ទី​វត្ត​អារាម និង​កន្លែង​កម្សាន្ត​នានា​មាន​សភាព​អ៊ូអរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​ទី១៥ រោច ខែ​ភទ្របទ គឺជា​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ។ នៅ​តាម​ទីវត្ត​អារាម និង​កន្លែង​កម្សាន្ត​នានា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​សភាព​អ៊ូអរ។ ក្រៅ​ពី​នេះ ប្រជា​ពលរដ្ឋ​ក៏​អាច​ជួប​ជុំ​គ្នា ពិសា​អាហារ​លក្ខណៈ​គ្រួសារ ព្រម​ទាំង​ធ្វើ​បុណ្យ​ទាន​តាម​ទំនៀម​ទម្លាប់​នៃ​ព្រះពុទ្ធ​សាសនា​ផង។ ទោះ​បី​ជា​យ៉ាង​ណា ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​សោក​សង្រេង​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ដ្បិត​សមាជិក​គ្រួសារ​ពួក​គាត់​ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​គុក​ដោយ​សារ​តែ​រឿង​និន្នាការ​នយោបាយ។

Monk on Phchum Ben day-02.jpg
ប្រជាពលរដ្ឋចូលរួមនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២។ រូប៖ AP

ចាប់​ពី​តាំង​ព្រឹក​នៃ​ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ទីវត្ត​អារាម​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ហាក់​សភាព​អ៊ូអរ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​អាច​ទៅ​ធ្វើ​បុណ្យ​ទាន​តាម​ទំនៀម​ទម្លាប់​ខ្មែរ ក្រោយ​ពី​ពួកគាត់​មួយ​ចំនួន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​កាល​ពី​ឆ្នាំ​ទៅ ដោយ​សារ​តែ​ជំងឺ​រាតត្បាត​សកល។

ព្រះ​តេជ​គណ ជា ផល្លីន គង់​នៅ​វត្ត​គោក​ខ្ពស់​ស្ថិត​នៅ​ខេត្តសៀមរាប មាន​ថេរៈ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ កញ្ញា​ថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​កាន់​បិណ្ឌ​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​មក​រួម​គ្នា​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ។ ព្រះ​តេជ​គណ​បន្ត​ថា នៅ​ពេល​ព្រឹក និង​នៅ​ថ្ងៃ​ត្រង់ ក៏​មាន​ពុទ្ធបរិស័ទ​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាង​ច្រើន​បាន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ។ ព្រះ​តេជ​មាន​ទឹក​ព្រះទ័យ​សប្បាយ​រីក​រាយ ពេល​ឃើញ​ប្រជាពលរដ្ឋ​ចេះ​សាមគ្គី​គ្នា​ដោយ មិន​ប្រកាន់​និន្នាការ​នយោបាយ បាន​មក​ធ្វើ​បុណ្យ​រួមគ្នា​ដោយ​សេចក្ដី​ជ្រះថ្លា​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ៖ «ភ្ជុំ​បិណ្ឌ​អត្ថន័យ​មាន​បី​យ៉ាង៖ ន័យ​ទី​មួយ​ហ្នឹង​ញាតិ​ញោម ពុទ្ធ​បរិស័ទ គាត់​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ដែល​គាត់​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក។ ទីពីរ​ហ្នឹង សិរី​សួស្ដី សេចក្ដី​សុខ​ជូន​ខ្លួន​ឯង​ជា​ម្ចាស់​ទាន។ ទី​បី គឺជា​ការ​រួប​រួម​សាមគ្គី​ជាតិ»

Monk on Phchum Ben day-03.jpg
ប្រជាពលរដ្ឋរាប់បាត្របង្សុកូលនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ រូប៖ AP

