រ ប៉ុន្តែមិនទាន់បានផលនោះទ។ ភាគីរដ្ឋបាលរោងចក្រក៏មិនចេញមកជួបអ្នកកាសែតដែរ។ ចំណែកឯក្រុមកម្មករបានប្រមូលស្នាមមេដៃដើម្បីត្រៀមដាក់បណ្តឹងទៅកាន់តុលាការបន្តទៀត។
អគ្គលេខាធិការរងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ខឹម ចំណាន មានប្រសាសន៍ថា បើសិនជាភាគីរោងចក្រមិនគោរពតាមការសន្យា សហជីពនឹងដឹកនាំកម្មករទាមទារទៅកាន់ក្រសួងពាក់ព័ន្ធ។
លោកបញ្ជាក់ថា កម្មករទាំងអស់មានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីការបញ្ឈប់ការងារ ឬការបញ្ចប់កិច្ចសន្យាណាមួយពីភាគីនិយោជក៖ «ថ្ងៃ១០ ហ្នឹង បើក្រុមហ៊ុនមិនបើកលុយ សហជីពនឹងធ្វើកូដកម្មយ៉ាងក្ដៅតែម្ដង។ សំខាន់រោងចក្រទៅមែន ក៏នៅតែមានអ្នកដោះស្រាយ ទទួលខុសត្រូវ មេធាវីខ្ញុំនឹងចាត់ចែងរឿងហ្នឹង បើមិនបើកលុយឲ្យទេ ក្រសួងក៏ត្រូវទៅ ផ្ទះសម្ដេចក៏ត្រូវទៅ»។
ក្រៅពីការដាក់ធុងបាសប្រកាសទាមទារប្រាក់ខែ កម្មករទាំងនោះក៏បានអង្គាសលុយគ្នារៀបចំកម្លាំងយាមកាម ដើម្បីកុំឲ្យភាគីរោងចក្ររើអីវ៉ាន់ចេញទៀតផង ហើយកម្មករបានទទួលដំណឹងថា រោងចក្រទំនងជាក្ស័យធន ឬក៏ប្ដូរថៅកែ។
កម្មករនៅរោងចក្រ ផាញ ហ្គ្រេត ភាគច្រើនជាកម្មករដែលធ្វើការងារតាមរយៈកិច្ចសន្យាការងាររយៈពេលខ្លី។ ប្រការនេះធ្វើឲ្យពួកគេអាចរងនូវការកេងប្រវ័ញ្ចពីសំណាក់ភាគីនិយោជក ដូចជាការបណ្តេញចេញ ឬបញ្ចប់កិច្ចសន្យាការងារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។