សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​តាម​បណ្ដា​ខេត្ត

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​ដែល​មាន​ពលរដ្ឋ​ច្រើន ជា​ជាង​ធ្វើ​នៅ​តែ​រាជធានី​ភ្នំពេញ។

ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា (CARAM) លោក យ៉ា ណាវុធ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ តុលា ថា ចំពោះ​គម្រោង​របស់​រដ្ឋាភិបាល​បង្កើត​ទីកន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​នៅ​ក្នុង​ផ្សារ​អ៊ីអន (AEON) សាខា​ទី២ នោះ​ល្អ​ហើយ។ ប៉ុន្តែ​លោក​យល់​ថា រដ្ឋាភិបាល​គួរ​បង្កើត​នៅ​តាម​បណ្ដា​ខេត្ត​ធំៗ​វិញ​ល្អ​ជាង ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ជា​ពិសេស​ពលករ​ដែល​ខ្វះ​ខាត​ថវិកា៖ «ការ​ដាក់​ទីតាំង​នៅ​ផ្សារ​អ៊ីអន​ថ្មី​ហ្នឹង ជា​ការ​សម្រួល​សម្រាប់​ពលរដ្ឋ​យើង​ហើយ​ដែល​គាត់​ទៅ​លេង។ ប៉ុន្តែ​មាន​ពលរដ្ឋ​ប៉ុន្មាន​មាន​លទ្ធភាព​អាច​ទៅ​លេង​ផ្សារ​អ៊ីអន​បាន ? អ៊ីចឹង​ដើម្បី​ជា​ការ​សម្រួល ប្រសិន​បើ​អាច​ពង្រីក​​ទៅ​ដាក់​តាម​បណ្ដា​ខេត្ត​សំខាន់ៗ ជា​ច្រើន​ទៀត​បាន។ វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ពលរដ្ឋ​យើង ទី១ អាច​សម្រួល​ពេល​វេលា​ធ្វើ​ដំណើរ គឺ​ពួកគាត់​ចំណេញ​ពេល​វេលា និង​ទី២ គឺ​សោហ៊ុយ អាច​កាត់​បន្ថយ​បាន​ដែរ»។

កាល​ពី​ថ្ងៃ​ទី​២៣ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​នឹង​បង្កើត​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​មួយ នៅ​ក្នុង​ផ្សារ​អ៊ីអន​សាខា​ទី២ ខណ្ឌ​ទួលគោក ដើម្បី​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ឲ្យ​កាន់​តែ​ងាយស្រួល ដូច​ដែរ​ខ្លួន​បាន​បង្កើត​កន្លែង​ធ្វើ​លិខិត​ស្នាម​រថយន្ត និង​ប័ណ្ណ​បើកបរ​រួច​ហើយ​នៅ​ផ្សារ​អ៊ីអន សាខា​ទី១ ក្នុង​ខណ្ឌ​ចំការមន។

បច្ចុប្បន្ន​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន មាន​១​កន្លែង​នៅ​ខណ្ឌ​ច្បារ​អំពៅ នា​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។