នៅ​តាម​តំបន់​រមណីយដ្ឋាន​វប្បធម៌​ដូចជា ប្រាសាទ​អង្គ​វត្ត ទី​កន្លែង​អបិយ​ជំនឿ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ទៅ​ដើរ​លេង​កម្សាន្ត និង​បន​ស្រន់​សុំ​សេចក្ដី​ចម្រើន និង​បំណង​ប្រាថ្នា​របស់​ពួកគាត់។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឡេង ខុន សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ទៅ​ទីវត្ត​អារាម​មួយ​ចំនួន​ហាក់​ចេះ​យោគយល់ ហើយ​ថែម​ទាំង​សម្ដែង​ក្ដី​រីករាយ​ធ្វើ​បុណ្យ​ជាមួយ​គ្នា​ទោះ​បី​ជា​ពួកគាត់​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ក្ដី។ លោក​បន្ត​ទៀត​ថា ប្រសិន​ពលរដ្ឋ​ទូទាំង​ប្រទេស​ចេះ​រួម​រួប​គ្នា​ជា​ធ្លុង​មួយ នោះ​ប្រទេស​ជាតិ​ក៏​អាច​រីក​ចម្រើន ហើយ​ពលរដ្ឋ​ក៏​អាច​មាន​សេរីភាព​ពេញ​លេច​ដែរ៖ «សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា អ្នក​ដែល​ទៅ​វត្ត​បាន​រួប​រួម​គ្នា​បាន​ល្អ គោរព​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​មាន​ថា​រាប់​អាន​គ្នា​ច្រើន​ទៅ​វត្ត​ជាមួយ​គ្នា​មាន​ភាព​ញញឹ​ញញាម​ដាក់​គ្នា ឃើញ​នៅ​វត្ត​អ៊ីចឹង​ហ្មង។ ដូច​ថា មាន​សទ្ធា​គ្រប់ៗ​គ្នា»

ចំណែក​ឯ ទី​វត្ត​អារាម​ស្ថិត​នៅ​ប៉ែក​នៃ​ទិស​និរតី​ឯណោះ​វិញ គឺ​វត្ត​មុនីរតនៈ​កែវ​ក្រសាំង​ស្ថិត​នៅ​ខេត្ត​កែប នា​រដូវ​ពិធី​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ទាន​ច្រើន​កុះករ​ដែរ។ បន្ទាប់​ពី​ពលរដ្ឋ ឬ​ពុទ្ធបរិស័ទ​បាន​ប្រគេន​ចង្ហាន់ និង​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​សាច់​ញាតិ​ដែល​ស្លាប់​ទៅ​ហើយ​នោះ ពួកគាត់​ក៏​នាំ​គ្នា​ដើរ​លេង​កម្សាន្ត និង​ពិសារ​អាហារ​ជុំ​គ្នា​លក្ខណៈ​គ្រួសារ​នៅ​តាម​មាត់​ឆ្នេរ​ក្រុង​កែប។

Monk on Phchum Ben day-04.jpg
ប្រជាពុទ្ធបរិស័ទរៀបចាត់ចែងចង្ហាន់ថ្វាយព្រះសង្ឃនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។ រូប៖ AP

ទោះ​បី​ជា​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ស្ទើរ​ទូទាំង​ប្រទេស​សប្បាយ​រីក​រាយ និង​បាន​ជួប​ជុំ​គ្រួសារ​នា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​យ៉ាង​ណា​ក្ដី ក៏​មាន​កម្មករ ពលកម្ម​ធ្វើ​ការ​ក្រៅ​ប្រទេស ព្រម​ទាំង​សាច់​សកម្ម​ជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​មិន​បាន​ជួប​ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ទេ។

ប្រពន្ធ​សកម្ម​ជន​គណបក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រុំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គ្រួសារ​លោក​ស្រី សោក​សង្រេង​ដ្បិត​លោក​ស្រី​មិន​បាន​ជួប​ប្តី​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ប្ដី​លោក​ស្រី​ដាក់​គុក​ទាំង​គ្មាន​កំហុស។ លោក​ស្រី រំពឹង​ថា​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឯកបក្ស​នឹង​ដោះលែង​ប្ដី​ឆាប់ៗ​នេះ ព្រោះ​លោកស្រី​យល់​ថា​ការ​ចាប់​ខ្លួន​លោកស្រី​រួម​ទាំង​សកម្មជន​នយោបាយ​ដទៃ​ទៀត​គឺ​ជា​ការ​បំបិទ​សិទ្ធិ ហើយ​វា​គ្មាន​ចំណេញ​អ្វី​ឡើយ​ដល់​រដ្ឋាភិបាល ពោល​គឺ​មាន​តែ​ការ​ថ្កោល​ទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ៖ «ខ្ញុំ​ជួប​ជុំ​មីង​មារ​ទាំង​អស់ ប្រារព្ធ​ពិធី​ភ្ជុំ​បិណ្ឌ ដោយ​អត់​មានវត្តមាន​គ្រួសារ។ និយាយ​រួម​ទៅ​ខ្ញុំ​មាន​ការ​សោក​សៅ ព្រោះ​ប្រជា​ពលរដ្ឋ​ទូទៅ មាន​ការ​ជួប​ជុំ​គ្នា​មាន​មីង​មារ ពួក​គាត់​សប្បាយ​រីក​រាយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ក្ដុកក្ដួល​ខ្លាំង​ណាស់ ហើយ​ឪ​ខ្ញុំ​គាត់​តែង​តែ​សួរ​ថា ប្តី​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​កាល? ព្រោះ​អី​យប់​មិញ​ជុំ​គ្នា ទឹក​ភ្នែក ហើយ​ក្មួយៗ​មក​គ្រប់​ខេត្ត​ទាំង​អស់​ជួប​ជុំ​គ្នា​អ៊ីចឹង​ទៅ​មាន​អារម្មណ៍​សោក​សៅ​មែន​ទែន​ហ្មង»

