រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ព្រមាន​ចាត់វិធានការ​ចំពោះ​ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់

0:00 / 0:00

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ព្រមាន​ចាត់វិធានការ​ទៅលើ​រថយន្ត​ទាំងឡាយ​ណា​ដែល​ផ្ទុក​ទំនិញ​លើស​ចំណុះ ខុស​ការ​កំណត់​ដោយ​ច្បាប់​។ ប៉ុន្តែ​សារ​ព្រមាន​នេះ បាន​រង​ការរិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន ព្រោះ​យល់ថា បទបញ្ជា​និង​វិធានការ​កន្លងទៅ​អនុវត្ត​ពុំ​សូវ​មាន​ប្រសិទ្ធភាព។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​រំលឹក​និង​ព្រមាន អាជ្ញាធរ និង​មន្ត្រី​ក្រោមបង្គាប់ ឱ្យ​ពង្រឹង​ការពារ​ផ្លូវជាតិ​កុំ​ឱ្យ​ខូច និង​អំពាវនាវ​ដល់​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្ដីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​» លោក ស៊ុន ចាន់ថុល ថ្លែង​ថា បើ​គ្មាន​វិធានការ​តឹងរ៉ឹង​ទេ រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ទាំងនោះ​នៅតែ​បំពាន ហើយ​នឹង​ធ្វើ​ឱ្យ​ខូច​ផ្លូវ ដែល​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​រក​ថវិកា​ដើម្បី​កសាង​អស់​រាប់ពាន់​លាន​ដុល្លារ​។ លោក​បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​ប្រសិនបើ​មាន​រថយន្ត​មួយ​គ្រឿង​ដឹកទំនិញ​លើស​៣០​តោន គឺ​ស្មើនឹង ឡាន​៨១​ម៉ឺន​គ្រឿង​បើក​លើ​ផ្លូវ​នោះ​ដែរ​។ ទេសរដ្ឋមន្ត្រី​រូប​នេះ អះអាង​ថា ចាប់ពី​ពេល​នេះ មន្ត្រី​សាធារណការ នឹង​អនុវត្ត​ច្បាប់​ចំពោះ​អ្នក ដែល​ប្រព្រឹត្ត​ខុសច្បាប់ ដោយ​មិន​មាន​ការលើកលែង និង​រើសអើង​ឡើយ ពោល គឺ​មិន​ថា អ្នក​មាន​អំណាច អ្នកមាន ឬ​អ្នកក្រ​នោះ​ទេ គឺ​ត្រូវតែ​ចូល​ថ្លឹង​ជញ្ជីង​ទាំងអស់​គ្នា៖ «ឡាន​ដែល​យើង​ចាប់​បាន អត់​មាន​ឡាន​ណា លែង​ទៅវិញ​ទេ អត់​មានការ​ស្នើសុំ ពី​អ្នកនេះ អ្នកនោះ​មក​ជួប​ខ្ញុំ​ទេ ខ្ញុំ​តែងតែ​និយាយ​ថា បើ​ចង់​អន្តរាគមន៍​លែង​ឡាន​ដឹកទំនិញ លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ សូម​ទូរស័ព្ទ ស្នើ​សុំ​ពី​សម្ដេច​អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ខ្លួនឯង​ទៅ គឺ​ខ្ញុំ​ដាច់ខាត មិន​ដែល មិន​ដែល​ទាល់តែសោះ អន្តរាគមន៍​ឱ្យ​ស្ថានីយ​ជញ្ជីង​លែង​ឬ​មិន​ផាក​ពិន័យ​ឡាន​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់​ទេ​គឺ​មិន​ដោះលែង​ដាច់​ខាត»។

លោក ស៊ុន ចាន់ថុល បន្ថែម​ទៀត​ថា ដើម្បី​ឱ្យ​វិធានការ​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កាន់ តែ​មាន​ប្រសិទ្ធភាព​នោះ ក្រសួង កំពុងតែ​ផ្លាស់ប្ដូរ​ប្រធាន និង​អនុប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ទាំង​២៧​កន្លែង​នៅ​ទូទាំង​ប្រទេស ក្រោយ​រក​ឃើញ​ថា ពួកគេ​ធ្វើការ​មិនបាន​ត្រឹមត្រូវ និង​មាន​ការ​អនុញ្ញាត​ឱ្យ​រថយន្ត​ខ្លះ​គេច​ផុត​ពី​សំណាញ់​ច្បាប់ ដោយ​មិន​ចូល​ថ្លឹង​ជញ្ជីង​នោះ​ទេ៖ «នៅ​ពេល​ខាងមុខ នៅ​ពេល​យើងខ្ញុំ​រៀបចំ​ដាក់​ប្រព័ន្ធ​កាមេរ៉ា​បាន ហើយ​នៅ​ពេល​ឡាន​ណា​មិន​ចូល គឺ​ខ្ញុំ​ដឹង​លេខ​ឡាន​នេះ​ទាំងអស់ ហើយ​ទី​២​កំពុង​រៀបចំ​ដាក់​ប្រព័ន្ធ GPS ឬ​ប្រព័ន្ធ​បៃឌូ​នៅ​លើ​ឡាន ដឹង​ទំនិញ​ធំ​​ៗ​ទាំងអស់ ដើម្បី​ដឹង​ពី​សកម្មភាព​ឡាន​ទាំងនោះ ផង​ដែរ​។ នេះ​គឺជា​វិធានការ​គ្រប់​ទាំងអស់​ដែល​យើង​ខ្ញុំ​កំពុង​សិក្សា»។

ទោះជា​បែបនេះ​ក្តី សាធារណជន បាន​កត់​សម្គាល់​ថា រាល់ថ្ងៃ​នេះ ឃើញ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ​ត​កន្ទុយ​ជាច្រើន​គ្រឿង បាន​ដឹក​អីវ៉ាន់​លើស​ទម្ងន់ និង​ធ្វើ​សកម្មភាព​នៅ​ទូទាំង​ប្រទេស ហើយ​សមត្ថកិច្ច​មាន​ភារកិច្ច​ត្រួតពិនិត្យ​ផ្លូវជាតិ មិន​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក គង់ រតនៈ សម្ដែង​ការ​ស្វាគមន៍​ចំពោះ​វិធានការ​នានា​ដែល​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើក​ឡើង ប៉ុន្តែ​លោក​មិនទាន់ មាន​ជំនឿ​ថា មាន​ប្រសិទ្ធភាព​កម្រិត​ណា​នោះ​ទេ ព្រោះ​មិនទាន់​ឃើញ​លទ្ធផល​នៅឡើយ​។ លោក​កត់សម្គាល់​ថា តាម​បទពិសោធន៍​កន្លងទៅ មាន​មន្ត្រី​មួយ​ចំនួន​អសកម្ម ឬ​មិន​អនុវត្ត​តាម​វិធានការ និង​បទបញ្ជា​ដែល​បាន​ដាក់​ចេញ ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ រូប​នេះ ជំរុញ​ឱ្យ​ក្រសួង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​មន្ត្រី​ថ្នាក់ក្រោម​ឱ្យ​បាន​តឹងរ៉ឹង និង​ពង្រឹង​ការ អនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​ឱ្យ​មាន​តម្លាភាព ក្នុង​ករណី​មាន​មន្ត្រី​ណា​ម្នាក់​ធ្វើ​ខុស ត្រូវតែ​ចាត់ វិធានការ​ទៅតាម​ច្បាប់ មិន​គួរ​ដក​ពី​កន្លែង​នេះ​ទៅ​ដាក់​កន្លែង​នោះ ដែល​មាន​ការងារ​ប្រហាក់ប្រហែល​គ្នា​ដដែល​នោះ៖ «តាម​ពិត​ទៅ យើង​ត្រូវ​ពិនិត្យ​តាំងពី​ដើមទី​ក្នុងពេលដែល​ដឹក ទំនិញ​នោះ កុំ​ឱ្យ​ដឹក​មកដល់​ទីតាំង​ជញ្ជីង គឺ​វា​បាន​ដឹក​ឆ្លងកាត់​ផ្លូវ​ហើយ​បាត់​ហើយ​ដូច្នេះ​តាំងពី កន្លែង​ផ្ទុក​នោះ​គឺ​ខាង​មន្ត្រី​ផែ ក៏​ត្រូវ​សហការ​គ្នា​ថា តើ​ទម្ងន់​នៃ​ការ​ផ្ទុក វា​ត្រឹមត្រូវ​អត់ កុំ​ឱ្យ​ដល់ពេល បើកបរ​ឡើង​ខ្ទេច​ផ្លូវ​ទើបតែ​ចាប់​ឃើញ គឺ​គាត់​បាន​បើក​ឆ្លងកាត់​ផ្លូវ​រួច​បាត់​ហើយ​។​មួយវិញទៀត រឿង ការ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដូចជា​កាមេរ៉ា​សុវត្ថិភាព​និង​ប្រព័ន្ធ​ GPS វា​ជា​រឿង​ល្អ​ប៉ុន្តែ​ការ​បារម្ភ​របស់ ខ្ញុំ​នៅ​តែ​មាន​ព្រោះថា មន្ត្រី​ដែល​អនុវត្ត​សកម្មភាព​នោះ គឺ​ស្ថិត​ក្នុង​ចង្កោម​អ្នក​ដែល​ធ្វើការ​ពីមុន​មក ដូចគ្នា»។​

កន្លងទៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា តាមពិត​មាន​អាជ្ញាធរ​មួយ​ចំនួន​ដាក់​មន្ត្រី​ល្បាត​ការពារ​ផ្លូវជាតិ​ដែរ ប៉ុន្តែ​អ្នក​ទាំងនោះ មិនមែន​ឃាត់​រថយន្ត​ដឹក​លើស​ចំណុះ ឬ​រំលោភច្បាប់​កំណត់​ទេ គឺ​ពួកគាត់​ភាគច្រើន​ជា​អ្នក​ទារ​លុយ​ពី​អ្នកដំណើរ ឬ​រថយន្ត​ដែល​ដឹក​លើស​ចំណុះ ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ឱ្យ​ដឹង​ថា ក្នុង​មួយឆ្នាំៗ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា ប្រមាណ​ជិត ២​រយ​លាន​ដុល្លារ សម្រាប់​ជួសជុល និង​ថែទាំ​ផ្លូវ​ដែល​ខូច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។