ម្ចាស់​រថយន្ត​ដឹក​ឧស​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ស្ថានីយ​ជញ្ជីង​ខេត្ត​កំពង់ចាម

ដោយ សូត សុខប្រាថ្នា
2016-07-31
Share
ស្ថានីយ​ជញ្ជីង កំពង់ចាម ២០១៦ ៨៥៥ ឡាន​យីឌុប​របស់​ប្រជាពលរដ្ឋ​ចូល​ថ្លឹង​ទម្ងន់​នៅ​ស្ថានីយ​ជញ្ជីង​ថ្នល់​កែង ស្ថិត​នៅ​ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ម្ចាស់​រថយន្ត​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ថ្លឹង​លើស​ទម្ងន់​ជាក់ស្តែង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ម្ចាស់​រថយន្ត​ដឹក​ឧស​ឆ្លង​កាត់​ស្ថានីយ​ជញ្ជីង​នៅ​ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​មន្ត្រី​នៅ​ស្ថានីយ​នេះ​ថា​បំពេញ​ការងារ​មាន​ភាព​មិន​ត្រឹមត្រូវ។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពេល​រថយន្ត​របស់​ពួក​គាត់ ត្រូវ​បាន​មន្ត្រី​ស្ថានីយ​ជញ្ជីង​ឃាត់​ទុក ហើយ​ទាមទារ​ឲ្យ​បង់​ប្រាក់​ពិន័យ ១​លាន​រៀល ក្រោម​ហេតុផល​ថា​ដឹក​លើស​ទម្ងន់។ ម្ចាស់​រថយន្ត​អះអាង​ថា ពួក​គេ​មិន​បាន​ដឹក​លើស​ទម្ងន់​នោះ​ទេ ប៉ុន្តែ​ដោយសារ​ជញ្ជីង​នោះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង។

ម្ចាស់​រថយន្ត​យីឌុប ឬ​ឡាន​ធន់​ធ្ងន់ ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ស្ថានីយ​ជញ្ជីង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ជាប់​ថ្នល់​កែង​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ការ​ស្នើ​នេះ ក្រោយ​ពេល​ពួក​គាត់​យល់​ថា ស្ថានីយ​ជញ្ជីង​នៅ​ថ្នល់​កែង​មាន​បញ្ហា ព្រោះ​ថ្លឹង​រថយន្ត​របស់​ពួក​គាត់​លើស​ពី​ទម្ងន់​ជាក់ស្ដែង​រហូត​ជិត ១០​តោន ហើយ​តែងតែ​គាប​សង្កត់​ពួក​គាត់​ដែល​ជា​អ្នក​រក​ស៊ី​ត្រឹមត្រូវ។

ម្ចាស់​រថយន្ត​ដឹក​ឧស​មួយ​រូប លោក ជុំ ចាន់ថន ឲ្យ​ដឹង​ថា រថយន្ត​របស់​លោក​ត្រូវ​បាន​មន្ត្រី​នៅ​ស្ថានីយ​ជញ្ជីង​ថ្នល់​កែង​ឃាត់​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ហើយ​ផាក​ពិន័យ​ប្រាក់​ចំនួន ១​លាន​រៀល ស្រប​ពេល​រថយន្ត​របស់​លោក​មិន​បាន​ដឹក​លើស​ចំណុះ​ផង។ លោក​បន្ត​ថា ចំនួន​ឡាន និង​ឧស​ដែល​ផ្ទុក គឺ​មាន​ទម្ងន់​ជាង ៣០​តោន ស្រប​ពេល​ទម្ងន់​កំណត់ គឺ​មិន​ឲ្យ​លើស​ពី ៣៥​តោន ប៉ុន្តែ​ស្ថានីយ​នេះ​ថ្លឹង​ឃើញ​រហូត​ដល់​ជិត ៤០​តោន៖ «ខ្ញុំ​ព្រម​បង់ ខ្ញុំ​ព្រម​ពិន័យ ប៉ុន្តែ​ខ្ញុំ​ចង់​ទៅ​ថ្លឹង​នៅ​ផ្លូវ​ជាតិ​លេខ​៤ ទៀត ហើយ​បើ​អត់​គ្រាប់ តើ​គិត​យ៉ាង​ម៉េច​ឲ្យ​ខ្ញុំ​វិញ»

ប្រភព​ដដែល​បន្ត​ថា ឧស​នោះ​ជា​ប្រភេទ​ឈើ​ងាប់ៗ​ដែល​ពួក​គាត់​ដឹក​ពី​ខេត្ត​ព្រះវិហារ សម្រាប់​យក​ទៅ​លក់​ឲ្យ​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​នៅ​ខេត្ត​កណ្ដាល និង​ដឹក​ឆ្លង​កាត់​ស្ថានីយ​ជញ្ជីង​នៅ​ខេត្ត​កំពង់ធំ ប៉ុន្តែ​មិន​មាន​បញ្ហា​ទេ។