Pchum Ben11.jpg
ក្មេងស្រីម្នាក់ចូលរួមនៅក្នុងពិធីបោះបាយបិណ្ឌនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២។ រូប៖ AP

ជុំ​វិញ​រឿង​នេះ​ដែរ នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា នា​រដូវ​ពិធី​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជន​បទ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​ពួកគាត់​បាន​ទៅ​ធ្វើ​បុណ្យ​ទាន និង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ។ ទោះ​បី​យ៉ាង​ណា លោក​សោក​ស្ដាយ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ហាក់​មាន​ភាព​សោក​សង្រេង ដោយ​សារ​តែ​ក្រុម​គ្រួសារ​មួយ​ចំនួន​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដ្បិត​ដី​ធ្លី​ត្រូវ​បាន​គេ​រំលោភ និង​សាច់​ញាតិ​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ជាដើម។ លោក អំ សំអាច រំពឹង​ថា​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី និង​អ្នក​ជាប់​ឃុំ​ដោយសារ​រឿង​នយោយ​នឹង​អាច​មាន​ដំណោះស្រាយ​ឆាប់ៗ​ខាង​មុខ​នេះ ហើយ​នា​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​លោក​ក៏​មាន​សារ​ជូនពរ​ដល់​មហាជន​ខ្មែរ​ដែរ៖ «ខ្ញុំ​សូម​ជូន​ពរ ទៅ​ដល់​បង​ប្អូន ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ មិន​ថា​មិន​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សូម​ឱ្យ​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា មាន​សុភមង្គល​ក្នុង​គ្រួសារ ប្រកប​មុខ​របប​អ្វី​សូម​ឱ្យ​សម្រេច​ដូច​បំណង និង​ការងារ​សូម​ឱ្យ​ធ្វើ​ហ្នឹង​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ និង​មាន​ការងារ​ល្អៗ»

ជុំវិញ​​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ដែរ ស្ថាន​ទូត​អាមេរិក​ចាំ​កម្ពុជា​បាន​ជូន​ពរ​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ប្រកប​តែ​សុវត្ថិភាព វិបុល​ភាព និង​សុខ​សន្តិភាព ក្នុង​ពេល​ដែល​ប្រជា​ជន​កម្ពុជា​ជួប​ជុំ​គ្រួសារ និង​សម្ដែង​ការ​គោរព​ដល់​បុព្វការី​ជន។

U.S. Embassy Phnom Penh wishes Cambodia a safe, prosperous, and peaceful Pchum Ben holiday as you gather with families...

Posted by U.S. Embassy Phnom Penh, Cambodia on Saturday, September 24, 2022

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​វិភាគ​ចាស់​វស្សា​បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេកប៊ុក​របស់​លោក​ថា ស្មារតី​នៃ​ភ្ជុំ​បិណ្ឌ គឺជា​ការ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជួប​ជុំ​គ្នា ធ្វើ​អំពើ​ល្អ កសាង​ឯក​ភាព​ជាតិ យក​ធម៌​ព្រះពុទ្ធ​ជា​គ្រឹះ និង​វត្ត​ជា​សសរ​ទ្រ​ទ្រង់។ លោក​បណ្ឌិតសរ​សេរ​បន្ត​ថា ដោយ​ស្នើ​ឱ្យ​ស្មារតី​នេះ​ដក់​ជាប់​ក្នុង​ចិត្ត​គំនិត​ខ្មែរ​ជា​និច្ច ពេល​ប្រស្រ័យ​ទាក់​ទង​គ្នា ជា​លក្ខណៈ​ការងារ និង​ការ​រក​ស៊ី​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។