ទាក់ទង​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ស្ថានីយ​ជញ្ជីង​ខេត្ត​កំពង់ចាម លោក ឃួន ថុល បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ កក្កដា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នក​រក​ស៊ី​ដឹក​ឧស​ជាមួយ​លោក ជុំ ចាន់ថន ស្នើ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា មូលហេតុ​ដែល​មន្ត្រី​ស្ថានីយ​ឃាត់​រថយន្ត​ដឹក​ឧស​ពួក​គាត់ គឺ​ដោយសារ​មន្ត្រី​ស្ថានីយ​ទាំង​នោះ​ខឹង​ពួក​គាត់​មិន​ដែល​បង់​ប្រាក់​ថ្លៃ​បាយ​ឲ្យ​ពួក​គេ។ លោក​ថា ក្នុង​ពេល​ដឹក​មួយ​ជើង ត្រូវ​បង់​ជាង ១០​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល ព្រោះ​ស្ទើរ​តែ​គ្រប់​ម្ចាស់​រថយន្ត​ដឹក​ឧស​តាម​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​បង់​ប្រាក់​ថ្លៃ​បាយ​ដល់​ពួក​គេ​រាល់​ពេល​ឆ្លង​កាត់។ ប្រភព​ដដែល​និយាយ​ថា ពួក​គេ​សម្រេច​បង់​ប្រាក់​តាម​ការ​ពិន័យ ព្រោះ​ប្រញាប់​យក​ទំនិញ​ឲ្យ​គេ ម្យ៉ាង​ដើម្បី​យក​រថយន្ត​ទៅ​ថ្លឹង​នៅ​ជញ្ជីង​ផ្សេង​នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា។

វិក្កយបត្រ​ថ្លឹង​រថយន្ត​ចេញ​ដោយ​ស្ថានីយ​ជញ្ជីង​នៅ​រាជធានី​ភ្នំពេញ នៅ​ផ្លូវ​ជាតិ​លេខ​៣ និង​នៅ​ផ្លូវ​ជាតិ​លេខ​៤ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​បង្ហាញ​ថា ទម្ងន់​សរុប​ទាំង​រថយន្ត និង​ឧស​ដែល​ផ្ទុក​នោះ គឺ​មាន​ទម្ងន់ ៣១​តោន ៧២០​គីឡូក្រាម។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មាន​ប្រសាសន៍​ថា លោក​មិន​អាច​ឆ្លើយ​តប​បាន​ទេ ពីព្រោះ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ច្បាស់ និង​មិន​ស្ថិត​នៅ​ក្នុង​ភាព​ជាក់ស្តែង។ លោក​បន្ត​ថា ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​ក្រុម​ជញ្ជីង​ចល័ត ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​បែប​នេះ និង​ជៀសវាង​ការ​បាច​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​មន្ត្រី​ស្ថានីយ​ជញ្ជីង​យក​ប្រាក់​ពី​ម្ចាស់​អាជីវកម្ម​ទៀត​ផង៖ «បើ​សិន​ជា​មាន​ករណី​ហ្នឹង សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម បើ​ពលរដ្ឋ​ខុស គឺ​ខុស​ដូច​គ្នា។ បើ​គាត់​បង់​ឲ្យ​មន្ត្រី គាត់​ក៏​ខុស មន្ត្រី​ក៏​ខុស​ដែរ»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា កន្លង​មក ព័ត៌មាន​ស្ដីពី​អំពើ​ពុក​រលួយ គឺ​កើត​ឡើង​ច្រើន ដោយសារ​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ស្ថានីយ​ជញ្ជីង និង​ម្ចាស់​រថយន្ត ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​មាន​តម្លាភាព។ ករណី​នេះ ក្រសួង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​ជា​បន្ទាន់​មួយ​ចំពោះ​ស្ថានីយ​ជញ្ជីង ដែល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី។ បន្ថែម​ពី​នេះ​ទៀត ក្រសួង​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​តាម​គ្រប់​រូបភាព​ទាំងអស់៖ «បើ​សិន​ជា​ជញ្ជីង​បី​ដែល​ឆ្លង​កាត់ ហើយ​ជញ្ជីង​ទី​៤ មាន​បញ្ហា អ៊ីចឹង​ខ្ញុំ​ថា​ការ​ស៊ើប​អង្កេត​លើ​ជញ្ជីង​ទី​៤ មិន​គួរ​មើល​រំលង​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រោយ​ពេល​ទទួល​បាន​លទ្ធផល​ទម្ងន់​រថយន្ត​ពី​ស្ថានីយ​ជញ្ជីង​នៅ​រាជធានី​ភ្នំពេញ ក្រុម​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​នឹង​តវ៉ា​ចំពោះ​ស្ថានីយ​ជញ្ជីង​នៅ​ខេត្ត​កំពង់ចាម បន្ត​ទៀត។ ជាមួយ​គ្នា​នេះ ម្ចាស់​រថយន្ត​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​ភាព​មិន​ប្រក្រតី​នេះ​ជា​បន្ទាន់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រក​ស៊ី​ត្រឹមត្រូវ ជៀសវាង​ធ្វើ​ឲ្យ​ការ​រក​ស៊ី​របស់​ពួក​គាត់​សម្រាប់​តែ​ជួយ​ចិញ្ចឹម​មន្ត្រី​ខិលខូច​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល